អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ អ្នក​ជំនាញ​​មិនទុកចិត្ត និង​អំពាវនាវ​ឲ្យ​​ប្រយ័ត្ន ក្រោយ​រុស្ស៊ី​ប្រកាស​ថាមាន​វ៉ាក់សាំង

សំឡេង ០៨:១៨
រូបភាពផ្តល់ឲ្យ​ដោយ​ Russian Direct Investment Fund (RDIF) ​បង្ហាញ​​ពី​គម្រូ ថ្នាំ​វ៉ាក់សាំង "Spoutnik V" ស្រាវជ្រាវដោយ Gamaleya Research Institute of Epidemiology and Microbiology។ ក្រុងមូស្គូ ថ្ងៃទី​៦ សីហា ២០២០
រូបភាពផ្តល់ឲ្យ​ដោយ​ Russian Direct Investment Fund (RDIF) ​បង្ហាញ​​ពី​គម្រូ ថ្នាំ​វ៉ាក់សាំង "Spoutnik V" ស្រាវជ្រាវដោយ Gamaleya Research Institute of Epidemiology and Microbiology។ ក្រុងមូស្គូ ថ្ងៃទី​៦ សីហា ២០២០ via REUTERS - THE RUSSIAN DIRECT INVESTMENT FU
ដោយ៖ ម៉ម ពិសី
៣៨ នាទី

កាលពីថ្ងៃអង្គារទី​១១សីហា លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសថា អ្នកជំនាញរុស្ស៊ីបានរកឃើញថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ បានសម្រេចហើយ។ វាគឺជាថ្នាំវ៉ាក់សាំង ដំបូងគេបង្អស់លើពិភពលោក ហើយ​ដែលលោកពូទីន បានអះអាងថា វាមានប្រសិទ្ធិភាពល្អ អាចការពារមិនឲ្យ​ឆ្លងជម្ងឺកូវីដ១៩ ក្នុងរយៈពេលវែង។ ទន្ទឹមនឹងមានមតិ​ត្រេកអរ ចំពោះការរកឃើញថ្នាំវ៉ាក់សាំងនេះ ផ្ទុយទៅវិញ​ អ្នកជំនាញមួយចំនួន​ធំ​ ជាពិសេសនៅផ្នែកអឺរ៉ុបខាងលិច ព្រមទាំងអង្គការសុខភាព​ពិភពលោក​ផង បាន​សម្តែងការមិនទុកចិត្ត និង​អំពាវនាវឲ្យ​មានការប្រុងប្រយ័ត្ន ថាមិនត្រូវលេងសើច ជាមួយថ្នាំវ៉ាក់សាំង ដែលស្រាវជ្រាវបាន​​ដោយតក់ក្រហល់ បែប​នោះទេ។

ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំងការពារកូវីដ១៩ ដំបូងគេបង្អស់

តើប្រជាជនសាមញ្ញណាម្នាក់​​ ដែលមិនត្រេកអរ នៅពេលដែលឮថា ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ត្រូវបានគេរកឃើញហើយនោះ។ លោកប្រធានាធិបតីពូទីន បាន​ប្រកាសជាឱឡាឬកតែម្តង កាលពី​ថ្ងៃអង្គារទី​១១សីហា ថាថ្នាំវ៉ាក់សាំងការពារកូវីដ១៩ ត្រូវបានអ្នកជំនាញ​រុស្ស៊ីសន្មត់ថារកបាន​សម្រេចហើយ ដោយដាក់ឈ្មោះថា « Spoutnik V »។ លោកពូទីនប្រកាសទៀតថា លោកដឹងច្បាស់ថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាពល្អ ហើយ​វាអាចការពារ​ទប់ទល់ជាមួយជម្ងឺ​កូវីដ​​​១៩ ក្នុងរយៈពេលវែង។ លោក​បានទាំងអះអាងទៀតផង ថាកូនស្រីលោកម្នាក់ ក៏បាន​សាក​ទទួលថ្នាំវ៉ាក់​សាំងនេះរួចហើយ ដោយគ្រាន់តែក្តៅខ្លួន​១ថ្ងៃ២ថ្ងៃ អ្វីៗក៍បាន​ប្រសើរឡើងធម្មតា។

លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគលើថ្នាំវ៉ាក់សាំងរុស្ស៊ីនេះ បានអះអាងថា ការផលិតទ្រង់ទ្រាយធំ ជាលក្ខណៈឧស្សាហកម្ម នៃថ្នាំវ៉ាក់សាំងនេះ នឹងត្រូវចាប់ផ្តើម នៅខែ​កញ្ញាខាងមុខ។ គិតមកត្រឹមពេល​នេះ មានប្រទេសប្រមាណ​ជា​២០ប្រទេសហើយ ដែល​បាន​បញ្ជាទិញវ៉ាក់សាំងរបស់រុស្ស៊ីនេះ ​ចំនួន១ពាន់លានដូស ហើយដែលរុស្ស៊ី នឹងផលិតឲ្យ​បានបញ្ជូនទៅឲ្យ ​នៅរវាងខែមករាឆ្នាំ២០២១។ មន្ទីរពិសោធន៍រុស្ស៊ី ដែលបានស្រាវជ្រាវរកឃើញថ្នាំវ៉ាក់សាំងនេះ គឺវិទ្យាស្ថាន Nikolaï Gamaleïa ហើយការផលិត​នឹងប្រគល់ទៅឲ្យ ​សហគ្រាសផលិតឱសថរុស្ស៊ីចំនួន​៣។

អ្នកជំនាញ​ផ្សេងទៀត មិនទុកចិត្ត

មានចំណុចមិនក្រក្រតីច្រើនណាស់ ដែល​ធ្វើឲ្យ​អ្នកជំនាញ​សុខាភិបាល និងជំនាញស្រាវជ្រាវឱសថ ផ្សេងទៀត មានការមិនទុកចិត្ត។ ជាបឋម គឺវាទាក់ទិនទៅនឹងភាព​លឿនរហ័សជ្រុលពេក ក្នុងការស្រាវជ្រាវ តាមដានអំពីប្រសិទ្ធិភាព​នៃវ៉ាក់សាំងនេះ។ ហើយមួយទៀត គឺខាងភាគីរុស្ស៊ី មិនបានបោះផ្សាយ​ទិន្នន័យនៃការស្រាវជ្រាវ ក៏ដូចជាលទ្ធផលសន្និដ្ឋានរបស់ខ្លួនទេ។ ដែលតាមធម្មតា ក្នុងវិស័យស្រាវជ្រាវវិជ្ជសាស្ត្រ គឺគេត្រូវតែបោះផ្សាយ​ទិន្នន័យស្រាវ​ជ្រាវ ដើម្បី​ឲ្យ​មាន​ការ​ស្វែងយល់ ជជែក វិភាគ​ ពី​សំណាក់អ្នកជំនាញ​ផ្សេងៗទៀត។

លោក Tarik Jasarevic អ្នកនាំពាក្យអង្គការសុខភាព​ពិភពលោក ​បាន​លើកឡើងថា មុននឹងអាចសន្មត់ថាថ្នាំវ៉ាក់សាំងមួយ មានប្រសិទ្ធិភាព មិន​បង្កជាផលវិបាកធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស គឺមិនមែនចេះតែធ្វើឲ្យ​តែ​រួចពីដៃបានទេ គឺគេត្រូវការ​ឆ្លងកាត់ នីតិវិធីពីមួយលំដាប់ ទៅមួយលំដាប់ ប្រកបដោយការផ្ទៀងផ្ទាត់ យ៉ាងម៉ដ្ឋចត់បំផុត។

លោកស្រី Marie Paule Kieny អតីតអគ្គលេខាធិការរង​អង្គការសុខភាព​ពិភពលោក ហើយបច្ចុប្បន្នជានាយកផ្នែកស្រាវជ្រាវ​ នៅ​វិទ្យាស្ថានស្រាវជ្រាវវិជ្ជសាស្ត្របារាំង Inserm បានលើកឡើងថា តាមធម្មតា វ៉ាក់​សាំងនីមួយៗ ត្រូវការពេល​វេលាប្រមាណ​១០ឆ្នាំឯណោះ ទើបអាចផលិតចេញមកបាន។ ប៉ុន្តែដោយភាពបន្ទាន់ បង្កឡើងដោយជំងឺកូវីដ១៩នេះ អ្នកជំនាញអាចបំព្រួញ​ពេលវេលា ហើយអាចផលិតបាន​យ៉ាងឆាប់បំផុត ក៏មួយឆ្នាំកន្លះទៅ​ ២ឆ្នាំដែរ។ ដំណាក់កាលបឋម គឺការសាកល្បងទៅលើសត្វ។ បន្ទាប់មកទៀតគឺដំណាក់កាល Essais cliniques ដែលគេសាកល្បងទៅលើមនុស្ស ដែលចែកជា៤ដំនាក់កាលទៀត។

ដោយឡែក បើតាមការប្រកាសរបស់​រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី ទាក់ទិននឹងការសាកល្បងនេះ គឺវាហាក់ដូចជាធ្វើឲ្យ​គេ​មិនទុកចិត្តទេ ព្រោះវាបានប្រព្រឹតិ្តទៅ មិនតាមបទវិធាន​ Protocoles វិជ្ជសាស្ត្រ ដែលមន្ទីរពិសោធន៍ធំៗ តែងតែអនុវត្ត។ យោងតាមប្រភពរបស់អង្គការសុខភាពពិភពលោក វ៉ាក់សាំងរុស្ស៊ី របស់វិទ្យាស្ថាន Gamaleïa នេះ គឺទើបតែស្ថិតនៅដំណាក់កាលទី១ នៃការសាកល្បង Essais Cliniques ប៉ុណ្ណោះ ពោលគឺនៅ​៣ដំណាក់កាលទៀតឯណោះ ដែលត្រូវឆ្លងកាត់ មុននឹងអាចសន្មត់ផ្លូវការបាន។

“ផលិតថ្នាំវ៉ាក់សាំងដោយតក់ក្រហល់ គឺជាទង្វើគ្មានមនសិកា និងគ្មាន​ការទទួលខុសត្រូវ”

លោក រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លើកឡើងថា អាល្លឺម៉ង់ក៏ដូចជាសហភាពអឺរ៉ុបទាំងមូល មិនអាចយក​​សុខភាព​ប្រជាជនគេ ទៅលេងសើចជាមួយថ្នាំវ៉ាក់សាំងរុស្ស៊ីនេះបានទេ ព្រោះគេ​មិនដឹងថា ​វ៉ាក់សាំងនេះ​ ត្រូវបាន​ស្រាវជ្រាវដោយរបៀបណា សាកល្បងលើមនុស្សប៉ុន្មាននាក់ ហើយ​អាចប៉ះពាល់អ្វីខ្លះដល់ខុសភាពមនុស្ស ។ល។

ចំណែក​លោក François Balloux អ្នកស្រាវជ្រាវនៅ University College of London បាននិយាយដោយត្រង់ៗតែម្តង​ ថាការប្រកាសរបស់រុស្ស៊ីនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវ គ្មានមនសិកាក្នុងខ្លួនទេ។ ផលិតថ្នាំវ៉ាក់សាំង បែបលេងលេង គឺដូចជា​យកជីវិតមនុស្ស​រាប់លាននាក់ទូទាំងពិភពលោក ទៅលេងសើច ហើយ​បើមានបញ្ហាទៅ គឺមនុស្សនឹងលែងទុកចិត្ត ថ្នាំវ៉ាក់សាំងគ្រប់មុខឯទៀតតែម្តង។

មានគម្រោង​វ៉ាក់សាំង៥ ដែលស្ថិតក្នុងតំណាក់កាលសាកល្បងទី៣

គិតមកត្រឹមពេលនេះ គឺមាន បេក្ខភាពថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ ចំនួន​ប្រមាណ​ជា២០០ឯណោះ ដែលស្ថិតនៅក្នុងតំណាក់កាលស្រាវជ្រាវខុសៗគ្នា។ ផ្អែកតាមប្រភពរបស់អង្គការសុខភាពពិភពលោក គឺមាន​បេក្ខភាពចំនួន​២៦ ដែលកំពុងស្ថិតនៅក្នុង​ ដំណាក់កាល​ Essais cliniques ពោលគឺការសាកល្បងទៅលើមនុស្ស។

ក្នុងចំណោម ២៦វ៉ាក់សាំងនេះ គឺមានតែ​៥ទេ ដែលកំពុងស្ថិតក្នុងដំណាក់កាលទី៣ នៃការសាកល្បង។ ក្នុងនោះមានជាអាទិ គឺវ៉ាក់សាំងដែលស្រាវជ្រាវដោយ មន្ទីរពិសោធន៍BioNTech របស់អាល្លឺម៉ង់ សហការ​ជាមួយមន្ទីរពិសោធន៍ Pfizer របស់អាមេរិក វ៉ាក់សាំងស្រាវជ្រាវដោយមន្ទីរពិសោធ៍ Moderna របស់អាមេរិក វ៉ាក់សាំង​២ស្រាវជ្រាវដោយមន្ទីរពិសោធន៍ចិន ២ផ្សេងគ្នា គឺ Sinopharm និង Sinovac ហើយចុងក្រោយ គឺវ៉ាក់សាំង ដែលកំពុងតែស្រាវជ្រាវដោយ សកលវិទ្យាល័យ Oxford សហការជាមួយ​មន្ទីរពិសោធន៍ AstraZenaca របស់អង់គ្លេស។

ក្នុងចំណោមវ៉ាក់សាំង ដែលស្ថិតក្នុងដំណាក់កាលទី​៣នេះ គឺ វ៉ាក់សាំងចិន ឈ្មោះ Coronavac ស្រាវជ្រាវដោយមន្ទីរពិសោធន៍ចិន Sinovac Biotech គឺកំពុងតែទៅមុខ លឿនជាងគេ។ បច្ចុប្បន្នវ៉ាក់សាំងនេះ កំពុងតែសាកល្បង ទៅលើមនុស្ស​៩០០០នាក់ នៅប្រទេសប្រេស៊ីល។ ហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសថា គេបានចាប់ផ្តើមសាកល្បងចាក់វ៉ាក់សាំង របស់មន្ទីរពិសោធន៍ Sinovac ទៅលើមនុស្ស​ប្រមាណ​១៦០០នាក់។

ជាសរុបមកវិញ មានថ្នាំវ៉ាក់សាំងការពារកូវីដ១៩ ចំនួន​៥ ដែលស្ថិតក្នុងដំណាក់កាលសាកល្បងទី៣ តែគេមិនទាន់ហ៊ានប្រកាសសន្មត់ថាល្អ ឬមិនល្អទេ។ ផ្ទុយទៅវិញ ថ្នាំវ៉ាក់សាំងរបស់រុស្ស៊ី ទើបតែស្ថិតក្នុងតំណាក់កាលទី​១នៃការសាកល្បង ត្រូវបានប្រធានាធិបតី​ពូទីន ប្រកាសលទ្ធផលថាល្អទៅហើយ។ ត្រង់នេះយើងគួរយកមិកពិចារណាដែរ ព្រោះថា បច្ចុប្បន្ននេះ ការស្រាវជ្រាវរកថ្នាំវ៉ាក់សាំង ប្រឆាំងកូវីដ១៩ គឺវាបានក្លាយ​ជាកម្មវត្ថុនយោបាយ ដើម្បីឃោសនាអួតបង្ហាញភាពអស្ចារ្យ របស់ប្រទេសមហាអំណាចខ្លះ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ