អាល្លឺម៉ង់-កូវីដ១៩

កូរ៉ូណាវីរុស ៖ ក្រុម​ប្រឆាំង​នឹង​ការ​ពាក់​ម៉ាសត្រលប់មក​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ប៊ែរឡាំង

បាតុកម្មប្រឆាំង​នឹង​វិធានការ​ទប់​ស្កាត់​កូវីដ​១៩ នៅ​អាល្លឺម៉ង់ ថ្ងៃទី ២៩ សីហា​២០២០
បាតុកម្មប្រឆាំង​នឹង​វិធានការ​ទប់​ស្កាត់​កូវីដ​១៩ នៅ​អាល្លឺម៉ង់ ថ្ងៃទី ២៩ សីហា​២០២០ REUTERS - CHRISTIAN MANG

បើ​តាម​ការស្ទង់​មតិ បីភាគបួននៃពលរដ្ឋ​អាល្លឺម៉ង់ គាំទ្រ​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​​ និង​គោរព​តាម​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ក្រុម​តូច ប្រឆាំង។ រិះគន់​ហើយ​ពួកគេនាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ ជា​ញឹកញយ​ដងទៀត​​ ដើម្បីបរិហារ​ផែនការ​របស់​រដ្ឋាភិបាល ដែល​ពួក​គេយល់​ថា​ជ្រុលហួសហេតុ។ នៅ​ថ្ងៃ​សៅរ៍ទី ២៩ សីហា ២០២០​នេះ ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​ជា​ថ្មី​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប៊ែរឡាំង ក្រោម​ផ្លាក​ “បុណ្យសេរីភាពនិង​សន្តិភាព”។

ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ប្រឆាំង​នឹងកា​រពាក់​ម៉ាស ឬ​ក្រុមប្រឆាំង​នឹង​វិធានការ​ទប់​ស្កាត់​ជំងឺកូវីដ​១៩ ប្រមាណ​ជាង​១៨០០០​នាក់ បាន​​នាំ​គ្នា​ចុះ​​ធ្វើ​បាតុកម្ម​ ជា​ថ្មី​ នៅ​ថ្ងៃ​សៅរ៍​ទី ២៩​សីហា២០២០​នេះ នៅ​កណ្តាលក្រុង​ប៊ែរឡាំង កន្លែង​ដែល​ពួកគេ​ធ្លាប់​បាន​ប្រមូលផ្តុំគ្នាដ៏​ច្រើន​សន្ធឹកសន្ធាប់ម្តង (២ម៉ឺននាក់) កាលពី​ថ្ងៃទី ១​សីហា។ ប៉ុន្តែការ​​រៀប​ចំ​ជា​ព្រឹត្តិការណ៍ “ដើម្បី​សេរីភាព​និង​សន្តិភាព” ដែល​គ្រោង​​ដង្ហែក្បួន​ចេញ​ពីក្លោង​ទ្វារ Brandebourg ​ត្រូវបាន​ប៉ូលិស​អាល្លឺម៉ង់បំបែក​ភ្លាម តាំង​ពីម៉ោង​១១​ព្រឹក​ម៉ោង​ក្នុង​ស្រុក ដោយ​ប្រកាសថា ការ​ប្រមូល​ផ្តុំ​នេះ មិន​គោរព​គម្លាតសុវត្ថិភាព។

​ក្រោយ​ប៉ូលិស​បំបែក នៅ​ពេល​រសៀល បាតុករ ភាគ​ច្រើននាំ​គ្នា​​​អង្គុយ​ ខ្លះ​នៅ​ឈរ​លើ​ផ្លូវ ហើយស្រែក​ថា “តស៊ូៗ” ឬ​​ “យើង​ជា​ពលរដ្ឋ”ដែល​ជាពាក្យ​ស្លោក​របស់​ក្រុមស្តាំ​ជ្រុលនិយម​ រួច​នាំគ្នាច្រៀង​បទ​ភ្លេង​ជាតិ។ ក្រោយមក ​បាតុករ​ ចាស់​ក្មេង​ ខ្លះ​ជាគ្រួសារ​មានកូន​តូចៗ​ផង រាលដាលស្រែក​បណ្តេញ​លោកស្រី​ប្រមុខ​រដ្ឋាភិបាលពី​តំណែង។

បាតុកម្ម​ថ្ងៃ​​នេះ អាច​នឹង​មានលក្ខណៈ​ជ្រុលនិយម​ខ្លាំង ព្រោះក្រៅ​ពី​ជា​​សកម្មជន​ប្រឆាំង​នឹង​ការ​ចាក់​ថ្នាំ​បង្ការ ជា​ក្រុម​ដែល​យល់​ថាមានការ​ឃុបឃិត​បង្កើត​កូវីដ១៩ គេសង្កេត​ឃើញ​មាន​សកម្មជន​អ្នក​ស្តាំ​និយមជ្រុល ជា​ច្រើនមក​ចូល​រួម​ដែរ មានជាអាទិ៍​បក្ស​ជម្រើសថ្មី​អាល្លឺម៉ង់ បក្ស​អត្តសញ្ញាណជាតិ ព្រមទាំង​ក្រុម​ណាហ្ស៊ីបែបថ្មីទៀត។

សូម​បញ្ជាក់​ថាដូច​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប ករណី​ឆ្លងកូវីដ​១៩​នៅ​អាល្លឺម៉ង់់បានកើន​ឡើង​ជា​ថ្មី។​​ អាជ្ញាធរក្រុង​ប៊ែរឡាំងបាន​​ដាក់កំហិត​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស​គ្រប់​គ្នា និង​ ​បាន​ចេញ​បម្រាម កាលពី​ថ្ងៃ​ពុធទី ២៦​សីហា ​មិនឱ្យ​មាន​ការ​ជួបជុំធ្វើ​បាតុកម្មទេ ដោយ​ខ្លាច​បាតុករ​មិន​អាច​រក្សា​គម្លាតសុវត្ថិភាព​១ម៉ែត្រ​កន្លះ​ពី​គ្នា​បាន​។ ប៉ុន្តែ​ក្រុម​អ្នករៀប​ចំ​បាតុកម្ម​បាន​ប្តឹង​ឈ្នះ​នៅតុលាការ។ សម្រាប់​មេដឹកនាំបាតុកម្ម ដែល​គ្មាន​ពណ៌​សម្បុរ​នយោបាយ ​បម្រាម​របស់រដ្ឋាភិបាល​ជាការ​ប៉ុនប៉ង​វាយប្រហារ​រដ្ឋ​ធម្មនុញ្ញ​ដែល​ការពារ​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ ម្យ៉ាង​វិញ​ទៀត បើ​តាមបាតុករ​ ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ជំងឺកូវីដ១៩ ជា​ចំណាត់​ការ​បែប​​​ផ្តាច់ការដែល​ប៉ះពាល់​ដល់​សេរីភាពពលរដ្ឋ​។ បាតុករ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់​លោកស្រី មែរកិល ចុះ​ចេញ​ពី​តំណែងនិងរៀប​ចំ​ការ​បោះឆ្នោត​មុន​អាណត្តិ​នៅ​ខែ​តុលា​២០២០​នេះ​តែ​ម្តង។

ទន្ទឹមគ្នា​​នេះ ក្រុម​អ្នក​ឆ្វេង​និយម​ក៏​បាន​ប្រកូកប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​នេះ​វិញ​ដែរ ដោយ​ចង់​បង្ហាញថាអាល្លឺម៉ង់មិនអនុគ្រោះ​ដល់​ក្រុម​ប្រកាន់​​ពូជសាសន៍ ក្រុម​ជ្រុលនិយម​ និង​ក្រុមណាហ្ស៊ីទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI