អានតួអត្ថបទ
អឺរ៉ុបខាងកើត- អាមេរិក

លោក ម៉ៃ ប៉ុមប៉េអូ​ ទៅ​អឺរ៉ុប​ខាងកើត ដើម្បី​អូសទាញ​គេ​កុំឱ្យ​​ប្រើ​បច្ចេកវិទ្យា 5G​របស់​​Huawei

លោក Mike Pompeo និងភរិយា ពេលទៅដល់​ទីក្រុងប្រាក ប្រទេសឆេក ថ្ងៃទី១១ សីហា ២០២០
លោក Mike Pompeo និងភរិយា ពេលទៅដល់​ទីក្រុងប្រាក ប្រទេសឆេក ថ្ងៃទី១១ សីហា ២០២០ REUTERS - POOL
ដោយ៖ ម៉ម ពិសី
១៥ នាទី

លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរទៅដល់​ ទីក្រុងប្រាក ប្រទេសឆេក នៅថ្ងៃអង្គារទី​១១សីហានេះ ជាទស្សនកិច្ចរយៈពេល៥ថ្ងៃ​ ដែល​លោកនឹងបន្តដំណើរទៅកាន់ ប្រទេសមួយចំនួន​ក្នុងតំបន់អឺរ៉ុបខាងកើត មានដូចជាឆេក ស្លូវ៉េនី អូទ្រីស និងប៉ូឡូញ។ កម្មវត្ថុសំខាន់ នៃទស្សនកិច្ចនេះ គឺដើម្បីពន្យល់ប្រាប់ប្រទេសនៅតំបន់នេះ អំពីគ្រោះថ្នាក់ នៃបច្ចេកវិទ្យា 5Gរបស់​ក្រុមហ៊ុន Huawei

ផ្សាយពាណិជ្ជកម្ម

លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចក្នុងប្រទេសឆេក រយៈពេល​២ថ្ងៃ មុននឹងបន្តដំណើរ ទៅកាន់ប្រទេសស្លូវេនី អូទ្រីស និងប៉ូឡូញ។ បញ្ហាប្រព័ន្ធបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei គឺជាសំណុំរឿងសំខាន់ ដែលរដ្ឋមន្ត្រីអាមេរិកស្អប់ចិនរូបនេះ សង្ឃឹមថានឹងអាចបញ្ចុះបញ្ជូល​ប្រទេសទាំងនេះបាន។

នៅឆេក​ លោក ម៉ៃ ប៉ុមប៉េអូ នឹងជួបជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យារបស់ឆេក ដើម្បីនិយាយអំពី​ប្រព័ន្ធ​បច្ចេកវិទ្យា 5G មុននឹងជួបជាមួយ​លោកនាយករដ្ឋមន្ត្រីឆេក​ Andrej Babis។ តាមការគ្រោងទុក លោកប៉ុមប៉េអូ នឹងចូលទៅ​ថ្លែសន្ទរកថា នៅព្រឹទ្ធសភាឆេក ហើយ​នឹងជួបលោកប្រធានាធិបតីឆេក Milos Zeman ដែលមានទំនោរគាំទ្រចិន និងរុស្ស៊ី។

ថ្ងៃព្រហស្បតិ៍ នៅស្លូវ៉េនី លោក ប៉ុមប៉េអូ នឹង​ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេរភាគីមួយ ទាក់ទិន​ទៅនឹង​ការការពារសន្តិសុខ ពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យា 5G។ គេមិនដឹងថា កិច្ចព្រមព្រៀង​នេះ មានខ្លឹមសារយ៉ាងណាទេ តែបើតាមការវិភាគ វាអាចជាកិច្ចព្រមព្រៀង ដែលស្លូវ៉េនី សុខចិត្ត​បោះបង់ចោល​ ប្រព័ន្ធបច្ចេក5Gរបស់​ក្រុមហ៊ុន Huawei ជាថ្នូរនឹង​សម្បទានរបស់អាមេរិក។

ចំណែកនៅអូទ្រីស លោក ប៉ុមប៉េអូ នឹងជួបជាម​ួយ​លោក សេបាស្ទៀន ឃួរស៍ ប្រមុខរដ្ឋាភិបាលអូទ្រីស ដើម្បី​និយាយអំពី​ ចំណងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ព្រមទាំងការចូលរួមរបស់អូទ្រីស នៅក្នុងប្រតិបត្តិការ​រក្សាសន្តិ សុខ សន្តិភាព នៅទូទាំងពិភពលោក។

ចុងក្រោយបង្អស់ នៅថ្ងៃសៅរ៍ លោក ប៉ុមប៉េអូ នឹងធ្វើដំណើរទៅ​ប៉ូឡូញ​ ដើម្បីជួបនិយាយគ្នា ជាមួយ​លោក Andrzej Duda ប្រធានធិបតីប៉ូឡូញ​ ដែលទើបតែជាប់ឆ្នោតអាណត្តិទី២។ ប្រធានាធិបតីប៉ូឡូញរូបនេះ មានទំនោរពេញចិត្តលោកដូណាល់ ត្រាំ ណាស់។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក នឹងនិយាយជាមួយប៉ូឡូញស្តីអំពី​ ការ​ចល័តទាហានអាមេរិកនៅប៉ូឡូញ ដើម្បីទប់ទល់ជាមួយនឹងការគំរាម​របស់រុស្ស៊ី។

យោងតាម​មន្ទីរប៉ង់តាហ្គោន អាមេរិក និងបញ្ជូនទាហានចេញ​ពីអាល្លឺម៉ង់ ឲ្យត្រលប់ទៅផ្ទះវិញ  ប្រមាណជា​៦៤០០នាក់។ ក្រៅពីនេះ ក្រសួងការពារជាតិអាមេរិក នឹងបញ្ជូនទាហាន ចេញពីអាល្លឺម៉ង់ បន្ថែមប្រមាណ៥៦០០នាក់ទៀត ឲ្យទៅឈរជើង នៅតាមប្រទេសសម្ព័ន្ធមិត្តរបស់អូតង់ ផ្សេងទៀត។ ថ្មីៗនេះ លោករដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ធ្លាប់បាន​អះអាងថា អាមេរិកនឹងបញ្ជូនទាហានបន្ថែមកប៉ូឡូញ ប្រមាណ​១០០០នាក់ ឲ្យ​ឈរជើង ក្នុងប្រតិបត្តិការ​អូតង់ នៅតាម​ព្រំដែនខាងកើត ជាប់រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ