អានតួអត្ថបទ
ទស្សនៈសារព័ត៌មានបរទេស

តើ​សារព័ត៌មាន​បរទេស​ចាប់​អារម្មណ៍​នឹង​ការ​ស្លាប់​របស់ ឌុច យ៉ាង​ណា​ខ្លះ ?

ឌុច អតីត​មេគុក​ទួលស្លែង ឬ ស២១ ស្លាប់ នៅ​ថ្ងៃទី ២ កញ្ញា ២០២០
ឌុច អតីត​មេគុក​ទួលស្លែង ឬ ស២១ ស្លាប់ នៅ​ថ្ងៃទី ២ កញ្ញា ២០២០ ECCC/AFP/File
ដោយ៖ អៀង សុខម៉ិញ
២០ នាទី

លោក កាំង ហ្កិចអ៊ាវ ហៅ​ឌុច អតីត​មេគុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម បាន​ស្លាប់​ នៅ​ថ្ងៃទី ២ កញ្ញា ២០២០ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​សារព័ត៌មាន​បរទេស មានអាទិ៍​សារព័ត៌មាន​បារាំង អង់គ្លេស នៅនាយ​ មិន​បាន​មើលរំលង​ដំណឹង​មួយ​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

កាសែត​លីបេរ៉ាស្យុង Liberation ​  បាន​ជូន​ដំណឹងអំពី​ការ​ស្លាប់​របស់​ឌុច ក្នុង​ទំព័រវេបសាយ​ ត្រង់​ព័ត៌មាន​ផ្សាយ​ផ្ទាល់ថា ឌុចមេគុក​សម័យ​ខ្មែរ​ក្រហម​ស្លាប់​ក្នុង​វ័យ​៧៧ឆ្នាំ។ កាសែត​បាន​ចុះផ្សាយ​យ៉ាង​ខ្លី​ ដោយ​ស្រង់​ប្រភព​ពី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ នេត្រ ភក្ត្រា ថា​មេ​ពន្ធនាគារ​ដ៏​គួរ​ខ្លាច​បំផុត​ ឈ្មោះ កាំងហ្កិចអ៊ាវ ហៅ​ឌុច បានស្លាប់នៅ​មន្ទីរពេទ្យ។​​

កាសែត​ឡឺម៉ុង LeMonde ​ដ៏​ល្បីល្បាញ​របស់​បារាំង បាន​ចុះ​ផ្សាយ​ដំណឹង​មរណភាព​របស់​ឌុច តាំង​ពីម៉ោង​បីភ្លឺម៉ោង​នៅស្រុក​បារាំង​ត្រូវ​ជា​ម៉ោង​៨​ព្រឹក​ម៉ោង​នៅកម្ពុជា​ នៅលើទំព័រ​មុខ​នៃ​វេបសាយ​របស់​ខ្លួន ជាមួយ​នឹង​រូប​ថត​ឌុច ពាក់អាវសឺមិ​ដៃ​ខ្លី ឈរ​បង្ហាញ​ខ្លួន​នៅ​ក្នុង​អង្គ​សវនាការ​នៃ​តុលាការខ្មែរ​ក្រហមក្រុង​ភ្នំពេញ​ផង។​ ជាមួយ​នឹងចំណង​ជើង​យ៉ាង​ខ្លី ថា « ឌុច អតីត​មេធ្វើ​ទារុណកម្មខ្មែរក្រហម ស្លាប់ » ឡឺម៉ុង បាន​សរសេរ​អត្ថបទ​​យ៉ាង​វែង រៀប​រាប់​លម្អិត​តាំង​ពី​ ថ្ងៃ​​កំណើត (កើតថ្ងៃទី ១៧វិច្ឆិកា១៩៤២)​ ការ​រៀនសូត្រ  គ្រួសារ និងប្រវត្តិនៃ​​ការ​ចូល​ធ្វើ​បដិវត្តរបស់​ឌុច ព្រមទាំង​​អំពី​បច្ចេកទេស​​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ​ទួលស្លែង ក្រោមការ​គ្រប់គ្រង​របស់​ឌុច ព្រមទាំង​ប្រវត្តិ​រក​ឃើញ​រូប​ឌុច​ និង​ការ​ចាប់​ខ្លួន​ឌុច រហូត​បាន​នាំ​មកកាត់​ទោសនៅ​ចំពោះមុខ​តុលាការ​ខ្មែរក្រហម ដែល​ចេញ​សាលក្រម​ដាក់​ទោស​ឌុច​អស់​មួយ​ជីវិត​នៅ​ឆ្នាំ​២០១០។ ឡឺម៉ុង​បាន​​រំលេច​រូប​ថតកាលពី​ឌុច​ ​ក្នុង​សម្លៀកបំពាក់​អាវ​ខ្មៅ​ខោ​ខ្មៅ​ ពាក់ស្បែង​ជើង​កង់​ឡាន បន្ថែមក្នុង​អត្ថបទ​របស់​ខ្លួនទៀត​ផង។

មិន​ខុស​ពី​ឡឺម៉ុង កាសែត​អង់គ្លេស​ ប៊ីប៊ីស៊ី BBC ក៏​បាន​ចុះផ្សាយ​អត្ថបទ​ដ៏​លម្អិត​ដែរ​ទាក់​ទងប្រវត្តិកំណើត​និង​ការងារ​របស់​​ឌុច មិន​ចាញ់​ឡឺម៉ុង​ទេ។ ជាមួយ​នឹងរូប​ថត​ឌុច​មួយ​កំណាត់​ខ្លួន​ភ្ជាប់​ដោយ​ឃ្លា​ថា “សមមិត្តឌុច​ថា​ធ្វើ​តាម​បញ្ជា​ពី​ថ្នាក់លើ” ប៊ីប៊ីស៊ី​បាន​ដាក់​ចំណង​ជើងអត្ថបទ​ខ្លួនថា សមមិត្ត​ឌុច​ មេពន្ធនាគារខ្មែរក្រហមស្លាប់ បន្ត​ដោយ​​រូបថត​បន្ទប់​ឃុំឃាំង ក្បាលខ្មោច ក្នុង​តួអត្ថបទយ៉ាង​ច្រើន​ទៀត។ ប៊ីប៊ីស៊ី ​បាន​ឆ្លៀត​រំលឹក​ថា​ ឌុច​ជា​អតីត​ខ្មែរក្រហម​ម្នាក់​ដែល​តុលាការ​អង្គការ​សហប្រជាជាតិ​បានកាត់​ទោស​ចប់​សព្វគ្រប់​ដាក់​ពន្ធនាគារ​អស់មួយ​ជីវិត ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្មសង្គ្រាម។ ក្រៅ​អំពី​អត្ថបទ​ទាក់ទង​នឹង​ការស្លាប់ ប៊ីប៊ីស៊ី បាន​ចំណាយ​មួយ​ទំព័រ​ទៀត សរសេរ​វិភាគ​អំពី​ឌុច ក្រោម​ចំណង​ជើង​ថា “ឌុច និម្មិត្តរូប​នៃ​អំពើ​ព្រៃផ្សៃ​របស់​ខ្មែរក្រហម”។

សម្រាប់​ អាល់ហ្សាហ្ស៊ីរ៉ា ក៏​មិន​ខុស​ពី​ប្រភពព័ត៌មាន​បរទេស​ដទៃដែរ កាសែត​បាន​ផ្តិត​រូបថត​លោក ប៊ូ ម៉េង​ អតីត​អ្នក​ទោស​ទួលស្លែង​ដែល​បាន​រួច​ជីវិត​ក្រោយ​របប​ខ្មែរក្រហម កំពុង​ចង្អុល​រូប​ថត​​ឌុច​ក្នុង​ស៊ុម មក​រំលេច​ក្នុង​អត្ថបទ​ចុះផ្សាយ​អំពី​ដំណឹង​មរណភាព​របស់​មេគុក ដែល​បានធ្វើ​ទារុណកម្ម​ ​សម្លាប់ ឬ​បញ្ជូន​ទៅ​ធ្វើ​ការ​ជា​ទម្ងន់​រហូត​ដល់​ស្លាប់ នូវអ្នកទោស​យ៉ាង​ហោច ១៤០០០នាក់។

មរណភាព​របស់​ឌុច​មេគុកទួលស្លែង នេះ​ជា​ចំណង​ជើង​របស់​វេបសាយព័ត៌មាន​ Le petit journal ដែល​​បានបញ្ជាក់​ថា អ្នកទោស​ទួលស្លែង ឬ​ស២១ ទទួល​ទារុណកម្ម​ជា​ស្វ័យប្រវត្តិ​និង​ ត្រូវ​តែ​ស្លាប់។ ក្នុង​ចំណោម​អ្នក​ទោស​ប្រមាណ​១៨០០០​នាក់​ មាន​អ្នក​ទោស​៧នាក់ និង​កុមារ​បួន​នាក់​ប៉ុណ្ណោះ នៅមាន​ជីវិត​ នៅ​ថ្ងៃ​រំដោះ​ថ្ងៃទី ៧មករា១៩៧៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ