រុស្ស៊ី-អាល្លឺម៉ង់-ណាវ៉ាល់នី

អាល្លឺម៉ង់ថាមេដឹកនាំប្រឆាំងរុស្ស៊ីត្រូវបំពុលដោយសារធាតុប្រើក្នុងអាវុធគីមី

លោក​អាឡិចសី ណាវ៉ាល់នី (Alexei Navalny) មេដឹកនាំ​ប្រឆាំង​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ កាល​ពីថ្ងៃទី២៩ កុម្ភៈ ២០២០
លោក​អាឡិចសី ណាវ៉ាល់នី (Alexei Navalny) មេដឹកនាំ​ប្រឆាំង​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ កាល​ពីថ្ងៃទី២៩ កុម្ភៈ ២០២០ AP Photo/Pavel Golovkin

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អះអាង នៅថ្ងៃ​ពុធ​ថា ឆ្លងតាមការពិនិត្យ​របស់​គ្រូពេទ្យ គេ​បាន​​រកឃើញ​ភស្តុតាង​ដែល​បញ្ជាក់ច្បាស់​ថា លោក​អាឡិចសី ណាវ៉ាល់នី មេដឹកនាំ​ប្រឆាំង​រុស្ស៊ី គឺ​ពិត​ជា​ត្រូវ​បំពុល​ដោយសារ​ធាតុ​ ដែល​គេ​ប្រើ​ក្នុងអាវុធ​គីមី ស្រដៀងគ្នា​ទៅនឹង​សារធាតុ ដែល​បំពុល​សម្លាប់​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ពេល​កន្លងមក។ អាល្លឺម៉ង់​ក៏​បាន​​​ទាមទារ​ផងដែរ​ឲ្យ​​រុស្ស៊ី​បកស្រាយ​បំភ្លឺ​ជា​បន្ទាន់​ជុំវិញ​រឿងនេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅថ្ងៃ​ពុធ មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ដោយ​មន្ទីរពិសោធន៍​កងទ័ព​អាល្លឺម៉ង់​បញ្ជាក់​យ៉ាង​ច្បាស់ ដោយ​គ្មាន​មន្ទិល​សង្ស័យ​ថា លោក​អាឡិចសី ណាវ៉ាល់នី គឺ​ពិត​ជា​ត្រូវ​ថ្នាំបំពុល ហើយ​ថ្នាំបំពុល​នេះ ស្ថិត​ក្នុង​ប្រភេទ​សារធាតុ​គីមី​ឈ្មោះ ណូវីឆុក (Novichok)។ ព័ត៌មាន​ដែល​ត្រូវ​បាន​បញ្ជាក់​បន្ថែម​ដោយ​លោកស្រី​អង់ហ្គេឡា មែរកិល​ ដោយ​ផ្ទាល់​មាត់ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន។

គួរបញ្ជាក់ថា ណូវីឆុក គឺ​ជា​ប្រភេទ​សារធាតុ​គីមី ដែល​ប្រើ​ក្នុង​កម្មវិធី​អាវុធ​គីមី​របស់​សហភាព​សូវៀត នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ហើយ​ឈ្មោះ ណូវីឆុក​នេះ ត្រូ​វ​បាន​សាធារណជន​ទូទៅ​ស្គាល់​ច្រើន ចាប់​តាំង​ពី​ឆ្នាំ២០១៨​កន្លងទៅ ក្រោយ​ពី​វា​ត្រូវ​បាន​គេ​ប្រើ ដើម្បី​បំពុល​សម្លាប់​អតីត​ទីភ្នាក់ងារ​ចារកិច្ច ដែល​រស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

គួររំឭកឡើងវិញ​ថា លោក​អាឡិចសី ណាវ៉ាល់នី មេដឹកនាំ​ប្រឆាំង​ដ៏​ចម្បង​មួយ​ទល់​នឹង​លោក​វ៉្លាឌីមៀរ ពូទីន បាន​ធ្លាក់​ខ្លួន​ឈឺ កាល​ពីថ្ងៃ​ទី២០​សីហា​កន្លងទៅ នៅ​ក្នុង​អំឡុង​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ ក្នុង​ជើងហោះហើរ​ក្នុងស្រុក រវាង​ស៊ីបេរី និង​ម៉ូស្គូ ហើយគេ​សង្ស័យ​ថា លោក​ត្រូវ​ថ្នាំពុល​ក្នុងទឹកតែ ដែល​លោក​បាន​ផឹក នៅ​ព្រលាន​យន្តហោះ​។ ក្រោយ​ពី​ទទួល​ការ​ព្យាបាល​ដោយ​ពេទ្យ​ក្នុង​ស្រុក​បាន​ប៉ុន្មាន​ថ្ងៃ លោក​ណាវ៉ាល់នី ត្រូវ​បាន​គេបញ្ជូន​មក​ព្យាបាល​នៅ​អាល្លឺម៉ង់ ចាប់តាំង​ពីថ្ងៃ​ទី២២​សីហា។

លោកស្រី​អង់ហ្គេឡា មែរកិល បាន​​លើកឡើង ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​អាឡិចសី ណាវ៉ាល់នី គឺ​ពិត​ជា​ត្រូវ​គេ​ប៉ុនប៉ងធ្វើឃាត ហើយ​ថា រុស្ស៊ី​ត្រូវតែ​បំភ្លឺ​ឲ្យ​ច្បាស់​ជុំវិញ​បញ្ហា​នេះ។ លោកស្រី​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា លោកស្រី​នឹង​ពិគ្រោះជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​អូតង់​ និង​សហភាព​អឺរ៉ុប ដើម្បី​ជជែក​គ្នា​អំពី​វិធានការ​​ឆ្លើយតប​ចំពោះ​រុស្ស៊ី។

យោងតាម​មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ ក្រៅពី​សហភាព​អឺរ៉ុប និង​អូតង់ អាល្លឺម៉ង់​ក៏​គ្រោង​នឹង​ជូន​ដំណឹង​ផងដែរ ទៅ​អង្គការ​​ហាមឃាត់​អាវុធ​គីមី ជុំវិញ​​លទ្ធផលស៊ើបអង្កេត​ករណី​បំពុល​លោក​ណាវ៉ាល់នី​នេះ។

ពី​ខាង​រុស្ស៊ី​វិញ មន្រ្តី​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី នៅថ្ងៃ​ពុធ​ថា រុស្ស៊ី​មិនបាន​ទទួល​ព័ត៌មាន​ណាមួយ​​នោះទេពីអាល្លឺម៉ង់​ ទាក់ទង​នឹង​​​ការ​រកឃើញ​ថា លោក​អាឡិចសី ណាវ៉ាល់នី​ត្រូវ​បំពុល​ដោយ​សារធាតុ​គីមី​ណូវីឆុក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI