តើក្រុមអ្នកប្រឆាំងនឹងការពាក់ម៉ាសនៅបារាំង ជានរណា ?
ចុះផ្សាយនៅថ្ងៃ៖
ចលនាប្រឆាំងនឹងការពាក់ម៉ាស ដែលសកម្មខ្លាំងនៅអាល្លឺម៉ង់ ជាពិសេសសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមលេចមុខ ចម្រើនកម្លាំងជាបណ្តើរៗ នៅបារាំង ...មូលនិធិបារាំងមួយទើបបានចេញផ្សាយលទ្ធផលនៃការសិក្សាអំពីចលនាប្រឆាំងនឹងការពាក់ម៉ាស នៅថ្ងៃចន្ទទី ៧ កញ្ញា២០២០នេះ។
ចលនាប្រឆាំងនឹងការពាក់ម៉ាសនៅបារាំង នៅមិនទាន់មានទំហំធំ និងខ្លាំងក្លា ដូចនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ ឬអង់គ្លេសទេ។ កាលពីចុងខែសីហា គេសង្កេតឃើញចលនាប្រមូលគ្នាតែមួយក្តាប់តូចប៉ុណ្ណោះ ចុះថ្នល់ធ្វើបាតុកម្មនៅប៉ារីស។ ប៉ុន្តែចលនានេះសកម្ម និងចាប់គ្រហឹមខ្លាំង នៅលើប្រព័ន្ធសង្គម ដោយប្រមូលសមាជិកបានប្រមាណជាង ៤៧០០នាក់តាំងពីខែឧសភាមក។
បើតាមការសិក្សារបស់មូលនិធិ Jean Jaures ដែលជាបណ្តុំក្រុមអ្នកស្រាវជ្រាវផ្នែកសង្គមវិទ្យា ចលនាប្រឆាំងនឹងការពាក់ម៉ាសកើតចេញពីភាពមិនទុកចិត្តលើស្ថាប័នរដ្ឋ (រដ្ឋាភិបាល) និងកើតចេញពីគំនិតដែលយល់ថាមានការស៊ុមគ្រលំឬឃុបឃិតអ្វីមួយ។
មូលហេតុដែលពួកគេលើកឡើងមុនគេ គឺ ដោយពួកគេគិតថា ម៉ាសមិនត្រឹមតែ “គ្មានប្រយោជន៍” ទេតែថែមទាំងអាច បង្ក “គ្រោះថ្នាក់”។ ឯរោគរាតត្បាតកូវីដ១៩ ប្រហែលជាចប់ទៅហើយ ឬពុំដែលកើតមានដោយពិតៗផង។ ជាចុងក្រោយក្រុមអ្នកប្រឆាំងនឹងការពាក់ម៉ាសយល់ថា ការតម្រូវឱ្យពលរដ្ឋត្រូវពាក់ម៉ាស នៅតាមទីសាធារណៈ នៅទូទាំងប្រទេស និងតាមផ្លូវក្នុងក្រុង ជាការបំបិទសេរីភាពប្រជាជន ជាមធ្យោបាយគ្រប់គ្រងពលរដ្ឋជាទាសករ។
ហេតុផលទាំងបួននេះ បញ្ច្រាសនឹងការពិតតាមបែបវិទ្យាសាស្ត្រ។ តែគេមិនចម្លែកឡើយ ព្រោះអ្នកសិក្សាសា្រវជ្រាវបានសម្គាល់ឃើញថាក្រុមអ្នកប្រឆាំងនឹងការពាក់ម៉ាសនេះមាននិន្នការតែមួយ និងក្នុងគ្រប់ប្រធានបទផ្សេងទៀត គឺ មិនទុកលើស្ថាប័នរដ្ឋ មិនគោរពនិងបត់តាមបញ្ជា ឬការដាក់កំហិតអ្វីមួយទេ និងលង់ក្នុងជំនឿថាមានការឃុបឃិត ឬស៊ុមគ្រលំអ្វីមួយ។
៩០%នៃអ្នកប្រឆាំងនឹងការពាក់ម៉ាស គិតថាក្រសួងសុខាភិបាលបារាំងមានលាក់គំនួចជាមួយក្រុមឧស្សាហកម្មឱសថ បិទបាំងការពិត ជុំវិញផលមិនល្អរបស់ថ្នាំបង្ការ មិនឱ្យសាធារណជនដឹង។ គំនិតបែបនេះមានត្រឹមតែ៤៣%ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។ លទ្ធផលសិក្សាបានបង្ហាញទៀតថា ក្រុមអ្នកប្រឆាំងនឹងការពាក់ម៉ាសតែ២% មានជំនឿលើប្រធានាធិបតីម៉ាក្រុង ហើយសូម្បីតែសេវាមន្ទីរពេទ្យដែលពលរដ្ឋបារាំងដល់ទៅជាង៨២% ជឿទុកចិត្តបំផុតនោះ ក៏បានទទួលការគាំទ្រនិងការទុកចិត្តពីក្រុមអ្នកប្រឆាំងម៉ាសតែ៥៣%ប៉ុណ្ណោះ។ ក្នុងវិស័យនយោបាយ ៤០%នៃសកម្មជនក្រុមនេះមិនចូលរួមបោះឆ្នោតទេ។
មិនទុកចិត្ត និងជឿថាមានការរៀបចំផែនការ ជានិន្នាការពីរដល់ជាប់ជាប្រពៃណីរបស់ពលរដ្ឋ មួយក្រុម ក្នុងស្រទាប់មធ្យម ក្នុងវ័យមិនសូវក្មេង ដែលធ្លាប់មានចែងក្នុងប្រវត្តិសិក្សារបស់អ្នកវិទ្យាសាស្ត្រទៅហើយ។
គ្រាន់តែក្នុងករណីនេះ សកម្មជននៃចលនាប្រឆាំងនឹងម៉ាស ភាគច្រើនជាស្ត្រី មានអាយុជាមធ្យមក្នុងវ័យខ្ទង់៥០ឆ្នាំ និងសុទ្ធសឹងជាជនដែលមានកំរិតវប្បធម៌និងការសិក្សាខ្ពស់។ ខ្ពស់ជាងកំរិតសិក្សារបស់ពលរដ្ឋទូទៅ ជាមធ្យម (ចូលមហាវិទ្យាល័យបានពីរឆ្នាំ)ទៀត។
មានជីវភាពនិងស្រទាប់វណ្ណៈក្នុងសង្គមវិញ កាន់ខ្ពស់ ជំហរប្រឆាំងនឹងការពាក់ម៉ាសកាន់តែច្រើន។ ក្នុងជួរបញ្ញាវន្ត និងអ្នកមានអាជីពជាន់ខ្ពស់ ដែលតំណាងឱ្យ១៨%នៃប្រជាពលរដ្ឋបារាំងសរុបនោះ -៣៦%ជាអ្នកប្រឆាំងនឹងការពាក់ម៉ាស់។ បើនៅក្នុងជួរបុគ្គលិកកម្មករសាមញ្ញ (ដែលមានចំនួនដល់ទៅ៥០%នៃប្រជាជនសកម្ម) វិញ មាន២៣%ជាអ្នកប្រឆាំងនឹងការពាក់ម៉ាស។
ការសិក្សាបានបង្ហាញថា ក្រុមប្រឆាំងនឹងការពាក់ម៉ាស់ ជាពលរដ្ឋដែលមានចរន្តគំនិបបែបសេរីនិយមខ្លាំង ដែលពុំសូវមានច្រើនទេនៅប្រទេសបារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ