អានតួអត្ថបទ
សហភាពអឺរ៉ុប-លីបង់

ស្នងការសហភាពអឺរ៉ុប ៖ គ្មាន​រដ្ឋាភិបាល​គួរ​ឱ្យ​ជឿជាក់ គ្មាន​ជំនួយ​ស្ថាបនាលីបង់

ស្នងការ​អឺរ៉ុប​ដាក់​លក្ខខណ្ឌ​ឱ្យ​លីបង់​បង្កើត​រដ្ឋាភិបាលថ្មី​គួរ​ឱ្យ​ទុក​ចិត្ត​ ទើប​​បាន​ជំនួយ​
ស្នងការ​អឺរ៉ុប​ដាក់​លក្ខខណ្ឌ​ឱ្យ​លីបង់​បង្កើត​រដ្ឋាភិបាលថ្មី​គួរ​ឱ្យ​ទុក​ចិត្ត​ ទើប​​បាន​ជំនួយ​ REUTERS/Goran Tomasevic
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ស្នងការ​សហភាពអឺរ៉ុប​ទទួល​បន្ទុក​គ្រប់គ្រង​វិបត្តិ លោក Janez Lenarcic បានចេញ​​សេចក្តី​អំពាវនាវ​ នៅល្ងាច​សៅរ៍​ទី ១២​កញ្ញា ២០២០ ឱ្យ​លីបង់រៀប​ចំ​​បង្កើត​​រដ្ឋាភិបាល ដ៏​គួរ​ឱ្យ​ជឿជាក់​មួយ និង​ឱ្យ​បានឆាប់​រហ័ស។ មានរដ្ឋាភិបាល​គួរ​ជា​ទី​​ទុក​ចិត្តរបស់​​ប្រជាពលរដ្ឋ និងមាន​ឆន្ទៈ​ដាច់​ខាត​ដឹកនាំ​ប្រទេស​ ​ទើប​សហភាព​អឺរ៉ុប​ទម្លាយកញ្ចប់​​ជំនួយ​សម្រាប់​ស្ថាបនា​ជាតិ​លីបង់​ ដំណាក់កាលទី​ពីរ​។

ផ្សាយពាណិជ្ជកម្ម

ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​បេរ៉ូត​ តាម​ជើង​យន្តហោះ​មនុស្សធម៌ ដែល​ជា​យន្តហោះ​ដឹកជំនួយ​មនុស្ស​ធម៌​ទីបី គិត​ចាប់​តាំង​ពី​លីបង់​រងគ្រោះ​ផ្ទុះនៅកំពង់ផែមក លោក​ស្នងការអឺរ៉ុប  Janez Lenarcic បាន​ចូល​រួម​ចែកចាយ​ប្រគល់​ជំនួយ ទៅអង្គការ​កាកបាទក្រហម​លីបង់។ បន្ទាប់មក​លោក​ត្រូវ​​ចូល​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រីលីបង់​ថ្មី​ លោក ម៉ូស្តាហ្វា អាដីប Moustafa Adib ដែល​មាន​បន្ទុកបង្កើត​រដ្ឋាភិបាល​ថ្មី។

គ្រោះ​ផ្ទុះ​​កំពង់ផែ កាលពី​ថ្ងៃ​ទី ៤​សីហា បាន​សម្លាប់​ជីវិតមនុស្ស​​អស់​ជាង​១៩០​នាក់ របួស​ជាង​៦៥០០នាក់ និង​ពលរដ្ឋ​ប្រមាណ​បី​សែន​នាក់បាត់បង់​ទី​ជម្រក ព្រមទាំង​បំផ្លិចបំផ្លាញ​រដ្ឋធានី​ស្ទើរ​ខ្ទេចខ្ទី​។ ភ្លាម​មួយ​រំពិច ​សហភាព​អឺរ៉ុប​តែ​ម្នាក់​ឯង​បានផ្តល់​ជំនួ​យ​បន្ទាន់ ដល់​លីបង់​ អស់​៦៤លាន​អឺរ៉ូ និង​ ចំណែក​រដ្ឋ​ជា​សមាជិក​អឺរ៉ុបបានចូល​​រួមចែក​វិភាគ​ទានរៀង​ខ្លួន​ដាច់ដោ​យឡែក​​ប្រមាណ​ជិត​៦៥លានអឺរ៉ូ​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​លម្អិត​របស់​លោកស្នងការអឺរ៉ុប ដោយ​បញ្ជាក់​ថា “ដំណាក់កាល​បន្ទាប់ គឺ​ការ​ស្ថាបនា​ប្រទេស​លីបង់​។ ប៉ុន្តែ​​​ជំនួយ​ស្ថាបនាប្រទេស ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​ធ្វើ​កំណែទម្រង់ ព្រោះ​សហគមន៍អន្តរជាតិ មិនគាំទ្រ​រដ្ឋាភិបាល​ណាដែល​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅរក​វិបត្តិសេដ្ឋកិច្ច និង​ការដួល​រលំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឡើយ”។

លោកស្នងការ​បាន​អះអាងទៀត​ថា អ្នកដឹកនាំ​នយោបាយ​លីបង់ ត្រូវ​ឆ្លើយ​តប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ និងជាអ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន ដោយ​មិនមែន​ត្រឹម​តែ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ចទេ តែ​ត្រូវ​ប្តូរ​ផ្លាស់​របៀប​ដឹកនាំ​ប្រទេស​ទៀត។ ​លីបង់ ត្រូវ​បង្កើត​រដ្ឋាភិបាល​ឱ្យបាន យ៉ាង​​ឆាប់​រហ័ស និង​គួរ​ជា​ទី​ទុកចិត្តសម្រាប់ពលរដ្ឋ​លីបង់ ហើយ​ត្រូវធ្វើ​កំណែទម្រង់​ ដោយ​ផ្តើមជា​បឋម​ស្វែង​រកកិច្ចព្រមព្រៀង​ជាមួយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដើម្បី​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដល់​ប្រទេស។ បើលីបង់​ធ្វើ​បែបនេះ​បាន នោះ​​សហភាពអឺរ៉ុបនឹងប្រកាន់​យក​ចំណែក​ដ៏​សំខាន់​មួយ គឺ​ធានា​រ៉ាប់រង​ជួយ​ស្ថាបនាលីបង់​​ឡើង​វិញ ពី​ការ​ខូចខាត​​ដែល​បើ​តាមការ​វាយតម្លៃរបស់​​ធនាគារ​ពិភពលោក មាន​ទំហំ​ប្រមាណ​៨ពាន់​លាន​ដុល្លារ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ