អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អតីត​ស្តេច​អេស្ប៉ាញ​ និរទេស​ខ្លួន​ដោយសារ​ជាប់​រឿង​អាស្រូវ​ពុក​រលួយ

សំឡេង ០៥:០១
អតីតស្តេចអេស្ប៉ាញព្រះអង្គ ហ័ន ការឡូស (Juan Carlos)។
អតីតស្តេចអេស្ប៉ាញព្រះអង្គ ហ័ន ការឡូស (Juan Carlos)។ AFP - JAIME REINA
ដោយ៖ អ៊ុង គឹមអ៊ាន់
៣១ នាទី

អតីត​ស្តេច​អេស្ប៉ាញ​ព្រះនាម​ ហ័ន ការឡូស​ (Juan Carlos) ដែល​កំពុងប្រឈមនឹង​ការស៊ើបអង្កេត​ទាំងក្នុង​និង​ក្រៅប្រទេស​ពី​បទ​ពុករលួយ​ បាន​ប្រកាស​កាលពី​ថ្ងៃចន្ទ​ ទី៣​ សីហា​ ថា​ទ្រង់​នឹង​និរទេស​ខ្លួន​ចេញពី​ប្រទេស​អេស្ប៉ាញ​។ ព្រះអង្គ​ ការឡូស​ មិន​បាន​មាន​ព្រះបន្ទូល​ប្រាប់នោះទេ​ថាតើ​ទ្រង់​នឹង​និរទ្ទសខ្លួន​ទៅ​ទីណានោះ​ តែ​ថា​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​អារម្មណ៍​តានតឹង​ជាទីបំផុត​។តើ​អតីត​មហាក្សត្រ​អេស្ប៉ាញ​ ហ័ន ការឡូស​ មាន​ប្រវត្តិ​យ៉ាងណា​? ហេតុអ្វី​បានជា​ទ្រង់​ត្រូវ​រុំព័ទ្ធ​ដោយ​ដុំពពកខ្មៅ​នៃ​រឿងអាស្រូវ​ពុករលួយ​បែបនេះ?

ផ្សាយពាណិជ្ជកម្ម

ប្រវត្តិ​អតីត​ប្រមុខរដ្ឋ​អេស្ប៉ាញ​ព្រះអង្គ ហ័ន ការឡូស

អតីតប្រមុខរដ្ឋ ហ័ន ការឡូស គឺជា​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អេស្ប៉ាញ​ដែល​បានឡើង​សោយ​រាជ្យសម្បត្តិ​ជាស្តេច​ចាប់ពី​ខែវិច្ឆិកា​ ឆ្នាំ១៩៧៥​ និងបាន​គ្រប់គ្រង​តំណែង​នេះ​រយៈពេល​ ៣៨ឆ្នាំ មុន​ដាក់​រាជ្យ​ប្រគល់​ឲ្យ​រាជបុត្រ​ព្រះនាម​ ហ្វីលីព ទី VI​ នៅខែ​មិថុនា​ ឆ្នាំ ២០១៤​។

អតីតស្តេចមានព្រះជន្មាយុ ៨២ វស្សា​អង្គនេះ​ ធ្លាប់ជា​ឥស្សរជន​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ម្នាក់​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ទ្រង់​ ធ្លាប់បាន​ដើរ​តួនាទី​យ៉ាងសំខាន់​នៅ​ក្នុងការ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ប្រទេស​តាមបែបលទ្ធិ​ប្រជាធិបតេយ្យ ពី​របប​ផ្តាច់ការ​ហ្វាស៊ីស​និយម​របស់​លោក​ឧត្តម​សេនីយ៍​ហ្វ្រង់ស៊ីស្កូ ហ្វ្រង់កូ (Francisco Franco) ដែល​បាន​កាន់កាប់​ប្រទេស​អេស្ប៉ាញ​ពីឆ្នាំ​១៩៣៩​ ដល់ឆ្នាំ​ ១៩៧៥​។

រឿងអាស្រូវ​ពុក​រលួយ​របស់​អតីត​ប្រមុខ​រដ្ឋ​អេស្ប៉ាញ

ក៏ប៉ុន្តែ​ កិត្តិសព្ទ​របស់​ព្រះអង្គហ័ន ការឡូស បាន​ចាប់​​ធ្លាក់ស្រុតចុះ​នៅក្នុង​ខែសីហា​ ឆ្នាំ ២០១៨​។ ជាពេល​មាន​ការបើកការស៊ើបអង្កេតមួយ​នៅអេស្ប៉ាញ​ បន្ទាប់ពី​មានការ​ចុះផ្សាយ​ព្រោងព្រាត​ពាក់ព័ន្ធ​រឿង​អាស្រូវ​ពុករលួយ​ និងរឿង​អាស្រូវ​ស្នេហា​របស់​ទ្រង់​ជាមួយនឹង​អ្នកជំនួញ​ស្រី​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ​កូរីនណា ឡាសេន (Corinna Larsen)។

នាពេល​បច្ចុប្បន្ននេះ​ ការស៊ើបអង្កេត​កំពុង​ដំណើរការ​នៅក្នុង​ប្រទេសពីរគឺនៅស្វីស​និង​អេស្ប៉ាញ​។ នៅក្នុង​ប្រទេសទាំងពីរ​ ប្រព័ន្ធផ្សព្វផ្សាយ​នានាតែងតែ​ចុះផ្សាយ​ព័ត៌មាន​លម្អិត​ស្តីអំពី​ការ​គ្រប់គ្រង​មិនច្បាស់លាស់​លើ​មូលនិធិ​មួយ​ ដែល​អារ៉ាប៊ីសាអូឌីត​បង់បញ្ជូនលុយ​ឲ្យ​អតីត​ប្រមុខរដ្ឋ​អេស្ប៉ាញ​។

តុលាការ​កំពូល​អេស្ប៉ាញ​ បាន​ប្រកាស​នៅក្នុង​ខែមិថុនា​កន្លងទៅនូវ​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​កំណត់​ការទទួលខុសត្រូវ​ស្របច្បាប់​របស់​អតីត​ព្រះមហាក្សត្រ​។ ក៏ប៉ុន្តែ​ ដោយ​សារតែ​អភ័យ​ឯក​សិទ្ធិ​ដែល​ទ្រង់​មាននៅក្នុង​ព្រះហស្ត​ តុលាការ​មិនអាច​ធ្វើអ្វីទ្រង់​បាន​ឡើយ​ ពោល​គឺ​តុលាការ​អាចត្រឹមតែ​ដាក់ទោស​នូវអ្វី​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ក្រោយ​ពេល​ដាក់រាជ្យ​ចាប់ពីឆ្នាំ​ ២០១៤ ប៉ុណ្ណោះ​។

គួររំឭកជូនថា​ ករណី​សង្ស័យ​ពាក់ព័ន្ធនឹង​រឿងអាស្រូវ​ពុករលួយ​របស់​អតីត​ក្សត្រអេស្ប៉ាញ​ កើត​ឡើង​ក្នុងពេល​ដែល​ព្រះអង្គ​នៅ​សោយរាជ្យ​សម្បត្តិ​ក្នុងឆ្នាំ ២០០៨​ ដូច្នោះហើយ​តុលាការគ្មាន​សិទ្ធិ​ដាក់​ទោសទណ្ឌ​ឬក៏​ទាមទារឲ្យ​ទ្រង់​ទទួលខុសត្រូវ​អ្វីបាន​ឡើយ​។

គួរ​កត់សម្គាល់ទៀត​ថា​ ករណី​សង្ស័យ​ពុករលួយ​របស់​អតីត​ស្តេច​ហ័ន ការឡូស​ គឺ​ស្តីពី​ប្រាក់​ចំនួន​ ១០០ លាន​ដុល្លារ​ (៨៥ លានអឺរ៉ូ) ដែល​ត្រូវបាន​ចោទប្រកាន់ថា​បង់​យ៉ាងសម្ងាត់​ទៅឲ្យ​ទ្រង់​ក្នុង​គណនី​ធនាគារ​ស្វីស​មួយ​ក្នុងឆ្នាំ ២០០៨​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ស្វីស​ បាន​រាយការណ៍​ដាច់ដោយឡែកដែរកាលពីខែ​មីនា​កន្លងទៅ​​ថា​ ព្រះអង្គ​ ហ័ន ការឡូស​ ត្រូវ​បាន​គេ​បង់​លុយឲ្យ​ចំនួន​ ១០០​ លាន​ដុល្លារ​ចូលទៅក្នុង​គណនី​ធនាគារស្វីស​នៃមូលនិធិ​ប៉ាណាម៉ា​។ ហើយលុយទាំងអស់​ ១០០ លាន​ដុល្លារ​នោះ​ ជាលុយ​ដែល​ផ្តល់ឲ្យ​ដោយ​អតីត​ស្តេចអារ៉ាប៊ីសាអូឌីត អាប់ឌុលឡា (Abdullah) ក្នុង​ឆ្នាំ ​២០០៨ ដូចគ្នា​។

បន្ទាប់ពី​មានការ​លាតត្រដាង​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ជាបន្តបន្ទាប់រួចមក​ នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​លោកពេដ្រូ សាន់ឆេស (Pedro Sanchez) បាន​និយាយ​កាលខែ​កក្កដា​ថា ​“ប្រជាជន​អេស្ប៉ាញ​ទាំងអស់​កំពុង​ទទួលបាន​ព័ត៌មាន​គួរឲ្យ​រំខាន​និង​ដែល​កំពុងធ្វើឲ្យ​អ្នករាល់គ្នា​រួម​ទាំង​លោកនាយករដ្ឋមន្ត្រី​ផង​កើតចិត្ត​ព្រួយបារម្ភ​។

នៅខែ​កក្កដា​ដដែល កាសែត​ The Daily Telegraph របស់​អង់គ្លេស​បាន​ចុះផ្សាយ​ថា​ព្រះ​មហា​ក្សត្រ​បច្ចុប្បន្ន​របស់​អេស្ប៉ាញ​ ហ្វីលីព​ទី​ VI​ ដែល​ជាបុត្រ​របស់​ទ្រង់​ ហ័ន​ ការឡូស ក៏ជា​អ្នក​ទទួល​ផល​ចំណេញ​ពី​មូលនិធិខាងលើ​ដែរ​។ ដើម្បី​ការពារ​ភាពស្អាតស្អំ​និង​ដើម្បី​ថែរក្សា​កិត្តិយស​នៃ​រាជបល្ល័ង្ក​អេស្ប៉ាញ​ ព្រះអង្គ​ ហ្វីលីពទី​ VI បាន​ប្រកាស​មិន​ទទួល​យក​កេរ​មរតក​ពី​បិតាឡើយ​។

ពាក់ព័ន្ធរឿងនេះដែរ​ យោងទៅ​តាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អនឡាញ​អេស៉្បាញ​ El Espanol មេធាវី​ជនជាតិ​ស្វីស​ម្នាក់​លោក​ Dante Canonica បាន​ប្រាប់​ការិយាល័យ​រដ្ឋ​អាជ្ញា​សាធារណៈ​ក្រុង​ហ្សឺណែវថា​ គាត់​ត្រូវបានគេ​ណែនាំឲ្យ​ “បង្កើត​រចនាសម្ព័ន្ធ​មួយ​” ដើម្បី​លាក់​បាំងពី​លុយ​ដែល​បញ្ជូន​ទៅឲ្យ​អតីត​ប្រមុខរដ្ឋ​អេស្ប៉ាញ​។

“ទោះបីជា​ទ្រង់ យាងទៅ​ដល់​កន្លែងណា​ក៏ដោយ​ក៏ទ្រង់​ត្រូវតែ​សងត្រលប់​មក​វិញ​នូវអ្វីដែល​ទ្រង់​បាន​ប្រព្រឹត្តដែរ​”។ នេះ​គឺជា​ប្រសាសន៍​របស់​មន្ត្រី​រដ្ឋ​អាជ្ញា​សាធារណៈ​របស់​ស្វីស​លោក​ Inigo Inchaurraga ដែលជា​អ្នក​ធ្លាប់ឃ្លាំមើល​កិច្ចការ​នៅក្រុងម៉ាឌ្រីដ​ដោយ​បាន​បន្ថែមថា​ “រឿង​អាស្រូវ​ពុក​រលួយ​ គឺជា​ក្តី​អាម៉ាស់​មួយ​របស់​អតីត​ព្រះមហាក្សត្រ​អេស្ប៉ាញ​ពីព្រោះ​ថា​ព្រះអង្គធ្លាប់​បាន​ធ្វើរឿងល្អ​ៗច្រើនណាស់​សម្រាប់​ប្រទេស​អេស្ប៉ាញ​។ ប៉ុន្តែ​ រឿង​វាច្បាស់​ណាស់ថា​ ក្នុង​ពេល​កាន់តំណែង​ជាស្តេច​ផែនដី​ នៅ​កាលៈទេសៈ​ខ្លះ​ព្រះអង្គ​ប្រែ​ទៅជា​ប្រព្រឹត្ត​អំពើ​ពុក​រលួយបាន​”។

យ៉ាងណាក៏ដោយ​ មេធាវី​របស់​អតីត​ប្រមុខ​រដ្ឋ​អេស្ប៉ាញ​គឺ​លោក​ Javier Sanchez-Junco បាន​ចេញសេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ​ដោយ​និយាយថា​ កូនក្តី​របស់​លោក​មិន​បាន​ព្យាយាម​គេច​ចេញពី​ភាពយុត្តិធម៍​ដោយ​ការនិរទេសខ្លួននោះទេ​ និងថា​អតីត​ក្សតអេស្ប៉ាញ​ ហ័ន ការឡូស​ នឹងនៅតែ​បង្ហាញវត្តមាន​របស់ទ្រង់​ប្រសិនណាបើ​មាន​ការ​កោះ​ហៅពី​ព្រះរាជអាជ្ញា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ