អានតួអត្ថបទ

បេឡារុស៖ សកម្មជនរុស្ស៊ីដែលគ្រោងទៅតាមដានការបោះឆ្នោតប្រធានាធិបតី ត្រូវចាប់ខ្លួន

សកម្មភាព​ឃោសនា​បោះឆ្នោតប្រធានាធិបតី។ លើបដានេះ ស្តែងពីនិមិត្តរូប​បេក្ខនារីបីនាក់ ដែល​កំពុងតែប្រជែង​តំណែងប្រមុខរដ្ឋ។​
សកម្មភាព​ឃោសនា​បោះឆ្នោតប្រធានាធិបតី។ លើបដានេះ ស្តែងពីនិមិត្តរូប​បេក្ខនារីបីនាក់ ដែល​កំពុងតែប្រជែង​តំណែងប្រមុខរដ្ឋ។​ Sergei GAPON / AFP
ដោយ៖ កែវ ឆាយា
១៦ នាទី

ថ្ងៃសោរ៍ទី ៨ សីហា សមាជិកបីនាក់នៃអង្គការប្រឆាំង Open Russia ត្រូវចាប់ខ្លួន នៅត្រង់ព្រំដែនរុស្ស៊ី ខណៈដែលគេគ្រោងឆ្លងទៅក្នុងដែនដីបេឡារុស ដើម្បីតាមដានសង្កេតការណ៍ អំពីការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃ អាទិត្យ ៩ សីហា។ សូម​ជ្រាបថា អង្គការប្រឆាំង Open Russia បង្កើតឡើងដោយមហាសេដ្ឋីរុស្ស៊ី ឈ្មោះ Khodorkovski បច្ចុប្បន្ន រស់នៅក្នុងស្ថានភាពនិរទេស និងដែលជា សត្រូវ នឹងវិមានក្រេមឡាំង​។

ផ្សាយពាណិជ្ជកម្ម

ការចាប់ខ្លួន​នោះ គឺដោយកងល្បាត ព្រំដែន នៅត្រង់ខេត្តរុស្ស៊ី Pskov នៅជាប់នឹងព្រំដែនបេឡារុស ចម្ងាយ ៧៣០ គ.ម. ពាយ័ព្យពីរដ្ឋធានីម៉ូស្គូ ។ តាមដែលលោកស្រី Anastasia Bourakova ប្រធានអង្គការ Open Russia ប្រកាសឲ្យដឹង បី នាក់ ដែលចាប់ខ្លួននោះ គឺនាយកប្រតិបត្តរបស់អង្គការ លោក Andrei Pivovarov និង សកម្មជនពីរនាក់ ទៀត គឺលោក Danii Potapov និង លោក Alexandre Fedoseyev។

ការរឹតបន្តឹងរបបឆ្លងកាត់ព្រំដែនរុស្ស៊ី ទៅ បេឡារុស គឺ ក្រោយពីមានឧប្បត្តិហេតុ កើតឡើងកាលពីចុងខែ កក្កដា បណ្តាលមកពី អាជ្ញាធរបេឡារុស បានចាប់ ក្រុមពលរដ្ឋរុស្ស៊ី ៣៣ នាក់ ជាប់ចោទថា មានចេតនា ពាំនាំអស្ថិរភាពរង្គាលដល់ ស្ថានការណ៍នៅបេឡារុស មុនពេលបោះឆ្នោត ប៉ុន្តែ ម៉ូស្គូ បានច្រានចោល  ការចោទប្រកាន់ ដែលថារុស្ស៊ី ចង់ជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងបេឡារុស។ 

ពេលសន្ទនាគ្នាតាមទូរសព្ទ ថ្ងៃសុក្រ ៧ សីហា ប្រធានាធិបតីរុស្ស៊ី Vladimir Poutine បានអះអាង ទៅសមភាគីបេឡារុស លោក  Alexandre Loukachenko ថា ម៉ូស្គូ គ្មានបំណងបង្កអស្ថិរភាពនៅ បេឡារុសសោះឡើយ មុនដល់ពេលបោះឆ្នោត។

ក្នុងវ័យ ៦៥ ឆ្នាំ លោក Loukachenko កាន់អំណាច​អស់ ២៦ ឆ្នាំហើយ។ ក្នុងការបោះឆ្នោតលើកនេះ លោក​ត្រូវប្រជែង ជាមួយ បេក្ខនារីថ្មីថ្មោង អ្នកស្រី Svetlana Tikhanovskaya អាយុ ៣៧ ឆ្នាំ ជាស្ត្រីមេផ្ទះសោះ។

សូម​ជ្រាបថា គូប្រជែងដ៏សំខាន់ៗ របស់ ប្រមុខរដ្ឋសព្វថ្ងៃ  អ្នកទាំងនោះ ជួបមូលហេតុប្លែកៗ។​ ឬមួយ មិនបានត្រូវ គ.ជ.ប. អនុញ្ញាត ឲ្យចូលប្រឡូកក្នុងការ បោះឆ្នោត ឬមួយ ធ្លាក់ខ្លួនជាប់ក្នុងការឃុំឃាំង តែម្តង។

ពួកប្រឆាំងដែលបារម្ភខ្លាចអាជ្ញាធរលួចបន្លំសន្លឹកឆ្នោត គ្រោងចាត់ចែង ការរាប់សន្លឹកឆ្នោតតាមរបៀបខ្លួន ដោយអំពាវនាវ អ្នកបោះឆ្នោត ឲ្យផ្ញើរូបថតនៃសន្លឹកឆ្នោតដែលគេបានទម្លាក់ទៅក្នុងហិបឆ្នោត ដោយដៃគេ ដែល ពាក់ខ្សែដៃពណ៌ស ពេលស្ថិត នៅក្នុងការិយាល័យបោះឆ្នោត ជាសញ្ញាសម្គាល់។

ពួកអ្នកសង្កេតការណ៍ នៃ អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប OSCE មិនទៅតាមដានទេ ក្នុងការបោះឆ្នោតលើកនេះ នៅបេឡារុស ដែលជាលើកទី ១ បើគិតពីឆ្នាំ ២០០១ មកពីគេ បានទទួល សេចក្តីអញ្ជើញហួសពេល ទៅហើយ។

ក្រសួងការបរទេសបារាំង អាល្លឺម៉ង់ ប៉ូឡូញ ថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍រួម “ សម្តែង ក្តីព្រួយ បារម្ភរស់រវើកចំពោះដំណើរវិវឌ្ឍទៅនៃស្ថានការណ៍នៅបេឡារុស ទាំងអំពាវនាវ ក្រុង Minsk ឲ្យដោះលែង រាល់តែអ្នកជាប់ក្នុងការឃុំឃាំង តាមមូលហេតុនយោបាយ និងកុំប្រើអំពើហិង្សា ឫ ប្រព្រឹត្តសកម្មភាពណា ដែល ប្រឆាំងនឹងសិទ្ទិមនុស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ