អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប និង តួកតី កំពុង​ដំឡើង​សរសៃកដាក់គ្នា ក្នុង​សំណុំរឿង​សមុទ្រ​មេឌីទែរ៉ាណេ

សំឡេង ០៧:២០
Photo du navire de recherche sismique turc «Oruc Reis» se dirigeant à l'ouest d'Antalya sur la côte méditerranéenne, le 12 août 2020.
Photo du navire de recherche sismique turc «Oruc Reis» se dirigeant à l'ouest d'Antalya sur la côte méditerranéenne, le 12 août 2020. TURKISH DEFENCE MINISTRY / AFP
ដោយ៖ ហេង ឧត្តម
៣៦ នាទី

ស្ថានការណ៍ហាក់​កំពុង​បន្ត​តានតឹងខ្លាំង​នៅសមុទ្រ​មេឌីទែរ៉ាណេខាងកើត​រវាង​ប្រទេស តួកគី និងក្រិក​។ ​បារាំង ​តាម​រយៈ​ប្រមុខការពារជាតិ ​បានប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធរួម​គ្នា​រវាង​បារាំង ស៊ីប ក្រិក និង​អ៊ីតាលី នៅ​សមុទ្រ​មេឌីទែរ៉ាណេ ថ្ងៃពុធ ទី​២៦សីហា។ ចំណែក ​អាល្លឺម៉ង់ ក្នុងនាម​ប្រធាន​ផ្លាស់វេនក្រុមប្រឹក្សាសហភាព​អឺរ៉ុប បាន​អំពាវនាវ​កុំ​ឲ្យ​តួកគី និងក្រិក​ «លេងប្រលែង​​​ភ្លើង»។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជាច្រើន​ ដែល​ជាមិត្ត​របស់​ ក្រិក ចាប់ផ្តើម​ធ្វើសមយុទ្ធ​នៅ​​សមុទ្រ​មេឌីទែរ៉ាណេ ជាមួយ​ទ័ព​ទាហាន​ជើងទឹកក្រិក​។ គឺ​ច្បាស់ណាស់ថា ក្នុង​គោល​បំណង​បង្ហាញ​សាមគ្គីភាពជាមួយ​ ក្រិក​ ហើយ​ជា​សញ្ញា​ព្រមាន​ តួកគី ផង​។​ តើ​ដើមហេតុនៃការប្រឈម​មុខ​ដាក់គ្នា​នេះ មកពី​បញ្ហា​អ្វីខ្លះ​ ​?​

បញ្ហា​នៅ​សមុទ្រមេឌីទែរ៉ាណេខាងកើតនេះ គឺ​ដោយសារ​តែ​ការ​រកឃើញ​ប្រភព​ឧស្ម័​ននិងប្រេង​ នៅក្នុង​សមុទ្រ​។ ប្រមុខ​រដ្ឋ​តួកគី ​ប្រកាសថ្ងៃទី២៥ សីហា​ ថា ​ទីនេះជាអណ្តូង​ឧស្ម័ន​ដ៏​ធំ​ជាង​គេ​បំផុត ​ ដែ​ល​អាច​មាន​ស្តុក​ឧស្ម័ន​​ដល់​ទៅ​ប្រមាណ​ ៣២០ ០០០ ​លាន​ម៉ែត្រគូប។ នេះជាបុព្វហេតុ ជា​ច្រើន​សប្តាហ៍​មកហើយ​ដែល តួកគី ចេះតែ​បញ្ចូន​​នាវា ​ឱ្យខិត​ចូល​ដែន​ទឹក​នៃប្រទេស​ជិតខាង ដើម្បីសិក្សា​រុករក​ប្រភព​ប្រេងនិងអនុវត្ត​គម្រោង​ជីក​ខួង​យក​ឧស្ម័ន​ធម្មជាតិ។ រឿង​​នេះគឺ​បាន​បង្កក្តីសម្បារ​ ដល់​ប្រទេស​ដទៃជាច្រើន​។​

គួរ​រម្លឹកបន្តិច កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ តួកគី បាន​ចុះកិច្ចព្រមព្រៀង​ ជាមួយ​ លីប៊ី នៅ​ត្រើយ​ម្ខាង​សមុទ្រ ដើម្បី​ផ្នែក​សន្តិសុខផង និង​ផ្នែក​សហការ​ចែកប្រយោជន៍​ក្នុង​សមុទ្រ​ផង។ ​កិច្ចព្រមព្រៀងនេះ ត្រូវ​ ប្រទេស​​ក្រិក និងស៊ីប​ ថ្កោលទោស​ថា​ប៉ះ​ពាល់​បំពាល​ដល់​អធិបតេយ្យភាព​ដែន​សមុទ្រ​របស់​ពួកគេ និង រំលោភលោក​ច្បាប់​អន្តរជាតិ។ ក្រិក និងស៊ីប​ ក៏បាន​ចុះកិច្ចសហការ​គ្នាវិញដែរ និងបាន​ប្រមូល​កម្លាំង​នៃប្រទេស​សហភាព អឺរ៉ុប ដើម្បី​គាំទ្រ​ក្រុម​ខ្លួន​ និងដាក់​ទណ្ឌកម្ម​លើ​ តួកគី។

សំណុំ​រឿង​ប្រជែងកម្លាំង និង​ចម្រាញ់យក​​សម្បត្តិធម្មជាតិ​នេះ គឺ​មាន​ភាគីច្រើន​​ចូលរួម​ ប្រទេស​នៅ​ព័ទ្ធជុំវិញ​តំបន់សមុទ្រ​នេះ​​តែម្តង។ ចំពោះ​ក្រុម​ប្រទេសដែល​​នៅខាង ក្រិក​  គឺ​ពួក​គេ​ចង់​បង្កើត​ជា​អង្គការ​ថាមពល​មួយ​ដែរ​ ឱ្យ​ស្រដៀង​នឹង​អង្គការ​ OPEP អង្គការនៃប្រទេសនាំចេញប្រេង ដូច្នោះដែរ​។​ ក្រុម​នេះ មាន​ប្រទេស​ ក្រិក​ ស៊ីប អ៊ីស្រាអែល អេហ្ស៊ីប​ ដែល​បាន​ធ្លាប់​បើកវេទិកាធំៗ ប្រជុំ​ថ្នាក់​តំបន់​ ​ជា​ច្រើ​នមកហើយ ជាមួយ​ ហ្សកដង់ និង អ៊ីតាលី ហើយ​ក៏​មាន​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ ពី​បារាំង និង​សហរដ្ឋអាមេរិក ផង។ ក្រុមហ៊ុន​​ប្រេង​និងថាមពល​នៃ​ប្រទេស​មហាអំណាច​លោកខាងលិច ក៏​កំពុងតែ​ស្រក់ទឹកមាត់​ ចំពោះ​សម្បត្តិធម្មជាតិ​នៅ​ក្រោម​សមុទ្រមេឌីទែរ៉ាណេខាងកើត​ ដែល​កំពុងតែ​​ប្រឈមមុខ​ដាក់គ្នា​នេះដែរ​។​

នៅចំពោះមុខ​ការប្រឈម​ដូច្នេះហើយ ទើប​បង្កើ​ត​ជា​សមយុទ្ធ​ចតុភាគី​ ​​មា​ន បារាំង អ៊ីតាលី ក្រិក និងស៊ីប រយៈពេល​បីថ្ងៃ ចាប់ពីថ្ងៃពុធ ទី​២៦សីហា ដល់​ថ្ងៃ​សុក្រ។ ​

ភាព​តាន់​តឹងខ្លាំងនៅ​ក្នុង​សមុទ្រមេឌីទែរ៉ាណេខាងកើតនេះ គឺបង្កឱ្យមាន​ការ​ចាប់​ឃាត់​នាវា​គ្នាទៅវិញទៅមក រវាង ក្រិក ​និង ​តួកគី ជាដើម។ តែពេ​លនេះ ការ​សម្ញែង​អាវុធ តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​ គឺ​វា​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​ដុនដាបខ្លាំង។​

អាល្លឺម៉ង់ ក្នុងនាមប្រធានផ្លាស់វេនក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអំពាវនាវឲ្យកុំឲ្យភាគីជម្លោះ «លេងប្រលែង​ភ្លើង»។ អាល្លឺម៉ង់​ ក៏មិនចង់ឃើញឱ្យមានការប្រឈមមុខដាក់ដោយអាវុធនោះឡើយ​។ ពីថ្ងៃអង្គារ៍  ​​ប្រមុខ​ការទូត​អាល្លឺម៉ង់ Heiko Maas ជិះ​យន្តហោះ ស្ទើរវិល​ក្បុង។ លោក​​ទៅ​ក្រុង ​អាតែន ប្រទេស ក្រិក ផង ហើយ​ហោះទៅក្រុង​ អង់ការ៉ា ប្រទេស តួកគី ផង​ ដើម្បី​ជួប​ពន្យល់​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំងពីរ​ ឱ្យ​បន្ធូរបន្ថយ​ភាព​តាន់តឹង ហើយ​ងាក​មក​អង្គុយ​ចរចា​គ្នា​តាម​សម្រួល​។

ជំហរ អាល្លឺម៉ង់ ​ស្រដៀង​បារាំង​ដែរ។ បារាំង ដែល​ក្រសួងការពារជាតិ បានបញ្ជូនយន្តហោះចម្បាំង នាវាចម្បាំងនិងឧទ្ធម្ភាគចក្រ ទៅចូលរួមសមយុទ្ធ គឺ​រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florance Parly អះអាងនៅថ្ងៃពុធ​ថា ជំហររបស់បារាំង ផ្តល់តម្លៃលើការចរចាជជែកគ្នាជាអាទិភាព, បន្ត​កិច្ចការគ្នាខាងផ្លូវទូត ដើម្បីឱ្យតំបន់សមុទ្រមេឌីទែរ៉ាណេ ជាកន្លែងមានស្ថិរភាព ហើយនិង មានការគោរពច្បាប់អន្តរជាតិ។

ចំណែក រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួកគី ពីថ្ងៃទី​២៥ បាន​បន្ទាន់​ឥរិយាបថបន្តិចក្រោយនិយាយ​ជាមួយ​ប្រមុខការទូត​អាល្លឺម៉ង់ ថា​តួកគី​យល់ព្រមនិងត្រៀម​ខ្លួន​សម្រាប់​ការ​ជជែក​ពិភាក្សា​ជាមួយ​ភាកគី ក្រិក ដោយ​គ្មាន​កំណត់​លក្ខខណ្ឌ ក្នុង​គោល​បំណង​បែង​ចែក​ផលប្រយោជន៍​ស្មើគ្នា​ដោយ​យុត្តិធម៌។

ក្រិក ​វិញហាក់​ដូច​ជា​តឹងរឹង​បន្តិច ដោយ​ព្រលយពាក្យថា លក្ខខណ្ឌ​ដែល​ក្រិក ​ទាមទារ គឺ​ចង់​ឱ្យ​នាវា​និង​ទ័ព​របស់​តួកគី ចេញ​ឱ្យ​ឆ្ងាយ​ពី​ដែន​សមុទ្រ​របស់​ក្រិក​និងស៊ីប ដែល​ត្រង់​ចំណុច​នេះ ត្រូវ​តួកគី​ច្រាលចោល។ ចំពោះ​តួកគី បើ​ឱ្យ​ដកថយ គឺមិនថយទេ តែ​ចង់​នៅនិងរុលចូល ហើយ​ចរចា​បែង​ចែក​ផលប្រយោជន៍​ធម្មជាតិ​នៅក្នុង​សមុទ្រមេឌីទែរ៉ាណេខាងកើត។

ស្រាប់តែ​ថ្ងៃពុធ ប្រធានាធិបតី តួកគី Erdogan អះអាងដាច់ណាត់​ថា «គ្មាន​ធ្វើ​សម្បទាន​អ្វីឡើយ»​ ហើយ​ឱ្យ​ប្រទេស​ផ្សេងៗ​ដែល​លូកដៃ​ក្នុង​ភាព​តាន់តឹងនេះ ពិនិត្យ​មើល​កំហុស​រៀងៗខ្លួន។ បុរសខ្លាំង​ ​ Erdogan ថែម​ទាំង​ព្រលយពាក្យថា «ពេល​នេះ តួកគី មាន​មធ្យោបាយ​ និងមាន​ឆន្ទៈខ្ពស់​ ដើម្បីការពារផលប្រយោជន៍​ ផ្នែក​ថាមពល​ក្នុង​សមុទ្រ ជាប្រយោជន៍​ជាតិ​របស់ខ្លួន​។ ​តួកតី លែងអត់ធ្មត់​បាន​ទៀតហើយ! ប្រសិន​បើ​ ប្រទេស​ដទៃ​ចង់​សាកល្បង និង​ ចង់​ខាត​បង់ គឺ​អាច​សាកលមើលបាន។​»

ប្រឈម​នឹង​ការ​គឃ្លើន​កាន់តែ​ខ្លាំង​របស់​ តួកគី តើ​ថ្នាក់ដឹកនាំអឺរ៉ុប ប្រុង​ធ្វើ​ចំណាត់​យ៉ាងណាខ្លះ​?​

ចំណោទបញ្ហាស្មុកស្មាញ គឺត្រង់ថាបណ្តាប្រទេសពាក់ព័ន្ធនឹងវិបត្តិតានតឹងនេះ រួមទាំង តួកគី ផងគឺភាគច្រើន ជាសមាជិករបស់អង្គការអូតង់ ដែលបាន​សន្យាការពារគ្នា លើ​ផ្នែកខាងសន្តិសុខ។ ប៉ុន្តែ តួកគី មិនមែនជាសមាជិករបស់ សហភាពអឺរ៉ុប នោះទេ។ ដូច្នេះ ទោះចង់មិនចង់ ប្រទេសធំៗនៃ​ប្រទេស​ថ្នាក់​ដឹកនាំ​អឺរ៉ូប​ ដូច អ៊ីតាលី បារាំង និងអាល្លឺម៉ង់ ច្បាស់ជាអាច​នឹង​ការពារសមាជិករបស់ខ្លួន ដូច ក្រិក​ នេះហើយ។

ចំ​ណាត់ការ​នៅ​ចំពោះ​មុខ​ស្ថានការណ៍​អរិភាព​បែបនេះ គឺ រដ្ឋមន្ត្រីក្រសួង​ការបរទេស​ នៃបណ្តារដ្ឋ​សមាជិក​សហភាព​អឺរ៉ុប បា​នសម្រេច​កោះប្រជុំ​បន្ទាន់ ដែល​ឧទ្ទិស​សំខាន់​ចំពោះ​សំណុំ​រឿងដ៏​តាន់តឹង​ រវាង​ ក្រិក និង​តួកគី នៅ​ថ្ងៃទី​២៧ និងថ្ងៃ​សុក្រទៀត។ ដូច្នេះ ចាប់ពីថ្ងៃនេះ ការ​បោះផ្លោង​​ពាក្យ​សម្តី​ផ្លូវ​ទូត ឬ​សម្តី​គំរាមគ្នា​ ច្បាស់​អាច​នឹង​លេចឡើង​ព្រោងព្រាត​ ជាមិន​ខាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ