ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យោធាអ៊ីស្រាអែលធ្វើលំហាត់សឹកនៅអាល្លឺម៉ង់ ដើម្បីរំលឹកប្រវត្តិសាស្ត្រ

សំឡេង ០៤:១២
យន្តហោះ​ចម្បាំង «Eurofighter» របស់​យោធា​អាល្លឺម៉ង់ និង​ យន្តហោះប្រដេញ  F16 របស​អ៊ីស្រាអែល ហោះរួម​គ្នា​នៅ​ថ្ងៃទី ១៨​ សីហា ២០២០
យន្តហោះ​ចម្បាំង «Eurofighter» របស់​យោធា​អាល្លឺម៉ង់ និង​ យន្តហោះប្រដេញ F16 របស​អ៊ីស្រាអែល ហោះរួម​គ្នា​នៅ​ថ្ងៃទី ១៨​ សីហា ២០២០ CHRISTOF STACHE / AFP

តាំង​ពីថ្ងៃ​ចន្ទទី ១៧​សីហា និង​រហូត​ដល់​ថ្ងៃទី ២៨​សីហា យោធា​ជើង​អាកាស​អ៊ីស្រាអែល​​ធ្វើសមយុទ្ធ​រួម​ជាមួយ ​កងទ័ព​អាកាស​អាល្លឺម៉ង់ Luftwaffe។ ជា​ប្រតិបត្តិការ​ហាត់សម ​​ប្រកប​ដោយ​និម្មិត្តរូប សម្រាប់ប្រទេសទាំងពីរ​ ដែល​កាលពី​ ៧៥ឆ្នាំ​មុន ក្នុង​អំឡុង​សង្គ្រាមលោក​ របប​ណាហ្ស៊ី​អាល្លឺម៉ង់បាន​សម្លាប់​រង្គាល ចង់​ផ្តាច់​ពូជជនជាតិជ្វីហ្វ (អ៊ីស្រាអែល​នៅ​អឺរ៉ុប)។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ ដែលយោធា​ជើងអាកាសអ៊ីស្រាអែល មកធ្វើ​លំហាត់​សឹក​រួមជាមួយ​កងទ័ព​អាល្លឺម៉ង់ លើ​ទឹកដី​អាល្លឺម៉ង់។ ជា​លំហាត់​ដែល​រៀប​ចំ​ធ្វើឡើង​ ដើម្បី​រំលឹក​ការ​​ចងចាំនូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ និង​ឧទ្ទិស​ដល់​វិញ្ញណក្ខន្ត​ជនជាតិ​ជ្វីហ្វ (អ៊ីស្រាអែល​) ដែល​ត្រូវ​របបណាហ្ស៊ីអ៊ីត្លែរ​អាល្លឺម៉ង់ សម្លាប់​ជា​ស្វ័យប្រវត្តិ ចង់​ផ្តាច់​ពូជ នៅ​រវាងពី​ឆ្នាំ​១៩៤១-៤៥ផង និង​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​នៃការ​ចាប់​ចំណាប់​ថ្នូរ​កីឡាករ​អូឡាំពិក​អ៊ីស្រាអែល​ នៅក្រុង​ម៉ុយនិក កាលពី​ឆ្នាំ​១៩៧២ផង។

នៅព្រឹក​ថ្ងៃ​អង្គារ​ទី ១៨សីហា យន្តហោះ​ប្រដេញ​រ៉ាហ្វាល់F​១៦ របស់​កងទ័ព​អាកាស​អ៊ីស្រាអែល និង​​យន្តហោះ​ចម្បាំង​ Eurofighter របស់កងទ័ព​អាកាស​អាល្លឺម៉ង់ ផ្គុំ​គ្នា​ជា​កម្លាំង​តែ​ ហោះ​បញ្ចេញ​ជា​ផ្ទាំង​ទស្សនីយភាព ឆ្វែល​ពេញ​​​លើ​មេឃ​​​បង្អួត​បង្ហាញ​ពិភពលោក ​ពី​មូលដ្ឋាន​ទ័ពអាកាស​ Fürstenfeldbruck ក្បែរ​ក្រុង​ម៉ុយនិក ភាគខាង​ត្បូង​ប្រទេសអាល្លឺម៉ង់។ ទីមូលដ្ឋាន​ទ័ព​​ដែល​កាលពី​ឆ្នាំ​១៩៧២ ​ធ្លាប់មាន​ប្រលាក់​ឈាម​អ៊ីស្រាអែលម្តង​ទៀត។ អត្តពលិករអ៊ីស្រាអែល ដែល​មក​ចូលរួម​ប្រកួត​កីឡាអូឡាំពិក​នៅ​អាល្លឺម៉ង់ ត្រូវ​​បាន​ក្រុម​ប៉ាឡេស្ទីន Septembre Noir ​ ចាប់ជា​​ចំណាប់​ថ្នូរ​។ កាលណោះ ក្នុង​ចំណោមកីឡាករ​ជាប់​ថ្នូរ​ទាំង​១១​នាក់ ភាគ​ច្រើនត្រូវ​បាន​ភេរវជន​សម្លាប់​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាល្លឺម៉ង់នេះ។

កម្មវិធី​បន្ទាប់​នឹង​ប្រព្រឹត្ត​ទៅ​នៅមជ្ឈមណ្ឌល​ឃុំឃាំងនិង​សម្លាប់​ជនជាតិ​ជ្វីហ្វ Dachau ដែល​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩៣៣ និង​ដែល​ក្លាយ​ជាគំរូរបស់​​ជំរំឃុំឃាំង​ផ្សេង​ទៀត​​នៅ​ទូទាំង​អឺរ៉ុប​។ ក្នុង​ចំណោម​ពីឡុតយោធា​ជាង​២០០​នាក់​នៃកង​ទ័ព​អាកាស​អ៊ីស្រាអែល ដែលកំពុង​បង្ហាញ​វត្តមាន​នៅ​អាល្លឺម៉ង់​នាពេលនេះ ខ្លះ​មានដូនតាផ្ទាល់​ជា​អតីត​អ្នកទោស​នៃ​​របបណាហ្ស៊ីផង។ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាល្លឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer ​ និង​ឯកអគ្គរដ្ឋ​ទូត​អ៊ីស្រាអែល​ប្រចាំ​អាល្លឺម៉ង់​ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ឧទ្ទិសវិញ្ញណាក្ខន្ត​ជនរងគ្រោះ​ជ្វីហ្វ ដែលចៅ​ប្រុស​របស់​អ្នក​ទោស​ណាហ្ស៊ី​បានរួច​ជីវិត​ម្នាក់​ ឡើង​ថ្លែង​សុន្ទរកថា​ផង។

ប្រសិទ្ធនាម​ថា​ « Bluewings 2020 »  លំហាត់​សឹក​អាកាសអ៊ីស្រាអែល អាល្លឺម៉ង់ ជា​សមយុទ្ធ​រួម​ដំបូង​គេបង្អស់​ដែល រៀប​ចំ​​ធ្វើ​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់​។ ទឹកដី​ដែល​ធ្លាប់​ធ្វើ​បាប​សម្លាប់​រង្គាល​ជនជាតិ​អ៊ីស្រាអែលអស់​ជា​ច្រើន​លាន​នាក់​។ ​៧៥​ឆ្នាំ ​ក្រោយ​បញ្ចប់​សង្គ្រាម​លោក​លើកទីពីរ យោធាអ៊ីស្រាអែលជា​ច្រើនរង់ចាំ​ ពេល​វេលា​ជា​និម្មិត្តរូប​នេះ​ខ្លាំង។ យោធា​អ៊ីស្រាអែល​រំជួល​ចិត្ត​នឹង​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​អាល្លឺម៉ង់​លើ​ទឹក​ដី​អាល្លឺម៉ង់។ លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ​យោធា​​អ៊ីស្រាអែល-អាល្លឺម៉ង់​​បាន​ហោះហើរ​រួម​គ្នា ដើម្បី​សម្តែង​មិត្តភាព​។ នេះ​បើតាម​ប្រសាសន៍​របស់​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​អាល្លឺម៉ង់។

តាម​ការ​ពិត យោធា​​​​អ៊ីស្រាអែល-អាល្លឺម៉ង់​ធ្លាប់ធ្វើ​លំហាត់​រួម​គ្នាបែប​នេះខ្លះមក​ហើយ។ កាលពី​ឆ្នាំ​២០១៩​ យោធា​ជើង​អាកាសទាំងពីរ​បាន​ធ្វើ​សមយុទ្ធ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល ក្នុង​តំបន់​វាលខ្យាច់​Neguev។ យោធា​ទាំងពីរ​ប្រទេស​ ចាប់​ផ្តើម​​សហការ​គ្នា​កាន់​ស្អិត​ល្មួត​ឡើងៗ និង​មាន​ការ​ផ្តោះប្តូរ​ចារកិច្ច​គ្នា​កាន់​តែ​ញយ នារយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោ​យ​នេះ។ អាកាសចរណ៍​យោធា​អាល្លឺម៉ង់​បានប្រើ​ដ្រូន​អ៊ីស្រាអែល​តាំង​ពី ១០​ឆ្នាំ​មកហើយ ហើយ​អ្នក​បើក​បញ្ជា​ដ្រូន​ក៏​បាន​ទទួល​ការ​​បំពាក់បំប៉ន​ពី អ៊ីស្រាអែល​ទៀត។

យោធា​អ៊ីស្រាអែល​និង​អាល្លឺម៉ង់ កាន់​តែ​ខិត​ជិត​គ្នា និង​តាំង​ចិត្ត​ប្រយុទ្ធប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ ប៉ុន្តែ​ព្រឹត្តិការណ៍​រឹត​ចំណងមិត្តភាព កើត​ឡើង​ទន្ទឹម​នឹង​ពេលដែល​​​ចរន្ត​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ ​បានលេច​ឡើង​វិញកាន់​ខ្លាំង នា​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ។ ​ហើយ​គឺ​កងកម្លាំង​យោធា​អាល្លឺម៉ង់​ខ្លួន​ឯង​ផ្ទាល់ ជា​ពិសេសកងកម្លាំងទាហាន​ជើង​ឆើត​តែម្តង ​ ដែលត្រូវ​បាន​គេចង្អុលមុខ​ថាមាននិន្នាការ​ស្និទ្ធនឹង​ចលនា​ណាហ្ស៊ី​បែបថ្មី។ ហេតុដូច្នេះ​ហើយ​បាន​ជា​កាលពី​ចុង​ខែមិថុនា ២០២០ បន្ទាប់​ពីមាន​​ធ្លាយ​រឿង​អាស្រូវ​ជា​ច្រើន​ស្តី​អំពី​ទំនាក់ទំនង​ជិត​ដិតខ្លាំងរវាង​កងកម្លាំងពិសេស​នេះ​ជាមួយ​ក្រុម​ស្តាំជាតិនិយមជ្រុល យោធា​អាល្លឺម៉ង់​បាន​ប្រកាស​រំលាយ​ចោល​កងកម្លាំងជើង​ឆើត អស់​​មួយភាគ​។

​សមយុទ្ធ​ទ្វេភាគី​ អ៊ីស្រាអែល-អាល្លឺម៉ង់ ប្រព្រឹត្ត​ទៅ​រយៈ​ពេលពីរ​សប្តាហ៍។ នៅ​សប្តាហ៍​ក្រោយ យោធាជើង​អាកាស​ទាំង​ពីរប្រទេស​​នឹង​ធ្វើ​សមយុទ្ធ​ជាមួ​យកងកម្លាំង​អូតង់ក្នុង​ក្របខ័ណ្ឌ​សមយុទ្ធអន្តរជាតិ « Mag Day » ដែល​រៀប​ចំធ្វើ​បួន​ដងក្នុង​មួយ​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI