ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩ ចាប់​កម្រើកឡើងវិញ​​​គ្រប់​ទិសទី​លើ​ពិភពលោក

សំឡេង ០៧:៥១
វៀតណាម​រក​ឃើញ​ករណី​កូវីដ១៩​ថ្មី​ក្នុង​សហគមន៍ បន្ទាប់​ពី​ស្ងប់ស្ងត់​ឈឹង​អស់​ជាង​១០០​ថ្ងៃ
វៀតណាម​រក​ឃើញ​ករណី​កូវីដ១៩​ថ្មី​ក្នុង​សហគមន៍ បន្ទាប់​ពី​ស្ងប់ស្ងត់​ឈឹង​អស់​ជាង​១០០​ថ្ងៃ AFP/File

ចំនួន​អ្នកឆ្លង​កូវីដ​១៩ថ្មី និង​ចំនួន​អ្នក​ស្លាប់ បាន​កើន​ឡើង​ ក្នុង​កំរិត​ខ្ពស់​ខ្លាំង​ នៅ​តាម​បណ្តា​ប្រទេសចំនួន​​​យ៉ាង​ហោច​៤០​ ​តាំង​ពី​មួយ​សប្តាហ៍​កន្លង​មក​នេះ។ មាន​ន័យ​កូរ៉ូណាវីរុស​ថ្មី​កំពុង​ចាប់​កម្រើក​​និង​ចាប់​ធ្វើ​ដំណើរ ​ពេញ​ទូទាំង​ពិភពលោក​ឡើង​វិញ។ ប្រទេស​ខ្លះ​បាន​វិល​ត្រលប់​ទៅ​ចាត់​វិធានការ​ និង​ដាក់​បម្រាម​សុវត្ថិភាព​ឡើង​វិញ​។ អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​និន្ននាការចម្លង​ថ្មី​  នៅអឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​។

ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​ឆ្លង​ថ្មី​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង ​ មាន​អាទិ៍​នៅ​ សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា ព្រមទាំង​អូស្ត្រាលី ជប៉ុន​ហុងកុង ប៊ែលហ្សិក​ ឬ​បារាំង​ជា​ដើម​។ ពោល​គឺ រាល់​គ្រប់​ប្រទេស​ដែល​ចាប់​បន្ធូរ​បន្ថយ​វិធានការ​បិទខ្ទប់​ប្រទេស និង​​លែង​សូវ​កំរិត​គម្លាត​សុវត្ថិភាព​ សុទ្ធ​តែ​មាន​សន្ទុះ​ចម្លង​ថ្មី​ខ្លាំង​ទាំង​អស់។

៤លាន​នាក់

នៅ​សហរដ្ឋ​អាមេរិក​ចំនួន​អ្នក​ស្លាប់​បាន​ឡើងខ្ពស់​ជា​ថ្មី​វិញ​​ដល់​ជាង​១ពាន់​នាក់ ក្នុង​រយៈ​ពេល​២៤ម៉ោង​និង​ឆ្លង​ថ្មី​ជាង​៧ម៉ឺន​នាក់​​ក្នុង​មួយ​ថ្ងៃៗ​ តាំង​ពី​បួន​ថ្ងៃ​ជាប់​គ្នា​ហើយ។ ជា​សរុប​អាមេរិក​រាប់​ឃើញ​មានអ្នក​ឆ្លង​ជាង​បួន​លាន​នាក់​។ ជាប់​ចោទ​ថា​មើល​ស្រាល​កូវីដ១៩ លោក​ដូណាល់​ត្រាំ​បង្ខំ​ចិត្ត​ប្រកាសលុប​ចោល​សមាជនៅ​ចុង​ខែ​សីហា​ ដែល​ជា​ឱកាស​បញ្ជាក់​តែង​តាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ។

នៅ​តំបន់​អាមេរិក​ឡាទីន និង​តំបន់​ប្រជុំ​កោះ​ការ៉ាអ៊ីប ​ចំនួន​អ្នក​ឆ្លង​កូវីដ១៩ ក៏​បាន​ឡើង​ដល់​ជាង​បួន​លាន​នាក់​ដែរ ក្នុង​នោះ ជាង​២លាន២សែន​នៅ​តែ​ក្នុង​ប្រទេស​ប្រេស៊ីល​មួយ។ រាល់​កម្មវិធី​វប្បធម៌ មានការ​ជួបជុំ​គ្នា​ច្រើន​ទំនង​ជា​នឹង​ត្រូវ​លុប​ចោល​។ ស្ថានភាព​នៅ​ប្រទេសអេក្វាទ័រ នៅ​នីការ៉ាហ្កាយ​ ប្រព័ន្ធ​សុខាភិបាល​-សេដ្ឋកិច្ច​កំពុង​ចាល់​ច្រាល​ស្ទើររលំហើយ។

អឺរ៉ុប​បន្តឹង​វិធានការ​ ​ មន្ទីរ​ពេទ្យបារាំង​ចង់​ចាល់ខ្លះៗ

នៅ​អាហ្វ្រិក​ខាង​ត្បូង មាន​ករណី​ឆ្លង​ថ្មី​កើន​ឡើងដ​ល់​ទៅ​៦០% ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ២០ ​១១១៨​នាក់ ជា​ចំនួន​អ្នក​ស្លាប់​​សរុប​នៅ​ទ្វីប​អឺរ៉ុប និងអ្នក​ឆ្លង​កូវីដ​១៩​សរុប​ជាង​​​បី​លាន​នាក់​ គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី ២៤​កក្កដា​២០២០។

នៅ​អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ឬ​ប៊ែលហ្សិក ក៏​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​ដែរ។ ម្សិលមិញ ជា​មួយ​នឹង​កំណើន​អ្នក​ឆ្លង​ថ្មី​ដល់​កំពូល​ អាជ្ញាធរ​ប៊ែលហ្សិក​បាន​ជូន​ដំណឹង​ថា​មាន​កុមារី​ម្នាក់​អាយុ​៣​ឆ្នាំ បាន​ស្លាប់​ដោយ​កូវីដ១៩។ នាង​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ក្មេង​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស។

​នៅ​ប្រទេស​បារាំង ចំនួនអ្នក​ឆ្លង​ថ្មី​បាន​កើន​ឡើង​លើស​១ពាន់​នាក់ ក្នុង​មួយ​ថ្ងៃៗ ចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ​ ពោល​គឺស្មើ​នឹង​កំរិត​ឆ្លង​កាលពី​​ដើម​ខែ​ឧសភា​ មុន​ពេល​បើក​ប្រទេស​បន្តិច។ ចំណែក​ឯ​មន្ទីរពេទ្យ​ក៏ហាក់​ដូច​ជា​​ចាប់​ផ្តើម​ចាល់​ខ្លះៗ​ ជាពិសេស​មន្ទីរ​ពេទ្យ​ធំ​នៅ​ក្នុង​ក្រុង​និង​តំបន់​ជុំ​វិញ​ក្រុង​ប៉ារីស ព្រោះចំនួន​អ្នក​ឆ្លង​ថ្មី​កើន​ខ្លាំង​ផង ​មួយ​ភាគ​បីនៃ​គ្រូពេទ្យ​​បាន​ចេញ​ទៅ​សម្រាក​កាយ បន្ទាប់​ពី​ប្រញឹក​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​បី​បួន​ខែ​គ្នា​មកផង។

ហេតុ​ដូច្នេះ​ហើយ​បាន​អង្គការ​សុខភាព​ពិភពលោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ និង​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ទាំង​អស់ ជាពិសេស​អឺរ៉ុប​និ​ងអាមេរិក​​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​ប្រឈម​នឹង​កូវីដ​។ ស្ថានភាព​មិន​ប្រសើរ​ បាន​ជំរុញ​ឱ្យ​អឺរ៉ុប​ចាប់​ផ្តើម​រឹង​បន្តឹង​វិធានការ។ និង​ត្រលប់​មក​ប្រកាន់​ដាក់​បម្រាម​ រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ នៅ​តាម​ទី​សាធារណៈ ហាង​ទំនិញ​ ការិយាល័យ​ ព្រមទាំង​​ធ្វើ​តេស្ត​ជា​ទូទៅ​​រាល់​គ្រប់​អ្នក​ដំណើរ​ត្រលប់​ចូល​ស្រុក​កំណើត​វិញ និង​អ្នក​ដំណើរ​មក​ពី​ប្រទេស​ទាំង​១៦​ ដែល​អឺរ៉ុប​/បារាំង​ទើប​បើក​ព្រំ​ដែន​ទទួល។ អឺរ៉ុប​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋខ្លួន​​កុំ​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​មាន​ផ្ទុះ​កូវីដ​ខ្លាំង ដូច​យ៉ាង​នៅភាគ​ខាង​ជើង​អេស្ប៉ាញជា​ដើម។

តួលេខ​ធ្ងន់ធ្ងរ​​បំផុតនៅ​កូរ៉េខាង​ត្បូង វៀតណាម​រក​ឃើញ​ករណី​ថ្មី

នៅ​អាស៊ី​ក៏​មិន​គ្រាន់​ប៉ុន្មាន​ឡើយ។ នៅ​ឥណ្ឌា​ មាន​ការ​ឆ្លង​ថ្មី​ដល់​ទៅ​៧៤០​នាក់​ ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​ ចំនួន​អ្នក​ស្លាប់​ជា​ផ្លូវការ​បានឡើង​ដល់​បី​ម៉ឺន​នាក់។ ឥណ្ឌា​បានក្លាយ​​ជា​ប្រទេស​ជាចំណាត់​ថ្នាក់​ទី​៦ ខាង​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ប្រេស៊ីល អង់គ្លេស ម៉ិចស៊ិក និង​អ៊ីតាលី។

កូរ៉េខាង​ត្បូង ដែល​ល្បី​ឈ្មោះ​ថា​ចាត់វិធានការ​ទប់ស្កាត់​កូវីដ១៩​បាន​ប្រសើរ​ជាង​គេ ស្រាប់​តែ​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​កើនឡើង​យ៉ាង​ច្រើន ​បំផុត​មិនធ្លាប់​មាន លើស​ពី ១រយ​នាក់ក្នុង​មួយ​ថ្ងៃជា​លើក​ទីមួយ​គិត​ចាប់​ពីថ្ងៃទី ១​មេសា​មក​។ កូរ៉េខាង​ត្បូង​ធ្លាប់​មានចំនួន​អ្នក​ឆ្លង​ថ្មី​ច្រើន​បំផុតក្នុង​មួយថ្ងៃ ដល់​ទៅ១២៥​នាក់ ម្តង​កាល​ពី​ថ្ងៃទី៣១​មីនា។ ​ ម្សិលមិញ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​១១៣នាក់ ក្នុងនោះ​​៨៦​នាក់​ ជា​ករណី​នាំ​ចូល​មក​ពី​បរទេស។ ប្រឈម​នឹង​ស្ថានភាព​នេះ សេអ៊ូល​បាន​សម្រេច​បង្ឃាំង​ជន​ធ្វើ​ដំណើរមក​ពី​បរទេស​ទាំង​អស់​ចំនួន​២​សប្តាហ៍។

តូក្យូ ដែល​មានប្រជាជនជិត​១០​លាន​​រស់​នៅ ណែណាន់​ តាន់តាប់​  បាន​ណែនាំ​ឱ្យពលរដ្ឋ​នៅតែ​ក្នុង​ផ្ទះ​តាំង​ពី​ថ្ងៃព្រហស្បតិ៍មក កុំ​ចេញ​ធ្វើ​ដំណើរឈូរឆរ​ទោះ​បី​ជា​ត្រូវ​ចំ​ថ្ងៃ​បុណ្យ​ក៏​ដោយ​។

នៅ​ប្រទេស​វៀតណាមវិញ អាជ្ញាធរ​បាន​ទាញ​សញ្ញា​អាសន្ន​ខ្ពស់​នៅ​ថ្ងៃ​សៅរ៍​នេះដែរ។ បន្ទាប់​ពី​​ស្ងប់​ស្ងាត់​គ្មាន​ការ​ចម្លង​សោះ​អស់​រយៈ​ពេល​១០០​ថ្ងៃ​ជាប់​គ្នា​ហើយ វៀតណាម​រក​ឃើញ​​មាន​ការ​ឆ្លង​ថ្មី​មួយ​ករណី​ ក្នុង​សហគមន៍​ លើ​បុរសម្នាក់​អាយុ​៥៧​ឆ្នាំ​រស់​នៅក្នុង​ក្រុង​​ទេសចរណ៍​ដាណាង។ ករណី​វិជ្ជមាន​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​បង្ឃាំង​ពលរដ្ឋ​៥០​នាក់​ផ្សេង​ទៀត ឱ្យ​នៅដាច់​ដោយ​ឡែក​ពី​គេឯង ដើម្បីទប់​ស្កាត់​ការ​រាតត្បាត។ វៀតណាម ​ចាត់​វិធានការ​បាន​ទាន់​ពេល​វេលា និង​តឹង​តែង​ខ្លាំង ដោយ​អាច​កំរិត​ការ​ចម្លង​ត្រឹម​តែ ៤១៥​ករណី និង​ គ្មាន​ករណី​ស្លាប់​ដោយ​កូវីដ១៩​ទេ​នៅ​ក្នុង​ប្រទេសនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI