មេប្រឆាំងរុស្ស៊ីរងថ្នាំបំពុលគីមី

មេប្រឆាំង​រុស្ស៊ីត្រូវ​បំពុល​ដោយសារធាតុ គីមី ណូវីឆុក ជា​សំណុំរឿង​ឈឺក្បាល​សម្រាប់​អាល្លឺម៉ង់

លោក​អាឡិចសី ណាវ៉ាល់នី (Alexei Navalny) មេដឹកនាំ​ប្រឆាំង​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​បាតុករ កាលពីខែ​កញ្ញា ២០១៩
លោក​អាឡិចសី ណាវ៉ាល់នី (Alexei Navalny) មេដឹកនាំ​ប្រឆាំង​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​បាតុករ កាលពីខែ​កញ្ញា ២០១៩ REUTERS - Shamil Zhumatov

អាល្លឺម៉ង់ នៅថ្ងៃ​សុក្រទី​៤ កញ្ញា ២០២០ បាន​លើក​និយាយ​ពី​ករណី​ប៉ុនប៉ង​ធ្វើឃាត​មេប្រឆាំង​រុស្ស៊ី លោក​អាឡិចសី ណាវ៉ាល់នី ដែលត្រូវ​បាន​ភាគី​អាល្លឺម៉ង់ រកឃើញ​ថា បាន​រងការបំពុល ដោយ​សារធាតុ​គីមី ណាវីឆុក។ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ បាន​ទាមទារ​រុស្ស៊ី​ឲ្យ​បកស្រាយ​បំភ្លឺ ពី​ករណី​បំពុល​ដោយប្រើ​សារធាតុគីមី ណាវីឆុក​ទៅលើ​មេប្រឆាំង​រុស្ស៊ី។ នៅពេល មេដឹកនាំ​អឺរ៉ុប​គំរាម​ពីការ​ដាក់ទណ្ឌកម្ម ថ្មី ប្រឆាំង​រុស្ស៊ី ​វិមាន​ក្រេមឡាំង បាន​បដិសេធ ថា ខ្លួន គ្មានជាប់ទាក់ទង​នឹង​ការបំពុល មេប្រឆាំង​រុស្ស៊ី លោក ណាណាវ៉ាល់នី នោះទេ។

ផ្សាយពាណិជ្ជកម្ម

អូតង់​បាន​បើកកិច្ចប្រជុំ​នៅថ្ងៃ​សុក្រនេះ ដើម្បី និយាយ​ពីករណី​ប៉ុនប៉ង​ធ្វើឃាត មេប្រឆាំង រុស្ស៊ី លោក​អាឡិចសី ណាវ៉ាល់នី ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​អះអាង ថា បាន​រង​សារធាតុ​បំពុល ណូវីឆុក Novichok។ កាលពី​ថ្ងៃ​ពុធ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា មែរកិល បាន​និយាយ​ថា លទ្ធផល​ធ្វើតេស្ត​បាន​បង្ហាញ ជាក់ច្បាស់ ថា លោក ណាវ៉ាល់នី ត្រូវបំពុល​ដោយសារធាតុ​គីមី ណូវីឆុក។ សម្រាប់​លោកស្រី មែរកិល មានតែ​រុស្ស៊ីទេ ដែល​អាច​ពន្យល់ និង​ត្រូវ​តែ​ឆ្លើយបំភ្លឺ ករណី​ប្រើសារធាតុគីមី បំពុល លោក​ណាវ៉ាល់នី។

អូតង់​បើកកិច្ចប្រជុំ​បន្ទាន់​ដើម្បី និយាយ​ពី​ករណី​បំពុល​មេប្រឆាំង រុស្ស៊ី ដោយ​ប្រើ​សារធាតុគីមី ណូវីឆុក ក្រោម​បទបង្ហាញ​របស់​ភាគី​អាល្លឺម៉ង់នៅ​ទីក្រុង​ព្រុចស៊ែល។

គេ​នៅចាំ​បាន​ថា នៅក្រោយ ពេល​រុស្ស៊ី រងការចោទប្រកាន់​ថា បាន​បំពុល​អតីតចារកិច្ច​រុស្ស៊ី និង​កូនស្រី នៅទឹកដី​អង់គ្លេស កាលពី​ឆ្នាំ ២០១៨ អូតង់​បាន​បណ្តេញ មន្រ្តី​រុស្ស៊ី​ដល់​ទៅ​៧នាក់​ចេញពី​ទីស្នាក់ការ​កណ្តាល​របស់​អូតង់។ កាលណោះ ដោយសារ​តែ​រឿង​ប្រើថ្នាំបំពុល​ណូវីឆុក ទៅលើ​ឪពុកកូន​រុស្ស៊ី ក្នុង​ទឹកដី​អង់គ្លេស មន្រ្តីទូត​រុស្ស៊ី ជាង ២០០​នាក់ ត្រូវ​បណ្តេញ​ចេញពី​បណ្តា​ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។

លើកនេះ ទោះបី​ជា​ការបំពុល មេប្រឆាំង​រុស្ស៊ី ដោយ​ប្រើ​សារធាតុ​ណូវីឆុក កើតឡើង​នៅ​ក្នុង​ទឹកដី​រុស្ស៊ី (តាមអ្នកជំនួយការរបស់ លោកណាវ៉ាល់នី មេប្រឆាំង​រុស្ស៊ី អាច​រងថ្នាំបំពុល នៅក្នុង​កែវទឹកតែ ដែល​លោក​បានទទួលទាន នៅមុន​ឡើង​យន្តហោះ ពី​តំបន់​ស៊ីបេរី សំដៅ​ទីក្រុង​ម៉ូស្គូ) ប៉ុន្តែ សម្រាប់ប្រទេស​លោកខាងលិច ការប្រើ​ណូវីឆុក ជាអាវុធ​គីមី សម្លាប់​មនុស្ស បាន​ស្តែង​ឲ្យ​ឃើញ ពី​ការគំរាមកំហែង ​និង​ការរំលោភ​ច្បាប់​អន្តរជាតិ​ស្តីពី​ហាមប្រាម​ប្រើអាវុធ​គីមី។

អ្នកតំណាងរបស់​សហភាព​អឺរ៉ុប លោក​Josep Borrell បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពី​លទ្ធភាព ដាក់​ទណ្ឌកម្ម ថ្មី ទៅលើ​រុស្ស៊ី និង​បានទាមទារ​ឲ្យ​រុស្ស៊ី ត្រូវ​តែ​សហការ ជាមួយ​ក្រុមអ្នកជំនាញ​អន្តរជាតិ ដើម្បី ស៊ើបអង្កេត ដោយ​ឯករាជ្យ​ទៅលើ​ការបំពុល ដោយ​ប្រើ​សារធាតុគីមី ណូវីឆុក ទៅលើ​លោក​ណាវ៉ាល់នី។

​វិមាន​ក្រេមឡាំង តាមរយៈ អ្នកនាំពាក្យ​បាន​បដិសេធ ថា ម៉ូស្គូ គ្មានជាប់ទាក់ទង​នឹង​ការបំពុល មេប្រឆាំង​រុស្ស៊ី លោក ណាណាវ៉ាល់នី នោះទេ និង​បាន​ទាមទារ​ឲ្យ​ប្រទេស​លោកខាងលិច ប្រយ័ត្នប្រយែង មុន​នឹង​ធ្វើការ​សន្និដ្ឋាន វិនិច្ឆ័យ ណាមួយ។ បើតាម​អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង ប៊ែរឡាំង​មិន​បាន​បង្ហាញ​ភស្តុតាង ឬ​ចែករំលែក​លទ្ធផល​ធ្វើតេស្ត​លើ​រូបលោក​ណាវ៉ា់ល់នី នោះទេ។ នៅមុន​បញ្ជូន​ទៅ​ប៊ែរឡាំង គ្រូពេទ្យ​រុស្ស៊ី ធ្លាប់​បានបដិសេធ ថា មិន​បាន​រកឃើញ សារធាតុ​ពុល​នៅក្នុង​ខ្លួន​របស់​ណាវ៉ាល់នី​នោះទេ។

តើ​សារធាតុ ណូវីឆុក ជា​អ្វី?

ណូវីឆុក​ត្រូវ​បាន​អ្នកជំនាញ​អាវុធគីមី ចាត់ទុកជា​​ប្រភេទ​សារធាតុ​គីមី ដ៏​គ្រោះថ្នាក់ ខ្លាំងបំផុត ពោល​គឺ​កាចសាហាវ​ជាង អាវុធ គីមី Sarin ដែល​គេប្រើ​នៅក្នុង​សង្រ្គាម​ស៊ីវិល​ស៊ីរី ឬ សារធាតុ​បំពុល​ដែល​បាន​សម្លាប់​បងប្រុស របស់​មេដឹកនាំ​កូរ៉េខាងជើង ទៅទៀត។ ណូវីឆុក​អាច​មាន​រូបរាង​ជា​ទឹករាវ ឬ​ជា​ម្សៅ ដែល​អាច​ជ្រាបចូល​តាមស្បែក ទៅ​វាយប្រហារ​ប្រព័ន្ធ​សសៃប្រសាទ​របស់អ្នកដែលប៉ះពាល់វា។ សារធាតុ​ណាវីឆុក អាច​ទៅ​ធ្វើ​ឲ្យ​ចលនា​បេះដូង ដើរកាន់តែ​យឺត និង​ធ្វើ​ឲ្យ​ជនរងគ្រោះ​ថប់ដង្ហើម រហូត​ដល់​ដាច់ខ្យល់​ស្លាប់​តែម្តង។ រហូតមកដល់​ពេលនេះ ​គេគ្មាន​ថ្នាំបន្សាប ណូវីឆុក ប៉ុន្តែ អ្នកដែល​រងថ្នាំបំពុល​ណូវីឆុក អាច​គេព្យាបាល ឲ្យជាសះស្បើយ​ឡើងវិញ បើសិន​បាន​ទទួល​ការសង្រ្គោះបន្ទាន់ ទាន់ពេលវេលា។ ជាក់ស្តែង អតីត​ចារកិច្ច​រុស្ស៊ី និង​កូនស្រី ដែល​រងថ្នាំបំពុល ណាវីឆុក នៅ​ប្រទេស​អង់គ្លេស កាលពី​២ឆ្នាំ មុន បាន​ជាសះស្បើយ មកវិញ និង​កំពុង​រស់នៅ​ក្រោមកិច្ចការពារ​យ៉ាងម៉ត់ចត់ ពី​អាជ្ញាធរ​អង់គ្លេស។

ហេតុអ្វី បាន​ជា​ប្រទេស​លោកខាងលិច ដាក់​ការចោទប្រកាន់​លើ​រដ្ឋរុស្ស៊ី?

មេប្រឆាំង​រុស្ស៊ី លោក​អាឡិចសី ណាវ៉ាល់នី ដែល​រិះគន់​ចេញមុខ លោក​ប្រធានាធិបតី​រុស្ស៊ី  មាន​សត្រូវ ច្រើន​រាប់មិនអស់ មិនថា ពី​ខាង​ឯកជន ឬ​មន្រ្តី​រដ្ឋាភិបាល រុស្ស៊ី​ដែល​ស្អប់ លោក​ណាវ៉ាល់នី ដោយសារ​តែ លោក​ណាវ៉ាល់នី បាន​ចោទប្រកាន់ ពួកគេ​ជា​សាធារណៈ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ នៅ​រុស្ស៊ី។

ប៉ុន្តែ នៅពេល​មេប្រឆាំង រុស្ស៊ី ត្រូវ​សន្លប់មិនដឹងខ្លួន ដោយសារ​តែ​សារធាតុ​គីមី ណូវីឆុក ទៅតាម​ការអះអាង​របស់​អាល្លឺម៉ង់​យ៉ាងដូច្នេះ គេ​មិនអាច​ថា លោក​ណាវ៉ាល់នី រងការវាយប្រហារ​ពី​សាមញ្ញជន​នោះទេ។

មនុស្ស​ធម្មតា​មិនអាច ​មាន ឬ​ផលិតបាន​សារធាតុ​គីមី ណូវីឆុក​បានឡើយ។ គឺ​មាន​តែ​អាជ្ញាធរ រដ្ឋអំណាច​តែប៉ុណ្ណោះ ដែល​មាន​សមត្ថភាព ផលិត ប្រើ​ណូវីឆុក។ ណូវីឆុក Novitchok  គឺ​ជា​ប្រភេទ​សារធាតុ​គីមី ដែល​សហភាពសូវៀត ​បង្កើតឡើង នៅក្នុង​កម្មវិធី​អាវុធ​គីមី​របស់ខ្លួន នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ចន្លោះ​ឆ្នាំ ១៩៧០ និង​ឆ្នាំ ១៩៨០។ ណូវីឆុក​ត្រូវ​បាន​បង្កើតឡើង​នៅ​មន្ទីរពិសោធន៍ នៅ​ទឹកដី អ៊ូសបេគីស្ថាន នៅមុន​សហភាព​សូវៀត​ដួលរលំ​ឆ្នាំ ១៩៩១។ ក្រុមចារកិច្ច​របស់ប្រទេស​លោកខាងលិច ជឿថា ទីភ្នាក់ងារ​សម្ងាត់​រុស្ស៊ី នៅ​បន្ត​ផលិត និង​ប្រើប្រាស់ ណូវីឆុក ជា​អាវុធគីមី សម្លាប់មនុស្ស ដែល​គេ​ពិបាក​នឹង​ចាប់​សញ្ញាបាន។ ឈ្មោះ ណូវីឆុក​នេះ ត្រូវ​បាន​សាធារណជន​ទូទៅ​ស្គាល់​ច្រើន ចាប់​តាំង​ពី​ឆ្នាំ២០១៨​ ក្រោយ​ពី​វា​ត្រូវ​បាន​គេ​ប្រើ ដើម្បី​បំពុល​សម្លាប់​អតីត​ភ្នាក់ងារ​ចារកិច្ច រុស្ស៊ី នៅ​ប្រទេស​អង់គ្លេស។ កាលណោះ រដ្ឋាភិបាល​អង់គ្លេស បានចោទប្រកាន់​រដ្ឋរុស្ស៊ី ថា ជាអ្នកនៅពីក្រោយ ការបំពុល​អតីត​ចារកិច្ច​រុស្ស៊ី ដែល​ម៉ូស្គូ​ចាត់ទុក​ជា​ជនក្បត់ជាតិ។ ដូច​លើកមុន ម៉ូស្គូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​បដិសេធ​ថា ខ្លួន​គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​ការបំពុល​មេប្រឆាំង​រុស្ស៊ី នោះទេ។ សម្រាប់​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង គេ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ចោទប្រកាន់​រដ្ឋ​រុស្ស៊ី​នោះទេ។

អាល្លឺម៉ង់ ត្រូវ​ពិចារណាឡើងវិញ ពីទំនាក់ទំនង​ជាមួយ​រុស្ស៊ី

សារធាតុ​គីមី ណូវីឆុក មិនត្រឹមតែ​បំពុល ​គ្រោះថ្នាក់សម្រាប់​ជីវិត​របស់​មេប្រឆាំង​រុស្ស៊ី ប៉ុន្តែ វា​កំពុង​តែ​បំពុល​ផងដែរ ទំនាក់ទំនង រវាង​អាល្លឺម៉ង់ និង​រុស្ស៊ី។

ការបំពុល មេប្រឆាំង​រុស្ស៊ី ដោយប្រើ​សារធាតុគីមី ណូវីឆុក ជា​សំណុំរឿង​ដ៏ឈឺក្បាល​មួយ សម្រាប់ លោកស្រី មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​កំពុង​ព្យាយាម​ស្តារ​ទំនាក់ទំនង​ល្អ​ឡើងវិញ ជាមួយ ម៉ូស្គូ នៅប៉ុន្មាន​ឆ្នាំ​មកនេះ។ ប្រឈម​នឹង​ជំហរ​មិន​ច្បាស់លាស់​របស់​អាមេរិក សម្រាប់​ការពារ​អឺរ៉ុប ជាពិសេស នៅក្រោយ​ពេល​អាមេរិក​របស់​លោកដូណាល់ ត្រាំ សម្រេច​ដកកងទ័ព​អាមេរិក​ចេញពី​ទឹកដី អាល្លឺម៉ង់ យ៉ាងដូច្នេះ អាល្លឺម៉ង់ មិនអាច ចេះ​តែ​បែរខ្នង រករឿង​រុស្ស៊ី ដែល​មាន​សព្វាវុធ នុយក្លេអ៊ែរ គំរាមកំហែង​ទឹកដី​អឺរ៉ុប​នោះ​ទេ។ ដូច​បារាំង អាល្លឺម៉ង់ បាន​​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ម្តងហើយ ដោយសារ​ការកាត់យកទឹកដី គ្រីមេ នៅ​ឆ្នាំ ២០១៤។ ដូច្នេះ ការដាក់ទណ្ឌកម្ម​សាជាថ្មី​ណាមួយ នឹង​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង អាល្លឺម៉ង់​ជាមួយ​រុស្ស៊ី ជាពិសេស ក្នុង​វិស័យ​សេដ្ឋកិច្ច រឹតតែ​ធ្លាក់​ចុះ​អាក្រក់។

កាល​ពី​ថ្ងៃ​ពុធ លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បាន​ទាមទារ​ឲ្យ​ម៉ូស្គូ បកស្រាយ បំភ្លឺ​ករណី​បំពុល​មេប្រឆាំង​រុស្ស៊ី ដោយ​ការប្រើសារធាតុគីមី ណូវីឆុក ប៉ុន្តែ លោកស្រី មិនបាន​លើកនិយាយ​ពី​វិធានការណាមួយ​ប្រឆាំង រុស្ស៊ី នោះទេ។ នៅ​អាល្លឺម៉ង់ ផ្ទុយពីក្រុមអ្នកធ្វើជំនួញ ដែល​គាំទ្រ​ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​ជាមួយ រុស្ស៊ី អ្នកនយោបាយ​ជាច្រើន ដោយ​រួម​ទាំង​អនាគត​មេដឹកនាំ​បក្ស​កាន់អំណាច​ផង បាន​អំពាវនាវ​ឲ្យ​មាន​ការចាត់វិធានការ​តឹងរ៉ឹង​ប្រឆាំង​រុស្ស៊ី នៅ​ថ្នាក់អឺរ៉ុប។ សម្រាប់​អតីត​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​វ៉ាស៊ីនតោន ការបណ្តេញ​ការទូត មិនគ្រប់គ្រាន់​ដើម្បី​ដាក់​សម្ពាធ​លើ​រុស្ស៊ី​នោះទេ។

ប្រធានគណៈកម្មការ​បរទេស របស់​សភាអាល្លឺម៉ង់ វិញ បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ត្រូវ​ចាត់វិធានការខ្លាំង​ជាងមុន ក្នុង​សំឡេង​តែមួយ រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន​យល់​ពីផលវិបាក ដោយសារ​តែ​ការប្រើសារធាតុពុល ណូវីឆុក។ លោក​បាន​លើកឡើង​ពី​ការដាក់សំពាធ​សេដ្ឋកិច្ច រុស្ស៊ី ដូចជា​ការបញ្ឈប់​ជា​បន្ទាន់ គម្រោងការ​សាងសង់​បំពង់​បង្ហូរឧស្ម័ន រុស្ស៊ី Nord Stream 2​ចូល​ទឹកដី​អាល្លឺម៉ង់​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI