អានតួអត្ថបទ
បារាំង-ក្រិក-តួកគី-នយោបាយ

លោក​ម៉ាក្រុង​ ស្តីបន្ទោស​តួកគី​រឿង​បំពាន​លើ​អធិបតេយ្យភាព​របស់​ក្រិក​និង​កោះស៊ីប

មេដឹកនាំបារាំងលោកអេម៉ានុយអែល ម៉ាក្រុង ស្វាគមន៍សមភាគីលោកនីកូ អាណាស្តាស៊ីយ៉ាដ ប្រធានាធិបតីនៃប្រទេសស៊ីបនៅឯវិមានអេលីហ្សេក្នុងទីក្រុងប៉ារីសនាថ្ងៃព្រហស្បតិ៍ ២៣ កក្កដា។
មេដឹកនាំបារាំងលោកអេម៉ានុយអែល ម៉ាក្រុង ស្វាគមន៍សមភាគីលោកនីកូ អាណាស្តាស៊ីយ៉ាដ ប្រធានាធិបតីនៃប្រទេសស៊ីបនៅឯវិមានអេលីហ្សេក្នុងទីក្រុងប៉ារីសនាថ្ងៃព្រហស្បតិ៍ ២៣ កក្កដា។ REUTERS - BENOIT TESSIER
ដោយ៖ អ៊ុង គឹមអ៊ាន់
១៥ នាទី

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល​ ម៉ាក្រុង​ នៅថ្ងៃ​ព្រហស្បតិ៍​ ២៣​ កក្កដា​ បាន​បរិហារ​ចំពោះ​ទង្វើ​របស់​ប្រទេស​តួកគី​ ដែល​លោក​បាន​ចាត់​ទុកថា​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ក្រិក​និង​ប្រទេស​ស៊ីប​។ ការ​ចេញ​មុខ​ស្តី​បន្ទោស​តួកគី ​ពី​សំណាក់​លោក​ម៉ាក្រុង​នេះ​ ធ្វើឡើង​ជួនចំ​ពេល​ដែល​ភាព​តានតឹង​រវាងទី​ក្រុង​អាថែន​ និង​អង់ការ៉ា​កំពុង​កើនឡើង​ខ្លាំង​នៅប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ផ្សាយពាណិជ្ជកម្ម

ការ​រំលោភបំពាន​” គឺជា​ពាក្យ​ដែល​មេដឹកនាំ​បារាំង​លោក​អេម៉ានុយអែល​ ម៉ាក្រុង​ ចង់​សំដៅ​ទៅលើ​ផែនការ​របស់​ប្រទេស​តួកគី​ ក្នុងការ​រុករក​ថាមពល​នៅ​ភាគ​ខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ​។

នៅមុន​ពេល​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីប​ នៅឯ​វិមាន​អេលីហ្សេ​ក្នុង​ទីក្រុង​ប៉ារីស​នៅថ្ងៃ​ព្រហស្បតិ៍​ ២៣​ កក្កដា​ លោក​ម៉ាក្រុង​ បាន​និយាយ​បញ្ជាក់​សាជាថ្មី​ម្តងទៀត​នូវ​សាមគ្គីភាព​យ៉ាង​មុតមាំ​របស់​បារាំង​ ជាមួយ​ប្រទេសក្រិក​និង​ស៊ីប​ ដើម្បី​ប្រឈម​ទៅនឹង​ការ​បំពាន​របស់តួកគី​។

ទន្ទឹមគ្នានេះ​ មេដឹកនាំ​បារាំង​ ក៏បាន​គូសបញ្ជាក់​ដែរ​ថា​ វា​មិនមែន​ជារឿង​អាច​ទទួល​យកបាន​នោះទេ​ នៅពេល​ដែល​ដែនសមុទ្រ​នៃ​រដ្ឋ​ជា​សមាជិក​របស់​សភាពអឺរ៉ុប​ ត្រូវ​រង​ការ​រំលោភ​បំពាន​ឬគំរាមកំហែង​។ លោក​បន្ត​ថា​ អ្នក​ដែល​ប្រព្រឹត្ត​ទង្វើ​បំពាន​នេះ​ត្រូវតែ​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ជាដាច់ខាត​។

គួរ​ជម្រាបជូនថា​ នៅ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ ប្រទេស​តួកគី​ មាន​ទំនាស់​ជាមួយ​ប្រទេស​ក្រិក​ ស៊ីប​ និង​សហភាពអឺរ៉ុប​ ពាក់ព័ន្ធ​សិទ្ធិ​ដែនទឹក​នៅភាគ​ខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ ដែលជា​ទីសម្បូរទៅដោយ​ប្រេង​ជាច្រើន​។

កាលពី​ថ្ងៃទី​ ២២​ កក្កដា​ កងទ័ព​ជើងទឹក​របស់ក្រិក​បាន​ដាក់​ពង្រាយ​នាវា​ជាច្រើន​គ្រឿង​នៅតំបន់អ៊ីហ្គិន​ (Aegean) ក្រោយពេលដែល​តួកគី​ប្រកាសពី​ផែនការ​រុករក​ថាមពល​នៅ​ក្បែរកោះ​ក្រិក​មួយ​ ដែល​តួកគី​អះអាង​ថា​ជា​តំបន់​ស្ថិតនៅក្រោម​ដែន​កាន់កាប់​របស់​ខ្លួន​។

បន្ថែមលើនេះ​ រដ្ឋាភិបាល​ក្រិក​បាន​អះអាង​ថា​ ក្រិក​នឹងមិនអាច​ឈរឱបដៃ​មើល​គេ​រំលោភ​លើ​អធិបតេយ្យភាព​ខ្លួន​បាន​ឡើយ​ ហើយថា​នឹង​ធ្វើអ្វី​ៗគ្រប់យ៉ាង​ដែល​ចាំបាច់​ដើម្បី​ការពារ​សិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន​ឲ្យបាន​។

ជុំវិញរឿងនេះ​ លោកម៉ាក្រុង​បាន​និយាយថា​ បញ្ហា​ថាមពល​និង​សន្តិសុខ​នៅក្នុង​តំបន់​គឺជា​រឿងរ៉ាវ​កើតចេញ​មកពី​ការ​ចង់រុករក​ថាមពល​ពីសំណាក់​ប្រទេស​តួកគី​និង​រុស្ស៊ី​ ហើយ​ដែលពីមុន​សហភាព​អឺរ៉ុប​មិនបាន​លូកដៃ​ដោះស្រាយ​ឲ្យ​គ្រប់គ្រាន់​។

លោក​នីកូ​ អាណាស្តាស៊ីយ៉ាដ (Nicos Anastasiades) ប្រធានាធិបតី​ប្រទេស​ស៊ីប​ បាន​យល់ស្រប​ចំពោះការលើកឡើង​របស់​លោកម៉ាក្រុង​ខាងលើ​។ លោក​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីប​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា​ ការ​យកចិត្តទុកដាក់​របស់​បារាំង​ទាក់ទង​នឹងជម្លោះ​នៅ​ភាគខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ​ គឺជា​ពន្លឺ​នៃក្តី​សង្ឈឹម​ ដែលថា​សមុទ្រ​មេឌីទែរ៉ាណេ​នឹង​មិនស្ថិតនៅ​ក្រោមការ​គ្រប់គ្រង​របស់​តួកគី​ឬក៏​ប្រទេស​ផ្សេងទៀត​នោះទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ