សហរដ្ឋ​អាមេរិក-តៃវ៉ាន់

បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀត អញ្ជើញ​ទៅ​ តៃវ៉ាន់​

អនុរដ្ឋ​លេខាធិការ​អាមេរិក​ Keith Krach ត្រូវ​ផ្តើម​ទស្សនកិច្ច​បីថ្ងៃនៅ​តៃវ៉ាន់
អនុរដ្ឋ​លេខាធិការ​អាមេរិក​ Keith Krach ត្រូវ​ផ្តើម​ទស្សនកិច្ច​បីថ្ងៃនៅ​តៃវ៉ាន់ GETTY IMAGES NORTH AMERICA/AFP/File

រដ្ឋលេខាធិការ​រង​​ទទួលបន្ទុក​ផ្នែកកំណើន​សេដ្ឋកិច្ច​ ថាមពលនិង​បរិស្ថាន លោក Keith Krach ត្រូវ​អញ្ជើញ​ទៅ​ដល់​កោះ​តៃវ៉ាន់ នៅ​ថ្ងៃព្រហស្បតិ៍ទី ១៧​កញ្ញា​នេះ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធសព​លោក អតីត​ប្រធានាធិបតី​តៃវ៉ាន់ លោក លី តេងហ៊ុយ។ សម្រាប់​តៃវ៉ាន់​ លោក Keith Krach ​ជា​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​បំផុត​​ ដែល​​អញ្ជើញ​មក​ជាន់ទឹក​ដី​កោះ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩មក។ ប៉ុន្តែ​ទស្សនកិច្ច ដែល​ប្រព្រឹត្ត​ទៅ​តែ​មួយ​ខែក្រោយ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលអាមេរិក ច្បាស់​ជានឹង​បញ្ឆេះ​កំហឹង​ចិន​ក្តៅ​ក្រហាយ​ខ្លាំង​ឡើង។

ផ្សាយពាណិជ្ជកម្ម

អមដំណើរ​ដោយ​លេខារង​នៃការិយាល័យ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោកអនុរដ្ឋ​លេខាធិការ ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​រយៈ​ពេលបី​ថ្ងៃ​ និងជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​​ឧទ្ទិស​​វិញ្ញាណក្ខន្ធ​លោក លី តេងហ៊ុយ។ “អាមេរិក​សូម​គោរដល់​វិញ្ញាណក្ខន្ធ​លោក​អតីត​ប្រធានាធិបតី​ ដែលបាន​ផ្សារ​ភ្ជាប់ទំនាក់ទំនង​យ៉ាង​ស្អិត​ល្មួត​ជាមួយ​សហរដ្ឋអាមេរិក ជាមួយ​លទ្ធិប្រជាធិបតេយ្យ តាមរយៈការ​លើក​តម្កើងតម្លៃ​សេដ្ឋកិច្ច​និង​នយោបាយ”​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក។

បើ​តាម​ប្រភពការបរទេសតៃវ៉ាន់វិញ លោក​អនុរដ្ឋ​លេខា​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​តៃវ៉ាន់ ដើម្បី​ជជែក​រក​មធ្យោបាយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ទៀត។ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ឆៃ អ៊ីងវេន នឹង​ទទួលស្វាគមន៍​ប្រតិភូ​អាមេរិក ក្នុងកម្មវិធី​​ទទួលទានអាហារ​ពេល​ល្ងាច​ នៅ​ថ្ងៃសុក្រ។

​សូម​បញ្ជាក់ថា ​ទស្សនកិច្ចរបស់​លោកអនុរដ្ឋ​លេខាធិកា Keith Krach  ប្រព្រឹត្ត​ទៅ​តែ​មួយ​ខែក្រោយ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។ ​ឥស្សរជននយោបាយអាមេរិក​​ជាន់​ខ្ពស់បំផុតដែល​មក​ជាន់​ទឹក​ដី​តៃវ៉ាន់​​ គិត​ចាប់​តាំងពី​ឆ្នាំ១៩៧៩ ឆ្នាំ​ដែល​អាមេរិក​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ដោយ​ងាកទៅ​ទទួលស្គាល់​គោលការណ៍​ចិន​តែ​មួយមក។

ទស្សនកិច្ច​នេះច្បាស់​ជា​នឹង​ធ្វើឱ្យ​ចិន​ក្តៅក្រហាយ​ខ្លាំង ព្រោះចិន​តែងតែ​បរិហារ​រាល់​គ្រប់សកម្មភាព​​និង​ទង្វើ​ណា​ដែលមានអត្ថន័យ​ទទួលស្គាល់​រដ្ឋាភិបាលតៃប៉ិ។ សម្រាប់​ចិន តៃវ៉ាន់​ជា​ចំណែ​ក​​មួយ​របស់​ចិន ដែល​ប៉ះបោរ​និង​ដែល​ត្រូវ​ក្រសោប​យកមកវិញ​ដោយ​ប្រើ​កម្លាំង​យោធា​ផង​បើ​ចាំបាច់។ ម្យ៉ាង​វិញទៀត ចិន​អាច​ខឹង​សម្បារ​កាន់​តែ​ខ្លាំង ដោយ​ហេតុ​ទស្សនកិច្ច​នេះ​ប្រព្រឹត្ត​ទៅ​​ចំពេល​ដែល​ចិន​និង​អាមេរិក​កំពុង​តានតឹង​នឹង​គ្នា​ខ្លាំង ត​គ្នា​ពី​​​សំណុំរឿង​ពាណិជ្ជកម្ម ហុងកុង និង​​កូរ៉ូណាវីរុស​​ទៀត។ ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​រដ្ឋមន្ត្រី​ក្រសួ​ងសុខាភិបាល​ កាលពី​ខែ កក្កដា ចិន​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​ជន្ល​លេង​នឹង​ភ្លើង និង​បាន​បញ្ជាក់​អំពី​ជំហរប្រឆាំង​មិន​ឱ្យ​មាន​ជំនួប​ផ្លូវការ​រវាង​អាមេរិកនិង​តៃវ៉ាន់​ទេ ទោះ​ក្រោមហេតុផល និង​រូបភាព​អ្វី​ក៏​ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI