ម៉ូស្គូ ថាបើគ្មានឈ្មោះថ្នាំពុលទេ គឺមេបក្សប្រឆាំងរុស្ស៊ី មិន​ត្រូវ​បំពុល​​នោះឡើយ​

Le président russe Vladimir Poutine (d),, le prote-parole du Kremlin Dmitri Peskov (c), le premier ministre russe Dmitri Medvedev (g), avant une rencontre avec la chancelière allemande Angela Merkel, à Sotchi, le 18 mai 2018.
Le président russe Vladimir Poutine (d),, le prote-parole du Kremlin Dmitri Peskov (c), le premier ministre russe Dmitri Medvedev (g), avant une rencontre avec la chancelière allemande Angela Merkel, à Sotchi, le 18 mai 2018. Mikhail KLIMENTYEV / SPUTNIK / AFP

សំណុំ​រឿង​​មេបក្ស​ប្រឆាំងរុស្ស៊ី​​ លោក ណាវ៉ាល់នី ដែលគេ​សង្ស័យ​ថា​«ត្រូវ​ថ្នាំពុល» កំពុងតែធ្វើ​ឱ្យ​​កក្រើក​មជ្ឈដ្ឋាន​អន្តរជាតិ​។ ​មហាអំណាច​លោកខាងលិច ជាច្រើនប្រទេស​ សុទ្ធតែ​ជំរុញ​ជាបន្ត​បន្ទាប់​ផ្ទួន​ៗគ្នា ឱ្យ​ប្រទេស​រុស្ស៊ី​បើក​ការ​ស៊ើប​អង្កេត​ ដើម្បី​រកការពិត​ជុំវិញ​ ការ​ធ្លាក់​ខ្លួន​ឈឺ​ បាត់​បង់​ស្មារតី​របស់​ប្រមុខ​គណបក្ស​ប្រឆាំង ​នៅ​ម៉ូស្គូ។ ក៏ប៉ុន្តែ ក្រុង​ម៉ូស្កូ បាន​វាយបកថា «វាឆាប់ពេក​ណាស់ ដែល​គ្រូពេទ្យ ​អាល្លឺម៉ង់ ​ប្រញាប់សន្និដ្ឋាន​ថា លោក​​​ ណាវ៉ាល់នី ត្រូវ​ថ្នាំពុល»។ ​

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ ទី​២៦សីហា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ អង់គ្លេស សុទ្ធតែបាន​​មូលមាត់​នាំ​គ្នា​ ជំរុញ​ឱ្យ​​រដ្ឋបាល​​ក្រុង​ម៉ូស្កូ បើ​ក​ការ​ស៊ើប​អង្កេត ​ឱ្យ​មានតម្លាភាព​ ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​មេបក្ស​ប្រឆាំង​រុស្ស៊ី លោក ណាវ៉ាល់នី។ ជាសំឡេង​បន្ទរ​បន្ថែម បន្ទាប់ពី​បារាំង និង​អាល្លឺ​ម៉ង់ ដែល​បាន​អំពាវនាវរួច​ហើយ តាំងតែពីថ្ងៃ​ដំបូងៗ​មកម្ល៉េះ។​

ក្នុង​សេចក្តីថ្លែងការណ៍ ​ស្នង​ការ​ស្និទ្ធមនុស្ស​នៃ ក្រុម​ប្រឹក្សាសហភាព​​អឺរ៉ុប លោកស្រី​ Dunja Mijatovic ជំរុញ​ជាខ្លាំង ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ និងមាន​ប្រសិទ្ធភាព​ ដើម្បីផ្តល់​ពន្លឺ​ដល់​សំណុំ​រឿង​សង្ស័យ​ ជុំវិញ​ការ​បំពុល​ដោយ​ចេតនា។ ចំពោះ​សហភាព​​អឺរ៉ុប ការ​ស៊ើបអង្កេត​ដ៏មាន​តម្លាភាព គឺមិនត្រឹមតែ​ផ្តល់​​ប្រយោជន៍​សម្រាប់​​ លោក​ ណាវ៉ាល់នី ម្នាក់​ប៉ុណ្ណោះ​ទេ តែមាន​ប្រយោជន៍​​សម្រាប់​សង្គម​រុស្ស៊ី​ទាំងមូល។

ចំពោះ​ចក្រភព​​អង់គ្លេសវិញ នាយករដ្ឋមន្ត្រី​ Boris Johnson បាន​ចោទត្រង់ៗ​តែម្តង​ ថា​នេះ​ជា​ស្នាដៃ​បំពុល​របស់​រុស្ស៊ី ពីព្រោះ​ថា​ធ្លាប់​មាន​ការ​បំពុលសម្លាប់​​មនុស្ស​ជាច្រើនករណី​​មកហើយ ទៅ​លើបណ្តា​ចារបុរស​ នៅក្នុង​​ទឹកដី​អង់គ្លេស ផ្ទាល់តែម្តង​។ រឿង​បំពុល​ដែល​ធ្វើ​ឱ្យ​ពិភពលោក​រន្ធត់​​ខ្លាំងបែបនេះ​ គេ​ចាំបាច់​ត្រូវការ​ ការ​ស៊ើប​អង្កេត​មួយ​ ដែល​ពេញលេញ​ ល្អិតល្អន់ និង​មា​នតម្លាភាព ហើយ​អង់គ្លេស​ ប្តេជ្ញាចិត្ត​ចូលរួមពួតដៃ​​ជាមួយ​មជ្ឈដ្ឋាន​អន្តរជាតិ ដើម្បីធានា​ឱ្យ​មានការ​ស្វែងរក​យុត្តិធម៌​​ សម្រាប់​លោក​ ណាវ៉ាល់នី និងក្រុម​គ្រួសារ។

លោក​ ណាវ៉ាល់នី កាលពី​សប្តាហ៍​មុន បាន​ធ្លាក់ខ្លួន​​ឈឺ ក្រោយ​ពីទទួល​ទាន​ទឹកតែ នៅ​លើយន្តហោះ ជិះ​ពី​ស៊ីបេរី តម្រង់​ទៅម៉ូស្គូ​។ រូបកាយលោក​ ត្រូវគេ​​ដឹកទៅ​ក្រុង​ប៊ែរឡាំង ពីរថ្ងៃបន្ទាប់ ដើម្បី​សង្គ្រោះ​។ គ្រូពេទ្យ​អាល្លឺម៉ង់ បញ្ជាក់​ថា​មាន«​ស្នាម​ដាន​នៃ​ថ្នាំពុល» តែ​គេនៅមិនដឹងថា​ត្រូវ​ថ្នាំពុល​នោះ ឈ្មោះ​អ្វីឡើយទេ​​​។

ផ្ទុយ​ពី​ការ​អំពាវនាវ​ឱ្យ​ស៊ើប​អង្គេត​នៅ​រុស្ស៊ី វិមាន​ក្រេមឡាំង​ ក៏​ជំរុញ​ឱ្យ​គ្រូពេទ្យ​អាល្លឺម៉ង់​ អង្កេត​ វិភាគ ពិនិត្យវិច្ឆ័យ​ឱ្យ​ម៉ត់ចត់​មា​នតម្លាភាព​វិញ ដែរ​ ជុំវិញ​សារធាតុ​ដែលនាំឱ្យ​អ្នក​ជំងឺ​ធ្លាក់​ក្នុង​ការ​បាត់​ស្មារតី។

​​​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង លោក Dmitri Peskov ប្រកាសពី​ក្រុងម៉ូស្គូ ថា «ប្រសិនបើគ្មានការកំណត់អត្តសញ្ញាណថ្នាំពុល ឬគ្មាន​ឈ្មោះ​ថ្នាំពុលនោះទេ គឺ​អ្នក​ជំងឺ​រូបនេះ​ គ្មាន​រងការ​បំពុល​ស្អីណាឡើយ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI