G7 និង​អង្គការ​សហប្រជាជាតិ​ទាមទារឲ្យរុស្ស៊ី​​ស៊ើបអង្កេត​ស៊ីជម្រៅ​លើ​ការបំពុល​មេប្រឆាំង​រុស្ស៊ី

មេប្រឆាំង​រុស្ស៊ី​ដែល​ចេញ​មុខ​រិះគន់​ខ្លាំង​ប្រធានាធិបតីរុស្ស៊ី និង​ការប្រព្រឹត្តិអំពើពុករលួយ របស់​មន្រ្តី​រដ្ឋាភិបាល​រុស្ស៊ី ត្រូវ​បាន​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅប៊ែរឡាំង​ ជាទី​ដែល​គ្រូពេទ្យ​អះអាងថា លោក​ត្រូវ​ថ្នាំបំពុល​ ដែល​ជា​សារធាតុ​គីមី ប្រភេទ​ណូវីឆុក ដែល​សហភាព​សូវៀត​បាន​បង្កើតឡើង​សម្រាប់​គោលដៅ​យោធា ​នៅក្នុង​សម័យ​សង្រ្គាមត្រជាក់
មេប្រឆាំង​រុស្ស៊ី​ដែល​ចេញ​មុខ​រិះគន់​ខ្លាំង​ប្រធានាធិបតីរុស្ស៊ី និង​ការប្រព្រឹត្តិអំពើពុករលួយ របស់​មន្រ្តី​រដ្ឋាភិបាល​រុស្ស៊ី ត្រូវ​បាន​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅប៊ែរឡាំង​ ជាទី​ដែល​គ្រូពេទ្យ​អះអាងថា លោក​ត្រូវ​ថ្នាំបំពុល​ ដែល​ជា​សារធាតុ​គីមី ប្រភេទ​ណូវីឆុក ដែល​សហភាព​សូវៀត​បាន​បង្កើតឡើង​សម្រាប់​គោលដៅ​យោធា ​នៅក្នុង​សម័យ​សង្រ្គាមត្រជាក់ AP - Pavel Golovkin

សំណុំរឿងបំពុល​មេប្រឆាំង​រុស្ស៊ី ដោយប្រើ​សារធាតុ​គីមី ណូវីឆុក កំពុង​ធ្វើ​ឲ្យ​រុស្ស៊ី​រងប្រឈម​នឹង​ការដាក់សំពាធ ពីគ្រប់ទិស។ នៅថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់​ពី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G 7​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ថ្កោលទោស ការបំពុល​មេប្រឆាំង​រុស្ស៊ី លោក​អាឡិចសី ណាវ៉ាល់នី។ ទាំង​អង្គការ​សហប្រជាជាតិ និង​ក្រុមប្រទេស​អ្នកមាន​G7​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​រុស្ស៊ី សហការ និង​បើកការស៊ើបអង្កេត​ដោយ​តម្លាភាព ដើម្បី ចាប់ខ្លួន​ឧក្រិដ្ឋជន​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែល​ក្រសួង​ការបរទេស​អាមេរិក​បាន​ចុះផ្សាយ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G 7​បាន​មូលមតិគ្នា​ជាធ្លុងមួយ ក្នុង​ការថ្កោលទោស ខ្លាំងបំផុត ការបំពុល មេប្រឆាំង​រុស្ស៊ី លោក​អាឡិចសី ណាវ៉ាល់នី។

អាល្លឺម៉ង់​ជាទី​ដែល​មេប្រឆាំង​រុស្ស៊ី កំពុង​ទទួល​ការព្យាបាល តាំង​ពី​២សប្តាហ៍​មកហើយ បាន​អះអាង​ប្រាប់ ភាគី​G7 ពី​លទ្ធផល​វិភាគ​របស់​អ្នកជំនាញវេជ្ជសាស្រ្ត និង​មន្ទីរពិសោធន៍​របស់​កងទ័ព​អាល្លឺម៉ង់ ដែល​បញ្ជាក់​ថា មេប្រឆាំង​រុស្ស៊ី លោក​ណាវ៉ាល់នី បាន​រងគ្រោះ​ដោយសារ​ការបំពុល ដោយប្រើ សារធាតុគីមី ប្រភេទ ណូវីឆុក ដែល​ជា​សារធាតុ ផលិតឡើង ដោយ​រុស្ស៊ី។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រទេស​G7 ដែល​បាន​ដាក់សម្ពាធ​ផងដែរ ឲ្យ​រុស្ស៊ី ស្វែងរក​អត្តសញ្ញាណ និង​ផ្តន្ទាទោស​អ្នកទទួលខុសត្រូវ​លើ​ការបំពុល​មេប្រឆាំង​រុស្ស៊ី។

រុស្ស៊ី​ត្រូវ​ចូលរួម​ស៊ើបអង្កេត ស៊ីជម្រៅ ប្រកប​ដោយ​តម្លាភាព ឯករាជ្យ និង​អព្យាក្រឹត្យ។ នេះ​ក៏ជាទាមទារ​ចង់បាន​ផងដែរ របស់​ឧត្តមស្នងការណ៍​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ចាត់ទុក ការបំពុល​មេប្រឆាំង រុស្ស៊ី ថា ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​ប្រព្រឹត្ត​ឡើង​នៅក្នុង​ទឹកដី​រុស្ស៊ី។ សម្រាប់​ប្រធាន​ឧត្តមស្នងការណ៍​សិទ្ធិមនុស្ស លោកស្រី​Michelle Bachelet ដែល​ត្រូវ​បាន​ដកស្រង់​សំដី នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​អង្គារ​ម្សិលមិញ  ការបដិសេធ​ថា លោក​ណាវ៉ាល់នី គ្មាន​ត្រូវ​ថ្នាំបំពុល ឬ​ការបដិសេធ​មិន​បើកការស៊ើបអង្កេត ប្រកប​ដោយ​តម្លាភាព មិនមែន​ជា​ចម្លើយ​ដ៏ត្រឹមត្រូវ​នោះទេ។ បើតាម ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិ ការប៉ុនប៉ង​ធ្វើឃាត មេប្រឆាំង រុស្ស៊ី បាន​ធ្វើ​គេ​ចោទសំណួរ​ជាច្រើន ដូចជា ថា តើ​ឧក្រិដ្ឋជន​បាន​យកវា​ពី​កន្លែង​ណា? ពីព្រោះថា អាវុធគីមី ដូចជា​ណូវីឆុក និង​សារធាតុ​វិទ្យុសកម្ម Polonium 210 ដែល​បាន​សម្លាប់​អតីត​ចារកិច្ច​រុស្ស៊ី នៅទីក្រុង​ឡុងដ៍ នាពេល​កន្លងមក គឺ សុទ្ធសឹង​ជា​សារធាតុ​ដែល​ស្មុគស្មាញ ពិបាក​នឹង​ផលិត​បាន ដោយ​ជនសាមញ្ញ។

សម្រាប់​លោកស្រី Michelle Bachelet ករណីបំពុល ឬ​ការលបធ្វើឃាត ជនជាតិ​រុស្ស៊ី នៅក្នុង​ទឹកដី​រុស្ស៊ី ឬ​នៅបរទេស​បានកើនឡើង គួរ​ឲ្យ​ព្រួយបារម្ភ នៅ​២​ទសវត្សរ៍​ចុងក្រោយនេះ។

អាជ្ញាធររុស្ស៊ី ដែល​បាន​បដិសេធ​រហូតមក ថា គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណីបំពុល​លោកណាវ៉ាល់នី បាន​កោះហៅ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយសារ​តែ​ការលើកឡើង​របស់​អាល្លឺម៉ង់ ដែល​ថា មេប្រឆាំង​រុស្ស៊ី ត្រូវថ្នាំបំពុល។ ប៊ែរឡាំង​វិញ បានគ្រោងរួចហើយថា នឹង​ចូលរួម ជាមួយ​សហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ក្នុង​ករណី​រុស្ស៊ី មិន​ផ្តល់ចម្លើយ​ច្បាស់លាស់ ជុំវិញ ការចោទប្រកាន់ស្តីពីការ​បំពុល​មេប្រឆាំង រុស្ស៊ី ដោយ​ប្រើ​អាវុធគីមី ណូវីឆុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI