អានតួអត្ថបទ

អង់គ្លេស​ជំរុញ​បារាំង​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ទូកដឹក​ជនអន្តោប្រវេសន៍ខុសច្បាប់ចូល​អង់គ្លេស

មន្រ្តីព្រំដែន​អង់គ្លេស​​នាំខ្លួន​ជនអន្តោប្រវេសន៍​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​អង់គ្លេស តាមរយៈទូក​តូចៗ ចេញពី​ឆ្នេរភាគខាងជើង ទឹកដី​បារាំង នៅថ្ងៃទី ៨​សីហា ២០២០
មន្រ្តីព្រំដែន​អង់គ្លេស​​នាំខ្លួន​ជនអន្តោប្រវេសន៍​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​អង់គ្លេស តាមរយៈទូក​តូចៗ ចេញពី​ឆ្នេរភាគខាងជើង ទឹកដី​បារាំង នៅថ្ងៃទី ៨​សីហា ២០២០ AP - Kirsty Wigglesworth
ដោយ៖ ឈាង បុប្ផា
១៩ នាទី

ប្រឈម​នឹង​ការកើនឡើង​នៃ​លំហូរ​ជនអន្តោប្រវេសន៍ ខុសច្បាប់ សំដៅ​ទឹកដី​អង់គ្លេស ​រដ្ឋាភិបាល​អង់គ្លេស កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​តែងតាំង​អតីត​មន្រ្តីយោធា​ជើងទឹក​ម្នាក់​សម្រាប់​តំណែង​ប្រធាន​ក្រុមឆ្មាំសមុទ្រ ដែល​មាន​នាទី​ទប់ស្កាត់ ទូកដឹកជនអន្តោប្រវេសន៍​ខុសច្បាប់។ រដ្ឋាភិបាល​អង់គ្លេស នៅ​ចុងសប្តាហ៍​នេះ បាន​ទាមទារ​ផងដែរ ឲ្យ​ភាគីបារាំង ដែល​ជា​ប្រភព​ចាកចេញ​របស់ទូក​ដឹក​ជនអន្តោប្រវេសន៍ ចូលរួម សហការ​ជាមួយ​អង់គ្លេស​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អង់គ្លេស​បាន​ចាត់វិធានការ ពង្រឹង​ការតាមដាន​ដែនសមុទ្រ ចន្លោះ​ទឹកដី​អង់គ្លេស និង​បារាំង បន្ទាប់ពី​សង្កេត​ឃើញ​កាន់តែច្រើន ចំនួន​ទូក​ដឹក​ជនអន្តោប្រវេសន៍ ខុសច្បាប់ ចូល​ទៅ​ប្រទេស​អង់គ្លេស។ តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អង់គ្លេស ក្នុង​រយៈពេល​តែ​បីថ្ងៃ ជនអន្តោប្រវេសន៍​ខុសច្បាប់ ជាង​៥០០​នាក់​បានជិះទូក​ឆ្លងសមុទ្រ La Manche ចូល​ទឹកដី អង់គ្លេស។

ជនអន្តោប្រវេសន៍​មកពី​ប្រទេស​អាហ្វ្រិក អាស៊ី និង​តំបន់​ដើមបូព៌ា ដែល​មកកកស្ទះ ក្នុង​ទឹកដី បារាំង បាន​ប៉ុនប៉ង​ព្យាយាម​ធ្វើដំណើរ​តាមទូក ចូល​ទឹកដី​អង់គ្លេស។ ជាមួយ​មេឃក្តៅអាកាសធាតុ​អំណោយផល គ្មានទឹករលក​ធំៗ នៅ​ខែ​កក្កដា ជនអន្តោប្រវេសន៍​កាន់តែច្រើន បាន​ធ្វើដំណើរ​តាមទូកតូចៗ​សំដៅ​ឆ្នេរ​អង់គ្លេស។ តាម​ទូរទស្សន៍​អង់គ្លេស​BBC ចាប់តាំង​ពីដើមឆ្នាំនេះ ជនអន្តោប្រវេសន៍ ជាង​៤០០០នាក់ បានជិះទូកតូចៗ ជាង ៣០០ ដើម្បី ធ្វើ​ដំណើរ​ខុសច្បាប់ ចូល​ទៅ​ទឹកដី​អង់គ្លេស។

សម្រាប់​រដ្ឋមន្រ្តី​មហាផ្ទៃ​អង់គ្លេស ទូក ដឹកជនអន្តោប្រវេសន៍​ខុសច្បាប់​មាន​ចំនួន​ច្រើន គួរ​ឲ្យ​ព្រួយបារម្ភ។ “បារាំង​ត្រូវតែ​ទប់ស្កាត់​កុំ​ឲ្យ​ជនអន្តប្រវេសន៍​ខុសច្បាប់ ធ្វើដំណើរ​តាមទូក​ចូល​អង់គ្លេស។ រដ្ឋាភិបាល​អង់គ្លេស​នឹង​ធ្វើការ​គ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់​កុំ​ឈ្មួញទុច្ចរិត អាច​ប្រើផ្លូវទឹក La Manche សម្រាប់​ដឹក​ជនអន្តោប្រវេសន៍ ខុសច្បាប់​ចូល​អង់គ្លេស។ អង់គ្លេស​ប្តេជ្ញាផងដែរថា នឹង​ចាប់ខ្លួន​ឧក្រិដ្ឋជន​ដែល​សម្របសម្រួល​ជួយ​ដំណើរដឹកជញ្ជូន​ជនអន្តោប្រវេសន៍​តាមផ្លូវទឹក​ចូលអង់គ្លេស។” នេះជា​ប្រសាសន៍​របស់​Chris Philp អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​អង់គ្លេស​ទទួល​បន្ទុក​បញ្ហា​ជនអន្តោប្រវេសន៍។

នៅ​ថ្ងៃ​អាទិត្យ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ​អង់គ្លេស​បាន​តែងតាំង Dan O’Mahoney អតីតមន្រ្តីយោធា​ជើងទឹក​ដ៏ជំនាញ​ម្នាក់ ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ពិសេស ដែល​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​បារាំង។ ភាគី​អង់គ្លេស ដែល​ចង់​ឲ្យ​បារាំង ជួយ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍ តាំង​ពី​ក្នុង​ទឹកដី​បារាំង មាន​បំណង​ផងដែរ ចង់​ឲ្យ​រាល់ទូក​ជនអន្តោប្រវេសន៍ ដែល​អង់គ្លេស ចាប់បាន​នៅក្នុង​សមុទ្រ ត្រូវ​បញ្ជូន​ទៅ​ប្រទេស​បារាំង ដែល​ជា​ប្រភពចាកចេញ​របស់​ទូក​ដឹកជនអន្តោប្រវេសន៍​ខុសច្បាប់។

នៅ​ថ្ងៃ​អង្គារទី ១១ សីហា រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អង់គ្លេស ត្រូវ​ធ្វើ​ដំណើរ​មកទីក្រុង​ប៉ារីស ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទូកដឹកជនអន្តោប្រវេសន៍​ខុសច្បាប់​ទៅ​អង់គ្លេស។

ក្រសួង​មហាផ្ទៃ​បារាំង អះអាងថា បារាំង​កំពុង​ពិភាក្សា​ជាមួយ​អង់គ្លេស ដើម្បី​បង្កើត​ផែនការរួមគ្នា​មួយ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការដឹកជញ្ជូន​មនុស្ស​ខុសច្បាប់ ពី​បារាំង​ទៅអង់គ្លេស។ នៅ​ខែ​មុន បារាំង​និង​អង់គ្លេស​បាន​បង្កើត​ក្រុមស៊ើបការណ៍​សម្ងាត់​មួយ សម្រាប់​បង្រ្កាប​ក្រុមឈ្មួញជួញដូរ​ជនអន្តោប្រវេសន៍​ទៅ​ទឹកដី​អង់គ្លេស។ កាលណោះ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​បាន​ប្រាប់​អង់គ្លេសថា បារាំង​ត្រូវការ​ជំនួយ​បន្ថែម។ តាមកាសែត​អង់គ្លេស បារាំង​បាន​ទាមទារ​ប្រាក់ ៣០លាន​អឺរ៉ូ សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ​របស់​ប៉ូលិស ដើម្បី តាមដាន ទប់ស្កាត់​កុំ​ឲ្យ​មាន​ទូកដឹកជនអន្តោប្រវេសន៍​ចាកចេញពី​ឆ្នេរសមុទ្រ​បារាំង សំដៅ​អង់គ្លេស។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ