កូវីដ១៩-ម៉ាស

ការសិក្សា ៖ ម៉ាសការពារកូវីដ១៩ មិនសូវ​ត្រូវ​នឹង​ទម្រង់មុខ​របស់ស្ត្រី​និង​ជនជាតិ​អាស៊ី

គិលានុបដ្ឋាកិយកា នៅ​មន្ទីរពេទ្យ ក្រុង​នីស ពាក់​ម៉ាស FFP2
គិលានុបដ្ឋាកិយកា នៅ​មន្ទីរពេទ្យ ក្រុង​នីស ពាក់​ម៉ាស FFP2 Reuters/Eric Gaillard

បើតាម​ការសិក្សា ការការពារ​ទប់ទល់​​នឹង​កូវីដ១៩ មិនមែនកំណត់​ត្រឹម​​តែ​លើ​ សមត្ថភាព​​ចម្រោះ​​របស់​​ម៉ាសទេ​ តែ​ការ​ពាក់​ម៉ាសឱ្យ​​ត្រូវ​នឹង​ទម្រង់​មុខ​ កាន់​តែ​សំខាន់​ និង​ជួយ​ការពារ​បាន​ខ្លាំងជាង។ ក្នុង​ន័យ​នេះ ក្រុមអ្នក​សិក្សា សង្កេត​ឃើញ​ថា ម៉ាសការពារ​កូវីដ១៩ ដែល​បុគ្គលិក​ពេទ្យ​ពាក់​ មិន​សូវ​ស៊ី​ទៅ​នឹងទម្រង់​​មុខ​របស់ ស្ត្រី និង របស់​​ជនជាតិ​អាស៊ីទេ។

ផ្សាយពាណិជ្ជកម្ម

ម៉ាស​ប្រភេទ​ FFP2 និង​ FFP3 ដែល​ជា​ម៉ាសសម្រាប់​ក្រុមគ្រូពេទ្យ​ពាក់ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ នៅ​តាមមន្ទីរពេទ្យ មិន​សូវ ត្រូវ​ នឹង​ទម្រង់មុខ​របស់ ស្ត្រី និង​ទម្រង់​មុខ​របស់​ជនជាតិ​អាស៊ីទេ។ ដូច្នេះ ពួកគេ​ទាំង​នេះ មាន​ការ​ប្រឈមខ្ពស់​​នឹង​គ្រោះ​ឆ្លង​កូវីត១៩ ខ្លាំង​ជាង​គេ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ១៦ កញ្ញា ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រAnaesthesia

​បើ​តាម​ប្រសាសន៍​របស់​លោក Britta von Ungern-Sternberg សាស្ត្រាចារ្យ​ នៅសកលវិទ្យាល័យ អូស្ត្រាលី University of Western Australia ដែល​ជា​ប្រធាន​ដឹកនាំ​ការ​ស្រាវជ្រាវ​ “ម៉ាសប្រឆាំងមេរោគ​ អាច​បំពេញ​តួនាទី​ការពារ​បាន​ត្រឹមត្រូវ​​ល្អ ដរាប​ណា​តែ​ម៉ាស​នោះ​ ពាក់​ទៅ​ត្រូវ​ ​នឹង​ទម្រង់​មុខ​ អិបជាប់​មុខគ្មាន​សល់ចន្លោះ​ឬ​រន្ធ​ណា​ដែល​ខ្យល់​អាច​ជ្រៀត​ចូលបាន”។

ការ​​សិក្សា​វាយតម្លៃ​អំពីប្រសិទ្ធភាព​ការ​ពារ​ប្រឆាំង​នឹង​មេរោគ នៃ​ម៉ាស​​ប្រភេទ FFP2 និង​ FFP3 ឬ​ N95 និង N99 បាន​ធ្វើ​ឡើង​ ដោយ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​សាកល្បង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន មានជាអាទិ៍​នៅ​សហរដ្ឋ​អាមេរិក និង​តាំង​ពី​មុន​មានការ​រាតត្បាតនៃ​ជំងឺ​​កូវីដ១៩​ ផ្ទុះ​ឡើង​ទៅ​ទៀត។

លទ្ធផលនៃ​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា បុរស​អាចពាក់​ម៉ាស​ បាន​យ៉ាង​ត្រឹម​ត្រូវ ចូលស៊ុប​អិប​នឹង​មុខ បាន​ដល់ទៅ ៩៥% តែ​ស្ត្រី​អាច​ពាក់​ត្រូវ​ស៊ុប ត្រឹម​៨៥%​ប៉ុណ្ណោះ។ ម៉ាស​ប្រភេទ​នេះ ត្រូវ​នឹងទម្រង់​​មុខ​របស់មនុស្ស​អំបូរ​អឺរ៉ុប​កូកាស ដល់​ទៅ ៩០% ទល់​នឹង​តែ​ត្រឹម​៨៤%​សម្រាប់​ជនជាតិ​អាស៊ី និង​​ ត្រឹមប្រមាណ​ ​៦០%​ ជាមធ្យម ប៉ុណ្ណោះ ចំពោះ​ស្ត្រី​អាស៊ី។

ក្រុម​អ្នក​ដឹកនាំ​ការ​សិក្សា កាន់តែ​ព្រួយបារម្ភ​ខ្លាំង​ថែម​ទៀត ព្រោះ​នៅ​ក្នុង​​ពេល​​ធ្វើតេស្ត​ ស្ត្រី​អាស៊ី​មាន​ចំនួន​តិច ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់​ស្តែង ស្ត្រី​មាន​ចំនួន​ច្រើន​នៅ​ក្នុង​វិស័យ​សុខាភិបាល។ បើ​តា​ម​ការ​ប៉ាន់​ស្មាន របស់​អាជ្ញាធរ​សុខាភិបាល ​ នៅ​ក្នុង​ប្រទេស​ភាគច្រើន​លើ​ពិភពលោក ពីរភាគបី​នៃ​បុគ្គលិក​ពេទ្យ ជា​​ស្ត្រី។

ដូច្នេះ​ដើម្បីការពារ​ស្ត្រី​ ការពារ​បុគ្គលិក​ពេទ្យជាទូទៅ​ អ្នក​ស្រាវជ្រាវ​បាន​សំណូមពរ​ឱ្យគ្រប់​មន្ទីរពេទ្យ​ ត្រូវយក​ម៉ាស​មក​ធ្វើ​​តេស្តជា​ស្វ័យប្រវត្តិ លើបុគ្គលិក​ជាមុន​សិន​ មុន​នឹង​បញ្ជូន​ពួកគេ​ ឱ្យ​ទៅ​មើល​ថែ​អ្នក​ជំងឺ​កូវីដ១៩ ព្រោះ​ពេល​នេះ គ្រប់​មន្ទីរពេទ្យ​សុទ្ធ​តែ​មាន​ស្តុកគ្រប់គ្រាន់​ហើយ មិន​ដូច​ពេល​ផ្ទុះ​ការ​រាតត្បាត​ខ្លាំង​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI