អាល្លឺម៉ង់-កូវីដ១៩-បាតុកម្ម

ប៉ូលិស​អាល្លឺម៉ង់​ ៤៥​នាក់​រង​របួស​នៅក្នុង​ការតវ៉ា​ប្រឆាំង​នឹង​វិធានការ​គ្រប់គ្រង​កូវីដ

ប៉ូលិសអាល្លឺម៉ង់ឈរក្បែរក្រុមបាតុករដែលប្រឆាំងនឹងវិធានការរឹតត្បិតរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលកូវីដ នៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់នាថ្ងៃទី១ សីហា ឆ្នាំ ២០២០។
ប៉ូលិសអាល្លឺម៉ង់ឈរក្បែរក្រុមបាតុករដែលប្រឆាំងនឹងវិធានការរឹតត្បិតរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលកូវីដ នៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់នាថ្ងៃទី១ សីហា ឆ្នាំ ២០២០។ REUTERS - FABRIZIO BENSCH

កាលពី​ចុងសប្តាហ៍​កន្លងមក​នេះ​ ប៉ូលិស​អាល្លឺម៉ង់​ប្រមាណ​ ៤៥​ នាក់​ បាន​រងរបួស​នៅក្នុង​បាតុកម្ម​តវ៉ា​ជាច្រើន​នៅទីក្រុង​ប៊ែរឡាំង​ ដែល​ក្នុងនោះ​ក៏រួមមាន​ផងដែរ​ការ​ប្រឆាំងតវ៉ា​ទៅ​នឹង​វិធានការ​រឹតត្បិត​របស់​អាជ្ញាធរ​ដើម្បី​ទប់ស្កាត់​ជំងឺកូវីដ​១៩​។​ នេះ​ បើតាម​សម្តី​រៀបរាប់​ឲ្យដឹង​ពី​ប៉ូលិស​អាល្លឺម៉ង់​នៅថ្ងៃ​អាទិត្យ​ ទី២​ សីហា​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ រដ្ឋអំណាច​អាល្លឺម៉ង់​បានឲ្យដឹងថា​​មនុស្ស​សរុប​ទាំងអស់​ ១៣៣​ នាក់​ ត្រូវបាន​ចាប់ខ្លួនកាលពី​ថ្ងៃសៅរ៍​ ទី១​ សីហា ​ក្នុងអំឡុង​ពេល​ប្រឆាំងតវ៉ា​នឹង​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​ការរីករាល​ដាល​ជំងឺ​កូវីដ។

ការចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយសារ​ពួកគេ​ទាំង​ ១៣៣ នាក់​ បាន​ល្មើសទៅនឹង​បម្រាម​មួយ​ចំនួន​មានជាអាទិ៍​ អំពើ​ប្រឆាំងទៅ​លើ​មន្រ្តីប៉ូលិស​ ការ​រំលោភបំពាន​សន្តិភាព​ និង​ការ​ប្រើ​ប្រាស់និមិត្តសញ្ញា​ដែល​មិនស្របច្បាប់​។ នៅក្នុង​បាតុកម្មតវ៉ា​កាលណោះ មាន​ប៉ូលិស​អាល្លឺម៉ង់​ ៣ រូប​បាន​រងរបួស​និង​ត្រូវ​ដឹកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

គួរ​គូសបញ្ជាក់ជូនថា​ មនុស្ស​ប្រមាណ​ ២ ម៉ឺន​នាក់​ បាន​ចូលរួម​ក្នុង​បាតុកម្ម​ដែល​គេឲ្យ​ឈ្មោះថា​ “ទិវាសេរីភាព​” កាលពី​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​។ បាតុករ​ភាគច្រើន​មិនបាន​ពាក់ម៉ាស់​ឬក៏​គោរពតាម​គោលការណ៍​សុវត្ថិភាព​ដែល​រដ្ឋាភិបាល​តម្រូវឲ្យ​ពួកគេ​នៅឆ្ងាយ​ពីគ្នា​ចម្ងាយ​ប្រមាណ​ ១,៥ ម៉ែត្រ​នោះទេ​។ សម្រាប់​ក្រុម​បាតុករ​ វិធានការ​ចាត់ឲ្យ​ពាក់ម៉ាស់​គឺជាការ​រំលោភសិទ្ធិ​និង​សេរីភាព​របស់​ពួកគេ​។

ដោយមើលឃើញបែបនេះ​ ក្រុមប៉ូលិស​បាន​ផ្តើមចូលទៅ​បំបែក​ហ្វូងបាតុករ​និង​ផ្តើមនីតិវិធី​ដែលសម​ស្របតាមច្បាប់​ដើម្បីប្រឆាំងទៅនឹង​អ្នករៀបចំ​បាតុកម្ម​ដោយ​មិន​គោរពតាម​គោលការណ៍​អនាម័យ​របស់​រដ្ឋាភិបាល​។

នៅក្នុង​បាតុកម្មប្រឆាំងទៅនឹង​ការរឹតត្បិត​ដើម្បីទប់ទល់នឹង​កូវីដ​ដាច់ដោយឡែក​មួយ​ផ្សេង​ទៀត​នៅស្រុក​នឺខូន​ (Neukoelln) ក្នុង​ក្រុង​ប៊ែរឡាំងដែរ​ ក្រុមបាតុករ​បាន​គប់ដុំថ្ម​ដាក់​ប៉ូលិស​ ដុតកាំជ្រួច​ និង​បំផ្លាញ​រថយន្ត​ប៉ូលិស​ចំនួន​ ២ គ្រឿង​ ព្រមទាំង​បំផ្លាញ​ការិយាល័យបក្ស​មួយ​កន្លែង​។ អាជ្ញាធរ​អាល្លឺម៉ង់​ជាច្រើននាក់​បាន​រងរបួស​ ខណៈពេល​ចូលទៅ​បំបែក​ហ្វូង​មនុស្ស​។

ក្រៅពីនេះ​ ការ​ចាប់ខ្លួន​អ្នក​ប្រឆាំងតវ៉ា​ក៏ត្រូវ​បាន​ធ្វើជាច្រើន​ទៀត​ដែរ​នៅឯ​បាតកម្ម​តវ៉ា​ ក្រៅផ្លូវ​ការ​តូចៗដទៃ​ទៀត​ ហើយ​កងកម្លាំង​សន្តិសុខ​ចំនួន​ ១ ១០០ នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅក្នុង​ក្រុងប៊ែរឡាំង​។

គួរកត់សម្គាល់ថា​ បើទោះបីជា​ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​កូវីដ១៩​ នៅ​អាល្លឺម៉ង់​មិន​ច្រើនខ្លាំង​យ៉ាងណាក្តី​ ក៏អាជ្ញាធរ​មានការ​ព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ករណីឆ្លងកូវីដថ្មី​ដែល​បន្ត​កើនឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ អ្នក​នយោយ​អាល្លឺម៉ង់​បាន​រិះគន់​តាម​បណ្តាញសង្គម​ថា​ ការ​ប្រឆាំង​តវ៉ា​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​គ្មាន​ភាព​ទទួល​ខុសត្រូវ​ទាល់តែ​សោះ​។

រដ្ឋ​មន្ត្រីសុខាភិបាល​លោក​ជេន​ ស្ពាន​ (Jens Spahn) បាន​មាន​ប្រសាសន៍​ថា​ជាការពិត​មែន​ហើយ​ដែល​ការធ្វើបាតុកម្ម​អាចប្រព្រឹត្ត​ទៅរួច​បានដែរ​ក្នុង​ពេលមាន​ការ​ឆ្លងរាល​នៃ​ជំងឺ​កូវីដ​។ ក៏ប៉ុន្តែ​ ទន្ទឹមគ្នានេះ​ គេ​ក៏​ត្រូវគោរពតាម​គោលការណ៍​អនាម័យ​ដោយ​ការ​ពាក់ម៉ាស់​ រក្សា​គំលាត​សុវត្ថិភាព​ដើម្បី​ការពារ​ខ្លួន​ឯង​ក៏​ដូចជា​អ្នកដទៃ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI