ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​តែលតោ បន្ទាប់​ពី​ការ​ចុះ​ពី​តំណែង​របស់​លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ

សំឡេង ០៥:៣១
លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ (Roberto Azevedo) បាន​ចុះ​ចេញ​ពី​តំណែង​អគ្គនាយក​អង្គការ​ពាណិជ្ជកម្មពិភពលោកថ្ងៃទី៣១ សីហា ២០២០
លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ (Roberto Azevedo) បាន​ចុះ​ចេញ​ពី​តំណែង​អគ្គនាយក​អង្គការ​ពាណិជ្ជកម្មពិភពលោកថ្ងៃទី៣១ សីហា ២០២០ AFP

នៅ​ថ្ងៃ​ចន្ទ ទី៣១ សីហា លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ (Roberto Azevedo) បាន​ចុះ​ចេញ​ពី​តំណែង​អគ្គនាយក​អង្គការ​ពាណិជ្ជកម្មពិភពលោក ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WTO។ តាម​ធម្មតា អាណត្តិ​របស់​លោក​អាហ្សេវ៉េដូ​ត្រូវ​ចប់​នៅ​ឆ្នាំ ២០២១ តែ​លោក​បាន​ប្រកាស​ចុះ​ចេញ​មុន​អាណត្តិ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ពាក់​កណ្តាល​ខែ​ឧសភា​ដោយ​មូលហេតុ​គ្រួសារ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ដោយ​រង់ចាំ​ការ​ជ្រើសរើស​រូប​អគ្គនាយកថ្មី WTO នឹង​ត្រូវ​ដឹកនាំ​ដោយ​អគ្គនាយករង​ម្នាក់​ក្នុង​ចំណោម​អគ្គនាយករង​ទាំង ៤នាក់។ ក្រុម​អ្នកជំនាញ​បាន​ព្យាករណ៍​ថា ជម្រើស​រូប​អគ្គនាយក​ថ្មី​មិនមែន​ជា​រឿង​ងាយស្រួល និង​អាច​អូសបន្លាយ​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ការ​ចុះ​ពី​តំណែង​មុន​អាណត្តិ​របស់​លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ​បាន​ធ្វើ​ឡើង​ក្រោម​ហេតុផល​គ្រួសារ ឬ​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ លោក​បាន​បន្សល់​ទុក​អង្គការ​ពាណិជ្ជកម្មពិភពលោក ឬ​ហៅ WTO ឲ្យ​ស្ថិត​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ និង​កព្រា​គ្មាន​មេកើយ​មួយ​រយៈ​ទំរាំ​រក​បាន​មេកើយ​ថ្មី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រូប​មេកើយ​ថ្មី​នឹង​អាច​រក​បាន​នៅ​ពេល​ណា​ទេ តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន បេក្ខជន​ដែល​ចង់​ឡើង​អង្គុយ​កន្លែង​លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ​មិន​ខ្វះ​ទេ។ សរុប​ទាំង​អស់​មាន ៨នាក់​ដែល​ក្នុង​នោះ មាន ៣នាក់​មក​ពី​អាហ្រ្វិក ២នាក់​មក​ពី​អឺរ៉ុប ២នាក់​មក​ពី​អាស៊ី និង​ម្នាក់​មក​ពី​អាមេរិកឡាទីន។ តែ​ទោះ​អនាគត​អគ្គនាយក WTO ជា​ជនជាតិ​អ្វី​ក៏​ដោយ ក៏​មាន​ការងារ​ប្រឈម និង​លំបាក​ច្រើន​ណាស់​ដែល​កំពុង​រង់ចាំ​អគ្គនាយកថ្មី ពិសេស​ការ​ប្រទាញប្រទង់​គ្នា​ជាមួយ​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។

គួរ​បញ្ជាក់​ថា លោក​ដូណាល់ ត្រាំ​បាន​ទាមទារ​ឲ្យ WTO ធ្វើ​កំណែទម្រង់​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ដក​សមាជិកភាព​របស់​សហរដ្ឋអាមេរិក​ចេញ​ពី WTO ដូច​ដែល​លោក​បាន​ធ្វើ​ជាមួយ​អង្គការ​សុខភាពពិភពលោក​នា​ពេល​ថ្មីៗ​នេះ។ លោក​ដូណាល់ ត្រាំ​បាន​ស្តីបន្ទោស WTO ពី​ការ​មិន​ជួយ​ដោះស្រាយ និង​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្តីកង្វល់​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន និយាយ​ដោយឡែក និង​បញ្ហា​សេដ្ឋកិច្ច​សកល និយាយ​ជា​រួម។ លោក Manfred Elsig សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង​ប៊ែន ប្រទេស​ស្វ៊ីស​បាន​មើល​ឃើញ​ថា លោក​ត្រាំ​ចង់​បាន​អគ្គនាយកថ្មី WTO ដែល​ចេះ​ចែក​រំលែក​ក្តី​បារម្ភ​របស់​សហរដ្ឋអាមេរិក ពិសេស​ទាក់ទង​ជាមួយ​ចិន។

តែ​ជំហរ​ដាច់ខាត​របៀប​នេះ​របស់​លោក​ត្រាំ​នឹង​បង្ក​ការ​លំបាក​នៅ​ក្នុង​ជម្រើស​អគ្គនាយកថ្មី​ដែល​នឹង​ធ្វើ​ឡើង​តាម​កុងសង់ស៊ុស មាន​ន័យ​ថា ត្រូវ​មាន​ការ​យល់ព្រម​ពី​សមាជិក​ទាំង​អស់​ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត នេះ​ជា​ការ​បន្ថែម​របស់​លោក Manfred Elsig។ គួរ​បញ្ជាក់​ថា​តាម​គម្រោង WTO ត្រូវ​ផ្តើម​នីតិវិធី​ជ្រើសរើស​អគ្គនាយកថ្មី​ដោយ​ចែក​ចេញ​ពី ៣ដំណាក់កាល។ ដំណាក់កាល​ទី១ ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី១៦ កញ្ញា គឺ​ជា​ការ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​ម្នាក់ៗ​ដើម្បី​ជម្រុះ​បេក្ខជន​ចំនួន ៣នាក់​ដែល​អន់​ជាង​គេ​ក្នុង​ចំណោម​បេក្ខជន​ទាំង ៨នាក់។ រីឯ​ដំណាក់កាល​ទី២ និង​ទី៣ គ្រោង​ធ្វើ​នៅ​ក្នុង​ខែ​តុលា និង​វិច្ឆិកា។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកជំនាញ​បាន​ឯកភាព​គ្នា​ថា ការងារ​ជ្រើស​អគ្គនាយកថ្មី​នឹង​ជួប​ឧបសគ្គ​ច្រើន ព្រោះ​សូម្បី​តែ​ជ្រើស​ត្រឹម​អគ្គនាយកស្តីទី​កាល​ពី​ដំណាច់ខែ​កក្កដា​កន្លង​ទៅ​ក៏​ក្រុម​ប្រទេស​សមាជិក​និយាយ​មិន​ចុះ​សម្រុង​គ្នា​ដែរ។

ចូរ​កុំ​ភ្លេច​ថា​ក្នុង​ពេល​រង់ចាំ​រក​បាន​អគ្គនាយកថ្មី WTO នឹង​ត្រូវ​ដឹកនាំ​ដោយ​អគ្គនាយកស្តីទី​ម្នាក់​ដែល​ត្រូវ​ជ្រើស​ចេញ​ពី​អគ្គនាយករង​ទាំង ៤នាក់ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង ៤ មាន​ម្នាក់​ជា​ជនជាតិ​អាមេរិក ម្នាក់​ជា​ជនជាតិ​អាល្លឺម៉ង់ ម្នាក់​ជា​ជនជាតិ​នីហ្សេរីយ៉ា និង​ម្នាក់​ជា​ជនជាតិ​ចិន។ តែ​បញ្ហា​នៅ​ត្រង់​ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា​ទេ។ រដ្ឋបាល​អាមេរិក​បាន​ប្រឆាំង​នឹង​ការ​តែងតាំង​ជនជាតិ​អាល្លឺម៉ង់​ជា​អគ្គនាយកស្តីទី ខណៈ​ដែល​ប្រទេស​ភាគច្រើន​បាន​យល់ព្រម។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​លោកស្រី Elvire Fabry យល់​ថា ជា​ឆន្ទៈ​របស់​លោក​ដូណាល់ ត្រាំ​ដែល​ចង់​រឹតបន្តឹង​ជំហរ​ជាមួយ​សហភាពអឺរ៉ុប​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

តែ​លោកស្រី Elvire Fabry មិន​ភ្លេច​និយាយ​ទេ​ថា រដ្ឋបាល​អាមេរិក​ក៏​ចង់​ឃើញ​អង្គការ WTO បន្ត​ស្ថិត​ក្នុង​សម័យអន្តរកាល​រយៈពេល​យូរ​លើស​ពី​ការ​គ្រោង​ទុក និង​មិន​ចង់​ឃើញ​ជនជាតិ​អឺរ៉ុប​ឡើង​អង្គុយ​កៅអី​អគ្គនាយក WTO ទោះ​ជា​ក្នុង​នាម​ជា​អគ្គនាយកថ្មី ឬ​ត្រឹម​ជា​អគ្គនាយកស្តីទី​ក៏​ដោយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​ពិត​ជា​ពិបាក​វាស់វែង និង​ថ្លឹងថ្លែង​ពី​កម្រិត​នៃ​សិទ្ធិអំណាច​ដែល​ភាគី​អាមេរិក​អាច​រារាំង​នៅ​ក្នុង​នីតិវិធី​នៃ​ការ​តែងតាំង​អគ្គនាយកថ្មី WTO នេះ​ជា​ចំណាប់​អារម្មណ៍​របស់​លោក Sébastien Jean នាយក​មជ្ឈមណ្ឌល​សិក្សា​អនាគត និង​ព័ត៌មាន​អន្តរជាតិ។ តាម​លោក Sébastien គេ​ហាក់​មាន​អារម្មណ៍​ថា ភាគី​អាមេរិក​អាច​នឹង​មិន​សូវ​បញ្ចេញ​សកម្មភាព និង​បង្ហាញ​ឆន្ទៈ​តិចតួច​ក្នុង​រឿង​នេះ​ពី​ពេល​នេះ​ទៅ​ថ្ងៃទី៣ វិច្ឆិកា​ដែល​ជា​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

មាន​អ្នក​ជំនាញ​ខ្លះ​បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា មិន​ដែល​មាន​ទេ​ដែល​នីតិវិធី​នៃ​ការ​ជ្រើសរើស​អគ្គនាយក WTO លើក​នេះ​បាន​ប្រទាញប្រទង់​គ្នា​ខ្លាំង​ដោយ​រឿង​នយោបាយ។ មាន​អ្នក​ទៀត​ហ៊ាន​ទាំង​អះអាង​ថា បើ​រញ៉េរញ៉ៃ​ខ្លាំង​ពេក នីតិវិធី​តែងតាំង​អគ្គនាយក WTO គួរ​តែ​រៀបចំ​តាម​ការ​បោះឆ្នោត​ដែល​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិ​របស់ WTO។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ១៩៩៩ នៅ​ពេល​ដែល​ប្រទេស​សមាជិក​និយាយ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ជ្រើសរើស​អគ្គនាយក​តែ​មួយ គេ​បាន​សម្រេច​តែងតាំង​អគ្គនាយក ២រូប​ដែល​ត្រូវ​ចែក​គ្នា​កាន់​តំណែង​ម្តង​ម្នាក់​សម្រាប់​រយៈពេល ៣ឆ្នាំ​ក្នុង​ម្នាក់ៗ។ តែ​គ្រប់​គ្នា​សង្ឃឹម​ថា រឿង​ច្រំដែល​មួយ​នេះ​នឹង​មិន​អាច​កើត​មាន​ជា​ថ្មី​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI