ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្រ្តីបេឡារុស ជ័យលាភីរង្វាន់ណូបែល ជាមុខមាត់នៃចលនាប្រឆាំងនឹងអំណាចសព្វថ្ងៃ

សំឡេង ០៦:១៥
លោកស្រី Svetlana Alexievitch ស្ត្រីទី១៤ នៅក្នុងលោក បើគិតក្នុងអំឡុងពេលជាង មួយសតវត្សរ៍ ដែលបាន ទទួលរង្វាន់ណូបែលអក្សរសិល្ប៍ ។
លោកស្រី Svetlana Alexievitch ស្ត្រីទី១៤ នៅក្នុងលោក បើគិតក្នុងអំឡុងពេលជាង មួយសតវត្សរ៍ ដែលបាន ទទួលរង្វាន់ណូបែលអក្សរសិល្ប៍ ។ Reuters

ជានិមិត្តរូបរងគំនាបកាន់តែខ្លាំងឡើងៗ មកលើចលនាតវ៉ានៅបេឡារុស ជ័យលាភីរង្វាន់ណូបែលអក្សរសិល្ប៍​ឆ្នាំ ២០១៥ លោកស្រី Svetlana Alexievitch ថ្ងៃទី២៦សីហា ត្រូវបានកោះហៅដោយក្រុមអង្កេតបេឡារុស ពីព្រោះ បណ្តាសមាជិកនៃ “ ក្រុមប្រឹក្សាសម្របសម្រួល” បង្កើតឡើងដោយភាគីប្រឆាំង គឺដើម្បីចាត់ចែង អំណាចអន្តរកាលក្នុងប្រទេស។ ការកោះហៅនេះ ជាសារច្បាស់លាស់ពីខាងបក្សពួកលោកប្រធានាធិបតី Alexandre Loukachenko ដែលកាន់អំណាច២៦ឆ្នាំហើយ គឺថា ៖ពលរដ្ឋ រូបណាក៏ដោយ មិនអាចគេចផុតឡើយ សូម្បីជា ជ័យលាភីរង្វាន់ណូបែលដ៏សែនល្បីល្បាញក្តី។

ផ្សាយពាណិជ្ជកម្ម

ការកោះហៅ ឲ្យចូលខ្លួន ទៅឆ្លើយនៅពីមុខ ក្រុមអង្កេត

ការកោះហៅនេះ ប្រព្រឹត្តទៅ បន្ទាប់ពី មានឃាត់ខ្លួន សមាជិកខ្លះនៃ“ក្រុមប្រឹក្សាសម្របសម្រួល”  ដែល បង្កើតឡើង ដោយស្ត្រីគូប្រជែងធំបំផុត របស់ប្រធានាធិបតីសព្វថ្ងៃ គឺ អ្នកស្រី Svetlana Tikhanovskaya  បច្ចុប្បន្ន ជ្រកកោននៅ លីទុយអានី ដើម្បីចាត់ចែង អំណាចនយោបាយអន្តរកាលក្នុងប្រទេស ក្រោយពី ការបោះឆ្នោត ដ៏ ចំរូងចំរាស កាលពី ថ្ងៃ៩សីហា។

ថ្ងៃ២៦ សីហា ក្រោយពីចាកចេញពី ទីស្តីការ គណៈកម្មាធិការរដ្ឋបេឡារុសខាងស៊ើបអង្កេត ហៅកាត់ថា SKB លោកស្រី Svetlana Alexievitch ជ័យលាភីរង្វាន់ណូបែលអក្សរសិល្ប៍ ក្នុងវ័យ៧២ឆ្នាំ បានថ្លែងទៅពួកអ្នកកាសែត៖ ខ្ញុំបានប្រើសិទ្ធិខ្ញុំ ដែលមិនបង្ហាញសក្ខីកម្មទល់នឹងរខ្លួនឯងឡើយ។ ខ្ញុំយល់ដឹងក្នុងចិត្តថា ខ្ញុំគ្មានពិរុទ្ធអ្វីណាទេ។ លោកស្រីគូសបញ្ជាក់ទាំង អះអាងថា “ក្រុមប្រឹក្សាសម្របសម្រួល”  គ្មានគោលដៅ ណាផ្សេង ក្រៅពីបង្រួបបង្រួមសង្គមឡើយ។

ស្ត្រីអ្នកនិពន្ធប្រឡោមលោក ដែលក្នុងឆ្នាំ២០១៥ បានទទួលរង្វាន់ណូបែលអក្សរសិល្ប ពេលទៅដល់ SKB បាននិយាយដោយសង្កត់ពាក្យថា សកម្មភាពពួកប្រឆាំងគឺ“ស្របច្បាប់ដាច់ខាត”។

“ខ្ញុំគិតថា យើងត្រូវតែរួមសម្បាច់គ្នាជាធ្លុងមួយ មិនត្រូវចុះចាញ់ឡើយ យើងត្រូវតែដណ្តើមបានជ័យជំនះ ដោយសារ កម្លាំងស្មារតីយើង និង ជំនឿស៊ប់របស់យើង។ ”លោកស្រី Alexievitch បានលើកឡើងទាំង ព្រមានទល់នឹង “រាល់ការបង្ហូរឈាម”ណាក៏ដោយ។

ក្នុងពិធីទទួលរង្វាន់ណូបែលអក្សរសិល្ប៍ ឆ្នាំ ២០១៥ នៅប្រទេស ស៊ុយអែត លោកស្រី Svetlana Alexievich មានប្រសាសន៍ “ចាប់ពីអំណើះតទៅ របប ក្រុង Minsk នឹងបង្ខំចិត្ត យកត្រចៀកស្ដាប់ខ្ញុំ”។ ឥឡូវ កន្លងផុត  ៥ឆ្នាំមក លោកស្រី ចោទអំណាចបេឡារុស ថា ចាប់បញ្ឆេះសង្គ្រាមទល់នឹង ប្រជាជនខ្លួន។

ក្នុងបញ្ជីសមាជិកសមាជិកា “ក្រុមប្រឹក្សាសម្របសម្រួល“ នៃ ភាគី ប្រឆាំងបេឡារុស ឈ្មោះលោកស្រី ស្ថិតនៅក្នុងបន្ទាត់ទី ១ ដែលជា មោទនភាព សម្រាប់ចលនាប្រឆាំង ក្នុងប្រទេស។

រវាង ឯកសារ និង អក្សរសិល្ប៍

លោកស្រី បានក្លាយជា ស្ត្រីទី១៤ នៅក្នុងលោក បើគិតក្នុងអំឡុងពេលជាង មួយសតវត្សរ៍ ដែលបាន ទទួលរង្វាន់ណូបែលអក្សរសិល្ប៍ ។ គាត់ជាអតីតអ្នកកាសែត។ ស្នាដៃស្ត្រីអ្នកនិពន្ធនេះ ត្រូវគេយល់ឃើញ ថា ស្ថិតនៅត្រង់ព្រំដែន រវាង ឯកសារ និង អក្សរសិល្ប៍។ លោកស្រី Svetlana Alexievitch បាននិពន្ធសៀវភៅក្នុងអំឡុងពេលជាច្រើនឆ្នាំ ដោយយោងទៅលើសក្ខីកម្ម។ សៀវភៅដំបូងបង្អស់របស់គាត់ ដែលមានឈ្មោះថា “សង្គ្រាមគ្មានទឹកមុខស្ត្រីទេ” សំអាងលើ  ការសំណេះសំណាលជាមួយ ស្ត្រីរាប់រយនាក់ ដែលបានលង់ខ្លួនក្នុងសង្ក្រាមលោកលើកទី២។ ពិតជាស្នាដៃនេះ ដែលបានញ៉ាំង អាជ្ញាធរ បេឡារុស ឲ្យចោទរូបគាត់ថា “បង្ខូចនិមិត្តរូបវីរភាពនៃស្ត្រីសូវៀត” ទោះបី កាលណោះមេដឹកនាំសូវៀត លោក Mikhail Gorbatchev ខំការពាររូបគាត់ក្តី។

សៀវភៅស្នាដៃដំបូងនេះ របស់ លោកស្រី Svetlana Alexievitch បោះពុម្ពផ្សាយ លុះក្នុងឆ្នាំ ១៩៨៥ ហើយវា នាំឲ្យល្បីរន្ទឺភ្លាមភ្លែត នៅសហភាពសូវៀត និងនៅបរទេស។ លោកស្រី ក៏យកចិត្តទុកដាក់ លើ សង្គ្រាមនៅ អាហ្វហ្កានីស្ថានដែរ។

ស្នាដៃគាត់ ដែលត្រូវគេចាប់អារម្មណ៍បំផុត ក្រោមចំណងជើងថា “ការអង្វរករ” គឺជា ផ្លែផ្កានៃការងារអស់ ១០ ឆ្នាំ លើមហន្តរាយបណ្តាល មកពី ការផ្ទុះឆេះ នៃស្ថានីយបរមាណូ Tchernobyl នៅអ៊ុយក្រែន ក្នុងឆ្នាំ ១៩៨៦ និង ផលប៉ះពាល់របស់វា។ សៀវភៅនេះ ត្រូវហាមប្រាមនៅបេឡារុស ជាទីដែលប្រធានបទនេះ មិនអនុញ្ញាតឲ្យលើកយកមក និយាយដាច់ខាត។

សកម្មជន នៃក្រុមប្រឆាំង ជាប់ក្នុងការឃុំឃាំង

តុលាការបេឡារុស ក្នុងសប្តាហ៍មុន បានវាតប្រតិបត្តិការទល់នឹង “ក្រុមប្រឹក្សាសម្របសម្រួល” ដោយចោទ ថា ក្រុមប្រឹក្សានេះ ចេះតែអំពាវនាវ ឲ្យប្រព្រឹត្តសកម្មភាព ដែលប៉ះពាល់ដល់ “សន្តិសុខជាតិ” ហេតុដែល អាច ត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគារ ពី ៣ ឆ្នាំ ដល់ ៥ ឆ្នាំ។

សមាជិក ២ នាក់នៃ ក្រុមប្រឹក្សា គឺលោក Serguei Dilievski ដែលក៏ជា ប្រធាន គណៈកម្មាធិការកូដកម្ម រោងចក្រត្រាក់ទ័រក្រុងមិនស្ក៍ និង លោកស្រី Olga Kovalkova  ដែលបានដាក់ពាក្យបណ្តឹងទៅ តុលាការកំពូល ឲ្យលុបចោលលទ្ធផលបោះឆ្នោតជាផ្លូវការ ប្រកាសដោយ គជប គឺ ប្រធានាធិបតីសព្វថ្ងៃ លោក Loukachenko ឈ្នះឆ្នោត ដោយទទួលសំឡេងគាំទ្រ ដល់ទៅ ៨០% ឯណោះ។

សកម្មជនប្រឆាំងពីរនាក់នោះ ថ្ងៃអង្គារ ២៥ សីហា ត្រូវបានកាត់ទោស ឲ្យជាប់ក្នុងការឃុំឃាំង រយៈពេល ១០ ថ្ងៃ តាមបទ ពាក់ព័ន្ធនឹង បាតុកម្មសែនគគ្រឹកគគ្រេងគ្មានសេចក្តីអនុញ្ញាត របស់អាជ្ញាធរ ប្រព្រឹត្តទៅថ្ងៃ អាទិត្យ ២៣ សីហា ក្នុងរដ្ឋធានី Minsk ចូលរួមដោយពលរដ្ឋដល់ទៅជាង ១០ ម៉ឺន នាក់ ។ 

បាតុករទាំងនោះ សុទ្ធតែទាមទារឲ្យធ្វើការរបោះឆ្នោតប្រធានាធិបតី សាឡើងវិញ នៅបេឡារុស ដ្បិតគេ មិនទទួលស្គាល់ទេ លទ្ធផលផ្លូវការប្រកាសដោយ គជប។

លោក Loukachenko  កណ្តាប់ដៃដែក

មេដឹកនាំបេឡារុសសព្វថ្ងៃ តែងបង្ហាញសាច់ដុំខ្លួនជានិច្ច តាំងពី មានចាប់ផ្តើមរលកបាតុកម្ម តវ៉ាមក ដោយគាត់បរិហារបស្ចិមលោក ថាស្ថិតនៅពីក្រោយ បាតុកម្មទាំងនេះ។ គាត់ពង្រឹងទីតាំងរបស់ កងទ័ព នៅតំបន់ខាងលិចប្រទេស ជាប់នឹងព្រំដែន លីទុយអានី និង ប៉ូឡូញ ជាប្រទេសសមាជិក បក្សសម្ព័ន្ធអូតង់។

សន្ទនាតាមទូរសព្ទ ជាមួយលោក វ៉្លាឌីមៀរ ពូទីន ដែលជាសម្ព័ន្ធមិត្តចម្បងរបស់គាត់ ទោះបីទំនាក់ទំនងរវាង រដ្ឋបុរសទាំងពីរ ឧស្សាហ៍រកាំរកូសក្តី លោក Loukachenko បានជម្រាប សមភាគីរុស្ស៊ី អំពីចំណាត់ការ ទាំងឡាយ ដែលនឹងរៀបរយ ឲ្យស្ថានការណ៍ក្នុងប្រទេសគាត់ មានប្រក្រតីភាពស្រួលបួលវិញ។

គោលជំហរ មេប្រឆាំង បេឡារុស

អ្នកស្រី Svetlana Tikhanovskaya មេប្រឆាំងបេឡារុស ថ្លែងថា លោក Loukachenko គ្មានការគាំទ្រពី ប្រជាជនក្នុងប្រទេស និង គ្មានការគាំទ្រអន្តរជាតិឡើយ ។ រៀងរាល់ថ្ងៃ គាត់ប្រកែក មិនទទួលយក ឆន្ទៈ ប្រជាជនខ្លួន ហេតុដែល ច្រានប្រទេសឲ្យធ្លាក់ក្នុងវិបត្តិ កាន់តែធ្ងន់ធ្ងរ។

ថ្ងៃទី​២៥ សីហា ក្រោយពីជួបពិភាក្សា នៅក្រុង Vilnius រដ្ឋធានី លីទុយអានី ជាមួយ លោក អនុទី១ នៃ ប្រមុខការទូត សហរដ្ឋអាមេរិក Stephen Biegun អ្នកស្រី Svetlana Tikhanovskaya មានប្រសាសន៍ថា គាត់ ត្រៀម ចាប់ផ្តើមកិច្ចចរចា ស្តីអំពី ការផ្ទេរអំណាចដោយសន្តិវិធី នៅបេឡារុស និង គូសបញ្ជាក់ថា អនាគត ប្រជាជនបេឡារុស ត្រូវកំណត់ គឺតែ ដោយប្រជាជនបេឡារុសខ្លួនឯង ក្នុងការបោះឆ្នោតថ្មី ដែលសុចរិតត្រឹមត្រូវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI