អានតួអត្ថបទ
អឺរ៉ុប-អាមេរិក-អ៊ីរ៉ង់

អឺរ៉ុប និងសហរដ្ឋអាមេរិកបន្តដំឡើងសរសៃ ក ដាក់គ្នាជុំវិញរឿងពន្យារទណ្ឌកម្មសព្វាអាវុធលើអ៊ីរ៉ង់

ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ
ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ AFP - MANDEL NGAN
១៧ នាទី

សង្រ្គាម​ពាក្យ​សម្តី​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល​រវាង​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ស្តីពី​ការ​ពន្យារ​ទណ្ឌកម្ម​សព្វាវុធ​លើ​អ៊ីរ៉ង់។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃ​សុក្រ ទី១៤ សីហា ក្រុមប្រឹក្សាសន្តិសុខ​បាន​បោះឆ្នោត​ច្រាន​ចោល​សំណើ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ពន្យារ​ការ​ដាក់​ទណ្ឌកម្ម​សព្វាវុធ​ប្រឆាំង​អ៊ីរ៉ង់​ដែល​នឹង​ត្រូវ​អស់​សុពលភាព​នៅ​ខែ​តុលា​ខាង​មុខ។ តែ​សំណើ​មួយ​នេះ​ត្រូវ​បាន​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​អឺរ៉ុប រួម​ទាំង​ប្រទេស​មហាអំណាច​ផ្សេង​ទៀត​បោះឆ្នោត​ច្រាន​ចោល​ភ្លាមៗ។ អឺរ៉ុប​យល់​ថា អាមេរិក​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ គ្មាន​សិទ្ធិអំណាច​អ្វី​ទៀត​ដើម្បី​អារ​កាត់​លើ​រឿង​បន្ត ឬ​មិន​បន្ត​ទណ្ឌកម្ម​អាវុធ​ប្រឆាំង​អ៊ីរ៉ង់​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ លោក​មិន​ញញើត​នឹង​ចោទ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ពី​បទ​បាន​ជ្រើស​ផ្លូវដើរ​ជាមួយ​ក្រុម​អាយ៉ាតូឡា​ដែល​កំពុង​កាន់​អំណាច​នៅ​អ៊ីរ៉ង់។ លោក​វ៉ាំងសង់ អេហ្វលីង អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​នៅ​មជ្ឈមណ្ឌល​សិក្សា​នៃ​វិបត្តិ និង​ជម្លោះ​អន្តរជាតិ​ហាក់​មិន​ភ្ញាក់ផ្អើល​ចំពោះ​សង្រ្គាម​ពាក្យ​សម្តី​រវាង​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ពេល​នេះ​ទេ។ តាម​លោក​អេហ្វលីង អ្វី​ដែល​កំពុង​កើត​មាន​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​អាមេរិក​ឯកោ​កាន់​តែ​ខ្លាំង និង​ធ្វើ​ឲ្យ​គម្លាត​រវាង​សហរដ្ឋអាមេរិក និង​អឺរ៉ុប​កាន់​តែ​ឃ្លាត​ឆ្ងាយ​ថែម​ទៀត។

ផ្សាយពាណិជ្ជកម្ម

« សហរដ្ឋអាមេរិក​កំពុង​ប្រឈម​នឹង​ផ្លូវទាល់​មួយ​ដែល​មាន​ជញ្ជាំង​នៅ​ពី​មុខ។ អឺរ៉ុប ចិន រុស្ស៊ី និង​ប្រទេស​សមាជិកអចិន្រ្តៃយ៍​ផ្សេង​ទៀត​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មិន​ចង់​ឲ្យ​មាន​យន្តការណ៍​ពន្យារ​ការ​ដាក់​ទណ្ឌកម្ម​សព្វាវុធ​លើ​អ៊ីរ៉ង់​ទេ។ និយាយ​បែប​ម្យ៉ាង​ទៀត​នា​ពេល​ខាង​មុខ វា​ច្បាស់ណាស់​ដែល​ក្រុម​នីមួយៗ​នឹង​លើក​ឡើង​ពី​សិទ្ធិអំណាច​រៀងៗ​ខ្លួន។

នៅ​ម្ខាង សហរដ្ឋអាមេរិក​ច្បាស់​ជា​លើក​ឡើង​ថា ខ្លួន​មាន​សិទ្ធិអំណាច​ស្របច្បាប់​ត្រឹមត្រូវ។ ចំណែក​នៅ​ម្ខាង​ទៀត​ច្បាស់​ជា​ឆ្លើយ​ថា​ទេ និង​លើក​ហេតុផល​ទៅ​ពន្យល់​ថា សហរដ្ឋអាមេរិក​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ គ្មាន​សិទ្ធិអំណាច​អ្វី​ចូល​ខ្លួន​មក​ចាត់ចែង​សម្រេច​រឿង​ពន្យារ ឬ​មិន​ពន្យារ​ការ​ដាក់​ទណ្ឌកម្ម​សព្វាវុធ​លើ​អ៊ីរ៉ង់​ទេ។

នៅ​ទីបំផុត ម្នាក់ៗ​បាន​បន្ត​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ដែល​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ជាប់គាំង​មួយ​កន្លែង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​មួយ​នេះ​មិន​បាន​ផ្តល់​ផល​វិជ្ជមាន​ឲ្យ​អង្គការសហប្រជាជាតិ និង​ក្រុមប្រឹក្សាសន្តិសុខ​ទេ ព្រោះ​វា​បាន​បង្ហាញ​ចេញ​នូវ​អសមត្ថភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​ការ​ធ្វើ​ឲ្យ​ចម្រើន​ទៅ​មុខ​លើ​សេចក្តីសម្រេច​ទាក់ទង​នឹង​សំណុំរឿង​មួយ​ដ៏​រស៊ើប។ ទន្ទឹម​គ្នា​នេះ វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ឯកោ​កាន់​តែ​ខ្លាំង​របស់​សហរដ្ឋអាមេរិក​នៅ​លើ​ឆាកអន្តរជាតិ។

តាម​ពិត​ទៅ អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែល​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​សំណុំរឿង​អ៊ីរ៉ង់។ ដូច្នេះ​ឃើញ​ថា អ្វី​ដែល​កំពុង​កើត​មាន​រវាង​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ពេល​នេះ​គ្រាន់​ជា​ចំណែក​មួយ​ទៀត​ធ្វើ​ឲ្យ​គម្លាត​រវាង​ភាគី​ទាំង​ពីរ​ដែល​កំពុង​មាន​ស្រាប់​រឹតតែ​ឃ្លាត​ឆ្ងាយ​ថែម​ទៀត​ប៉ុណ្ណោះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ