អាល្លឺម៉ង់ - រុស្ស៊ី

មន្ទីរពេទ្យអាល្លឺម៉ង់​រកឃើញថា​ ពិតជាមាន​​សារធាតុ​ថ្នាំបំពុល​ក្នុងខ្លួន​លោក អាឡិចសី ណាវ៉ាល់នី

ខាងមុខមន្ទីរពេទ្យ Charite ទីក្រុងប៊ែរឡាំង ជាទីដែលលោក អាឡិចសី ណាវ៉ាល់នី កំពុងទទួលការសង្រ្គោះព្យាបាល ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ យាមសន្តិសុខ យ៉ាងម៉ឺងម៉ាត់។ ថ្ងៃទី​២៤សីហា ២០២០
ខាងមុខមន្ទីរពេទ្យ Charite ទីក្រុងប៊ែរឡាំង ជាទីដែលលោក អាឡិចសី ណាវ៉ាល់នី កំពុងទទួលការសង្រ្គោះព្យាបាល ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ យាមសន្តិសុខ យ៉ាងម៉ឺងម៉ាត់។ ថ្ងៃទី​២៤សីហា ២០២០ REUTERS - FABRIZIO BENSCH

មន្ទីរពេទ្យទីក្រុងប៊ែរឡាំង បានអះអាងថា នៅក្នុងខ្លួនលោក អាឡិចសី ណាវ៉ាល់នី ពិតជាមានសំណាកនៃសារធាតុថ្នាំបំពុល ពិតមែន​។ ឈ្មោះ​ថ្នាំបំពុល​អ្វីឲ្យ​ប្រាកដនោះ គឺអ្នកជំនាញអាល្លឺម៉ង់ កំពុងតែពិនិត្យស្វែងរកបន្ថែមទៀត។ សូមបញ្ជាក់ថា លោកអាឡិចសី ណាវ៉ាល់នី គឺជាសកម្មជននយោបាយ​ប្រឆាំងដ៏ល្បីនៅរុស្ស៊ី។ លោក​ត្រូវគេសង្ស័យថា ត្រូវបាន​គេដាក់ថ្នាំបំពុល​ មុននឹងធ្លាក់ខ្លួនឈឺធ្ងន់មួយរំពេច កាលពី​ថ្ងៃទី​២០សីហា។ ក្រោយអន្តរាគមន៍របស់រដ្ឋាភិបាលអាល្លឺម៉ង់ លោកណាវ៉ាល់នី ត្រូវបានគេដឹកតាមយន្ត​ហោះពិសេសមួយ ដើម្បី​យក​មក​ព្យាបាល នៅទី​ក្រុងប៊ែរ​ឡាំង​ កាលពី​ថ្ងៃ​សៅរ៍ចុងសប្តាហ៍មុន។

ផ្សាយពាណិជ្ជកម្ម

លទ្ធផលនៃការស្រាវជ្រាវពិនិត្យ បានចេញមកហើយ គឺក្នុងខ្លួន​របស់​លោក អាឡិចសី ណាវ៉ាល់នី ពិតជាមានសារធាតុថ្នាំបំពុលពិតមែន។ សារធាតុថ្នាំពុលនោះ គឺជាប្រភេទសារធាតុ Cholinestérase។ នេះបើផ្អែកតាមលិខិតប្រកាស របស់​មន្ទីរពេទ្យ Charité ទីក្រុងប៊ែរឡាំង ដែលជាមន្ទីរពេទ្យដ៏ល្បីមួយ​ នៅទូទាំងពិភពលោក។ ការវិភាគថ្មីទៀត នឹងបន្តធ្វើ ដើម្បីស្វែងរកឈ្មោះថ្នាំពុល​នោះ ឲ្យ​ជាក់ប្រាកដ។

សូមបញ្ជាក់ថា លោកអាឡិចសី ណាវ៉ាល់នី នៅតែស្ថិតក្នុងការបត់បងស្មារតីនៅឡើយ។ យោងតាមក្រុមគ្រូពេទ្យអាល្លឺម៉ង់ គេមិនទាន់អាចសន្និដ្ឋានបានទេ ថាលោកអាចនឹងជាសះស្បើយ​ទាំងស្រុងនោះ។ គ្រូពេទ្យអះអាងថា លោក​អាឡិចសី ណាវ៉ាល់នី អាចនឹង​ត្រូវ​ជួបការលំបាកយូរអង្វែង ព្រោះមួយផ្នែកធំ​​នៃប្រព័ន្ធ​​សសៃប្រសាទ ប្រព័ន្ធ​រំញោច ត្រូវបានខូចខាត។

លោក Steffen Seibert អ្នកនាំពាក្យ​ខុទ្ទការល័យ លោកស្រីអង់ហ្គេឡា មែរកិល បានលើកឡើងថា ករណីដាក់ថ្នាំបំពុលសម្លាប់សកម្មជន​នយោបាយ​នៅរុស្ស៊ី គឺធ្លាប់កើតមានច្រើនដងមកហើយ។ ដូច្នេះ​រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេច ដាក់​លោកអាឡិចសី ណាវ៉ាល់នី ឲ្យស្ថិតនៅក្នុងការការពារ​សន្តិសុខ​ លំដាប់ខ្ពស់ នៅឯមន្ទីរពេទ្យ។

សូមរំលឹកថា លោកអាឡិចសី ណាវ៉ាល់នី អាយុ៤៤ឆ្នាំ ជាមេធាវី និង​ជាអ្នកនយោបាយ​ប្រឆាំង ដ៏សំខាន់បំផុតនៅរុស្ស៊ី ដែលហ៊ានចេញមុខរិះគន់ អំពើពុករលួយបក្សពួកនិយម និងអំណាចផ្តាច់ការ​ របស់​លោក​ពូទីន។ ក្រៅពី​ធ្លាប់ត្រូវបាន​គេចាប់ដាក់ឃុំ ជាច្រើនលើកច្រើនសារ លោកក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខ យកសារធាតុគីមីទៅជះលើមុខដែរ នៅទីក្រុងឡុងដ៍ កាលពីឆ្នាំ​២០១៧។

នៅ​ថ្ងៃទី២០សីហា សប្តាហ៍មុន ពេលកំពុងធ្វើដំណើរតាមយន្តហោះ លោកស្រាប់តែលោក ធ្លាក់ខ្លួនឈឺធ្ងន់ សន្លប់បាត់ស្មារតី ហើយត្រូវបានគេដឹកយកទៅសង្គ្រោះ​បន្ទាន់ នៅមន្ទីរពេទ្យ ទី​​ក្រុង​Omsk ក្នុងតំបន់ស៊ីបេរី។ មនុស្សស្និទនឹងលោកបានអះអាងថា លោកត្រូវគេដាក់ថ្នាំបំពុល លាយ​ជាមួយនឹងទឹកតែ។ តែក្រុមគ្រូពេទ្យរុស្ស៊ីអះអាងថា មិនបានរកឃើញសារធាតុថ្នាំពុលអ្វីឡើយ។

ដើមដំបូង គ្រូពេទ្យរុស្ស៊ី បានបដិសេធ មិន​ឲ្យ​ដឹកលោក​ណាវ៉ាល់នី ទៅព្យាបាល​នៅក្រៅប្រទេសទេ ​បើទោះបីក្រុមគ្រួសារលោក​ព្យាយាមទទូចសុំយ៉ាងណា។ តែក្រោយអន្តរាគមន៍ របស់រដ្ឋាភិបាលអាល្លឺម៉ង់ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបាន​ដាក់ពាក្យ​ប្តឹង ទៅ​តុលាការអឺរ៉ុបដើម្បីសិទ្ធិមនុស្ស ប៉ុន្មានម៉ោងក្រោយមក នៅយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ គ្រូពេទ្យនិងអាជ្ញាធររុស្ស៊ី បានអនុញ្ញាតឲ្យគេដឹក​លោក​អាឡិចសី ណាវ៉ាល់នី មកទទួលការព្យាបាលនៅប្រទេសអាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI