អានតួអត្ថបទ

កាកបាទក្រហមអន្តរជាតិ​ព្រមាន​ពី​ចំនួន​ជនអន្តោប្រវេសន៍​កើនឡើង ដោយសារ​កូវីដ ១៩

Les forces de l'ordre mexicaines bloquent des migrants, près de la frontière entre le Guatemala et le Mexique, à Ciudad Hidalgo, le 20 janvier 2020.
Les forces de l'ordre mexicaines bloquent des migrants, près de la frontière entre le Guatemala et le Mexique, à Ciudad Hidalgo, le 20 janvier 2020. REUTERS/Jose Torres
ដោយ៖ ឈាង បុប្ផា
១៤ នាទី

វិសមភាព ក្នុង​ការទទួល​បាន​សេវាសុខភាព និង​សេដ្ឋកិច្ច​ខូចខ្ទេចខ្ទាំ ដោយសារ​វិបត្តិកូវីដ​១៧ ជា​កត្តាជំរុញ​ឲ្យ​មាន​រលកថ្មី នៃ​លំហូរ​ជនអន្តោប្រវេសន៍ ដ៏គំហុក នៅ​ថ្ងៃអនាគត។ នេះជា​ការព្រមាន​របស់​ប្រធាន​អង្គការ​កាកបាទក្រហម​អន្តរជាតិ នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃ​សុក្រ ទី​២៤​កក្កដា ២០២០។ នៅថ្ងៃ​សុក្រ​ម្សិលមិញដែរ អាជ្ញាធរ​អ៊ីតាលី បាន​អះអាងថា ទូកចំនួន ១៥ ដែល​ដឹក​ជនអន្តោប្រវេសន៍ ជាង ៣០០​នាក់ បាន​ចូលចត​សុំជំនួយ នៅកោះ​ Lampedusa របស់​អ៊ីតាលី កាលពីយប់​ថ្ងៃ​ពុធ កន្លងទៅ។

ផ្សាយពាណិជ្ជកម្ម

វិបត្តិកូវីដ​ដែល​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​គ្រប់ប្រទេស នៅទូទាំង​ពិភពលោក នឹង​ជំរុញ​មនុស្ស​ឲ្យ​ចាកចោល​ស្រុកកំណើត ដើម្បី ធ្វើ​អន្តោប្រវេសន៍ ទៅ​បរទេស។ សម្រាប់​អគ្គលេខាធិការ​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម អន្តរជាតិ នៅក្នុង​បណ្តា​ប្រទេស​កាន់តែច្រើន គេ​សង្កេតឃើញថា ក្រៅតែ​ពី​បញ្ហា​សុខភាព បង្ក​ដោយ​ជំងឺកូវីដ ១៩ ប្រជាជន​កាន់តែ​ខ្វះខាត​ធនធាន​មធ្យោបាយ​ចិញ្ចឹម​ជីវិត។

វិធានការ​បិទទីក្រុង បិទព្រំដែន ដើម្បី ទប់ស្កាត់​ការចម្លងមេរោគកូរ៉ូណា បាន​បំផ្លាញ ប្រភព​ចិញ្ចឹមជីវិត​របស់​មនុស្ស​រាប់រយលាននាក់ នៅក្នុង​ពិភពលោក។ តាម​អគ្គលេខាធិការ​អង្គការ​កាកបាទក្រហមអន្តរជាតិ មនុស្ស​ជាច្រើនលាននាក់ បន្ថែមទៀត បានធ្លាក់ខ្លួន​ក្រីក្រ ដោយសារ​កូវីដ។

“យើងលឺ​មនុស្ស​ជាច្រើន​និយាយ​ថា ពួកគេ​ត្រូវជ្រើសរើស​រវាង ការឆ្លងមេរោគ​កូរ៉ូណា ហើយ​និង​គ្រោះអត់បាយ។ មនុស្ស​ជាច្រើន​ដែល​បាត់បង់​ប្រាក់ចំណូល មធ្យោបាយ​សម្រាប់​ចិញ្ចឹម​ជីវិត គិតរួចហើយថា ពួកគេ​ត្រូវតែ​ផ្លាស់ទី ចាកចោល​ស្រុកកំណើត នៅ​ថ្ងៃ​ណាមួយ ដែល​ព្រំដែន​បើកឡើងវិញ”។ នេះជា​ប្រសាសន៍​របស់​អគ្គលេខាធិការ​អង្គការ​កាកបាទក្រហម មុន​នឹង​បន្ថែមថា គេ​មិនត្រូវ​ភ្ញាក់ផ្អើល​ទេ បើសិន​គេ​ឃើញ​ជនអន្តោប្រវេសន៍ កើនចំនួន ដ៏ក្រាសក្រែល នៅ​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

ក្រៅតែ​ពី​ស្វែងរក ប្រភព​ចិញ្ចឹម​ជីវិត​នៅ​ទឹកដី​បរទេស ជនអន្តោប្រវេសន៍​មួយភាគ សំឡឹង​ចង់​បាន​ដែរ សេវាព្យាបាល ឬ​វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ ១៩ នៅ​ក្នុង​បណ្តាប្រទេស​អភិវឌ្ឍ ដូចជា​នៅ​ទ្វីបអឺរ៉ុប ឬ​នៅ​សហរដ្ឋអាមេរិក​ជាដើម។ វិសមភាព​ក្នុង​ការទទួល​បាន​សេវាព្យាបាល និង​វ៉ាក់សាំង ប្រឆាំង​កូវីដ ១៩ រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ ជាដើមហេតុ​សំខាន់​មួយដែរ នៃ​ការកើនឡើង​ចំនួន​ជនអន្តោប្រវេសន៍ នៅក្នុង​ពិភពលោក។ “ប្រសិន​បើ​គេឃើញថា អឺរ៉ុប​មាន​វ៉ាក់សាំង ចំណែក​អាហ្រ្វិក គ្មានវ៉ាក់សាំង នោះគេ​ប្រាកដ​ជា​សម្រុក ឆ្លងសមុទ្រ​មក​ទឹកដីអឺរ៉ុប​ហើយ”។

មធ្យោបាយ​ដើម្បី​ទប់ស្កាត់ ឬ​កាត់បន្ថយ​លំហូរ​ជនអន្តោប្រវេសន៍ ពី​បណ្តា​ប្រទេស​ក្រីក្រ គឺ​មាន​តែ​ជួយ​ជ្រោមជ្រែង ឧបត្ថម្ភ​ប្រជាជន នៅប្រទេស​ទាំងនោះ ជាមុន មុន​នឹង​ពួកគេ​ត្រូវ​ប្រថុយជីវិត ធ្វើដំណើរ​តាមសមុទ្រ មករក ជីវិត​ថ្មី នៅ​ដែនដី​អឺរ៉ុប។

តាម​អគ្គលេខាធិការ​អង្គការ​កាកបាទ​ក្រហម ការចំណាយ​របស់​សហគមន៍​អន្តរជាតិ សម្រាប់​ជួយ​ប្រជាជន​ដែលកំពុង​អស់​ក្តីសង្ឃឹម នៅក្នុង​បណ្តា​ក្រីក្រ ច្បាស់ណាស់​ថា នឹង​តិចជាង ការចំណាយ​ដែល​ប្រទេស​អ្នកមាន​ត្រូវ​បង់ សម្រាប់​ជួយ​ជនអន្តោប្រវេសន៍ ដែលទៅ​កកស្ទះ នៅ​ក្នុងជំរំ ក្នុងទឹកដី​របស់ពួកគេ ដូចជា​នៅទឹកដី​អឺរ៉ុប ជា​ឧទាហរណ៍ស្រាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ