អានតួអត្ថបទ
WHO-អឺរ៉ុប

អង្គការសុខភាពពិភពលោកបារម្ភពីសន្ទុះកំណើនឆ្លងកូវីដ-១៩ នៅអឺរ៉ុប និងការបន្ថយរយៈពេលធ្វើចត្តាឡីសក

នាយកសាខាអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុបលោកហាន គ្លូហ្ស
នាយកសាខាអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុបលោកហាន គ្លូហ្ស AFP/Archivos
១៨ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ កញ្ញា អង្គការសុខភាពពិភពលោក​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​សន្ទុះ​កំណើន​ករណី​ឆ្លង​កូវី១៩​នៅ​អឺរ៉ុប និង​ការ​សម្រេចចិត្ត​របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដែល​បាន​កាត់​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីសក។ នាយក​សាខា​អង្គការសុខភាពពិភពលោក​ប្រចាំ​អឺរ៉ុប​លោក​ហាន គ្លូហ្ស​បាន​ថ្លែង​ពី​ប្រទេស​ដាណឺម៉ាក​ថា ករណី​ឆ្លង​ក្នុង​ខែ​កញ្ញា​មាន​ចំនួន​លើស​ករណី​ឆ្លង​ក្នុង​ខែ​មីនា និង​ខែ​មេសា​ទៅ​ទៀត។ លោក​ហាន គ្លូហ្ស​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​កុំ​បន្ធូរ​ដៃ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ទប់​នឹង​ការ​រាលដាន​នៃ​កូវីដ-១៩។

ផ្សាយពាណិជ្ជកម្ម

តំបន់​អឺរ៉ុប​ដែល​អង្គការសុខភាពពិភពលោក​ចង់​និយាយ​មាន ៥៣ប្រទេស​បូក​បន្ថែម​ប្រទេស​រុស្ស៊ី ហើយ​តាម​តួលេខ​ផ្លូវការ​គិត​តាំង​ពី​ថ្ងៃ​ផ្ទុះ​កូវីដ-១៩ មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជិត ៥លាននាក់ និង​អ្នក​ស្លាប់​ជាង ២២៧ ០០០នាក់។ តែ​អ្វី​ដែល​បាន​កំពុង​ធ្វើ​ឲ្យ​អង្គការសុខភាពពិភពលោក​បារម្ភ​ខ្លាំង​នៅ​ពេល​នេះ គឺ​សន្ទុះ​កណើន​ករណី​ឆ្លង​ក្នុង​ខែ​កញ្ញា​ដែល​មាន​ចន្លោះ​ពី ៤០ ០០០​ទៅ ៥០ ០០០នាក់​ក្នុង​មួយ​ថ្ងៃ ពិសេស​ថ្ងៃទី១១ កញ្ញា​កន្លង​ទៅ​ដែល​មាន​ប្រមាណ ៥៤ ០០០នាក់​ក្នុង​រយៈពេល ២៤ម៉ោង។ នាយក​សាខា​អង្គការសុខភាពពិភពលោក​ប្រចាំ​អឺរ៉ុប​លោក​ហាន គ្លូហ្ស​ហាក់​បាន​យល់​ស្រប​ថា ចំនួន​កំណើន​នេះ​ក៏​ដោយសារ​តែ​មាន​យុទ្ធនាការ​ធ្វើ​តេស្តិ៍​ក្រោម​ទ្រង់ទ្រាយ​របស់​ប្រទេស​មួយ​ចំនួន។ តែ​លោក​គ្លូហ្ស​ក៏​បាន​ទម្លាក់​កំហុស​លើ​ការ​បន្ធូរ​ដៃ ធ្វេស​ប្រហែស​របស់​ប្រជាជន​ដែរ។

តាម​លោក​គ្លូហ្ស ករណី​ឆ្លង​បាន​ធ្លាក់​ចុះ​ក្នុង​ខែ​មិថុនា​កន្លង​ទៅ​មិនមែន​ដោយសារ​ការ​វិវឌ្ឍន៍​របស់​វីរុស ឬ​អាកាសធាតុ​ទេ តែ​ជា​លទ្ធផល​បាន​មក​ពី​ការ​អនុវត្តន៍​វិធានការ​តឹងតែង​របស់​រដ្ឋាភិបាល ដូច​ជា​តម្រូវ​ឲ្យ​ពាក់ម៉ាស រក្សា​គម្លាត​សុវត្ថិភាព ការ​បន្ថយ​ការ​ជួបជុំ ឬ​មួយ​ក៏​ផ្អាក​សកម្មភាព​សង្គម និង​វប្បធម៌​មួយ​ចំនួន​ដែល​មិន​ចាំ​បាច់។ « ប្រសិន​បើ​អស់លោក​នាំ​គ្នា​បន្ធូរដៃ និង​ធ្វេសប្រហែស​ចំពោះ​វីរុស អស់លោក​បាន​ឃើញ​ករណី​ឆ្លង​កើន​ឡើង » នេះ​ជា​ការថ្លែង​របស់​លោក​ហាន គ្លូហ្ស។ ក្រៅ​ពី​បារម្ភ​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង លោក​គ្លូហ្ស​ក៏​បារម្ភ​ពី​ការ​សម្រេចចិត្ត​របស់​ប្រទេស​អឺរ៉ុប​ខ្លះ​ដែល​បាន​កាត់បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីសក​នៅ​ក្រោម ១៤ថ្ងៃ​ចំពោះ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​កូវីដ-១៩។

ជាក់ស្តែង​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​ទើប​បាន​សម្រេច​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីសក​ពី ១៤ថ្ងៃ​មក​នៅ​ត្រឹម ៧ថ្ងៃ។ អូទ្រីស និង​ស្លូវ៉េនី​បាន​បន្ថយ​មក​នៅ​ត្រឹម ១០ថ្ងៃ ហើយ​មាន​ប្រទេស​ផ្សេង​ទៀត ដូច​យ៉ាង​ព័រទុយហ្កាល់ និង​ក្រូអាស៊ី​ក៏​ត្រៀម​កាត់​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីសក​តិច​ជាង ១៤ថ្ងៃ​ដែរ។ នាយក​សាខា​អង្គការសុខភាពពិភពលោក​ប្រចាំ​អឺរ៉ុប​លោក​ហាន គ្លូហ្ស​បាន​រម្លឹក​ឡើង​វិញ​ថា អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ធ្វើ​ចត្តាឡីសក​រយៈពេល ១៤ថ្ងៃ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ព័ត៌មាន​ច្បាស់លាស់​ស្តីពី​ការ​ចាប់​កកើត និង​ការ​ឆ្លង​របស់​វីរុស ពោល​មិនមែន​កំណត់​ដោយ​ចៃដន្យ​ទេ។ តាម​លោក​គ្លូហ្ស អង្គការ​សុខភាពពិភពលោក​នឹង​ពិនិត្យ​មើល​ឡើង​វិញ​លើ​រយៈពេល​ធ្វើ​ចត្តាឡីសក​ដោយ​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្រ្ត និង​ការ​វិវឌ្ឍន៍​របស់​វីរុស។ តែ​នៅ​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីសក​នៅ​ក្រោម ១៤ថ្ងៃ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ