អានតួអត្ថបទ

បោះឆ្នោតបេឡារុស៖ អាជ្ញាធរ ឃាត់ខ្លួនទាំងពួកប្រឆាំង ទាំងអ្នកកាសែតបរទេស

Un homme arrêté par la police à Minsk, en Biélorussie, le 8 août 2020.
Un homme arrêté par la police à Minsk, en Biélorussie, le 8 août 2020. AP Photo/Sergei Grits
ដោយ៖ កែវ ឆាយា
១៦ នាទី

បន្ទាប់ពីចាប់ខ្លួន​អ្នកកាសែតឯករាជ្យ​ដែលធ្វើការឲ្យប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ អាជ្ញាធរបេឡារុស ក៏បានឃាត់ខ្លួន លោកស្រី Maria Kolesnikova ដែលជាសសរទ្រូងមួយ នៃ ចលនាឃោសនា បោះឆ្នោត របស់ភាគីប្រឆាំងនៅបេឡារុស ដើម្បីចូលខ្លួនប្រកួតថ្ងៃ ៩ សីហានេះ យកតំណែងប្រធានាធិបតី។ ដំណឹងនេះ ប្រកាសឲ្យដឹង ដោយ ក្រុមរបស់បេក្ខនារី Svetlana Tikhanovskaya ដែលទទួលការគាំទ្រ កាន់តែខ្លាំងឡើង ពីអ្នកស្រុកម្ចាស់ឆ្នោត។ 

ផ្សាយពាណិជ្ជកម្ម

ថ្ងៃពុធទី ៥ សីហា អ្នកកាសែតជាតិអាល្លឺម៉ង់ លោក Alexander Bourakov  ដែលធ្វើការឲ្យ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Deutsche Welle  ត្រូវចាប់ខ្លួនដោយប៉ូលីស។ ថ្ងៃសៅរ៍ទៀត​ មួយ​ថ្ងៃ​មុនដល់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ ៩ សីហានេះ គឺ តួអង្គមួយសែនសំខាន់របស់ភាគីប្រឆាំង លោកស្រី Maria Kolesnikova ដែលត្រូវបានឃាត់ខ្លួន ម្នាក់ទៀត​។ លោកស្រី ជា សសរទ្រូងមួយ របស់បេក្ខនារី មានប្រជាប្រិយខ្ពស់ គឺ អតីតបណ្ឌិតសាស្ត្រាចា្យ ភាសាអង់គ្លេស ដែលនាពេលចុងក្រោយ ស្ថិតនៅ គ្រាន់តែជាស្ត្រីមេផ្ទះ  ចូលខ្លួនជំនួសប្តីគាត់ ជា Blogueur ល្បីល្បាញនៅបេឡារុស  ដែលត្រូវ គ.ជ.ប. ប្រកែកមិនចុះឈ្មោះ ជា បេក្ខជនប្រធានាធិបតី ។

ចំណែក អ្នកកាសែតអាល្លឺម៉ង់ លោក Alexander Bourakov  ត្រូវចាប់ខ្លួន គឺនៅឯក្រុង Mogilyov ចម្ងាយ ២០០ គ.ម. ពីរដ្ឋធានី Minsk ។ អ្នកសារព័ត៌មាននេះ ដែលតាមដានយកការណ៍ អំពី ដំណើរប្រព្រឹត្ត ទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅបេឡារុស ត្រូវអាជ្ញាធរប្រទេសនេះ ចោទជាផ្លូវការ ថាបាន “រត់ពន្ធសុរា ចូលដែនដីបេឡារុស”។ ការនេះចង្អុលឲ្យឃើញដោយ អង្គការការពារសិទ្ធិមនុស្ស បេឡារុស។ អ្នកកាសែត អភ័ព្វនេះ ត្រូវនាំខ្លួនទៅកាន់ប៉ុស្តិ៍​ប៉ូលីស ថ្វីត្បិតតែ ក្នុងរថយន្ដគាត់ ពេលឆែកឆេរ ឥតមានរកឃើញ អ្វីជាតឹកតាងសំអាងឡើយ។  តាម Deutsche Welle ពួកប៉ូលីសប្រមាណថា រថយន្ដអ្នកកាសែត គឺជា រថយន្ដលួចពីគេ ហើយស្លាកលេខវា ជាស្លាកលេខក្លែងបន្លំទេតើ។

លុះប៉ុន្មានម៉ោងក្រោយមក អ្នកកាសែតអាល្លឺម៉ង់នោះ ត្រូវដោះលែង មុននឹងរូបគាត់ ត្រូវចាប់ខ្លួនជាថ្មី។ ចាប់ខ្លួនជាថ្មីនេះ ដោយមកពីគាត់បានស្រែកខ្លាំងៗ នៅពីមុខប៉ុស្តិ៍​ប៉ូលីស ៖ “ គឺជាទង្វើបង្កហេតុទល់នឹង រូបខ្ញុំ!”

តាមអត្ថបទចេញរសៀលថ្ងៃសុក្រ ដោយបណ្តុំប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ អ្នកកាសែតខ្លួន ត្រូវកាត់ទោសឲ្យជាប់ឃុំ ១០ថ្ងៃ បានន័យថា គាត់ត្រូវខកខាន មិនអាចតាមដានអំពី ការបោះឆ្នោតប្រធានាធិបតី ដែលប្រព្រឹត្តទៅ ថ្ងៃអាទិត្យនេះទេ​។ 

ក្នុងលិខិតផ្ញើទៅ ស្ថានទូតបេឡារុស នៅក្រុង ប៊ែរឡាំង អគ្គនាយកនៃប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ សម្តែងក្តីព្រួយបារម្ភ ចំពោះការចាប់រូបអ្នកកាសែតនេះ។ គាត់តវ៉ាប្តូរប្តេជ្ញាទល់នឹងវិធានការស្រេចតែទំនើងក្បាលចិត្ត របស់អាជ្ញាធរបេឡារុស ញាំញីលើសេរីភាពសារព័ត៌មានដែលទទួលស្គាល់ក្នុងថ្នាក់អន្តរជាតិ ហើយ ទាមទារពីរដ្ឋាភិបាលបេឡារុស ឲ្យពិនិត្យមើល សំណុំរឿងនេះយ៉ាងឆាប់បំផុត​។

តាមទិន្នន័យ អង្គការរអ្នកសារព័ត៌មានគ្មានព្រំដែន បេឡារុស ជាប់ចំណាត់ថ្នាក់ត្រឹម ១៥៣ ក្នុងចំណោម ១៨០ ប្រទេស ខាងសេរីភាពសារព័ត៌មាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ