អានតួអត្ថបទ
បារាំង-កូវីដ១៩

កូវីដ១៩៖ ក្រុមប្រឹក្សាវិទ្យាសាស្ត្រថាបារាំងអាចនឹងធ្លាក់ក្នុងស្ថានភាពគ្រប់គ្រងលែងបាន

ការឆ្លងកូវីដ១៩​នៅបារាំង​កើនឡើងវិញ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដកវិធានការ​រឹតត្បឹត​ការ​ធ្វើ​ដំណើរ ហើយ​ចំពេល​រដូវ​វិស្សមកាល​ចូលមកដល់
ការឆ្លងកូវីដ១៩​នៅបារាំង​កើនឡើងវិញ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដកវិធានការ​រឹតត្បឹត​ការ​ធ្វើ​ដំណើរ ហើយ​ចំពេល​រដូវ​វិស្សមកាល​ចូលមកដល់ AP - Bob Edme
ដោយ៖ សេង ឌីណា
១១ នាទី

នៅ​ក្នុង​ប្រទេស​បារាំង ការរាតត្បាត​នៃ​មេរោគ​កូវីដ១៩​អាច​នឹង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​គ្រប់គ្រង​លែងបាន​គ្រប់ពេល។ នេះ​បើ​យោងតាម​ការព្រមាន​របស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​បារាំង កាល​ពីថ្ងៃ​អង្គារ ដោយ​​បាន​បញ្ជាក់​បន្ថែម​ថា ចំនួន​អ្នក​ជំងឺធ្ងន់ធ្ងរ​​ក្នុង​ស្ថានភាព​សង្រ្គោះបន្ទាន់ បាន​ចាប់ផ្តើម​កើនឡើង​វិញ​ជាលើកដំបូង ចាប់តាំង​ពី​ខែមេសា។

ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ ដែល​ជា​អ្នក​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​បារាំង ទាក់ទង​នឹង​វិបត្តិ​កូវីដ១៩ បាន​លើកឡើង​ថា ការរាតត្បាត​កូវីដ១៩​នៅ​ក្នុង​ប្រទេស​បារាំង​នេះ​ចាប់ផ្តើម​កើនឡើង​ខ្លាំង​ឡើងវិញ ក្រោយ​ពី​ប្រជាជន​ចាប់ផ្តើម​ធ្វេសប្រហែស​ លែង​សូវ​យកចិត្ត​ទុកដាក់​លើ​ការ​រក្សា​គម្លាត និង​ការ​​​អនុវត្ត​វិធានការ​អនាម័យ​ចាំបាច់​ផ្សេងទៀត។

យោងតាម​តួលេខ​កាល​ពីថ្ងៃ​ចន្ទ គ្រាន់តែ​ក្នុង​រយៈពេល​២ថ្ងៃ​ចុងសប្តាហ៍​កន្លងទៅនេះ បារាំង​មាន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ រហូតដល់​ទៅ ២៩នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​​ត្រូវ​កើនឡើង​ដល់​ ៣០ ២៩៤នាក់។ ចំណែក​​​អ្នក​ជំងឺ​ធ្ងន់​ដែល​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះបន្ទាន់​នៅ​មន្ទីរពេទ្យ ក៏មាន​ចំនួន​កើនឡើង ១៣នាក់​ផងដែរ ដែល​ជា​កំណើន​លើកដំបូង ក្រោយ​ពី​ត្រូវ​ថយចុះ​ជា​បន្តបន្ទាប់ ចាប់តាំង​ពី​ខែមេសា នៅពេល​ដែល​រដ្ឋាភិបាលបារាំង​ដាក់​កម្រិត​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​នៅ​ទូទាំង​ប្រទេស។

ការ​ដាក់​កម្រិត​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បន្ធូរបន្ថយ​បន្តិចម្តងៗ​ចាប់តាំង​ពី​ដើម​ខែ​ឧសភា រហូត​ត្រូវ​ដក​ចេញ​ស្ទើរតែ​ទាំងស្រុង​ ចាប់​ពី​ចុងខែ​មិថុនា។ ការ​បន្ធូរបន្ថយ​វិធានការ​នេះ ហើយ​បូករួម​ជាមួយ​នឹង​​ការ​ចូលមកដល់​នៃ​រដូវ​វិស្សមកាល​ ដែល​ប្រជាជន​បារាំង​តែងតែ​នាំគ្នា​ចេញ​ទៅ​ដើរលំហែកាយ សន្ទុះនៃ​ការ​ឆ្លង​កូវីដ១៩​ក៏​ចាប់ផ្តើម​កើនឡើង​វិញ ហើយ​ចាប់​តាំង​ពី​ចុងខែ​កក្កដា​នេះមក ចំនួន​ករណីកូវីដ១៩​ថ្មី​ ដែល​គេ​បាន​រកឃើញ​ក្នុងមួយថ្ងៃៗ បាន​កើនឡើង​លើស​ពី ១០០០នាក់​ ជារៀងរាល់​ថ្ងៃ។

យោងតាម​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ ស្ថានភាព​រាតត្បាត​កូវីដ១៩​នៅ​បារាំង​បច្ចុប្បន្ន​នេះ​​នៅមិនទាន់​ធ្លាក់​ចូល​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​គ្រប់គ្រងលែង​បាន​នៅឡើយទេ ក៏ប៉ុន្តែ អ្វីៗ​អាច​នឹង​ប្រែប្រួល​គ្រប់ពេល ហើយ​ថា សន្ទុះនៃ​ការ​រាតត្បាត​កូវីដ១៩​នេះ អាច​នឹង​កើនឡើង​កាន់តែ​ខ្លាំង​ដល់​កម្រិត​ធ្ងន់ធ្ងរ​សាជាថ្មី នៅក្រោយ​ពេល​រដូវ​វិស្សមកាលត្រូវ​បិទបញ្ចប់ នៅ​ចុងខែ​សីហា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ