អាល្លឺម៉ង់-រុស្ស៊ី

លោកណាវ៉ាល់នី ដឹងខ្លួន ​នឹងអាច​លែង​ត្រូវការ​​ម៉ាស៊ីន​ជំនួយ​ដង្ហើម

លោកអាឡិចសី ណាវ៉ាល់នី មេចលនានយោបាយ​ប្រឆាំងដ៏ល្បីនៅរុស្ស៊ី ដែលត្រូវគេដាក់ថ្នាំបំពុល។
លោកអាឡិចសី ណាវ៉ាល់នី មេចលនានយោបាយ​ប្រឆាំងដ៏ល្បីនៅរុស្ស៊ី ដែលត្រូវគេដាក់ថ្នាំបំពុល។ REUTERS - Shamil Zhumatov

លោក អាឡិចសី ណាវ៉ាល់នី មេចលនានយោបាយ​ប្រឆាំងរុស្ស៊ី ដែលកំពុងស្ថិតនៅក្នុង​មន្ទីរពេទ្យ​ក្រុងប៊ែរឡាំងនោះ ពេលនេះ ត្រូវបានក្រុមគ្រូពេទ្យអះអាងថា លោកបានដឹងខ្លួនហើយ ហើយ​ក្រុមគ្រូពេទ្យ​នឹងចាប់ផ្តើម ដកចេញ​នូវម៉ាស៊ីនជំនួយដង្ហើម។ សូមរំលឹកថា លោកណាវ៉ាល់នី ត្រូវបានគេដាក់ថ្នាំបំពុលដោយសារធាតុគីមីម្យ៉ាង ឈ្មោះណូវីឆុក ដែលតាមការសង្ស័យ គឺជាសារធាតុពុល ដែលក្រុមចារកិច្ចរុស្ស៊ី ធ្លាប់ប្រើដើម្បីសម្លាប់អ្នកនយោបាយប្រឆាំង ច្រើនដងមកហើយ។ ការចោទប្រកាន់នេះ ត្រូវបានវិមានក្រឹមឡាំង​បដិសេធចោលទាំងស្រុង។

ផ្សាយពាណិជ្ជកម្ម

នៅរសៀលថ្ងៃចន្ទ ទី​៧កញ្ញា មន្ទីរពេទ្យ La Charité ក្រុងប៊ែរឡាំង បានជូនដំណឹងថា លោក អាឡិចសី ណាវ៉ាល់នី បានចេញពីភាពបាត់បង់ស្មារតី និងដឹងខ្លួន​បន្តិចៗហើយ។ នៅពេល​គេនិយាយទៅកាន់​លោក គឺលោកបាន​កម្រើកតបវិញ។ មន្ទីរពេទ្យអះអាងថា ស្ថានភាពសុខភាព​របស់​លោក ណាវ៉ាល់នី បានប្រសើរឡើង ហើយក្រុមគ្រូពេទ្យ នឹងចាប់ផ្តើមដកចេញ នូវម៉ាស៊ីនជំនួយការដកដង្ហើម បន្តិងម្តងៗ។

សូមរំលឹកថា លោកអាឡិចសី ណាវ៉ាល់នី ត្រូវបានគេដឹកតាមយន្តហោះពីរុស្ស៊ី ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងប៊ែរឡាំង កាលពីថ្ងៃ​២២សីហា។ តាមការអះអាង របស់ក្រុមគ្រូពេទ្យអាល្លឺម៉ង់ លោក ណាវ៉ាល់នី ត្រូវបានគេដាក់ថ្នាំបំពុល ដោយសារធាតុឈ្មោះ Novitchok។ គ្រូពេទ្យអាល្លឺម៉ង់ លើកឡើងថា លោក​ណាវ៉ាល់នី បានរួចផុតពីការស្លាប់មែន តែ​លោកអាចនឹងជួបផលវិបាក​យូរអង្វែង ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ បង្កឡើងដោយសារធាតុពុលនេះ។

រដ្ឋាភិបាលអាល្លឺម៉ង់ បារាំង និងអង់គ្លេសជាដើម បានដាក់ការសង្ស័យថា នេះគឺជាស្នាដៃរបស់​ក្រុម​ចារកិច្ចរុស្ស៊ី ព្រោះថាសារធាតុ Novitchok ជាសារធាតុផលិតផ្សំដោយ​ក្រុមជំនាញសូវៀត ដើម្បីប្រើក្នុងប្រតិបត្តិការយោធា ហើយសារធាតុនេះ ត្រូវបាន​គេប្រើម្តងរួចមកហើយ ក្នុងការសម្លាប់​លោក Sergueï Skripal នៅឯប្រទេសអង់គ្លេស។

ប្រទេសលោកខាងលិច បានទាមទារ ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាលរុស្ស៊ី ត្រូវប្រញ៉ាប់ឆ្លើយបំភ្លឺ ជុំវិញករណី​ដាក់ថ្នាំបំពុល ប៉ុនប៉ងសម្លាប់​លោកណាវ៉ាល់នីនេះ។ មានសម្លេងជាច្រើន ​បានដង្ហើយហៅ ឲ្យ​​សហភាព​អឺរ៉ុប ត្រូវតែ​រួមគ្នា​ដាក់ទណ្ឌកម្មលើ​រុស្ស៊ី ចំពោះទង្វើព្រៃផ្សៃ និងដ៏កំសាកនេះ។ រដ្ឋាភិបាល​​​អាល្លឺម៉ង់ បានលើកឡើងថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2  របស់រុស្ស៊ី ក៏អាចរាប់បញ្ជូល ទៅក្នុងបញ្ជីទណ្ឌកម្មដែរ។

ដោយឡែក នៅថ្ងៃទី​៧កញ្ញា លោក Dmitri Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំង បាន​ប្រតិកម្មថា រាល់ពាក្យសម្តីចោទប្រកាន់ ថារដ្ឋាភិបាលរុស្ស៊ី មានជាប់ពាក់ព័ន្ធ និងករណីដាក់ថ្នាំបំពុល​លើ​លោក​អាឡិចសី ណាវ៉ាល់នី គឺជារឿងមួយមិនអាចទទួលយកបានទេ។ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីរូបនេះ អះអាង​ថា​ ភាគីរុស្ស៊ី កំពុងរងចាំឯកសារ និងព័ត៌មានលំអិត ពីខាងភាគីអាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI