ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង-អាល្លឺម៉ង់៖សំណុំរឿងអឺរ៉ុប និងអន្តរជាតិជាប្រធានបទនៃជំនួបរវាងលោកម៉ាក្រុង និងលោកស្រីមែរកិល

សំឡេង ០៦:៥៣
ប្រធានាធីបតី​បារាំង​លោក​ម៉ាក្រុង​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​នៅ​ fort de Brégançon ស្ថិត​ប៉ែក​អាគ្នេយ៍​ប្រទេស​បារាំង ថ្ងៃទី២០ សីហា ២០២០
ប្រធានាធីបតី​បារាំង​លោក​ម៉ាក្រុង​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​នៅ​ fort de Brégançon ស្ថិត​ប៉ែក​អាគ្នេយ៍​ប្រទេស​បារាំង ថ្ងៃទី២០ សីហា ២០២០ John Thys/Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ សីហា ប្រធានាធីបតី​បារាំង​លោក​ម៉ាក្រុង​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​នៅ​ស្រុក​ហ្វរ ដឺ ប៊្រេហ្កង់សុង (fort de Brégançon) ស្ថិត​ប៉ែក​អាគ្នេយ៍​ប្រទេស​បារាំង។ កម្មវត្ថុ​នៃ​ជំនួប គឺ​ដើម្បី​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​គូស្រករ​បារាំង អាល្លឺម៉ង់​ដែល​ជា​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប​ដូច​គ្នា។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ជំនួប​បារាំង អាល្លឺម៉ង់​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​អាល្លឺម៉ង់​កំពុង​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សា​អឺរ៉ុប និង​ក្នុង​ពេល​ដែល​មាន​ប្រធានរឿង​អន្តរជាតិ​ក្តៅៗ​មួយ​ចំនួន​កំពុង​កើត​ឡើង ដូច​ជា​វិបត្តិ​នៅ​ក្នុង​ប្រទេស​ម៉ាលី បេឡារុស លីបង់ ឬ​មួយ​ក៏​ស្ថានការណ៍​តានតឹង​នៅ​តំបន់​មេឌីរ៉ាណេ​ខាងកើត​រវាង​ប្រទេស​តួកគី និង​ក្រិច​ជា​ដើម។ បន្ទាប់​មក វិបត្តិ​នៃ​ការ​ឆ្លង​ជំងឺ​កូវដី-១៩ ដែល​កំពុង​បន្ត​មាន​គួរ​ឲ្យ​ព្រួយបារម្ភ។

ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ជ្រើស​យក​ស្រុក ហ្វរ ដឺ ប៊្រេហ្កង់សុង (fort de Brégançon) ជា​ទីកន្លែង​ដើម្បី​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ ព្រោះ​ម្យ៉ាង ស្រុក ហ្វរ ដឺ ប៊្រេហ្កង់សុង (fort de Brégançon) ជាប់​មាត់សមុទ្រ​ដែល​ស្ថិត​ប៉ែក​អាគ្នេយ៍ ប្រទេស​បារាំង​ជា​ទីកន្លែង​វិស្សមកាល​របស់​ប្រធានាធិបតី​បារាំង និង​គ្រួសារ និង​ម្យ៉ាង​ទៀត វា​ជា​ទីកន្លែង​មួយ​ដែល​បង្កប់​ដោយ​និមិត្តរូប​ខ្ពស់​នៃ​ទំនាក់ទំនង​បារាំង អាល្លឺម៉ង់​ដែល​គេ​តែង​និយាយ​ជា​គូស្រករ​គ្រឹះ និង​ជា​ក្បាលម៉ាស៊ីន​របស់​សហភាពអឺរ៉ុប។ បារាំង និង​អាល្លឺម៉ង់​ជា​ប្រទេស​ស្ថានិក​សហភាព​អឺរ៉ុប ហើយ​ក៏​ជា​គូស្រករ​ដែល​មាន​ទឹកមាត់ប្រៃ​នៅ​ក្នុង​គំនិតផ្តើម និង​គ្រប់​ការ​សម្រេចចិត្ត​សម្រាប់​ផលប្រយោជន៍​រួម​របស់​សហភាព​អឺរ៉ុប។

តាំង​ពី​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អស់​រយៈពេល ១៥ឆ្នាំ​កន្លង​ទៅ នេះ​ជា​លើកទី១ ដែល​លោកស្រី​មែរកិល​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក ហ្វរ ដឺ ប៊្រេហ្កង់សុង (fort de Brégançon)។ បើ​គិត​តាំង​ពី​ឆ្នាំ ១៩៨៥ នេះ​ជា​លើកទី២ ដែល​មាន​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ម្នាក់​ដាក់​ជើង​ជាន់​នៅ​ទីនោះ។ ក្នុង​ឆ្នាំ ១៩៨៥ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​ហ៊ែលមុត ខូល​ត្រូវ​បាន​ប្រធានាធិបតី​បារាំង​លោក​ហ្រ្វង់ស័រ មីតេរ៉ង់​ជំនាន់​នោះ​ទទួល​ជួប​នៅ​ស្រុក​ហ្វរ ដឺ ប៊្រេហ្កង់សុង (fort de Brégançon)។ តែ​ទីកន្លែង​ដដែល​នេះ​ក៏​ត្រូវ​បាន​លោក​ម៉ាក្រុង​ទទួល​ជួប​សមភាគី​រុស្ស៊ី​លោក​ពូទីន​ក្នុង​ឆ្នាំ ២០១៩ និង​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​ទែរ៉េសាមេ​កាល​ពី​ឆ្នាំ ២០១៨។ ដូច្នេះ លោកស្រី​មែរកិល​ជា​ថ្នាក់ដឹកនាំ​បរទេស​ទី៣ ដែល​ត្រូវ​បាន​លោក​ម៉ាក្រុង​ទទួល​ជួប​នៅ​នៅ​ស្រុក​ហ្វរ ដឺ ប៊្រេហ្កង់សុង (fort de Brégançon)។

មាន​សំណុំរឿង​ច្រើន​នៅ​ក្នុង​ជំនួប​រវាង​លោក​ម៉ាក្រុង និង​លោកស្រី​មែរកិល

មាន​សំណុំរឿង​ជា​ច្រើន​ដែល​លោក​ម៉ាក្រុង និង​លោកស្រី​មែរកិល​ត្រូវ​លើក​យក​ទៅ​ជជែក។ បើ​តាម​វិមាន​ប្រធានាធិបតី​បារាំង ក្រៅ​ពី​បន្ត​ខ្វាយខ្វល់​រឿង​វិបត្តិ​កូវីដ-១៩ ដែល​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ក៏​ដូច​ជា​ប្រទេស​ផ្សេង លោក​ម៉ាក្រុង និង​លោកស្រី​មែរកិល​ជជែក​គ្នា​លើ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ម៉ាលី ក្រោយ​រដ្ឋប្រហារ​យោធា វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​បេឡារុស ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​លីបង់ ស្ថានការណ៍​តានតឹង​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​រវាង​ប្រទេស​ក្រិច និង​តួកគី ឬ​មួយ​ក៏​សំណុំរឿង Brexit រវាង​សហភាព​អឺរ៉ុប និង​អង់គ្លេស។

គួរ​បញ្ជាក់​ថា ជំនួប​ទ្វេភាគី ឬ​ហៅ​ថា​គូស្រករ​បារាំង អាល្លឺម៉ង់​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​អាល្លឺម៉ង់​កំពុង​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សាអឺរ៉ុប​រយៈពេល ៦ខែ​ពី​ថ្ងៃទី១ កក្កដា​ដល់​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២០ និង​ក្នុង​ពេល​ដែល​លោកស្រី​មែរកិល​ត្រៀមខ្លួន​ចុះ​ចេញ​ពី​តំណែង​នៅ​ឆ្នាំ ២០២១ បន្ទាប់​ពី​បាន​កាន់​តំណែង​នាយករដ្ឋន្រ្តី​រយៈពេល ១៦ឆ្នាំ​ជាប់​គ្នា។ ឃើញ​ថា សំណុំរឿង​ក្តៅ និង​ត្រជាក់​មិន​ខ្វះ​ទេ​សម្រាប់​ជំនួប​ទ្វេភាគី​បារាំង និង​អាល្លឺម៉ង់​នៅ​ទីកន្លែង​វិស្សមកាល​របស់​ប្រធានាធិបតី​បារាំង។ ម្យ៉ាង​ទៀត ការ​ដែល​លោក​ម៉ាក្រុង​ទទួល​ជួប​លោកស្រី​មែរកិល​នៅ​កន្លែង​វិស្សមកាល​ពេល​នេះ​ដើម្បី​ចង់​បង្ហាញ​ប្រាប់​ពលរដ្ឋ​ថា ទោះ​លោក​កំពុង​ឈប់​សម្រាក​លំហែកាយ​ក៏​លោក​បន្ត​ធ្វើ​ការ​ដែរ។

បារាំង និង​អាល្លឺម៉ង់​គិត​ប្រយោជន៍ និង​ការពារ​ឯកភាព​របស់​សហភាព​អឺរ៉ុប​

ទោះ​បី​ជា​ទំនាក់ទំនង​ទ្វេភាគី ឬ​ហៅ​ថា​គូស្រករ​បារាំង និង​អាល្លឺម៉ង់​មាន​ភាព​រលូន និង​ភាព​រកាំកូស​ក៏​ដោយ​ក៏​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា បារាំង និង​អាល្លឺម៉ង់​តែង​ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អ និង​បង្ហាញ​ចេញ​នូវ​សាមគ្គីភាព។ ការ​ខ្វែង​គំនិត និង​មាន​ការ​យល់​ឃើញ​មិន​ដូច​គ្នា​នៅ​លើ​សំណុំរឿង​ខ្លះ​ពាក់ព័ន្ធ​នឹង​អឹរ៉ុប និង​អន្តរជាតិ​រវាង​បារាំង និង​អាល្លឺម៉ង់​ជា​រឿង​មួយ​ធម្មតា។ បារាំង និង​អាល្លឺម៉ង់​បាន​ដឹង​ច្បាស់​ណាស់​ថា ក្នុង​នាម​ជា​ប្រទេស​ស្ថានិក​អឺរ៉ុប ជា​ក្បាលម៉ាស៊ីន​អឺរ៉ុប និង​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ផ្ទែក្នុង​អឺរ៉ុប ប្រទេស​ទាំង​ពីរ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​គិត​ផលប្រយោជន៍​រួម​របស់​សហភាព​អឺរ៉ុប​ទេ។

ជាក់ស្តែង​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ លោក​ម៉ាក្រុង និង​លោកស្រី​មែរកិល​បាន​បង្កើត​ចេញ​នូវ​ផែនការ​ស្រោចស្រង់​សេដ្ឋកិច្ច​អឺរ៉ុប​ដែល​មាន​ទឹកប្រាក់​ចំនួន ៧៥០ ០០០លានអឺរ៉ូ។ ក្នុង​រយៈពេល ៥ថ្ងៃ​ជាប់​គ្នា បារាំង និង​អាល្លឺម៉ង់​បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដើម្បី​ឲ្យ​សមាជិក​ទាំង ២៧ប្រទេស​ទទួល​យក​ផែនការ​នោះ។ ឥឡូវ​នេះ គេ​កំពុង​រង់ចាំ​សភា​របស់​ប្រទេស​សមាជិក​នីមួយៗ​ឲ្យ​សច្ចាប័ន​លើ​ផែនការ​ដែល​អាច​ធ្វើ​ឡើង​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០។ ការ​ឡើង​កាន់​អំណាច​ប្រធានាធិបតី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ ការ​ឡើង​ឥទ្ធិពល​របស់​ចិន និង​វិបត្តិ​កូវីដ-១៩ ហាក់​បាន​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប និយាយ​ជា​រួម និង​បារាំង អាល្លឺម៉ង់ និយាយ​ដោយឡែក​ភ្ញាក់ខ្លួន និង​ភ្លឺភ្នែក​ជា​មុន។

ភ្ញាក់ខ្លួន និង​ភ្លឺភ្នែក​ដែល​សហភាពអឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​សាមគ្គី និង​ឯកភាព​ផ្ទៃក្នុង​ដើម្បី​ប្រឈម​ទប់​នឹង​ភាព​អនាធិបតេយ្យ​របស់​ពិភពលោក​បច្ចុប្បន្ន។ ពិត​ណាស់ មាន​សំណុំរឿង​អន្តរជាតិ​ខ្លះ​ត្រូវ​បាន​បារាំង និង​អាល្លឺម៉ង់​យល់​ឃើញ​មិន​ដូច​គ្នា​ដោយសារ​តែ​ម្នាក់ៗ​បាន​សម្លឹង​ឃើញ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ជាក់ស្តែង​នៅ​ក្នុង​ភាព​តានតឹង​រវាង​ប្រទេស​តួកគី និង​ក្រិច​នៅ​សមុទ្រ​មេឌីទែរ៉ាណេ លោក​ម៉ាក្រុង​មិន​ញញើត​ដំឡើង​សំឡេង​ខ្លាំងៗ​ដាក់​សមភាគី​តួកគី​លោក​អែរដូហ្កាន។ តែ​លោកស្រី​មែរកិល​បាន​ព្យាយាម​ចង់​សម្របសម្រួល​ដោយសារ​លោកស្រី​មិន​ចង់​ឲ្យ​ពលរដ្ឋ​តួកគី​ជាង ៣លាននាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​អន់ចិត្ត។ ទោះ​ជា​យ៉ាង​នេះ ផលប្រយោជន៍​សហភាពអឺរ៉ុប​នៅ​តែ​ជា​រឿង​អាទិភាព​នៃ​គូស្រករ​បារាំង អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI