ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កំពុង​ជាប់​គាំង​នឹង​សហភាពអឺរ៉ុប ​​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ ជាមួយ​ជប៉ុន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅល្ងាច​ថ្ងៃ​សុក្រ​ទី ១១ កញ្ញា អង់គ្លេស​​បាន​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន។ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំបូង​បង្អស់ និង​ដ៏​ធំ​មួយ​សម្រាប់​អង់គ្លេស​ក្រោយ​Brexit។ ប៉ុន្តែការ​លំបាកខ្លាំង​បំផុត​កំពុង​រង់ចាំ​អង់គ្លេស។ ​ អង់គ្លេស​ត្រូវ​ប្រឹង​ស្វែង​រក​កិច្ចព្រមព្រៀង​​ ជាមួយ​ដៃគូ​ជា​ច្រើន​ទៀត ជាពិសេស​ជាមួយ​​សហភាពអឺរ៉ុប។

កំពុងជាប់គាំងនឹងសហភាពអឺរ៉ុប អង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយជប៉ុន
កំពុងជាប់គាំងនឹងសហភាពអឺរ៉ុប អង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយជប៉ុន REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

ក្នុងពេល​ដែល​ការ​ចរចា​​ជាមួយ​សហភាព​អឺរ៉ុបកំពុង​​ធ្លាក់​ដុនដាប​ខ្លាំង និយាយ​​ស្ទើរ​ស្តាប់​គ្នា​លែង​បាន​សោះនោះ នៅ​រសៀល​ថ្ងៃ​សុក្រ ម្សិលមិញ អង់គ្លេស​បាន​សម្រេច​ជោគជ័យ​ ​ជា​ប្រវត្តិសាស្ត្រ​មួយ “​នេះ​បើ​តាម​សំដី​របស់រដ្ឋមន្ត្រី​​​ក្រសួង​ពាណិជ្ជកម្ម​” ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្តោះប្តូរសេរី​ជាមួយ​ជប៉ុន។

​កិច្ចព្រមព្រៀងអង់គ្លេស​-ជប៉ុន ដែល​ជា​កិច្ចព្រមព្រៀង​សំខាន់​ដំបូង​បំផុត សម្រាប់​អង់គ្លេស​ក្រោយ​Brexit ​នឹង​ទៅ​បង្កើន​ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​​​ជាមួយ​ជប៉ុន ឱ្យ​បាន​ឡើង​ដល់​ប្រមាណ​១៥,២ពាន់​លាន​លីវ (លុយអង់គ្លេស)​។

​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ១​មករា ២០២១​ទៅ កិច្ចព្រមព្រៀង​នឹងផ្តល់​សិទ្ធិ​ឱ្យ​​ក្រុមហ៊ុន​សហគ្រាស​អង់គ្លេស​បាន​រួច​ផុតពី​ការ​បង់​ពន្ធ​នាំ​ចូល​ទៅ​ជប៉ុន បានដល់​ទៅ​​​៩៩% នៃ​ផលិតផល​នាំទៅ​ជប៉ុន​​សរុប​។ វិស័យ​ឧស្សាហកម្ម​ កសិចំណីអាហារ និង​បច្ចេវិទ្យា ​ ​បាន​ទទួល​ផល​ច្រើន​ជា​ពិសេស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស លោក Liz Truss កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរីអង់គ្លេស​ជប៉ុន ធំទូលាយ​ជាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​រវាង​សហភាព​អឺរ៉ុប​និង​ជប៉ុន​ទៅ​ទៀត។

តាមការពិត​ទៅ​នោះ រាល់​គ្រប់​ការចរចា​ពាណិជ្ជកម្ម​សុទ្ធ​តែ​ជួបការលំបាក​ទាំង​អស់។ យ៉ាងណាមិញ​ ការចរចា​ពាណិជ្ជកម្ម​អង់គ្លេស​ជប៉ុន​ក៏​ពិបាក​ខ្លាំងដែរ​។ នេះ​បើ​តាម​ការគូសបញ្ជាក់​​របស់​ប្រមុខ​ការ​ទូត​ជប៉ុន​ លោក Toshimitsu Motegi។ តែប្រទេស​ទាំង​ពីរ​ បាន​សម្រេច​រក​ឃើញ​កិច្ចព្រមព្រៀង​ ជាគោលការណ៍ បន្ទាប់​ពី​បាន​ចំណាយ​ពេល​តែ​ប្រមាណ​​បី​ខែ​ចរចា​គ្នា។ ជា​ពេលវេលា​ដ៏​ខ្លី​ណាស់ ឬ​ថា​ការ​ចរចា​បាន​សម្រេច​ក្នុង​ល្បឿន​លឿន​ខុស​ប្រក្រតី​មែន បើ​ប្រៀបធៀប​ទៅនឹង​ការ​ចរចា​ពាណិជ្ជកម្ម​ផ្សេងទៀត។

កិច្ចព្រមព្រៀង​អឺរ៉ុប​ជាមូលដ្ឋាន

អង់គ្លេស​ថ្វី​បើ​បាន​បែក​ចេញ​ជា​ផ្លូវ​ការ​ពី​សហភាព​អឺរ៉ុប​ទៅ​ហើយ​មែន ប៉ុន្តែ​នៅ​បន្ត​គោរព​ច្បាប់ និង​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​សហភាព​អឺរ៉ុបសម្រេច​បាន​ជាមួយ​ជប៉ុន​ ​នៅ​ឆ្នាំ​២០១៩ ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២០​នេះ។ កិច្ចព្រមព្រៀង​ទ្វេភាគី​​អឺរ៉ុប-ជប៉ុន ​ដែល​ល្អ​ទូលំទូលាយ​ខ្លាំង​ គ្មាន​ដូច បាន​ក្លាយ​ជា​ទម្រ និង​មូលដ្ឋាន​គ្រឹះ​ សម្រាប់​យក​ទៅ​ចរចា​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត។

អង់គ្លេស​ដែល​ត្រូវ​ដើរ​ចេញ​ពី​អឺរ៉ុប​ដាច់​ស្រលះ​ ​ នៅ​ថ្ងៃ​ទី​៣១​ធ្នូ​២០២០​ ចង់​ក្លាយ​ជា​ជើង​ឯក​ផ្នែក​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ ដោយ​មានមហិច្ឆតា​ស្វែង​រក​​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ច្រើន​ឱ្យ​បាន ៨០%​នៃ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ខ្លួន នៅ​​ឆ្នាំ​២០២២។ ពោល​គឺ​អង់គ្លេស​ចង់មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ដូច​សហភាពអឺរ៉ុប​មាន​ជាមួយ​នឹង​​បណ្តាប្រទេស​ទាំងឡាយ​នៅលើ​ពិភពលោក។ គ្រាន់​តែ​ប្តូរ​ទៅ​ជា​កិច្ចព្រមព្រៀង​ទ្វេភាគី​វិញ​ អង់គ្លេសនិង​បណ្តាប្រទេសទាំងឡាយ​ ដោយ​ចំៗវិញ។

គិត​មក​ទល់​ពេល​នេះ អង់គ្លេស​បាន​រកឃើញ​ការព្រមព្រៀង​ខ្លះ​ហើយ​ជាមួយ​កូរ៉េខាង​ត្បូង ស៊ីលី ស្វីស អ៊ីស្លង់ ឬ​ន័រវែស ដើម្បី​ធានាលក្ខខណ្ឌនៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំងនោះ ​នៅ​ក្រោយ​Brexit ។

អង់គ្លេស​សង្ឃឹម​ថា​នឹង​សម្រេច​ទស្សនៈ​វិស័យ​ “Global Britain” របស់​ក្រុម​អ្នកគាំទ្រ​Brexit បាន​ក្នុង​ពេល​ឆាប់ៗ មុន​ដំណាច់​ឆ្នាំ ដោយ​ទទួល​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី ជាមួយ​សហរដ្ឋ​អាមេរិក  និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដូច​ជា អូស្ត្រាលី/នូវែលហ្សេឡង់- កាណាដា អេហ្ស៊ីប ម៉ិចស៊ិក សិង្ហបុរី តួកគី អាល់ហ្សេរី។ កិច្ចព្រមព្រៀង​ទ្វេភាគី​ ដែល​មាន​សក្តានុពល​ជាង ល្អ​ប្រសើរ​ជាង​ ​​សម្រាប់​មក​ជំនួស​កិច្ចព្រមព្រៀងរបស់​​​សហភាព​អឺរ៉ុប ដែល​នឹង​ត្រូវ​អស់​សុពលភាព​នៅ អង់គ្លេស នៅ​ថ្ងៃ​ទី ៣១​ធ្នូ២០២០។

ចំណែក​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប​វិញ ដែល​តំណាង​ឱ្យ​​ជិត​ពាក់កណ្តាល​នៃ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​អង់គ្លេស កំពុង​ជាប់​គាំង​យ៉ាង​ខ្លាំង។ បើ​តាម​ប្រមុខ​ការទូត​អាល្លឺម៉ង់​ប្រចាំ​ក្រុង​ឡុងដ៍ ការចរចាស្វែង​រក​ទំនាក់ទំនង​អង់គ្លេស-សហភាព​អឺរ៉ុប​ថ្មី​ក្រោយ​Brexit ​យ៉ាប់​យឺ​នខ្លាំង​មែន​ទែន មិន​ធ្លាប់​ជួប​ប្រទះ​ទេ តាំង​ពី​លោក​បាន​ចូល​ប្រលូក​ក្នុង​វិស័យ​ទូត​ជាង​៣០​ឆ្នាំ កន្លងមក​នេះ។

អតីត​ដៃគូ​អឺរ៉ុប-អង់គ្លេស​សន្យាប្រឹង​​ស្វែង​រក​កិច្ចព្រមព្រៀង​ ដោយ​ត្រូវ​ជួបចរចាគ្នា​ជា​ថ្មី​ទៀត នៅ​សប្តាហ៍​ក្រោយ។ បើ​គ្មានការ​ព្រមព្រៀង​គ្នា​ទេ ចាប់​ពី​ថ្ងៃទី ១ មករា​២០២១​ទៅ​ រាល់​គ្រប់​ទំនាក់ទំនងពាណិជ្ជកម្ម​​​អង់គ្លេស​និង​អឺរ៉ុប នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​តាមគោលការណ៍​នៃ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​មិន​អនុគ្រោះ​ដល់​អង់គ្លេស​ទេ។ Brexitបែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អង់គ្លេស​ដែល​រងគ្រោះ​ខ្លាំង​ដោយ​កូវីដ១៩ កាន់​តែ​ទន់​ខ្សោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI