អានតួអត្ថបទ
បារាំង-អាវកាក់លឿង

បារាំង ៖ ក្រុមអាវកាក់​លឿង​ត្រលប់​មក​ធ្វើ​បាតុកម្ម​ជា​ថ្មី​បន្ទាប់​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​ធំ

ក្បួន​បាតុកម្ម​របស់​ក្រុម​អាវកាក់​លឿង នៅទីក្រុង​ប៉ារីស ថ្ងៃទី ១២ កញ្ញា ២០២០
ក្បួន​បាតុកម្ម​របស់​ក្រុម​អាវកាក់​លឿង នៅទីក្រុង​ប៉ារីស ថ្ងៃទី ១២ កញ្ញា ២០២០ Alain JOCARD / AFP
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

ជិត​ដល់​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ចុះ​ថ្នល់​ធ្វើ​បាតុកម្មជា​លើក​ដំបូង និង​បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​មួយរយៈ​ ក្រុមអាវ​កាក់​លឿង បាន​ចាប់​ផ្តើម​សកម្មភាព​ជា​ថ្មី នៅ​ថ្ងៃសៅរ៍​​ទី ១២ កញ្ញា ២០២០។ មាន​ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយធំ និង​ច្រើន​កន្លែង​ នៅ​ទីក្រុង​ប៉ារីស និង​តាម​ក្រុង​សំខាន់ៗ​ជា​ច្រើន​របស់​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​សៅរ៍​ទី ១២ កញ្ញា ជា​ថ្ងៃ​វិល​ត្រលប់​របស់​ក្រុម​អាវកាក់​លឿង​បារាំង។ បាតុករ​រាប់​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​ គ្នា​ជា​ច្រើន​កន្លែង នៅក្នុង​រដ្ឋធានី​ប៉ារីស។ មិន​ច្រើន​ខ្លាំង​ដូច​កាលពី​ផ្ទុះ​សកម្មភាព​​ដំបូង បាតុករ​បាន​ដើរ​ផ្តុំ​គ្នា​ជា​ក្រុមៗ ​​មាន​ពាក់​ម៉ាស​ស្ទើរ​គ្រប់ៗគ្នា និង​​នាំគ្នា​ស្រែក​ជ័យឃោស ដដែល​ដូច​កាលពី​ពីរ​ឆ្នាំមុន រិះគន់បណ្តេញ​រដ្ឋាភិបាល ជា​អាទិ៍​ថា “ម៉ាក្រុង​ចេញ​ពី​តំណែង ! បដិវត្ត ! ។ល។ និង​។ល។

​នៅ​ប៉ារីស មាន​តែ​ក្បួន​បាតុកម្ម​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។ ហើយ​ដើម្បី​បញ្ចៀសកុំ​​ឱ្យមាន​អំពើ​ហិង្សា​ដូច​កាល​ពី​ដំបូង អាជ្ញាធរ​ប៉ារីស បានហាមឃាត់​មិន​ឱ្យ​ការ​ប្រមូល​ផ្តុំ​នៅ​ទីកន្លែង​ល្បីៗ​ដូច​ជា នៅ​ដង​វិថី សង់អេលីហ្សេ នៅតួអេហ្វែល ឬ​នៅ​មុខ​វិមាន​នាយករដ្ឋមន្ត្រី​ទេ។

មិន​ខុស​ពី​សព្វ​មួយ​ដង គ្រាន់​តែ​ចាប់​ផ្តើម បាតុកម្ម​បាន​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​និង​ការ​ប៉ះទង្គិច​មួយ​ចំនួន។ គិត​ត្រឹមម៉ោង​១៤​រសៀល​ ប៉ូលិស​ក្រុង​ប៉ារីស បាន​ប្រកាស​ចាប់​ខ្លួន​បាតុករ​ប្រមាណ​១៩៣នាក់ ដែល​ខ្លះ​មាន​​ញញួរ​ ដង្កាប់ ព្រនង់ដែក ក្នុង​ដៃ។

បាតុកម្ម​នៅ​ថ្ងៃសៅរ៍​នេះ ​ក៏​ជា​វិញ្ញាសា​មួយ​សម្រាប់​វាស់​សមត្ថភាព​និង​ប្រតិកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្មីលោក Gérald Darmanin ដែលទើប​បាន​លាត​ត្រដាង​អំពី​វិធានការ​រក្សា​សណ្តាប់​ធ្នាប់​សង្គម​ ​កាលពី​ថ្ងៃ​សុក្រ​ទី ១១ កញ្ញា២០២០។

ចាប់​ពី​ថ្ងៃសៅរ៍​នេះ​តទៅ ទាល់​តែ​មាន​បញ្ហា​ពី​ថ្នាក់​លើ​ទើប​ប៉ូលិស​អាច​​បាញ់​គ្រាប់​ជ័រ LBD ​ទៅ​លើ​ហ្វូង​បាតុករបាន។ គ្រាប់​បែក​ផ្សែង ដែល​ជាប់​ចោទ​ថា​បាន​ធ្វើ​បាតុករ​រងរបួស​ជា​ច្រើន​នាក់ អាច​ប្រើ​សម្រាប់​បំបែក​ហ្វូង​បាតុករ​បាន​ទៀត ប៉ុន្តែជា​ប្រភេទ​ថ្មី និង​​ក្នុង​បរិមាណ​តិច​ជាងមុន​​ពីរ​ទៅ​បួន​ដង។ នៅ​ខែ​ខាង​មុខ ប៉ូលិស​នឹង​ប្រើភ្លើង​ប៉ាន់ណូ និង​ មីក្រូ​ លាន់​ឮ​ខ្លាំង ដើម្បី​​ឱ្យ​បាតុករ​បាន​ឮ​ច្បាស់​អំពី​សារ​របស់​អាជ្ញាធរ។ អនាគត​ទៅ ប៉ូលិស​នឹងអាច​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ព្រមាន​ដល់​គ្រប់អ្នក​ដែល​ប្រមូល​ផ្តុំ​គ្នា​​នៅកន្លែង​ធ្វើ​បាតុកម្ម ព្រមទាំង​អាច​ប្រើ​រូបភាព​ថត​ដោយ​ដ្រូន​ក្នុង​ពេល​មាន​ការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​ច្បាប់​ផង។ នេះ​បើ​តាម​ការលម្អិត​​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

វិធានការ​ទាំង​អស់​នេះ ជា​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មុន ក្រោយ​ពី​មាន​រឿង​អាស្រូវ​ផ្ទួនៗ​គ្នា​ជុំ​វិញ​ចំណាត់​ការ ជ្រុលហួស​ហេតុ​របស់​អាជ្ញាធរ​ ពេល​មាន​​បាតុកម្ម​ និង​ទៅ​លើ​​បាតុករ​​រហូត​ធ្វើ​ឱ្យ​មានអ្នក​រងរបួស​ច្រើន​មក​ហើយផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ