អានតួអត្ថបទ

ក្រិក​ស្នើសហភាពអឺរ៉ុប​កោះប្រជុំ​បន្ទាន់ ពីរឿង​តួកគី​រុករកប្រេង ក្នុង​ដែនសមុទ្រ​ជាប់ជម្លោះ

កប៉ាល់សិក្សា​ភាពរញ្ជួយ​របស់តួកគី ឈ្មោះOruc Reis ត្រូវ​អមដំណើរ​ដោយ​កប៉ាល់ចម្បាំង​របស់តួកគី ៥គ្រឿង នៅ​ពេល​បើកចូល​ទៅ​រុករកប្រេង​នៅ​សមុទ្រ​មេឌីទែរ៉ាណេខាងកើត នៅថ្ងៃ​ចន្ទទី ១០ សីហា ២០២០
កប៉ាល់សិក្សា​ភាពរញ្ជួយ​របស់តួកគី ឈ្មោះOruc Reis ត្រូវ​អមដំណើរ​ដោយ​កប៉ាល់ចម្បាំង​របស់តួកគី ៥គ្រឿង នៅ​ពេល​បើកចូល​ទៅ​រុករកប្រេង​នៅ​សមុទ្រ​មេឌីទែរ៉ាណេខាងកើត នៅថ្ងៃ​ចន្ទទី ១០ សីហា ២០២០ via REUTERS - TURKISH DEFENCE MINISTRY
ដោយ៖ ឈាង បុប្ផា
១៨ នាទី

ភាពតានតឹង​ក្រិក និង​តួកគី​បាន​តានតឹង​មួយកម្រិត​ទៀត នៅ​ថ្ងៃ​អង្គារ​ទី​១១ សីហា បន្ទាប់​ពី​ក្រិក​រកឃើញ​កប៉ាល់​រុករក​ប្រេង​របស់​តួកគី បើកចូល​ក្នុង​តំបន់​ជាប់ជម្លោះ នៅ​សមុទ្រ​មេឌីទែរ៉ាណេ​ខាងកើត។ រដ្ឋាភិបាល​ក្រិក​បាន​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​កោះប្រជុំ​បន្ទាន់ ដើម្បី​និយាយ​ពីការរំលោភ​របស់តួកគី ប៉ុន្តែ ប្រមុខការបរទេស​តួកគី​បាន​បញ្ជាក់​នៅថ្ងៃ​អង្គារ​ម្សិលមិញ​ដែរ​ថា តួកគី​នឹង​នៅតែ​បន្ត​ការពារ​ផលប្រយោជន៍ របស់ខ្លួន នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ការបរទេស​តួកគី​អះអាងថា ពីពេលនេះ រហូត​ដល់​ចុងខែ​សីហា រដ្ឋាភិបាល​នឹង​ផ្តល់​អាជ្ញាបណ្ណ​ឲ្យ​គេ​អាច​រុករក និងជីកខួង​អណ្តូងប្រេង នៅតំបន់​ថ្មី ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ។ ជំហរ​របស់​រដ្ឋាភិបាល​តួកគី​នឹង​ធ្វើ​ក្រិក រួម​ទាំង​ប្រទេស​កោះស្ហ៊ីប ខឹងសម្បារ ព្រោះថា តំបន់​ថ្មី​ដែល​តួកគី គ្រោង​នឹង​បើក​ការស្រាវជ្រាវ​រុករក​ប្រេង ស្ថិតនៅ ក្នុង​តំបន់​ជាប់ជម្លោះ ជាមួយក្រិក និង​ប្រទេស​ស្ហ៊ីប។

កាលពី​ថ្ងៃ​ចន្ទ កប៉ាល់​តួកគី ខាងសិក្សា​ភាពរញ្ជួយ ដើម្បី ស្វែងរក​អណ្តូងប្រេង បាន​បើកចូល​ទៅ​ដែនសមុទ្រ ចន្លោះ កោះCrète របស់​ក្រិក ហើយ​និង​ប្រទេស​ស្ហ៊ីប ដោយមាន​អមដោយ​កប៉ាល់ចម្បាំង​តួកគី ៥គ្រឿង។ នេះបើតាម​រូបភាព ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ តួកគី។

ការប្រកាស​របស់​រដ្ឋាភិបាល​តួកគី​ដែល​ថា នឹង​ផ្តល់​អាជ្ញាបណ្ណ​សម្រាប់​ការរុករក​ប្រេង នៅក្នុងតំបន់​ថ្មី នៅ​ក្នុង​ដែនសមុទ្រ​ជាប់ជម្លោះ ជាមួយក្រិក និងស្ហ៊ីប បានធ្វើ​ឲ្យ​រដ្ឋាភិបាលក្រិក​ កោះប្រជុំបន្ទាន់ ក្រុមប្រឹក្សា​យោធា កាលពី​ថ្ងៃ​អង្គារ។ ប្រមុខរដ្ឋាភិបាល​ក្រិក​បាន​សិក្សា​ស្វែងរក​ចំណាត់ការ​ឆ្លើយតប​នឹង​សកម្មភាព បែបញុះញង់​របស់​​តួកគី។ នៅថ្ងៃ​ចន្ទ ទីក្រុង​អាថែន​បានចោទប្រកាន់​អង់ការ៉ា​ថា កំពុង​គំរាមកំហែង​សន្តិភាព នៅ​សមុទ្រ​មេឌីទែរ៉ាណេខាងកើត។

ការិយាល័យ​នាយករដ្ឋមន្រ្តី​ក្រិក​បាន​អះអាងថា ក្រសួង​ការបរទេស​ក្រិក​បានដាក់​ពាក្យស្នើ រួចហើយ ឲ្យ​សហភាពអឺរ៉ុប កោះប្រជុំបន្ទាន់ ដើម្បី​និយាយ​ពី​តួកគី។ តាមអ្នកនាំពាក្យ​របស់​ប្រមុខការបរទេស​អឺរ៉ុប សហភាពអឺរ៉ុប​ដែល​ឈរ​នៅខាងភាគី​ក្រិក និង​ស្ហ៊ីប នឹង​ព្យាយាម​ជំរុញ​ឲ្យភាគី​ជម្លោះ ជួបចរចា​គ្នា ដើម្បី​បន្ធូរបន្ថយភាពតានតឹង។

នៅ​ថ្ងៃ​ចន្ទ នាយក​រដ្ឋមន្រ្តី​ក្រិក​បានលើក​យក​បញ្ហា​របស់​តួកគី ទៅ​និយាយ​ជាមួយ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​អគ្គលេខាធិការ​របស់​អង្គការ​អូតង់ ដែល​ទាំង​ក្រិក និង​តួកគី សុទ្ធតែ​សមាជិក​ដូចគ្នា។

នៅតួកគី បន្ទាប់​ពី​ប្រកាស​ផ្អាក​អស់ប៉ុន្មាន​ថ្ងៃ លោកប្រធានាធិបតី​រេស៊ីប អ៊ែរដូហ្កាន បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ឲ្យ​គេ​ចាប់ដំណើរការ​ឡើងវិញ ការរុករក ប្រេង នៅ​សមុទ្រមេឌីទែរ៉ាណេ​ខាងកើត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្រិក ដែល​បាន​ចុះ​ហត្ថលេខា​ដែនសមុទ្រ​ជាមួយ​ប្រទេស​អេហ្ស៊ីប។

ការរកឃើញ ជង្រុក​អណ្តូងប្រេង នៅក្រោម​បាតសមុទ្រ មេឌីទែរ៉ាណេ​ខាងកើត បានបង្ក​ឲ្យ​ប្រទេស​ជុំវិញ ស្រក់​ទឹកមាត់ និង​ចាប់ផ្តើម​ដំឡើង​សំឡេង ដាក់គ្នា។ អេហ្ស៊ីប ក្រិក ស្ហ៊ីប តួកគី និង​អ៊ីស្រាអែល បាន​ទាមទារ​គ្រប់គ្រង​តំបន់​ទឹក​ដែល​មាន​ជង្រុកប្រេង​ក្រោមសមុទ្រ រៀងៗខ្លួន។

នៅឆ្នាំមុន ជាថ្នូរនឹង​ជំនួយ​យោធា​សម្រាប់​លីប៊ី រដ្ឋាភិបាល តួកគី​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ក្រុងទ្រីប៉ូលី ភាគខាងកើត​លីប៊ី ដើម្បី​ពង្រីកដែនសមុទ្រ​របស់​តួកគី ឲ្យ​កាន់តែ​ធំជាងមុន នៅ សមុទ្រ​មេឌីទែរ៉ាណេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ