អានតួអត្ថបទ

អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ៖ រដ្ឋសមាជិក​មិន​គោរព​ការសន្យា ដើម្បី​ការពារ​ជីវចម្រុះ

ដីព្រៃត្រូពិក​នៅ​ប្រទេស​ប្រេស៊ីល​ត្រូវ​គេ​កាប់ពង្រួញ​ឲ្យ​នៅតូច​ដើម្បី​យកដី​ធ្វើ​កសិកម្ម នៅឆ្នាំ ២០១៩
ដីព្រៃត្រូពិក​នៅ​ប្រទេស​ប្រេស៊ីល​ត្រូវ​គេ​កាប់ពង្រួញ​ឲ្យ​នៅតូច​ដើម្បី​យកដី​ធ្វើ​កសិកម្ម នៅឆ្នាំ ២០១៩ AP - Leo Correa
ដោយ៖ ឈាង បុប្ផា
១៩ នាទី

រដ្ឋសមាជិក​របស់​អង្គការ​សហប្រជាជាតិ​បរាជ័យ មិនអាច​សម្រេច​តាមគោលដៅ ដើម្បី​ការពារ អភិរក្ស ជីវចម្រុះ។ នៅ​ឆ្នាំ ២០១០​ប្រទេស​ ​សមាជិក​នៃ​អនុសញ្ញា​ស្តីពីជីវចម្រុះ​ចំនួន ១៩០ ​បាន​សន្យា​អនុវត្ត​វិធានការ​ចំនួន ២០ ដើម្បី ទប់ស្កាត់​ការបំផ្លិចបំផ្លាញ ជីវចម្រុះ​ដែល​ជា​តម្រូវការ​របស់​មនុស្ស សម្រាប់​ខ្យល់ ទឹក និង​អាហារ។ ប៉ុន្តែ នៅក្នុង​របាយការណ៍ ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ បាន​បូក​សរុប​លទ្ធផល​ការងារ ដែល​មិនសូវជា​ល្អ​សោះ ក្នុង​រយៈពេល​១០​ឆ្នាំ​មក​នេះ។

ផ្សាយពាណិជ្ជកម្ម

កាលពី​១០ឆ្នាំមុន រដ្ឋសមាជិក​របស់​អនុសញ្ញា​ស្តីពី​ជីវចម្រុះ​របស់​អង្គការ​សហប្រជាជាតិ បាន​សន្យា​អនុវត្ត​ឲ្យបាន វិធានការ ចំនួន ២០ ដើម្បី​ការពារ​ជីវចម្រុះ​នៅលើ​ផែនដី។ កាត់បន្ថយ ឬ​ឈាន​ទៅ​លុបបំបាត់​ចោលទាំងស្រុង ជំនួយ​ឧបត្ថម្ភ ​រដ្ឋ​ដែល​អាច​ទៅ​បំផ្លាញ ជីវចម្រុះ ដូចជា ការពង្រីកដី​កសិកម្ម  គ្រប់គ្រង​ការស្តុកត្រី​ប្រកប​ដោយ​និរន្តភាព ទប់ស្កាត់​បង្កា កុំ​ឲ្យពូជ​សត្វ​រលាយផុតពូជ ឬ កាត់បន្ថយ​ការបំពុល​បរិស្ថាន ដោយសារ​សំរាមប្លាស្ទិក ថ្នាំគីមី ឬ​ជីគីមី​ជាដើម។ ទាំងនេះ វិធានការ​ដែល​ប្រទេស​ចំនួន​១៩០ ក្នុង​ពិភពលោក​សន្យា​សម្រេច​ឲ្យបាន​ យ៉ាងយូរបំផុត នៅ​ឆ្នាំ ២០២០នេះ។

ប៉ុន្តែ ១០ឆ្នាំ​ក្រោយ ការសន្យា​របស់​រដ្ឋសមាជិក​របស់​អង្គការ​សហប្រជាជាតិ​មាន​តែ​នៅលើ​ក្រដាស។ នៅក្នុង​របាយការណ៍ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​អង្គការ​សហប្រជាជាតិ បាន​កត់សំគាល់​ឃើញ​ថា នៅក្នុង​ពិភពលោក គេ​បរាជ័យ មិនអាច​សម្រេច​បាន​តាម​គោលដៅ ទាំង ២០​ដែល​គេ​បាន​ដាក់ចេញ កាលពី​១០​មុននោះទេ។ ការរីកចំរើន​មាន​តិចតួច ព្រោះថា ការខិតខំ​ប្រឹងប្រែង​ក៏មាន​តិច។ ការកាប់ព្រៃឈើ​បានថយថុះ មួយភាគបី ប៉ុន្តែ អ្នកជំនាញ​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ថា សកម្មភាព​កាប់ព្រៃឈើ ដើម្បី​ពង្រីក​យក​ដី​ធ្វើ​កសិកម្ម នៅ​តំបន់ព្រៃអាម៉ាហ្សូន នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ធ្លាក់​ចុះ​អាក្រក់​ឡើង​វិញ។ មួយវិញទៀត អ្នកការពារ​បរិស្ថាន​កាន់តែ​កង្វល់ខ្លាំង នៅពេល​ឃើញ ប្រាក់ឧបត្ថម្ភ​ទុន​សម្រាប់​វិស័យ​ដែល​ប៉ះពាល់​ជីវចម្រុះ បាន​កើនឡើង ដល់​៥០០​ពាន់​លាន​ដុល្លារ ដែលនៅក្នុង​នោះ ១០០​ពាន់​លាន​ដុល្លារ សម្រាប់​វិស័យ​កសិកម្ម។

ការបំផ្លាញ​ជីវចម្រុះ​ជា​ស្នាដៃ​របស់​មនុស្ស។ របាយការណ៍​អង្គការ​សហប្រជាជាតិ​យល់ស្រប​ជាមួយ របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សត្វព្រៃ ដែលថា នៅក្នុង​រយៈពេល ៤៦ឆ្នាំ មកនេះ ពិភពលោក​បាន​បាត់បង់​ពូជសត្វ ជាង​ពាក់កណ្តាល ដោយសារ​តែ​សកម្មភាព​របស់​មនុស្ស។ បើសិន​គេ​មិន​អាច​អនុវត្ត​វិធានការ​ការពារ​អភិរក្ស​ ជីវចម្រុះ នោះ រុក្ខជាតិ សត្វ​រាប់លាន​ប្រភេទ នឹង​រលាយផុតពូជ។ ប្រព័ន្ធជីវចម្រុះ​រងការបំផ្លិចបំផ្លាញ ដែល​នឹង​អាច​គំរាមកំហែង គ្រោះថ្នាក់​ទៅវិញទេ សម្រាប់​ជីវិត​មនុស្ស ដែល​ត្រូវការ​ជីវិត ជីវចម្រុះ សម្រាប់​ខ្យល់ដកដង្ហើម ទឹកស្អាត និង​ចំណីអាហារ។

សម្រាប់​អ្នកសរសេរ​របាយការណ៍ របស់​អង្គការ​សហប្រជាជាតិ អ្វីៗនៅមិនទាន់​ហួសពេល​ ពោល​គឺមិនមែន​ដូច​ការប្រែប្រួល​អាកាសធាតុនោះទេ។ អ្នកជំនាញ​ទាមទារ​ឲ្យ​មនុស្ស​លោក ផ្លាស់ប្តូរ​ផ្នត់គំនិត ស៊ីជម្រៅ​បំផុត ក្នុង​វិស័យ​ចំនួន​៨ ដូចជា ការប្រើប្រាស់​ដី និង​ព្រៃ ការធ្វើ​កសិកម្ម ដោយ​គិត​ដល់​ផលប្រយោជន៍​ធម្មជាតិ ប្រព័ន្ធ ស្បៀងអាហារ ការនេសាទ ការប្រើប្រាស់​ទឹក និង​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ រដ្ឋសមាជិក​របស់​អង្គការ​សហប្រជាជាតិ​បរាជ័យ​មិនអាច​សម្រេច​បាន​តាមគោលដៅ ដែល​បាន​កំណត់ នៅ១០​ទៅនេះ ប៉ុន្តែ គេ​សង្ឃឹមថា រដ្ឋសមាជិក​នឹង​អាចភ្ញាក់រលឹក សម្រាប់​ទិសដៅ​ថ្មី​សម្រាប់​រយៈពេល ១០​ឆ្នាំទៅមុខ (២០២០-២០៣០)​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ