រុស្ស៊ី-អាល្លឺម៉ង់

មន្ទីរពិសោធន៍បារាំងនិងស៊ុយអែត បញ្ជាក់បន្ថែមថា លោកណាវ៉ាល់នី​ពិត​ជា​​​ពុល​​ ដោយ​​សារធាតុ​​​Novitchok

សកម្មជនប្រជាធិបតេយ្យ​រុស្ស៊ី លើករូបថត​លោក​ណាវ៉ាល់នី តាមទាមទារ ស្វែងរកយុត្តិធម៌ ប្រឈមនឹង​អំណាច​ផ្តាច់ការ​របស់​រដ្ឋាភិបាល​លោកពូទីន។ Khabarovsk ប្រទេសរុស្ស៊ី ថ្ងៃទី​២២ សីហា ២០២០
សកម្មជនប្រជាធិបតេយ្យ​រុស្ស៊ី លើករូបថត​លោក​ណាវ៉ាល់នី តាមទាមទារ ស្វែងរកយុត្តិធម៌ ប្រឈមនឹង​អំណាច​ផ្តាច់ការ​របស់​រដ្ឋាភិបាល​លោកពូទីន។ Khabarovsk ប្រទេសរុស្ស៊ី ថ្ងៃទី​២២ សីហា ២០២០ AP - Igor Volkov

ថ្ងៃ​ចន្ទទី​១៤កញ្ញា​ មន្ទីរពិសោធន៍បារាំង និង​ស៊ុយអែត បានបញ្ជាក់ដូចគ្នាទៅនឹង​មន្ទីរពិសោធន៍អាល្លឺម៉ង់ ថាលោកលោក​ណាវ៉ាល់នី ពិតជាត្រូវបានគេបំពុល​ ដោយសារធាតុ ណូវីឆុក ពិតមែន។ នៅថ្ងៃម្សិលមិញនេះដែរ លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានទូរស័ព្ទនិយាយជាមួយ​លោកពូទីន ដោយបានទាមទារឲ្យ​ភាគីរុស្ស៊ី ត្រូវតែ​បំភ្លឺការពិត ជុំវិញករណី​ប៉ុនប៉ងសម្លាប់​មេបក្សប្រឆាំងរុស្ស៊ី ដ៏សំខាន់បំផុតនេះ។

ផ្សាយពាណិជ្ជកម្ម

ដើម្បីបញ្ជាក់ឲ្យ​កាន់តែមាន​ភាពប្រត្យក្ស មន្ទីរពិសោធន៍​យោធាអាល្លឺម៉ង់ បានបញ្ជូនសំណាកសរីរាង្គ របស់​លោកអាឡិចសី ណាវ៉ាល់នី ទៅឲ្យ​មន្ទីរពិសោធន៍យោធាបារាំង និងមន្ទីរពិសោធន៍ពិសេសរបស់ស៊ុយអែត ជំនាញ​ផ្នែកកងទ័ព ពិនិត្យបន្ថែមទៀត។ លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា ​លោក អាឡិចសី ណាវ៉ាល់នី ពិតជាបានរងនូវការបំពុល ដោយសារធាតុ Novitchok ពិតមែន។

លោកស្រី Asa Scott នាយកមន្ទីរពិសោធន៍ស៊ុយអែត បាន​លើកឡើងថា ក្រៅពីអាជ្ញាធររុស្ស៊ី គឺគ្មាននរណាអាចមានសារធាតុ Novitchok នេះទេ ព្រោះសារធាតុនេះ គឺជាសារធាតុគីមី​ ដែលសហភាពសូវៀត បានស្រាវជ្រាវផលិតវាឡើង។ ការប្រើប្រាស់​ សាធារធាតុដ៏គ្រោះថ្នាក់​នេះ គឺត្រូវបានហាមឃាត់ ដោយ​សន្ធិសញ្ញាអន្តរជាតិគ្រប់គ្រងអាវុធគីមី ចុះហត្ថលេខានៅឆ្នាំ១៩៩៣។ លោកស្រីពន្យល់ថា សាធារធាតុនេះ អាចចាត់ទុកបានថាជាអាវុធគីមី ដ៏គ្រោះថ្នាក់ ដោយគេអាចប្រើវាបាន មានទ្រង់ទ្រាយជាម្សៅម៉ដ្ឋ ហើយអាចជ្រាបចូលតាមរន្ធញើស ឬតាមការ​ដកដង្ហើម។

លោក Steffen Seibert អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា គ្មានអ្វីត្រូវសង្ស័យទៀតទេ ព្រោះ​មន្ទីរពិសោធន៍៣ហើយ ដែល​បានពិនិត្យ​ដោយឯករាជ្យ​បំផុត ហើយចេញ​ផល​ដូចគ្នា។ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានស្នើអន្តរាគមន៍ ស៊ើបអង្កេតបន្ថែម ទៅកាន់អង្គការដើម្បីហាមឃាត់​ការប្រើអាវុធគីមី OIAC ដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់បន្ថែមថា ការដាក់​ទណ្ឌកម្ម​ទៅលើរុស្ស៊ី នៅតែស្ថិតនៅលើតុប្រជុំជានិច្ច។

នៅព្រឹកថ្ងៃចន្ទ ទី​១៤កញ្ញា លោក​ម៉ាក្រុង បានទូរ​ស័ព្ទទៅកាន់​លោកពូទីន ដោយលោកម៉ាក្រុង​បានលើកឡើងថា ការបំភ្លឺលំអិតស្តីពីអង្គហេតុ ពីសំណាក់ភាគីរុស្ស៊ី ទាក់ទិន​នឹង​អំពើ​ប៉ុនប៉ងសម្លាប់​លោកណាវ៉ាល់នីនេះ គឺជារឿងចាំបាច់បំផុត។

ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅ ភាគីរុស្ស៊ី បានទាមទារ ចូលទៅសួរព័ត៌មានលំអិតដោយផ្ទាល់​ ពី​លោក​ណាវ៉ាល់នី នៅក្រុងប៊ែរឡាំង។ ហើយ​នៅថ្ងៃចន្ទ លោកពូទីន បានអះអាងថា ភាគីរុស្ស៊ី​ នៅតែ​មិនទាន់បានទទួល​សំណាក​សរីរាង្គ របស់ណាវ៉ាល់នី ពីសំណាក់ភាគីអាល្លឺម៉ង់ទេ។ ភាគីរុស្ស៊ីអះអាងថា ពេលដែលលោកណាវ៉ាល់នីចូលពេទ្យនៅទីក្រុង Omsk តំបន់ស៊ីបេរី គឺក្រុមគ្រូពេទ្យ​រុស្ស៊ី មិនបានរកឃើញថាមានសារធាតុពុល Novitchok ឡើយ។

សូមបញ្ជាក់ផងដែរថា ​មន្ទីរពេទ្យ La Charité នៅទីក្រុងប៊ែរឡាំង បានជូនដំណឹង​ នៅរសៀលថ្ងៃចន្ទទី​១៤កញ្ញា ថាស្ថានភាព​លោកណាវ៉ាល់នី បានល្អប្រសើរច្រើន ដោយពេលនេះលោក​អាចក្រោក​ចេញពីគ្រែពេទ្យ បានខ្លះៗហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI