អានតួអត្ថបទ
បរិស្ថាន

អ្នក​ការពារ​បរិស្ថានរងការ​ធ្វើ​ឃាត​ ខ្ពស់​បំផុត ​​នៅ​ឆ្នាំ​២០១៩

អ្នក​ការពារ​បរិស្ថាន​២១២នាក់ ត្រូវបានគេធ្វើឃាត នៅក្នុងឆ្នាំ២០១៩
អ្នក​ការពារ​បរិស្ថាន​២១២នាក់ ត្រូវបានគេធ្វើឃាត នៅក្នុងឆ្នាំ២០១៩ © Global Witness
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

​​ប្រឆាំង​នឹង​គម្រោង​រុក​រក​រ៉ែ ប្រឆាំង​នឹង​គម្រោង​កាប់ព្រៃឈើ ឬ​ប្រឆាំង​នឹង​គម្រោង​កសិ-ឧស្សាហកម្ម … អាច​បង់​ថ្លៃ​ដល់​ជីវិត ! អ្នក​ការពារ​បរិស្ថាន អ្នក​ការពារ​ទឹកដី​ធម្មជាតិ ​យ៉ាង​ហោចណាស់ ២១២​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត នៅក្នុង​ឆ្នាំ​២០១៩ នៅ​​​ទូទាំង​​ពិភពលោក។ ជា​ចំនួន​ដ៏​ខ្ពស់ខ្លាំង ដែល​មក​បំបែក​កំណត់ត្រា​ចាស់ ដំឡើង​កំណត់​ត្រាំ​ថ្មី។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អង់គ្លេស Global Witness។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែល​ពិភពលោក​ត្រូវ​ការ​ការពារ​ភព​ផែន​ដី​យ៉ាង​ពិសេស​ខ្លាំង ទល់​នឹង​បំផ្លិចបំផ្លាញ​​របស់​ឧស្សាហកម្ម​និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ អ្នកការពារ​បរិស្ថាន​និង​ដី​ បែប​ជា​ត្រូវ​រង​ការ​ធ្វើ​ឃាតច្រើន​ខ្លាំង​មែនទែន​ មិន​ដែល​ធ្លាប់​មាន​ទេ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ឆ្នាំ​ដែលអង្គការ​ក្រៅ​រដ្ឋាភិបាល​របស់អង់គ្លេស​​ចាប់​ផ្តើម​ធ្វើ​ស្ថិតិ​មក។

នៅ​ឆ្នាំ​២០១៩​ មាន​​មេកន្ទ្រាញជនជាតិ​ដើមភាគតិច ​អ្នក​ទទួល​បន្ទុក​ការពារ​សត្វ​ព្រៃ ឬ​សកម្មជនបរិស្ថានដ៏​​សាមញ្ញ ​ ​ដែល​ចង់ការពារ​ទឹក​ដី ទន្លេស្ទឹង​បឹង​បួរ​របស់​សហគម​ខ្លួន ប្រឆាំង​នឹង​ការ​រុករក​រ៉ែ និង​ការ​ធ្វើ​កសិឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ​បែប​បំផ្លិច​បំផ្លាញ​ធម្មជាតិដល់​ទៅ​ ​២១២​នាក់​ បាន​ស្លាប់​។ ហើយ​ដូច​ជារៀងរាល់​ឆ្នាំ តួលេខ​នេះ​ទំនង​ជា​តិច​ជាង​ការ​ពិត​ឆ្ងាយ​ណាស់។ នេះ​បើ​តាម​ការ​ព្រមាន​របស់​Global Witness។

បើ​តាម​របាយការណ៍ដដែល ជា​កូឡុំប៊ី និង​ហ្វីលីពីន ​ជា​ប្រទេស​ពីរ​ដែលមាន​កើត​ហេតុ​ឃាតកម្ម​លើ​អ្នក​បរិស្ថាន​ច្រើន​ជាង​គេបំផុត​ ប្រចាំឆ្នាំ​២០១៩ ដោយ​មាន​ករណី សម្លាប់​អ្នក​បរិស្ថាន​ដល់​ទៅ​​ ៦៤​នាក់​នៅ​កូឡុំប៊ី និង​ ៤៣​នាក់​នៅ​ហ្វីលីពីន។ ក្នុង​ចំណោម​ជន​រងគ្រោះ​ ស្លាប់ មិនថា​នៅ​ហ្វីលីពីន​ឬ​នៅកូឡុំប៊ី​ទេ ៤០%​ជា​ក្រុម​ជនជាតិ​ភាគ​តិច​ដែល​តស៊ូ​ការពារ​ទឹកដីពី​ដូន​តារបស់​ពួកគេ។ ឧទាហរណ៍​ជាក់​ស្តែង មេកន្ទ្រាញ​ជនជាតិ​ម៉ាណូបូ នៅ​ហ្វីលីពីន ដែល​ដឹកនាំ​សហគមន៍​ប្រឆាំ​ងនឹង​គម្រោង​រុករករ៉ែ បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​ទម្លាក់​គ្រាប់​បែក​ កាលពី​ខែ​មេសា​២០១៩។

​គឺ​ក្រុម​អ្នក​ការពារ​បរិស្ថានប្រឆាំង​នឹង​ការរុករករ៉ែនេះ​ហើយ​​​ ជា​អ្នក​ខាត​បង់​ជីវិត​ច្រើន​ជាង​គេ ដល់​ទៅ​៥០នាក់។ ក្រុម​រងគ្រោះបន្ទាប់​​គឺ ​អ្នក​ប្រយុទ្ធ​ប្រឆាំ​ងនឹងគម្រោង​​កសិ-ឧស្សាហកម្ម​ ​ដាំ​ដូង​ប្រេង ដំណាំ​យក​ស្ករ ឬ​ដំណាំ​ស៊ីផ្លែ (២៤នាក់)។ ​ក្នុងពេលដែល​ពិភពលោក​ត្រូវ​ការ​ព្រៃឈើ​កាន់​ខ្លាំង​ ដើម្បី​ទប់​កុំ​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ឡើង​កម្តៅ​ភពផែនដីនោះ បុព្វហេតុ​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ បានផ្តាច់​ជីវិត​មនុស្ស​អស់​ ២៤​នាក់​ ពោល​គឺ កើន​ឡើង​៨៥%​បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៨។ ដោយឡែក​ អង្គការ​Global Witness បាន​កត់​ត្រា​ឃើញ​មាន​ការ​ធ្វើ​ឃាត​សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​អាម៉ាហ្សូន ៣៣នាក់​។ អ្នក​ការពារ​ព្រៃឈើ​នៅ​អឺរ៉ុប ដែល​ល្បី​ជា​ទ្វីប​បរិស្ថាន​ ក៏​ត្រូវ​បង់​ថ្លៃ​ជីវិត​ដែរ​ នៅ​ឆ្នាំ​២០១៩ ដោយ​រាប់ឃើញ​មាន​ជន​រងគ្រោះ​ពីរ​នាក់ នៅ​រ៉ូម៉ានី។

ដោយ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ និង​ដោយ​គ្មាន​ការ​ដាក់ទោស ជា​ទូទៅ​ គេ​មិន​អាច​ស្គាល់​អត្តសញ្ញាណ​ឃាតករ​ទេ។ របាយការណ៍ដដែល​​បាន​សម្គាល់​ឃើញ​ថា​មាន​ ​ឃាតកម្ម នៅ​ឆ្នាំ​២០១៩​ ​ចំនួន​​២៧​ករណី ជា​បទ​ឧក្រិដ្ឋ​ដែល​មាន​ការ​រៀប​ចំឡើង របស់​ក្រុមកាង​តាម​មូលដ្ឋាន ក្រុមស្វ័យត្រាន ឬ​កងកម្លាំង​សន្តិសុខរបស់​រដ្ឋ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ