អានតួអត្ថបទ
បច្ចេកវិទ្យា-សត្វល្អិត

ការ​សិក្សា​អាល្លឺម៉ង់ ៖ ទូរស័ព្ទ​ដៃ អាច​ជាមូលហេតុ​មួយ​ធ្វើ​ឱ្យ​សត្វល្អិតងាប់

ឃ្មុំ​ជា​សត្វល្អិត​ដែល​រង​គ្រោះ និង​បាត់​បង់​ច្រើន​ជាង​គេ​មួយ​ក្នុង​ចំណោម​ពពួក​សត្វល្អិតផ្សេងៗ
ឃ្មុំ​ជា​សត្វល្អិត​ដែល​រង​គ្រោះ និង​បាត់​បង់​ច្រើន​ជាង​គេ​មួយ​ក្នុង​ចំណោម​ពពួក​សត្វល្អិតផ្សេងៗ © AFP/Patrick Seeger
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

​បន្ថែមពី​លើ​​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត និងការ​​កាប់​ព្រៃឈើ ​រលក​ដែនម៉ាញ៉េទិក​របស់​ទូរស័ព្ទ​ដៃ អាច​ជាមួយ​ហេតុ​បន្សំមួយ​ទៀត បង្កឱ្យ​សត្វល្អិត​ នៅ​អឺរ៉ុប ងាប់។ នេះ​បើ​តាមការ​​វិភាគ​ទិន្នន័យ​​នៃ​ការ​សិក្សាចំនួន​ជាង​មួយ​រយ​​ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាល្លឺម៉ង់​​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧​កញ្ញា ២០២០។

ផ្សាយពាណិជ្ជកម្ម

​ពិភព​សត្វ​ល្អិត​ទំនង​ជា​អាច​រង​ឥទ្ធិពល​ខ្លាំង​ពី​រលក​​ម៉ាញ៉េទិករបស់​ទូរស័ព្ទ​ដៃ។ នេះ​បើ​តាម​ទិន្នន័យ​នៃ​ការ​សិក្សា​ចំនួន ១៩០ របស់​សមាគម​អភិរក្ស​ធម្មជាតិ​អាល្លឺម៉ង់(NABU) សហការជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាល្លឺម៉ង់​និង​លុចសំបួរ ដោយ​បញ្ជាក់​ទៀត​ថា ៦០%​ជា​ឥទ្ធិពលអវិជ្ជមាន​លើ​សត្វឃ្មុំ កន្លង់ និង​រុយ។

​រលក​ម៉ាញេទិក​របស់ទូរស័ព្ទ​ដៃ និង​បណ្តាញទូរគមនាគមន៍​គ្មាន​ខ្សែ​ ដូច​យ៉ាង វាយហ្វាយ​ ទំនងជា​អាច​ទម្លុះ​កោសិកា របស់​ពពួក​សត្វ​ល្អិត ដោយ​បើក​ផ្លូវឱ្យ​​ជាតិ​អ៊ីយុងកាល់ស្យូមអាច​ជ្រៀត​ចូល​​ទៅ​ក្នុង​សរីរាង្គ​បាន។ បើ​មាន​កាល់ស្យូម​ខ្ពស់​នោះវា​​​នឹងធ្វើ​ឱ្យ​​​មានប្រតិកម្ម​ និងកោសិកាឡើង​​ស្ត្រេស​។ ប្រតិកម្ម​ដែល​គួរ​ឱ្យ​កត់​សម្គាល់ជាង​គេ គឺ​ ធ្វើ​ឱ្យខូចញាណ​​សម្គាល់​ទិស ការធ្លាក់​ចុះ​​សមត្ថភាព​បន្ត​ពូជ លែង​ស្គាល់​ចង្វាក់​យប់​ឬ​ថ្ងៃ ហើយ​ប្រព័ន្ធ​ការពារ​ខ្លួន​លែង​សកម្ម។ នេះ​បើ​តាម​ការ​លម្អិត​របស់​ការ​សិក្សា​ដដែល។

ការសិក្សា​នៅ​ប្រទេស​ក្រិក បាន​បង្ហាញ​បន្ថែម​ទៀត​ថា រលកម៉ាញេទិក​របស់​ទូរស័ព្ទ​ដៃ ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​ជាង​ដែនម៉ាញេទិក​របស់បណ្តាញ​​ខ្សែភ្លើង​កាប​ទៅ​ទៀត។

សូម​បញ្ជាក់​ថា​​បើ​តាម​សិក្សា​អាល្លឺម៉ង់​ចេញ​ផ្សាយ​កាលពីខែ​តុលា​​ឆ្នាំ​២០១៩ ក្នុង​រយៈ​ពេល​តែ​១០ឆ្នាំ ពពួក​សត្វល្អិត​នៅ​អឺរ៉ុប​បាន​ធ្លាក់​ចុះអស់​៦៧% នៅ​តាម​វាល​ស្មៅ និង​៤១%​នៅ​ក្នុង​ព្រៃ​។ សត្វល្អិត​ខ្លះមាន​ប្រយោជន៍​ណាស់ដែរ​​សម្រាប់​​លំនឹង​ធម្មជាតិ។

ប្រធាន​សមាគម​អភិរក្ស​ធម្មជាតិ​អាល្លឺម៉ង់​ យល់​ថា​ ការ​វិភាគ​ទិន្នន័យនេះ ជា​ការ​ពញ្ញាក់ស្មារតី​ពិភពលោក​ស្វែង​រក​មូលហេតុ​ពិត​នៃ​ការ​បាត់បង់​សត្វ​ល្អិត​យ៉ាង​គំហុក​​ពីភពផែន​ដី​ ប៉ុន្តែលោក​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​ នេះជា​ប្រធានបទ​ដ៏​រំខាន​​ខ្លាំង​ព្រោះ​វា​ប៉ះពាល់ដល់ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃផង និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ដ៏មហាសាល​របស់​ក្រុមហ៊ុន​​ទូរស័ព្ទ​ចល័ត​ផង។ ​ការវិភាគ​នេះធ្លាក់​មក​ជួន​ចំពេលអឺរ៉ុប កំពុងត្រៀម​​ដាក់​បណ្តាញ​បច្ចេវិទ្យា​ជំនាន់ទី ៥ឬ 5G ដែល​ផ្តល់​សេវា​លឿន​ជាង​បណ្តាញ​ទូរស័ព្ទ 4G​បច្ចុប្បន្ន​ដល់​ទៅ​១០០ដង និងដែល​ក្រុម​អ្នក​បរិស្ថាន​ព្រមាន​ហើយ​ព្រមានទៀត​អំពី​ផលវិបាកចំពោះ​សុខភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ