រុស្ស៊ី-អាល្លឺម៉ង់

អាល្លឺម៉ង់​រន្ធាន់​ឲ្យរុស្ស៊ី ត្រូវបំភ្លឺ​រឿង​ដាក់​ថ្នាំ​​បំពុល​លោក​​ណាវ៉ាល់នី ពុំនោះ​ទេ ​នឹង​រង​ទណ្ឌកម្ម

គម្រោង Nord Stream 2 គឺជា​ការសាងសង់​បំពង់​បង្ហូរឧស្ម័ន របស់រុស្ស៊ី ចូលមក​អឺរ៉ុប ដោយឆ្លងកាត់អាល្លឺម៉ង់។ ក្រុង Chelyabinsk ប្រទេសរុស្ស៊ី ថ្ងៃទី​២៦ កុម្ភៈ ២០២០
គម្រោង Nord Stream 2 គឺជា​ការសាងសង់​បំពង់​បង្ហូរឧស្ម័ន របស់រុស្ស៊ី ចូលមក​អឺរ៉ុប ដោយឆ្លងកាត់អាល្លឺម៉ង់។ ក្រុង Chelyabinsk ប្រទេសរុស្ស៊ី ថ្ងៃទី​២៦ កុម្ភៈ ២០២០ REUTERS - Maxim Shemetov

រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃទី​៦កញ្ញានេះថា រុស្ស៊ីត្រូវតែ​បង្ហាញលទ្ធផល​ នៃការស៊ើបអង្កេតស្វែងរកការពិត​ ជុំវិញករណី​​ដាក់ថ្នាំបំពុល​ប៉ុនប៉ងសម្លាប់ លោកអាឡិចសី ណាវ៉ាល់នី ឲ្យ​បានឆាប់ជាទីបំផុត។ ពុំនោះទេ រដ្ឋាភិបាលអាល្លឺម៉ង់ រួមទាំងដៃគូសហភាពអឺរ៉ុប និងពិចារណា ដាក់ទណ្ឌកម្មលើរុស្ស៊ី។ ទណ្ឌកម្ម ដែលអាចប៉ះពាល់ដោយផ្ទាល់ ទៅលើគម្រោង​សាងសង់​ បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ឈ្មោះគម្រោង Nord Stream ទី២។

ផ្សាយពាណិជ្ជកម្ម

ភាគីរុស្ស៊ី ត្រូវតែ​បំភ្លឺ និងបង្ហាញ​លទ្ធផលស៊ើបអង្កេត ឲ្យ​បានឆាប់បំផុតក្នុងរវាងប៉ុន្មានថ្ងៃទៀត ទាក់ទិន​នឹង​ករណី​ដាក់ថ្នាំបំពុល ប៉ុនប៉ងសម្លាប់ លោក​ អាឡិចសី ណាវ៉ាល់នី។ នេះគឺជាការលើកឡើង របស់​លោក Heiko Maas រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅក្នុងទំព័រកាសែតអាល្លឺម៉ង់  Bild។

ប្រមុខការទូតអាល្លឺម៉ង់រូបនេះ បន្ថែមថា ការដាក់ឱសានុវាទ គឺវាគ្មានចំណេញទៅភាគីណាមួយទេ តែប្រសិនបើភាគីរុស្ស៊ី នៅតែព្រងើយកន្តើយ គ្មានចំណាត់ការ នោះអាល្លឺម៉ង់ រួមជាមួយ​ប្រទេសដៃគូ ក្នុងសហភាពអឺរ៉ុប នឹងពិចារណា ដាក់ទណ្ឌកម្មលើ​រុស្ស៊ី។ ទណ្ឌកម្មនោះនឹងត្រូវកំណត់មុខ​សញ្ញា​យ៉ាងច្បាស់ ហើយ​បញ្ហា​គម្រោងសាងសង់​បំពង់បង្ហូរឧស្ម័ន Nord Stream ទី២ ក៏ប្រហែលជាអាចត្រូវគេរាប់ ចូលក្នុងនេះដែរ។

ដោយឡែក នៅព្រឹកថ្ងៃ៦កញ្ញាន លោកស្រី Maria Zakharova អ្នកនាំពាក្យ​ក្រសួងការបរទេសរុស្ស៊ី បានសួរតបមកវិញថា តើអ្វីទៅ ដែលជាភាពបន្ទាន់ខ្លាំង ដែលធ្វើឲ្យ​ភាគីអាល្លឺម៉ង់ ដាក់ឱសានុវាទ មកខាងរុស្ស៊ីបែបនេះ? អ្នកនាំពាក្យ​រូបនេះអះអាងទៀតថា គឺភាគីអាល្លឺម៉ង់ទេ ដែល​បង្កបញ្ហា បន្ថែមការយឺតយ៉ាវ មិនឆ្លើយតបទៅនឹងក្រុមស៊ើបអង្កេតរបស់រុស្ស៊ី នៅ​ក្នុងសំណុំរឿងនេះ។

សូមរំលឹកថា លោក អាឡិចសី ណាវ៉ាល់នី បច្ចុប្បន្នបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ ហើយ​កំពុងសម្រាកព្យាបាលនៅ​ទីក្រុងប៊ែរឡាំង។​ មន្ត្រីជំនាញនិងក្រុមគ្រូពេទ្យអាល្លឺម៉ង់ បាន​សន្និដ្ឋានថា មេចលនានយោបាយប្រឆាំងរុស្ស៊ី​រូបនេះ ត្រូវបាន​គេដាក់ថ្នាំបំពុល ដោយ​ប្រើ​សារធាតុ Novitchok។ ភាគីអាល្លឺម៉ង់ បានដាក់ការសង្ស័យថា វាអាចជាស្នាដៃរបស់​ចារកិច្ចរុស្ស៊ី ព្រោះថា​សារធាតុពុលនេះ​ ជាសារធាតុកម្រ ហើយធ្លាប់ត្រូវបានចារកិច្ចរុស្ស៊ី យកទៅប្រើដើម្បីសម្លាប់មនុស្ស ក្នុងករណីផ្សេងទៀត រួចមកហើយ។ ជាក់ស្តែងករណីដាក់ថ្នាំបំពុល អតីតចារកិច្ចរុស្ស៊ី ឈ្មោះ Sergueï Skripal នៅឯប្រទេសអង់គ្លេស។

គួរកត់សំគាល់ដែរថា ការលើកឡើងរបស់​រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ រឿងចង់ដាក់ទណ្ឌកម្ម​រុស្ស៊ី​ បង្អាក់គម្រោង​បំពង់បង្ហូរឧស្ម័ន Nord Stream ទី២ បានធ្វើឲ្យ​គេចាប់អារម្មណ៍ជាខ្លាំង។ គម្រោងបំពង់បង្ហូរឧស្ម័នពីរុស្ស៊ី ចូលមកអឺរ៉ុបនេះ ត្រូវបានមតិជាច្រើននៅអាល្លឺម៉ង់ រិះគន់ប្រឆាំង បើទោះបីលោកស្រី​មែរកិល ព្យាយាមលើកហេតុផលយ៉ាងណាក៏ដោយ។​ តែយ៉ាណា អាណត្តិនយោបាយ​របស់​លោកស្រីមែរកិល កាន់តែខិតជិតដល់ចុងបញ្ចប់ ហើយ​គេសង្កេតឃើញថា​ ក្នុងចំណោមបេក្ខជន​ដែល​អាចមកស្នងលោកស្រីមែរកិល គឺភាគជ្រើនមិនចង់បានបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីនេះទេ ព្រោះគេយល់ថា វានឹងក្លាយជាឧបករណ៍ ដើម្បីឲ្យ​លោកពូទីន ដាក់សំពាធសង្កត់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI