អានតួអត្ថបទ
កូវីដ១៩-បារាំង

ពេទ្យបារាំង​អំពាវនាវ​ពលរដ្ឋ​បញ្ឈប់​ការ​ជួប​ជុំ​ជា​លក្ខណៈ​គ្រួសារ​ ដើម្បី​ទប់​ស្កាត់​កូវីដ១៩

ចំនួន​អ្នក​ឆ្លងកូវីដ​នៅ​បារាំង បាន​កើន​ជាង​មួយម៉ឺន​នាក់ ក្នុង​ថ្ងៃ
ចំនួន​អ្នក​ឆ្លងកូវីដ​នៅ​បារាំង បាន​កើន​ជាង​មួយម៉ឺន​នាក់ ក្នុង​ថ្ងៃ © Joel Saget / AFP
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

​ចំនួន​អ្នក​វិជ្ជមានកូវីដ១៩ កើន​ឡើង​​ជា​លំដាប់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ នៅ​ប្រទេស​បារាំង។ ជាង​៩ពាន់​ករណី​នៅ​ថ្ងៃ​ទី ១១ កញ្ញា និង​ឡើង​ជាង​១ម៉ឺន​ករណី​នៅ​ថ្ងៃទី ១២​កញ្ញា ក្នុង​រយៈ​ពេល​តែ​២៤ម៉ោង។ ក្រុមគ្រូពេទ្យ​និង​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បារាំង​ជា​ច្រើន​រូប​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កំណើន​នេះ និង​បាន​បើក​វេទិកា​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ បញ្ចប់​វិស្សមកាល​ បញ្ឈប់​សកម្មភាព​ជួប​ជុំ​ជា​លក្ខណៈ​ឯកជន និង​ក្នុង​គ្រួសារ ដើម្បី​ទប់​ស្កាត់កូវីដ១៩ ដែលហាក់​កំពុង​ចាប់​រីកសាយ​ជា​ថ្មី។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ចាប់​បើក​យុទ្ធនាការជាតិ​ធ្វើ​តេស្តកូវីដ១៩​ទ្រង់ទ្រាយ​ធំ ទូទាំង​ប្រទេស​មក តួលេខ​អ្នក​វិជ្ជមាន​នឹងកូវីដ១៩ ឡើង​ខ្ពស់​ដល់​កំរិត​កំពូល​ជារៀង​រាល់​ថ្ងៃ។ ទិន្នន័យ​ប្រចាំ​ថ្ងៃ​ ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​សុខភាព​សាធារណៈ សម្រាប់​ថ្ងៃសៅរ៍​ទី​១២ កញ្ញា បាន​រាប់ឃើញ​មាន​ករណី​ឆ្លងថ្មី ដល់​ ១០៥០០នាក់ ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង ទល់​នឹង​ត្រឹម​៩៤០០ករណី កាលពី​មួយ​ថ្ងៃ​មុន។ ​ បើ​គិត​ជា​សមមាត្រ​​ក្នុង​ចំណោម​អ្នកមក​ធ្វើ​សរុប​ទាំង​អស់​វិញ អត្រាវិជ្ជមាន​កូវីដថ្នាក់ជាតិ​ នៅឋេរដដែល​ គឺ ៥,៤%។

ប៉ុន្តែ​មានតួលេខមួយ​ទៀត​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរកាន់​តែ​ព្រួយ​បារម្ភ គឺ​ចំនួន​អ្នក​ជំងឺ​កូវីដ១៩ ដឹកចូល​មន្ទីរ​ពេទ្យ ផ្នែក​សង្គ្រោះ​បន្ទាន់​ ចាប់​កើន​ឡើងដែរ និង​បន្តកើន​ឡើង​ជាប់​គ្នា​​​ជា​លំដាប់ តាំង​ពី​៧​ថ្ងៃ​មកហើយ ៖ ២៨​ករណី​ ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​ស្លាប់​ ១៧នាក់។

ប្រឈម​នឹង​លទ្ធផល​នេះ ក្រុមគ្រូពេទ្យ និង​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​ទៅតាម​មន្ទីរពេទ្យ​ធំៗ ទូទាំង​ប្រទេស​បារាំង​ ​បាន​បើក​វេទិកាមួយ​ នៅ​ថ្ងៃ​អាទិត្យទី ១៣​កញ្ញា ចេញ​​សេចក្តី​អំពាវនាវរួម​គ្នា​ ក្នុង​ទំព័រ​កាសែត​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃអាទិត្យ Le journal du dimanche  ពញ្ញាក់​ស្មារតី​ពលរដ្ឋ​បារាំង​គ្រប់រូប ដោយ​ទាញសញ្ញា​អាសន្នថា“ជំងឺ​រាតត្បាត​កូវីដ១៩ កំពុង​ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី គឺ​ការរីកសាយភាព​ចម្លង។ យើង​នៅ​មានពេលតិចណាស់​ សម្រាប់​បញ្ចេញ​សកម្មភាព​ទប់​ស្កាត់​ក​ជំងឺ​កូវីដ​ជា​សមូហភាព”។

​នៅ​ក្នុង​សេចក្តី​អំពាវនាវ​ ​ក្រុមគ្រូពេទ្យ​និង​សាស្ត្រាចារ្យ សូម​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​បារាំង​ទាំង​អស់ បញ្ឈប់​ និង​បញ្ចៀស​ការ​ជួបជុំ ប្រមូល​ផ្តុំ​ ញាតិផៅ មិត្តភក្តិ ជា​លក្ខណៈ​ឯកជន ដោយ​រំលឹក​ថា​ “ក្រោយ​ពី​បានជួបជុំ​​​រីករាយ​ក្នុង​រដូវ​ក្តៅ ដល់ពេល​ដែល​គ្រប់គ្នា​ត្រូវ​ប្រុង​ប្រយ័ត្ននឹង​ការ​ប្រមូលផ្តុំ​ជា​លក្ខណៈឯកជន។ ជំនួប​ក្នុង​ទី​បិទ​ជិត ជា​តំណាង​ហានិភ័យខ្ពស់នៃ​ការ​​ចម្លង​កូវីដ១៩​។ តាំង​ពី​ថ្ងៃសុក្រ​មក ​ក្រុងBirmingham ​ ប្រទេសអង់គ្លេស បាន​ហាមឃាត់​មិន​ឱ្យ​មានកម្មវិធី​​ជួប​ជុំ​គ្រួសារ និង​មិត្តភក្តិទេ”។

ក្រុមគ្រូពេទ្យ​និង​សាស្ត្រាចារ្យ​ ដែល​អ្នក​ផ្តួច​ផ្តើម​ធ្វើ​សេចក្តី​អំពាវនាវនេះមានជា​អាទិ៍ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ជំនាញ​​សុខភាព​សាធារណៈ​នៅ​ក្រុង Lille ​ នាយក​មូលនិធិ​ប្រឆាំងនឹង​ជំងឺវង្វេងវង្វាន់ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺឆ្លង នៅមន្ទីរពេទ្យ​ Raymond Poincaré ប្រធានផ្នែក​តម្រងនោម​នៃ​មន្ទីរពេទ្យ Pitié-Salpêtrière ​ ឬប្រធាន​សម្ព័ន្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ