អានតួអត្ថបទ
ក្រិក-ជនភៀសខ្លួន

ក្រិក៖ អគ្គីភ័យ​លេបត្របាក់ ​ជំរំ​ជនភៀសខ្លួន​​ធំជាង​គេ​​បង្អស់ លើកោះ​ឡេបូស ​អស់​គ្មាន​សល់

ជនជៀសខ្លួន នាំគ្នារត់គេចចេញ​ពីជំរំ Moria ខណៈអគ្គីភ័យកំពុងឆាបឆេះ ក្នុងយប់ថ្ងៃ អង្គារ ឈានចូលថ្ងៃពុធ ទី​៩កញ្ញា ២០២០
ជនជៀសខ្លួន នាំគ្នារត់គេចចេញ​ពីជំរំ Moria ខណៈអគ្គីភ័យកំពុងឆាបឆេះ ក្នុងយប់ថ្ងៃ អង្គារ ឈានចូលថ្ងៃពុធ ទី​៩កញ្ញា ២០២០ REUTERS - ELIAS MARCOU
ដោយ៖ ម៉ម ពិសី
១២ នាទី

ជំរំជនភៀសខ្លួនដ៏ធំជាងគេបង្អស់ នៅលើកោះឡេបូស (Lesbos) ប្រទេសក្រិក ត្រូវបានអគ្គីភ័យ​លេប​ត្របាក់​អស់​​គ្មានសល់ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី៩កញ្ញា។ អាជ្ញាធរក្រិកអះអាងថា​ គ្មានអ្នក​ស្លាប់ទេ គឺមានតែអ្នករបួស។ បើតាមការអះអាង របស់​អ្នកនាំាពាក្យ​រដ្ឋាភិបាលក្រិក គឺអគ្គីភ័យបានចាប់ផ្តើម បន្ទាប់​ពីមានការតវ៉ាចលាចល បង្កឡើងដោយ​ជន​ភៀសខ្លួនមួយចំនួន​ ​ដែលត្រូវអាជ្ញាធរ​បង្ខំ ឲ្យ​ធ្វើចត្តាឡីស័ក បន្ទាប់ពីបានរកឃើញ ថាមានអ្នកផ្ទុកកូវីដ​១៩ ចំនួន​៣៥នាក់​ក្នុងជំរំនេះ។

ផ្សាយពាណិជ្ជកម្ម

អគ្គីភ័យ បានឆាបឆេះ ខ្ទម ជំរក និងសំណង់បណ្តោះអាសន្ន ព្រមទាំងមន្ទីរពេទ្យ ក្នុងជំរំ Moria លើកោះ Lesbos ប្រទេសក្រិកអស់គ្មានសល់ នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ទី​៩កញ្ញា។ ប្រធាន​ក្រុមពន្លត់អគ្គីភ័ួកោះ Lesbos បានអះអាងថា ភ្លើងបានលេបត្របាក់ជំរំទាំងមូល អស់៩៩% ហើយកំពុងបន្តឆេះនៅព្រឹកថ្ងៃពុធទៀត។

ជនភៀសខ្លួន ប្រមាណ ១២៧០០០នាក់ មានចាស់មានក្មេង បានរត់ប្រសេចប្រសាច ទាំងកណ្តាល​​អាធ្រាត្រ ចាកចេញពីជំរំ ខ្លះទៅសំងំតាមគំពតព្រៃ ខ្លះរត់ទៅភូមិអ្នកស្រុកប្រជាជនក្រិក។ សមត្ថកិច្ច​ក្រិក បានបញ្ជូនកម្លាំង ដើម្បីមកទប់ ហាមឃាត់ កុំឲ្យ​ពួកគេ រត់ទៅឆ្ងាយ​ពីតំបន់នេះ។ ជនភៀសខ្លួនទាំងអស់ មិនអាចធ្វើដំណើរចាកចេញពីកោះ Lesbos បានទេ។

យោងតាមទីភ្នាក់ងារព័ត៌មានក្រិក ANA ភ្លើងបានចាប់ផ្តើមឆេះក្នុងជំរំ បន្ទាប់ពីមានការតវ៉ា ចលាចល ពីសំណាក់​ក្រុមជនភៀសខ្លួន ដែលត្រូវបានអាជ្ញាធរបង្ខំឲ្យ​ស្ថិតនៅដាច់ដោយឡែក បន្ទាប់ពី គេរកឃើញថាពួកគេ មានផ្ទុកជំងឺកូវីដ១៩។ លោក Stelio Petsas អ្នកនាំពាក្យរដ្ឋាភិបាលក្រិក បាននិយាយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអង្គារ គេបានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន​៣៥នាក់នៅក្នុងជំរំ។ អាជ្ញាធរក៏បានចាត់វិធានការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ កុំឲ្យ​ឆ្លងរាលដាលពេញជំរំ។

សូមបញ្ជាក់ថា ជំរំ​ម៉៉ូរីយ៉ា លើកោះឡេបូសនេះ មានជនភៀសខ្លួន ដែលបានធ្វើដំណើរឆ្លងទូក មកអឺរ៉ុប ចំនួន​ប្រមាណ ១២៧០០០នាក់ រស់នៅកកកុញ តាមជំរកតង់​បណ្តោះអាសន្ន ដែលពួកគេ រស់នៅក្នុងលក្ខខណ្ឌអនាម័យ និងជីវភាព ដ៏លំបាកបំផុត។ ធម្មតា ជំរំនេះ ត្រូវបាន​សាងសង់ សម្រាប់ដាក់មនុស្ស តែ​ប្រមាណ​២៨០០នាក់ប៉ុណ្ណោះ។ ជម្លោះ ការវាយតប់ និងអំពើហិង្សា រវាងអ្នករស់នៅក្នុងជំរំ បានកើតឡើងជាប្រចាំថ្ងៃ។ អង្គការសិទ្ធិមនុស្សជាច្រើន បានត្អូញត្អែរ និងបានអំពាវនាវ ឲ្យ​អាជ្ញាធរក្រិក ត្រូវផ្ទេរជនភៀសខ្លួន ចេញពីកោះនេះ រកទីតាំងផ្សេងដែលធំជាងនេះ។​

នៅថ្ងៃពុធទី៩កញ្ញា ក្រោយ​អគ្គីភ័យនេះ រដ្ឋាភិបាលក្រិក បាន​ដង្ហើយហៅរកជំនួនបន្ទាន់ និងចាត់វិធានការប្រមូលផ្តុំជនភៀសខ្លួន ដែលរត់បាចប្រសាចចេញពីជំរំ ឡើងវិញ។ មានការព្រួយបារម្ភផងដែរ អំពីការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្រោយការរត់ចលាចលចេញពីជំរំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ