អានតួអត្ថបទ
អឺរ៉ុប-តួកគី

អឺរ៉ុប-តួកគី៖ក្រុមតំណាងរាស្រ្តអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មបន្ថែមលើតួកគីក្នុងរឿងសមុទ្រមេឌីទែរ៉ាណេ

Josep Borrell, le chef de la diplomatie européenne, à Berlin le 26 août 2020.
Josep Borrell, le chef de la diplomatie européenne, à Berlin le 26 août 2020. Axel Schmidt/Reuters
១៦ នាទី

នៅ​ថ្ងៃ​អង្គារ ទី១៥ កញ្ញា សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល​បាន​បើក​សម័យប្រជុំពេញអង្គ​ដើម្បី​ជជែក​ពី​ស្ថានការណ៍​នៅ​សមុទ្រមេឌីទែរ៉ាណេខាងកើត។ គឺ​នៅ​ទីនោះ​ហើយ​ដែល​តួកគី​បាន​បញ្ជូន​នាវា​ទៅ​រុករក​ឧស្ម័ន​ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ក្រិក និង​ប្រទេស​ស៊ីប។ ប្រមុខការទូត​អឺរ៉ុប​លោក​យ៉ូសែហ្វ បររែល​បាន​ថ្លែង​ថា អឺរ៉ុប​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត​ដ៏​លំបាក​ប្រឆាំង​តួកគី និង​ស្វែង​រក​កុងសង់ស៊ុស​ពី​ប្រទេស​សមាជិក​ទាំង​អស់​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួកគី។ ចំណែក​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​អំពាវនាវ​ឲ្យ​តួកគី និង​ក្រិក​បញ្ជៀស​ការ​ប្រឈម​មុខ​ផ្លូវអាវុធ​រវាង​គ្នា និង​ផ្តោត​លើ​ការ​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវទូត។

ផ្សាយពាណិជ្ជកម្ម

« ទំនាក់ទំនង​រវាង​យើង និង​តួកគី​បាន​ឈាន​មក​ដល់​ផ្លូវ​បំបែក​មួយ ហើយ​ពេល​វេលា​បាន​មក​ដល់​ដែល​ថ្នាក់ដឹកនាំ​យើង​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត​ដ៏​ពិបាក​នា​ឱកាស​ជំនួបកំពូល​ក្នុង​ថ្ងៃទី២៤ និង ២៥ កញ្ញា​ខាង​មុខ » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខការទូត​អឺរ៉ុប​លោក​យ៉ូសែហ្វ បររែល​នៅ​ក្នុង​សម័យប្រជុំពេញអង្គ​របស់​សភា​អឺរ៉ុប​ក្នុង​ថ្ងៃ​អង្គារ ទី១៥ កញ្ញា។ សេចក្តីសម្រេច​ដ៏​ពិបាក​ដែល​លោក​បររែល​ចង់​និយាយ គឺ​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​តួកគី។ អាទិភាព​របស់​អឺរ៉ុប គឺ​គាំទ្រ និង​ការពារ​ប្រទេស​ក្រិក និង​ប្រទេស​ស៊ីប​ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​នៅ​សមុទ្រ​មេឌីទែរ៉ាណេខាងកើត។

គឺ​នៅ​ទីនោះ​ហើយ​ដែល​លោក​អ៊ែរដូហ្កាន​បាន​បញ្ជូន​នាវា​ទៅ​រុករក​ប្រភព​ឧស្ម័ន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ក្រិក និង​ស៊ីប។ នៅ​ក្នុង​ការ​ជជែក​ដេញដោល មាន​តំណាងរាស្រ្ត​អឺរ៉ុប​ជា​ច្រើន​នាក់​បាន​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​បន្ថែម​ប្រឆាំង​នឹង​តួកគី​ដូច​ករណី​ប្រមុខ​ការទូត​អាល្លឺម៉ង់​លោក David McAllister។ « យើង​ថ្កោលទោស​សកម្មភាព​របស់​តួកគី​ដែល​ទៅ​ខួង​រក​ឧស្ម័ន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ក្រិក និង​ស៊ីប » នេះ​ជា​ការ​ថ្លែង​របស់​លោក McAllister។ តាម​ប្រមុខ​ការទូត​អាល្លឺម៉ង់​រូប​នេះ​ដដែល ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​តួកគី​នឹង​ត្រូវ​លើក​ឡើង​ជា​ចំហរ។

គួរ​បញ្ជាក់​ថា នាវា​ដែល​តួកគី​បាន​បញ្ជូន​ទៅ​ខួង​រក​ឧស្ម័ន​នៅ​សមុទ្រមេឌីទែរ៉ាណេខាងកើត​ត្រូវ​បាន​តួកគី​បញ្ជូន​ត្រឡប់​ទៅ​កំពង់ផែ​របស់​ខ្លួន​វិញ​ហើយ។ ប្រមុខការទូត​អឺរ៉ុប​លោក​បររែល​បាន​សម្លឹង​ឃើញ​កាយវិការ​មួយ​នេះ​របស់​តួកគី​ជា​សញ្ញា​នៃ​ភាព​ធូរស្រាល។ តែ​បាន​ទទួល​ស្គាល់​ពី​ស្ថានការណ៍​ធ្លាក់​ធ្ងន់ធ្ងរ។ ដោយឡែក អ្នកតំណាងរាស្រ្ត​បារាំង​ដើមកំណើត​ក្រិក​លោកស្រី Chrysoula Zacharopoulou ហាក់​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​បញ្ជាក់​ថា តាំង​ពី​យូរ​មក​ហើយ​ដែល​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​លេងល្បែង​ឆ្មា​ចាប់​កណ្តុរ​ជាមួយ​អឺរ៉ុប​នៅ​ក្នុង​សំណុំរឿង​ស៊ីរី លីប៊ី និង​ការ​ខួង​រក​ឧស្ម័ន​ខុសច្បាប់​ពេល​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​បររែល​បាន​ទាមទារ​ឲ្យ​បន្ត​កិច្ចសន្ទនា​ជាមួយ​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ