អានតួអត្ថបទ
ចោរអ៊ីនធ័រនែត

ប៉ូលិស​អាំងទែរប៉ូល​ព្រមាន​ពី​ការកើនឡើង​នៃ​ឧក្រិដ្ឋកម្ម​អ៊ីនធ័រនែត​ក្នុង​អំឡុង​​វិបត្តិកូវីដ

តាមប៉ូលិស​អាំងទែរប៉ូល ចោរអ៊ីនធ័រនែត​បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​កើតមាន​វិបត្តិកូវីដ
តាមប៉ូលិស​អាំងទែរប៉ូល ចោរអ៊ីនធ័រនែត​បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​កើតមាន​វិបត្តិកូវីដ DR
ដោយ៖ ឈាង បុប្ផា
១៦ នាទី

វិបត្តិកូវីដ​ជា​ឱកាស​ល្អ​សម្រាប់​ចោរអ៊ីនធ័រនែត ចូលលួច​ទិន្នន័យ និង​បោកបន្លំ ទារលុយ មិនថា ពីស្ថាប័ន​រដ្ឋាភិបាល ទីភ្នាក់ងារ​សុខភាព សាធារណៈ ឬ​ឯកជន។ តាម​របាយការណ៍​របស់​ប៉ូលិស​អាំងទែរប៉ូល ចេញផ្សាយ​នៅថ្ងៃ​អង្គារ​ម្សិលមិញ ប្រទេស​ជាង ៥០​បាន​រង​ការវាយប្រហារ​របស់​ឧក្រិដ្ឋជន​អ៊ីនធ័រនែត នៅ​ក្នុង​រយៈពេល​៤​ខែ​ដំបូង ដែល​ជំងឺ​កូវីដ កំពុង​ផ្ទុះឡើង នៅក្នុង​ពិភពលោក។ ប៉ូលិស​អាំងទែរប៉ូល​បាន​ព្រមាន​ដែរថា ករណី​បន្លំ លួច​យក​ទិន្នន័យ នឹង​បន្ត​កើនឡើង ជាពិសេស នៅ​ពេល​គេ​អាច​ផលិត​ចេញបាន​ជា​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូវីដ ១៩ នៅ​ថ្ងៃ​អនាគត។

ផ្សាយពាណិជ្ជកម្ម

វិធានការ​បិទព្រំដែន បិទ​ទីក្រុង បិទក្រុមហ៊ុន ដែល​តម្រូវ​ឲ្យ​មនុស្ស​ធ្វើការ​ពីចម្ងាយ (ការងារអនឡាញ) ដើម្បី​ជៀសវាង​ការចម្លង​ជំងឺ​កូវីដ បាន​ធ្វើ​ឲ្យ​ពិភពលោក​ពឹង​អាស្រ័យ​ខ្លាំង ទៅ​លើ​បណ្តាញ​អ៊ីនធ័នែត ជាងពេលណាៗ​ទាំងអស់។ តាម​ប៉ូលិស​អាំងទែរប៉ូល ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង វិបត្តិ​កូវីដ ១៩ បាន​ផ្តល់​ឱកាស​ឲ្យឧក្រិដ្ឋជន​អ៊ីនធ័រនែត បង្កើន​ការវាយប្រហារ នៅក្នុង​ល្បឿន​មួយ​ដ៏គួរ​ព្រួយបារម្ភ។

“ឆ្លៀតឱកាស​ដែល​មនុស្ស​កំពុង​ភ័យ ព្រួយ​បារម្ភ​ពី​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច ដែល​មិន​ច្បាស់លាស់ ដោយសារ​វិបត្តិកូវីដ ក្រុមចោរអ៊ីនធ័រនែត​បាន​អភិវឌ្ឍ និង​បង្កើន​សមត្ថភាព វាយប្រហារ​អ៊ីនធ័នែត ទៅលើ​វិបសៃតិ៍​របស់​រដ្ឋាភិបាល ឬ​ស្ថាប័ន​សុខភាព​សាធារណៈ ដែល​ធ្វើការ​ផ្តោត​លើ​ជំងឺ​កូវីដ​១៩” នេះបើតាម​ការលើកឡើង​របស់​អគ្គលេខាធិការ​របស់​ប៉ូលិស​អាំងទែរប៉ូល Jürgen Stock។

តាម​ប៉ូលិស​អាំងទែរប៉ូល ចោរ ឧក្រិដ្ឋជន​អ៊ីនធ័រនែត បាន​ប្រើ​វិធីសាស្រ្ត​ជាច្រើន​ប្លែកគ្នា ដើម្បី បន្លំ យក​ទិន្នន័យ របស់​អ្នកប្រើប្រាស់។ ពីរភាគបី​នៃ​ប្រទេស​ដែល​ចូលរួម​ក្នុង​ការស្ទង់មតិ​របស់​ប៉ូលិស​អាំងទែរប៉ូល (សរុប ៤៨ប្រទេស) បាន​លើកឡើង​ពី ករណី​បន្លំ ឆបោក ដែលនៅក្នុង​នោះ ចោរអ៊ីនធ័រនែត បាន​បន្លំ ​តាំង​ខ្លួន​ថា ជា​មន្រ្តីរដ្ឋាភិបាល ឬ​អ្នកជំនាញ​សុខភាព។

វិធីសាស្រ្ត​ទី​២​របស់​ចោរអ៊ីនធ័រនែត​គឺ​ប្រើ​កម្មវិធី​ចូល​ទៅ​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ ដើម្បី​ជំរិត​ទារលុយ​ពីជនរងគ្រោះ។

ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ មេសា ប៉ូលិស​អាំងទែរប៉ូល​បាន​រកឃើញ​មាន​បញ្ហា​កុំព្យូទ័រ ដោយសារ​កម្មវិធី របស់​ចោអ៊ីនធ័នែត ជាង ៧០០​ករណី សារអត់បាន​ការ Spams ជាង ៩សែន និង តំណភ្ជាប់ ទៅរក​វិបសៃតិ៍​របស់ចោរអ៊ីនធ័រនែត ជាច្រើន​ម៉ឺន ដែល​ទាំងអស់ គឺ​សុទ្ធ​តែ​មាន​ជាប់ទាក់ទង​នឹង​វិបត្តិកូវីដ។ អឺរ៉ុប​រងការវាយប្រហារ​ពីចោរអ៊ីនធ័រនែត​ច្រើនជាងគេ ជាមួយ​នឹង​តួលេខ ៤២% ១៧%​នៅ​អាហ្វ្រិក ១២%នៅអាមេរិក ចំណែក នៅអាស៊ី ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត​មាន​អត្រា​១៩%។ នៅ​អាស៊ី ឧក្រិដ្ឋកម្ម​អ៊ីនធ័រនែត ភាគច្រើន​ជា​បន្លំបោកប្រាស់ ដូចជា​លក់ថ្នាំ ឧបករណ៍ពេទ្យ ក្លែងក្លាយ តាមវិបសៃតិ៍។

តាម​ប៉ូលិស​អាំងទែរប៉ូល នៅពេលមុខ​ជំនួញ ការងារ​ត្រូវការ​បណ្តាញ​អ៊ីនធ័រនែត ដោយសារ​តែ​កាលៈទេសៈ ចាប់បង្ខំ ក្នុង​បរិបទ​កូវីដ ក្រុមហ៊ុន និង​បុគ្គលិក​ជាច្រើន ដែល​ត្រូវ​ធ្វើការ​ពីផ្ទះ នៅ​មិនទាន់​មាន​កម្មវិធី ឧបករណ៍ រឹងមាំ សម្រាប់​ការពារ​កុំព្យូទ័រ ទិន្នន័យ​ផ្ទាល់ខ្លួន ពី​ចោរអ៊ីនធ័រនែត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ