ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​អាល្លឺម៉ង់​មាន​តួនាទី​សំខាន់​ក្នុងការ​ដឹកនាំ​អឺរ៉ុប?

សំឡេង ០៥:០៩
លោកស្រី​អង់ហ្គេឡា មែរកិល ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក​អេម៉ានុយអែល ម៉ាក្រុង នៅទីក្រុងព្រុចស៊ែល កាល​ពីថ្ងៃទី២១ កក្កដា ២០២០
លោកស្រី​អង់ហ្គេឡា មែរកិល ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក​អេម៉ានុយអែល ម៉ាក្រុង នៅទីក្រុងព្រុចស៊ែល កាល​ពីថ្ងៃទី២១ កក្កដា ២០២០ POOL/AFP

ដោយសារមានគ្រឹះសេដ្ឋកិច្ចរឹងមាំ និង​មានចំនួនប្រជាជនច្រើន អាល្លឺម៉ង់ត្រូវគេមើលឃើញថា មានវាសនាដឹកនាំអឺរ៉ុប ទោះបីជា ​ប្រទេសក្បាលម៉ាស៊ីនអឺរ៉ុបមួយនេះ អាចត្រូវប្រឈមបញ្ហាផ្សេងៗ។ ជាទូទៅ គេយល់ថា អំណាចអាល្លឺម៉ង់ នៅទីក្រុងព្រុចសែល មានស្ថានភាពស្មើនឹងនយោបាយនៃ ការលាក់កំបាំង មើលមិនឃើញ ពិបាកវាស់វែង ប៉ុន្តែ មានវត្តមាននៅគ្រប់ទីកន្លែង។ ទោះយ៉ាងណា អ្នកជំនាញភ្នែកមុតយ៉ាងច្រើន បង្ហាញជំហរថា អាល្លឺម៉ង់ អាចមានមធ្យោបាយច្រើនដើម្បីផ្លាស់ប្តូរ និងដឹកនាំអឺរ៉ុបទាំងមូល ប្រសិនបើប្រជាជាតិមួយនេះ ជ្រើសរើសធ្វើវា។

ផ្សាយពាណិជ្ជកម្ម

ការសម្រេចបានកិច្ចព្រមព្រៀង ក្នុងគម្រោងថវិកាបំណុលរួម ដើម្បី​សង្គ្រោះសេដ្ឋកិច្ច នៃបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប ប្រឈមនឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បង្ហាញជាភ័ស្តុតាងថា អាល្លឺម៉ង់ មានអំណាចធំធេងគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរ ឬដឹកនាំអឺរ៉ុបទាំងមូល។ បើគ្មានការយល់ព្រម និងការដឹកនាំដោយ​អាល្លឺម៉ង់ទេ កិច្ចព្រមព្រៀងនេះមិនអាចសម្រេចបានទេ។ នៅខែមេសា លោកស្រី Angela Merkel ដែលជាអធិការបតីអាល្លឺម៉ង់ មានជំហរប្រឆាំងនឹងគម្រោងបំណុលរួមនេះ ក៏ប៉ុន្តែ ក្រោយមក លោកស្រីបានសម្រេចចិត្តចូលរួមជាមួយ លោក Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងការគាំទ្រគម្រោងនេះ។ ការរួបរួមគ្នាពីសំណាក់ប្រទេសធំៗទាំងពីរ បានរុញច្រានឱ្យបណ្ដាប្រទេសសមាជិកតូចៗ ងាកមករកចំណុចរួមបាននៅទីបញ្ចប់។ អ្នកជំនាញខ្លះបានលើកឡើងថា លោក Macron និងលោកស្រី Merkel កំពុងកសាងអនាគតរបស់អឺរ៉ុប ក៏ប៉ុន្តែ ធាតុពិតជាក់ស្ដែង ឥទ្ធិពលរបស់បារាំង មិន​អាចប្រៀបផ្ទឹមជាមួយអាល្លឺម៉ង់បានទេ។ ដោយសារ ថាមពលសេដ្ឋកិច្ចទន់ខ្សោយ និងប្រជាជនតិចជាង បារាំង​មានវាសនា ត្រឹមជាតួអង្គរង ក្នុងការដឹកនាំអឺរ៉ុប។

ហេតុអ្វីអាល្លឺម៉ង់មានវាសនាដឹកនាំអឺរ៉ុប?

ហេតុផលទី១៖ ការដឹកនាំក្នុងរដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវគេស្គាល់ថា មានលំនឹង និងមានភាពឋិតថេរ។ ស្ថិរភាពនយោបាយផ្ទៃក្នុង នៅប្រទេសអាល្លឺម៉ង់ ក្នុងភាពជាក្បាលម៉ាស៊ីនអឺរ៉ុប អំឡុងរយៈពេលរាប់ទសវត្សរ៍ចុងក្រោយ បានបង្កឱ្យមានភាពប្រាកដប្រជា និងជំនឿជឿជាក់ លើនយោបាយ និងសេដ្ឋកិច្ចអាល្លឺម៉ង់ ពីបណ្ដាប្រទេសផ្សេងៗ។ ក្នុងពេល​បច្ចុប្បន្នស្រាប់ អាល្លឺម៉ង់ គឺជាអ្នកដឹកនាំអឺរ៉ុប រួចទៅហើយ ក្នុងរាល់កិច្ចប្រជុំ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក ទោះបីជា ក្នុងន័យបច្ចេកទេស គឺ លោក Charles Michel (អតីតនាយករដ្ឋមន្ត្រីបែលហ្ស៉ិក) ជាប្រធាន​សហភាពអឺរ៉ុប។ លោកស្រី Angela Merkel បានដឹកនាំយូរជាង មេដឹកនាំបារាំង អេស៉្បាញ អ៊ីតាលី និងប៉ូឡូញ បូកបញ្ចូលគ្នាទៅទៀត។ ផ្ទុយទៅវិញ ​គ្មានប្រធានាធិបតីបារាំងណាម្នាក់ អាចឈ្នះឆ្នោត នៅអាណតិ្តទី២របស់ខ្លួន ចាប់តាំងពីលោកស្រីឡើងកាន់តំណែង ខណៈនាយករដ្ឋមន្រ្តីអ៊ីតាលី ឯណោះវិញ ភាគច្រើនមិនបានបញ្ចប់អាណត្តិដំបូងរបស់ខ្លួនផង។

ហេតុផលទី២៖ ការអភិវឌ្ឍសេដ្ឋកិច្ចអាល្លឺម៉ង់ មានកំណើនយ៉ាងល្អ ហើយអាល្លឺម៉ងខ្លួនឯងផ្ទាល់ត្រូវការទីផ្សារអឺរ៉ុប។ អ្នកជំនាញខ្លះគូសបញ្ជាក់ថា សេដ្ឋកិច្ចអាល្លឺម៉ង់ ទទួលបានផលប្រយោជន៍ច្រើនពីអឺរ៉ុប។ ប្រសិនបើ អឺរ៉ុប ឬគម្រោងប្រាក់អឺរ៉ូជោគជ័យ ក៏មានន័យថា អាល្លឺម៉ង់ជោគជ័យផងដែរ។ ទីផ្សារអឺរ៉ុបតែមួយ អនុញ្ញាតឱ្យ ខ្សែសង្វាក់ផ្គត់ផ្គង់របស់អាល្លឺម៉ង់ មានប្រសិទ្ធិភាព ហើយទំនិញអាល្លឺម៉ង់ អាច​ហូរយ៉ាងរលូនទៅកាន់ទីផ្សារអឺរ៉ុប។ ប្រាក់អឺរ៉ូ បានអនុញ្ញាតឱ្យការនាំចេញរបស់អាល្លឺម៉ង់កើនឡើង ដោយអាល្លឺម៉ង់ មិនចាំបាច់បញ្ចុះតម្លៃរូបិយវត្ថុខ្លួន។ អត្រាអ្នកអត់ការងារធ្វើនៅប្រទេសអាល្លឺម៉ង់ មានត្រឹមតែ ៣,៥%ប៉ុណ្ណោះ ពោលវាជាអត្រាទាបជាងពាក់កណ្តាល ក្នុងតំបន់អឺរ៉ូទាំងមូល។ តួលេខនេះ តំណាងឱ្យមួយភាគបួននៃតួលេខរបស់អេស្បាញ។ ពីដំបូង គម្រោងបង្កើតសហភាពអឺរ៉ុប ត្រូវគេសន្មតថា អាចជាយន្តការជំរុញឱ្យមានការអភិវឌ្ឍឱ្យ​ទាន់គ្នា ជាជាងការបង្កើនគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ កាន់តែខ្លាំង។ ជាក់ស្ដែង រឿងនេះមិនបានកើតឡើងទេ។ នៅពេលប្រាក់អឺរ៉ូត្រូវដាក់ចេញឱ្យប្រើប្រាស់ នៅដើមឆ្នាំ២០០០ ផលិតផលក្នុងស្រុកសរុប (G.D.P) របស់អ៊ីតាលី មានកម្រិតទាបជាងអាល្លឺម៉ង់តែ២០% ប៉ុន្តែឥឡូវ គម្លាតនេះមានកម្រិតជិត៤០%។ តួលេខនេះកាន់តែមានទំហំធំ អំឡុងវិបត្តិសេដ្ឋកិច្ច។ ផ្អែកតាមអ្នកជំនាញខ្លះ កត្តានេះក៏អាចជាមូលហេតុមួយចម្បង ដែលរុញច្រានឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ហាក់ងាកមកផ្តោតលើការដឹកនាំ និងការរួមចំណែករបស់ខ្លួនកាន់ច្រើន ចំពោះអឺរ៉ុប។

ហេតុផលទី៣៖ អាល្លឺម៉ង់ កាន់តែត្រូវការអឺរ៉ុប ខណៈទំនាក់ទំនងរវាងអាល្លឺម៉ង់ និងអាមេរិក បានរង្គោះរង្គើល ក្រោមអាណត្តិដឹកនាំ របស់ លោកដូណាល់ ត្រាំ។ ជាក់ស្ដែង អាមេរិក ដែលជាមូលដ្ឋានគ្រឹះនៃវិបុលភាពរបស់អាល្លឺម៉ង់ និងជាទីផ្សារនាំចូលដ៏ធំរបស់អាល្លឺម៉ង់ នៅសម័យក្រោយសង្គ្រាម បានក្លាយជាសម្ព័ន្ធមិត្តខុសប្រក្រតីរបស់អាល្លឺម៉ង់។ ដូច្នេះ គំនិតផ្តួចផ្ដើម ដើម្បីពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ត្រូវគេមើលឃើញថា អាចជាមធ្យោបាយមួយដ៏ល្អបំផុត ក្នុងការការពារអឺរ៉ុបពីការគំរាមកំហែងខាងក្រៅ។

តើអាចមានបញ្ហាអ្វីខ្លះដែលអាល្លឺម៉ង់ត្រូវប្រឈមក្នុងការដឹកនាំអឺរ៉ុប?

បញ្ហាប្រឈមទី១៖ យោងតាមមេរៀនប្រវត្តិសាស្រ្ដ ជាពិសេសនៅក្រោយសង្គ្រាមលោក អាល្លឺម៉ង់ខ្លួន​ឯងផ្ទាល់ ហាក់មិនប្រាថ្នាបញ្ចេញពន្លឺ ឬក៏ចង់ដឹកនាំអឺរ៉ុបទាំងមូលនោះទេ។ មូលហេតុនេះហើយ ដែល​ការធ្វើខ្លួនឱ្យមានពន្លឺតិច នៅ​សហភាពអឺរ៉ុប អាចជានយោបាយយុទ្ធសាស្រ្ដមួយសម្រាប់អាល្លឺម៉ង់។ អាល្លឺម៉ង់មិនចូលចិត្ត ឱ្យគេមើលឃើញថាខ្លួនមានទម្ងន់ធ្ងន់នោះទេ ហើយ ស្ថានភាពនេះមានភាពសមស្របជាមួយអាល្លឺម៉ង់។ ជាទូទៅ គេយល់ថា អំណាចអាល្លឺម៉ង់ នៅទីក្រុងព្រុចសែល មានស្ថានភាពស្មើនឹងនយោបាយនៃ ការលាក់កំបាំង មើលមិនឃើញ ពិបាកវាស់វែង ប៉ុន្តែ មានវត្តមាននៅគ្រប់ទីកន្លែង។

បញ្ហាប្រឈមទី២៖ សម្រាប់នយោបាយផ្ទៃក្នុង ប្រជាជនអាល្លឺម៉ង់ ហាក់មិន​ចង់ឃើញអាល្លឺម៉ង់ដឹកនាំអឺរ៉ុបទេ ព្រោះល្គឹកណាតែអាល្លឺម៉ង់ មានអំណាចកាន់តែធំ ក្នុងការដឹកនាំអឺរ៉ុប ទំនួលខុសត្រូវក៏មិនកម្រិតខ្ពស់ផងដែរ។ ក្នុងន័យនេះ អាល្លឺមង់នឹងត្រូវចំណាយកាន់តែច្រើន ដែលវានឹងរុញច្រានឱ្យ​ប្រជាជនអាល្លឺម៉ង់ ត្រូវបង់ពន្ធកាន់តែច្រើន។ លោកស្រី Angela Merkel ធ្លាប់ចង្អុលបង្ហាញថា ប្រទេសអាល្លឺម៉ង់មិនសមនឹងតួនាទី ក្នុងការដឹកនាំអឺរ៉ុបទាំងមូលតែឯងទេ ព្រោះថានយោបាយនៃប្រទេសខ្លួន មានភាពស្មុគស្មាញខ្លាំង ជាពិសេស ពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយបែបរដ្ឋសហព័ន្ធ។ ទោះយ៉ាងណា អ្នកជំនាញភ្នែកមុតយ៉ាងច្រើន បង្ហាញជំហរថា អាល្លឺម៉ង់ អាចមានមធ្យោបាយច្រើនដើម្បីដឹកនាំ និងផ្លាស់ប្តូរអឺរ៉ុប ប្រសិនបើប្រជាជាតិមួយនេះ ជ្រើសរើសធ្វើវា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI