អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​កើនឡើង​នៃ​ករណី​ឆ្លង​កូវីដ​ថ្មី​បង្កជា​ផល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​អេស្ប៉ាញ

សំឡេង ០៤:០៦
ភ្ញៀវទេសចរ និងទង់ជាតិអេស្ប៉ាញបក់នៅឆ្នេរ Barbate ក្នុងខេត្ត Cadiz ភាគខាងត្បូងប្រទេសអេស្ប៉ាញ នាថ្ងៃសៅរ៍ ទី២៥ កក្កដា ឆ្នាំ ២០២០។
ភ្ញៀវទេសចរ និងទង់ជាតិអេស្ប៉ាញបក់នៅឆ្នេរ Barbate ក្នុងខេត្ត Cadiz ភាគខាងត្បូងប្រទេសអេស្ប៉ាញ នាថ្ងៃសៅរ៍ ទី២៥ កក្កដា ឆ្នាំ ២០២០។ AP - Emilio Morenatti
ដោយ៖ អ៊ុង គឹមអ៊ាន់
២៤ នាទី

ក្នុង​នាមជា​គោលដៅ​ទេសចរណ៍​ដ៏ធំបំផុតមួយ​របស់​ពិភពលោក​ អេស្ប៉ាញ​សង្ឃឹមថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យទៅ​លេង​ប្រទេសខ្លួន​នា​រដូវ​ក្តៅនេះ​ ជាមួយនឹង​ការ​អះអាង​ដែលថា​អេស្ប៉ាញ​គឺជា​កន្លែង​មាន​សុវត្ថិភាព​ពីការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ​ហើយ​។ ក៏ប៉ុន្តែ​ ក្តីសង្ឃឹម​របស់​អេស្ប៉ាញ​នាពេលនេះ​ហាក់ជាប់គាំង​ ដោយសារតែ​ករណីឆ្លង​កូវីដ​ថ្មី​នៅក្នុង​ប្រទេស​បាន​ហក់ឡើង​ខ្លាំង​មកវិញ​នៅ​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ​។

ផ្សាយពាណិជ្ជកម្ម

ទិសដៅ​ទេចរណ៍​មាន​សុវត្ថិភាព​

អេស្ប៉ាញ​ បាន​ព្យាយាមយ៉ាងខ្លាំង​ធ្វើយ៉ាងណាឲ្យ​ភ្ញៀវទេសចរ​មាន​ទំនុកចិត្ត​ថា ប្រទេស​ខ្លួន​ គឺជា​ទិសដៅ​ទេសចរណ៍​មានសុវត្ថិភាព​មួយ​ បើទោះបីជា​អេស្ប៉ាញនៅ​មិន​ទាន់​អាច​គ្រប់គ្រង​ជំងឺ​កូវីដ​បាន​ទាំងស្រុង​ ហើយនៅ​មាន​ការឆ្លងរាលដាល​យ៉ាងណាក្តី​។

ចាប់ពី​ខែ​មេសាមក​ម្ល៉េះ​ រមណីយដ្ឋាន​នានា​នៅ​អេស្ប៉ាញ​បាន​ចាប់ផ្តើម​រៀបចំ​វិធានការ​សុវត្ថិភាព​ រួមបញ្ចូលទាំង​ការរក្សាគំលាត​សុវត្ថិភាព​នៅលើ​ឆ្នេរខ្សាច់​ នៅក្នុងបារ​ រង្គសាល​ និង​ភោជនីយដ្ឋាន​ ព្រមទាំង​ការឆែក​សីតុណ្ហភាព​នៅតាម​ច្រកចេញចូល​សណ្ឋាគារមួយចំនួន​។

ក៏ប៉ុន្តែ​ ឧស្សាហកម្ម​ទេសចរណ៍​អេស្ប៉ាញ​កំពុង​ស្ថិតក្នុងស្ថានភាព​មួយ​ពិបាក​ស្រោចស្រង់ដោយ​សារ​ករណីឆ្លងថ្មី​នៃ​ជំងឺកូវីដ​បាន​ងើបឡើងវិញ​ ជាពិសេស​ជាមួយនឹង​តួលេខ​ដែលកើនឡើង​ទ្វេ​ជាបី​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លង​មកនេះ​។

ជាក់ស្តែង​ ក្នុង​រយៈពេល​ ១៤​ ថ្ងៃ​កន្លង​មក​ អេស្ប៉ាញ​បានរកឃើញ​ករណីថ្មី​ចំនួន​ ៤០​ ករណី​ក្នុង​ចំណោម​ប្រជាជន​ ១០​ម៉ឺន​នាក់​ បើ​ប្រៀបធៀប​នឹង​ ១៥​ នាក់​នៅ​អង់គ្លេស​និង​បារាំង​ ហើយនិង​ ៨ ករណី​នៅ​អាល្លឺម៉ង់​។ នេះ​ បើយោងតាម​ការគណនា​របស់​ទីភ្នាក់ងារព័ត៌មាន​ AFP​ ដោយផ្អែក​លើតួលេខ​ផ្លូវការ​។

ដោយឡែក​ បើ​និយាយពី​ចំនួន​អ្នកស្លាប់វិញ​ អេស្ប៉ាញ​មាន​ត្រឹមតែ​ ២៦ នាក់​ប៉ុណ្ណោះ​ ក្នុង​រយៈពេល​ពីរ​សប្តាហ៍កន្លងទៅ​ ដែល​ចំនួននេះ​នៅឆ្ងាយពី​អង់គ្លេស​ដែល​មាន​ចំនួន​ ៨១៦ នាក់​។

នាខណៈពេលនេះ​ ប្រទេស​អឺរ៉ុប​ជាច្រើន​កំពុង​បារម្ភ​ចំពោះ​ការហក់ឡើង​មកវិញ​នូវករណី​ឆ្លង​កូវីដថ្មី​។ មិនតែប៉ុណ្ណោះ​ ដើម្បី​ការពារ​កុំឲ្យមាន​ការឆ្លងរីករាលដាល​ខ្លាំង​ជាលើក​ទី២​ អង់គ្លេស​ កំពុងដាក់ឲ្យ​អនុវត្ត​នូវ​វិធានការ​ដាក់ឲ្យនៅ​ដាច់ដោយឡែក​រយៈពេល​ ១៤ ថ្ងៃ​ចំពោះ​រាល់​អ្នកដំណើរ​ទាំងឡាយណាដែល​ចូលមក​ប្រទេស​អង់គ្លេស​ពី​អេស្ប៉ាញ​។

ន័រវែស​ បាន​ដាក់លក្ខខណ្ឌ​ស្រដៀងគ្នា​ទៅនឹង​អង់គ្លេស​ដែរ​។ ចំណែក​ឯ​ បារាំង​និង​អាល្លឺម៉ង់​វិញ​ បាន​ព្រមាន​មិនឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​ភាគឦសាន​អេស្ប៉ាញ​ដែលជា​តំបន់​រងគ្រោះខ្លាំង​ជាងគេ​ឡើយ​។

អេស្ប៉ាញ​ប្រឹងប្រែង​ការពារ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​

ការ​សម្រេច​របស់​អង់គ្លេស​ក្នុងការ​ក្រុង​រាល់​អ្នក​ដំណើរទាំងអស់​ដែល​ធ្វើដំណើរ​មកពី​អេស្ប៉ាញ បង្កជា​ផលប៉ះពាល់ខ្លាំង​ដល់​វិស័យទេសចរណ៍​អេស្ប៉ាញ​ ដោយហេតុថា​ ទេសចរ​អង់គ្លេស​ដែលទៅ​កម្សាន្ត​ក្នុង​ប្រទេស​អេស្ប៉ាញ​មាន​ចំនួន​ច្រើនជាងគេ​បំផុត​បើប្រៀបធៀប​នឹង​ប្រទេស​ដទៃ។ ជាក់ស្តែង​ កាលពី​ឆ្នាំ​ ២០១៩​ អេស្ប៉ាញ​ទទួលបាន​ភ្ញៀវទេសចរ​ ១៨ លាន​នាក់​មកពី​ចក្រភព​អង់គ្លេស​។

អេស្ប៉ាញ​ នាពេលនេះ​កំពុងខ្នះខ្នែង​ការពារ​វិស័យទេសចរណ៍​របស់ខ្លួន​យ៉ាងខ្លាំង​។ នៅត្រង់​ចំណុចនេះ​ ចូរ​កុំភ្លេចថា​ ឧស្សាហកម្ម​ទេសចរណ៍​របស់​អេស្ប៉ាញ​តំណាងឲ្យ​ ១២ %​ នៃ​ផលិតផលក្នុងស្រុក​សរុបរបស់​អេស្ប៉ាញ​ និង​ស្មើ​ចំនួន​ ១៣ %នៃ​ចំនួនការងារសរុប​។

មន្ត្រី​អេស្ប៉ាញ​ បាន​បញ្ចុះបញ្ចូល​សមភាគី​អង់គ្លេស​ថា​ វិបត្តិ​កូវីដ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ និង​បាន​ស្នើឲ្យ​អង់គ្លេស​លើកលែង​តំបន់ខ្លះ​ចេញពី​វិធានការ​ដាក់ឲ្យនៅ​ដាច់​ដោយឡែក​រយៈពេល​២សប្តាហ៍​។

កាលពី​ថ្ងៃចន្ទ​ដើម​សប្តាហ៍នេះ​ រដ្ឋមន្រ្តី​ទេសចរណ៍​អេស្ប៉ាញ​អ្នកស្រី​ រេយ៍អេស​ ម៉ារ៉ូតូ​ (Reyes Maroto) បាន​មាន​ប្រសាសន៍ថា​ រដ្ឋាភិបាល​អេស្ប៉ាញ​កំពុង​ចរចាជាមួយ​អាជ្ញាធរ​អង់គ្លេស​ ដើម្បី​សុំដក​តំបន់កោះ​ Balearic និងកោះ Canary ពីព្រោះ​តំបន់​ទាំងពីរ​មានអត្រាឆ្លង​កូវីដ​ទាប​។

តែទោះជាបែបនេះក្តី​ បើយោង​តាម​ប្រភពរដ្ឋាភិបាល​អង់គ្លេស​ ប្រាប់​សារព័ត៌មាន​ BBC ប្រទេស​អង់គ្លេស​គ្មាន​ផែនការ​លើកលែង​ចំពោះ​តំបន់​កោះណាមួយ​របស់​អេស្ប៉ាញពី​វិធានការ​ដាក់ឱ្យនៅ​ដាច់ឡែក​រយៈពេល ១៤ ថ្ងៃ​ឡើយ​។

ដំណឹងនេះ​ គឺជាព័ត៌មាន​គួរឲ្យ​ភ័យខ្លាច​ចំពោះ​ឧស្សាហកម្ម​ទេសចរណ៍​អេស្ប៉ាញ​។ វា ប្រៀបបី​ដូចជាកាំបិត​ ចាក់​ទម្លុះ​ក្តីសង្ឃឹម​របស់​អេស្ប៉ាញ​ដែល​ប្រាថ្នា​រក​ចំណូលពី​វិស័យ​ទេសចរណ៍​នារដូវក្តៅនេះ​  ដើម្បី​ប៉ះប៉ូវ​ការខាតបង់​ដ៏ច្រើន​ដែល​បណ្តាលមកពី​វិធានការ​បិទខ្ទប់​ប្រទេសជាច្រើន​ខែកន្លងមក​ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ