អានតួអត្ថបទ

តួកគី នៅតែចចេស​​បន្ត​រុករក​ឧស្ម័ន​និងប្រេង​ នៅ​ដែន​សមុទ្រមេឌីទែរ៉ាណេខាងកើត

Le ministre turc de la Défense Hulusi Akar (C) lors de la réunion du commandement des forces armées turques à Ankara pendant l'opération militaire «Griffe du tigre», le 17 juin 2020.
Le ministre turc de la Défense Hulusi Akar (C) lors de la réunion du commandement des forces armées turques à Ankara pendant l'opération militaire «Griffe du tigre», le 17 juin 2020. Handout / TURKISH DEFENCE MINISTRY / AFP
ដោយ៖ ហេង ឧត្តម
១៤ នាទី

តួកគី ចចេស​បន្ត​ស្រាវជ្រាវរាវរក​ឧស្ម័ន​ធម្មជាតិ នៅ​ដែនសមុទ្រមេឌីទែរ៉ាណេខាងកើត ហើយ​ តួកគី អះអាងពី​ថ្ងៃព្រហស្បតិ៍ ទី២៧សីហា ថានឹង​ពង្រីកវិសាលភាពនៃកិច្ចការ​ស្រាវជ្រាវ​ឧស្ម័ន​នេះថែមទៀត។​ ការបញ្ជាក់​នេះ ជាការ​ឆ្លើយតប​យ៉ាងគឃ្លើន ​នៅ​ចំពោះ​សមយុទ្ធ​ចតុភាគីនៃប្រទេស​សហភាព​អឺរ៉ុប​។ ប្រឈមមុខ​នឹង​ស្ថានការណ៍ហាក់​កំពុង​បន្ត​តានតឹងខ្លាំង​នៅសមុទ្រ​មេឌីទែរ៉ាណេខាងកើត​នេះ, រដ្ឋមន្ត្រីក្រសួង​ការបរទេស​ នៃបណ្តារដ្ឋ​សមាជិក​សហភាព​អឺរ៉ុប បា​នសម្រេច​កោះប្រជុំ​បន្ទាន់ ចំនួន​ពីរថ្ងៃមកនេះ​ ដោយជំរុញ​ឱ្យ​ភាគី​ ក្រិក និងតួកគី ចូល​តុចរចាគ្នា​​។ 

ផ្សាយពាណិជ្ជកម្ម

«យើងបន្ត​សកម្មភាពស្រាវជ្រាវ​ឧស្ម័ន ក្នុង​សមុទ្រមេឌីទែរ៉ាណេខាងកើតនេះ​​ ហើយ​នឹងឈរជើង​នៅកាន់តែយូរ តាម​ការ​ចាំបាច់​ និងដោយ​គ្មាន​ថ្ងៃ​កំណត់។» នេះជា​សេចក្តីថ្លែង​របស់​រដ្ឋមន្ត្រីការពារជាតិ តួកគី Hulusi Akar ចុះផ្សាយ​ក្នុង​កាសែត​រដ្ឋ​តួកគី។ ពាក្យពេចន៍​តឹងរឹង​នេះ ស្រប​តាម​ជំហរ​ដាច់​ណាត់​របស់​ប្រធានាធិបតីតួកគី ​អ៊ែរដូហ្កាន​ ដែល​បង្ហើរ​សម្តី​ពីថ្ងៃ​ពុធ ថា​ «គ្មាន​ធ្វើ​សម្បទាន​អ្វីឡើយ»​ ហើយ​ប្រសិន​បើ​ ប្រទេស​ដទៃ​ចង់​សាកល្បងកម្លាំង​ជាមួយ​តួកគី​ គឺ​អាច​សាកលមើលបាន។​»

ទន្ទឹមនឹងគ្នាដែរ​​ កងកម្លាំង​នាវា​តួកគី​ ក៏បាន​ប្រកាស​នៅព្រហស្បតិ៍ ថា​ទ័ព​ជើង​ទឹក​តួកគី​ នឹងធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ផ្លោង​ក្នុង​សមុទ្ទ នៅថ្ងៃទី​១និងទី​២កញ្ញា ខាងមុខ​នេះ ហើយ​នឹង​ត្រូវ​បាញ់ផ្លោងទៅតំបន់​ក្បែរ​សមុទ្រ​របស់កោះ​ស្ហ៊ីប​ ទៀត​ផង​។ ការប្រកាស​អនុវត្ត​សមយុទ្ធឯកតោភាគីពីសំណាក់​តួកគី​នេះ គឺទំនង​ជា​ការ​សងសឹក​ទៅនឹងការ​ដំឡើង​សរសៃក​រ​បស់អឺរ៉ុប ដែល​ធ្វើ​សមយុទ្ធចតុភាគី បារាំង អ៊ីតាលី ស្ហ៊ីប និងក្រិក ចំនួន​បីថ្ងៃជាប់ៗគ្នា​មកនេះ។​

​សហភាព​អឺរ៉ុប ក៏​បាន​កោះប្រជុំ​រដ្ឋមន្ត្រី​ការបរទេស ចំនួន​​ពីរថ្ងៃមកហើយ។ ​ប្រមុខ​ការទូត​អាល្លឺម៉ង់ ក្នុងនាមប្រធានផ្លាស់វេន លោក Heiko Maas​ បាន​ស្នើ​ឱ្យ​ ក្រិក និង តួកគី​ ​ចរចាគ្នា​តាម​សម្រួល។

ការដំឡើងសាច់ដុំ​​រវាង​សមាជិក​អង្គការ​អូតង់ទាំងពីរប្រទេស​នេះ ក៏​ធ្វើឱ្យ​សហរដ្ឋអាមេរិក ព្រួយ​បារម្ភ​ដែរ។ តាម​ប្រភព​ពី​សេតវិមានអាមេរិក​ លោក ដូណាល់ ត្រាំ បាន​និយាយ​ទូរសព្ទ​ពីថ្ងៃពុធ ជាមួយ​នាយករដ្ឋមន្ត្រី​ក្រិក​​។  ​សម្រាប់​ក្រិក ក្រិក​ ក៏ចង់ចរចាដែរ​ តែ​លក្ខខណ្ឌគឺ​​​ឱ្យ​ តួកគី ដកថយ​សិន។ ក៏ប៉ុន្តែ​ តួកគី រឹង​ មិនព្រម​ថយ​នោះទេ។ ចំពោះ​ជំហរ តួកគី, ប្រទេស​នេះ​ចង់ចរចា បែង​ចែក​ផលប្រយោជន៍​គ្នា​ ហើយង​​និយាយ​តទល់តែ​ពីរនាក់​ ​ជាមួយ ក្រិក។ ពោលគឺ តួកគី មិនចង់​ឱ្យ​មានភាគី​ទីបី ដូចជាបារាំង ឬ​ប្រទេស​ដទៃ​ណា​ផ្សេងឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ