អានតួអត្ថបទ
បារាំង-កូវីដ១៩

ក្រុង​ប៉ារីស​ តម្រូវ​ឲ្យ​ពាក់​ម៉ាស់​នៅ​ទី​តាំង​កាន់​តែ​ច្រើន​ជាង​មុន​ខណៈ​អត្រា​ឆ្លង​កូវីដ​កើន​ឡើង​ខ្លាំង

មនុស្សម្នាពាក់ម៉ាស់ដើរនៅទីលាន Trocadero ជិតអាគារ Eiffel Tower នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ៩ សីហាឆ្នាំ ២០២០។
មនុស្សម្នាពាក់ម៉ាស់ដើរនៅទីលាន Trocadero ជិតអាគារ Eiffel Tower នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ៩ សីហាឆ្នាំ ២០២០។ REUTERS - Benoit Tessier
ដោយ៖ អ៊ុង គឹមអ៊ាន់
១៣ នាទី

អាជ្ញាធរ​ក្រុង​ប៉ារីស​ បាន​សម្រេច​ដាក់​បន្ថែម​តំបន់​ដែល​តម្រូវឲ្យ​ពាក់ម៉ាស់​ ខណៈ​ដែល​ការ​ឆ្លង​រាលត្បាត​ជំងឺ​កូវីដ​នៅ​ទូទាំង​ប្រទេស​បារាំង​បាន​កើន​ដល់​ប្រមាណ​ ២ ៨០០ នាក់​ក្នុង​រយៈពេល​ ២៤ចុងក្រោយ​។ អត្រានេះ​ មាន​កម្រិត​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​នោះទេ​ ចាប់តាំង​ពី​បារាំង​បាន​ដកចេញ​វិញ​នូវ​វិធានការ​បិទខ្ទប់​ប្រទេស​មក​។

ផ្សាយពាណិជ្ជកម្ម

ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ មាន​សភាព​កាន់តែ​គួរឲ្យ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​បារាំង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ​។ ចំនួន​អ្នកឆ្លង​កូវីដថ្មី​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​កើន​រហូត​ដល់​ចំនួន​ ២ ៨៤៦ នាក់ កាលពី​ថ្ងៃសុក្រ​ ទី១៤​ សីហា​។

“សូចនាករ​នេះ​មិនល្អ​នោះទេ​។ តួលេខនេះ​ ទាញ​សញ្ញាគួរ​ឲ្យព្រួយបារម្ភ​ ហើយ​ស្ថានភាព​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរទៅៗ​”។ នេះ​ គឺជា​ប្រសាសន៍​របស់​ប្រធាន​ផ្នែក​សុខាភិបាល​បារាំង​លោក ​ហ្សេរ៉ូម​ សាឡូម៉ុង (Jerome Salomon)។

ដោយសារតែ​កម្រិតនៃការ​ឆ្លង​កូវីដ​កើនឡើងខ្លាំង​បែបនេះហើយ​ ទើប​ទីក្រុង​ប៉ារីស​ ដែល​ជា​រដ្ឋធានី​ធំ​ជាងគេ​របស់​បារាំង​ រួមជាមួយ​ទីក្រុងធំ​ទី២​ គឺ​ក្រុង​ម៉ាកសី​ (Marseille) ត្រូវ​បាន​ប្រកាស​ដាក់​ជា​តំបន់​ក្រហម​ ឬ​តំបន់​មាន​ការឆ្លងកូវីដ​សកម្មខ្លាំង​វិញ​កាលពី​ថ្ងៃសុក្រ​ ដោយ​មាន​អ្នក​ឆ្លង​កើនឡើង​ដល់​ ៥០នាក់​ក្នុង​ចំណោម​មនុស្ស​ ១​សែន​នាក់​។

នៅថ្ងៃ​សៅរ៍​ ទី១៥​ ខែសីហា​ ក្រៅពី​តំបន់​មាន​មនុស្ស​កកកុញ​ និង​តំបន់​ទេសចរណ៍​ដ៏ពេញ​និយម​​ដូចជា​វិថី​តាម​ដង​ទន្លេសែន​ និង​តំបន់​ទេសចរណ៍​ Montmartre ជាដើម ​ប៉ូលិស​ក្រុង​ប៉ារីស​ បាន​ប្រកាស​ចាត់​តម្រូវឲ្យ​ពាក់ម៉ាស់​បន្ថែម​លើ​ផ្លូវ​មួយ​ចំនួន​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​មនុស្សដើរ​។ អ្នក​ដែល​ល្មើស​នឹង​បទបញ្ជានេះ​ នឹង​ត្រូវ​រង​ការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១៣៥​អឺរ៉ូ​។

ស្របពេលជាមួយគ្នានេះ​ អាជ្ញាធរ​បារាំង​ក៏បានឲ្យដឹងដែរថា​ ពួកគេ​នឹង​បង្កើន​សកម្មភាព​យាមល្បាត​ និង​ត្រួត​ពិនិត្យ​លើ​អ្នក​ដំណើរ​នៅលើ​រថភ្លើង​ក្រោមដី​ ឡានក្រុង​ និង​រថភ្លើង​ក្នុង​ក្រុង​ (Trams)​។

គួរជ្រាបថា​ ការពាក់ម៉ាស់​ គឺជា​កាតព្វកិច្ច​ចាំបាច់មិន​អាច​ជៀស​បាន​ឡើយ​នៅពេល​ធ្វើ​ដំណើរ​តាម​គ្រប់​មធ្យោយ​ដឹក​ជញ្ជូន​សាធារណៈ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​បារាំង​។ វិធានការ​នេះ​ បាន​ចូល​ជា​​ធរមាន​តាំងពី​ខែ​ឧសភា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​បារាំង​ ចាប់​ផ្តើម​បន្ធូរបន្ថយ​វិធានការ​បិទខ្ទប់​ប្រទេស​ទាំងមូល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ