អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អន្តោប្រវេសន៍៖ប្រធានគណៈកម្មការអឺរ៉ុបចង់លុប « វិធានឌុយប្លាំង » ដែលសហភាពអឺរ៉ុបបានស្គាល់ភាពចម្រូងចម្រាសខ្លាំង

សំឡេង ០៦:៥៣
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែនបានសន្យាធ្វើកំណែទម្រង់លើនយោបាយអន្តោប្រវេសន៍របស់សហភាពអឺរ៉ុប។ រូបថត​ថ្ងៃទី១៦ កញ្ញា ២០២០
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែនបានសន្យាធ្វើកំណែទម្រង់លើនយោបាយអន្តោប្រវេសន៍របស់សហភាពអឺរ៉ុប។ រូបថត​ថ្ងៃទី១៦ កញ្ញា ២០២០ REUTERS - YVES HERMAN
៣៧ នាទី

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​អឺរ៉ុប​នា​ថ្ងៃ​ពុធ ទី១៦ កញ្ញា ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បាន​សន្យា​ធ្វើ​កំណែទម្រង់​លើ​នយោបាយ​អន្តោប្រវេសន៍​របស់​សហភាពអឺរ៉ុប។ នៅ​ក្នុង​ន័យ​នេះ លោកស្រី​ឡេយែន​បាន​ប្រាប់​ពី​ការ​លុប​ចោល « វិធានឌុយប្លាំង » ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​សមាជិកអឺរ៉ុប​ស្គាល់​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង។ អ្វី​ដែល​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ចង់​បាន​នា​ពេល​ខាង​មុខ គឺ​វិធាន​អន្តោប្រវេសន៍​ថ្មី​សម្រាប់​សហភាព​អឺរ៉ុប​ដែល​មាន​លក្ខណៈ​សាមគ្គីភាព​ជាង « វិធានឌុយប្លាំង »។ វិធាន​ថ្មី​ស្តីពី​អន្តោប្រវេសន៍​នឹង​ត្រូវ​គណៈកម្មការ​អឺរ៉ុប​លាតត្រដាង​នៅ​ថ្ងៃទី២៣ កញ្ញា​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

គេ​អាច​ប្រដូច« វិធានឌុយប្លាំង » ទៅ​នឹង​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ដែល​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​អស់ រួម​ទាំង​ប្រទេស​ស្វីស អ៊ីស្លង់ ន័រវែស និង​ប្រទេស​លិកតិនស្តាញ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៣នៅ​ក្នុង​ទីក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់។ « វិធានឌុយប្លាំង » កាល​ពី ៧ឆ្នាំ​មុន​បាន​ចែង​ថា ប្រទេស​អឺរ៉ុប​ណា​ដែល​ជនអន្តោប្រវេសន៍​បាន​ទៅ​ដល់​មុន​គេ ប្រទេស​អឺរ៉ុប​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចុះ​ឈ្មោះ​សុំសិទ្ធិជ្រកកោណ​របស់​រូប​ជនអន្តោប្រវេសន៍​នោះ ទោះ​ជា​បន្ទាប់​មក រូប​ជនអន្តោប្រវេសន៍​ដដែល​នោះ​បាន​ឆ្លង​ចូល​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ណា​ផ្សេង​ក៏​ដោយ។ ឧទាហរណ៍ បើ​ជនអន្តោប្រវេសន៍​ម្នាក់​បាន​មក​ដល់​ទឹកដី​បារាំង​ដោយ​ធ្វើ​ដំណើរ​ពី​ប្រទេស​អ៊ីតាលី គឺ​អ៊ីតាលី​ជា​អ្នក​ត្រូវ​ចុះ​ឈ្មោះ​សុំសិទ្ធិ​ជ្រកកោណ​របស់​ជនអន្តោប្រវេសន៍​នោះ ពោល​មិន​មែន​បារាំង​ទេ។

តែ​ទោះ​ជា​មាន « វិធានឌុយប្លាំង » នេះ​ក៏​ដោយ ក៏​មាន​ប្រទេស​អឺរ៉ុប​ខ្លះ​សុខចិត្ត​បិទភ្នែក និង​ប្រកាន់​ចិត្ត​មនុស្សធម៌​ដោយ​យល់ព្រម​ចុះ​ឈ្មោះ​ទទួល​សុំសិទ្ធិជ្រកកោណ​របស់​ជនអន្តោប្រវេសន៍​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង។ គួរ​រម្លឹក​ថា កម្មវត្ថុ​គោល​នៃ « វិធានឌុយប្លាំង » គឺ​ចែករំលែក​ការ​ទទួល​ខុសត្រូវ ស្វែង​រក​ចម្លើយ​រួម និង​ចៀសវាង​កុំ​ឲ្យ​ជនអន្តោប្រវេសន៍​ម្នាក់​អាច​ដាក់​ពាក្យ​សុំសិទ្ធិជ្រកកោណ​នៅ​ច្រើន​ប្រទេស​សមាជិក​ផ្សេង ក្រៅ​ពី​ប្រទេស​ដែល​រូប​អន្តោប្រវេសន៍​នោះ​បាន​ទៅ​ដល់​មុន​គេ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ យន្តការណ៍​ដែល​គេ​ហៅ « វិធានឌុយប្លាំង » បាន​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ក្រុម​ជនអន្តោប្រវេសន៍​បាន​ទៅ​ដល់​មុន​គេ និង​បាន​ក្លាយ​ជា​ឧបករណ៍​អាត្មានិយម​សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប​ខ្លះ​ដែល​សប្បាយចិត្ត​ពី​ការ​រួច​ខ្លួន​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ក្នុង​សំណុំរឿង​មួយ​នេះ។

ហេតុអ្វី​បាន​ជា « វិធានឌុយប្លាំង » ចោទ​ជា​បញ្ហា?

ភាព​ចម្រូងចម្រាស​ខ្លាំង​នៅ​ក្នុង​ការ​អនុវត្តន៍ « វិធានឌុយប្លាំង » បាន​កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ ពោល​ចំ​ពេល​ដែល​អឺរ៉ុប​បាន​ធ្លាក់​ក្នុង​វិបត្តិ​លំហូរ​ជនអន្តោប្រវេសន៍​យ៉ាង​ច្រើន​សម្បើម​ក្នុង​មួយ​ថ្ងៃៗ។ វិបត្តិ​លំហូរ​ជនអន្តោប្រវេសន៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​ខ្លះ​បញ្ចេញ​កំហឹង​ខ្លាំងៗ ពិសេស​អ៊ីតាលី ក្រិក ឬ​មួយ​ម៉ាល់​ដែល​សុទ្ធសឹង​ជា​ប្រទេស​ច្រក​ចូល​សំខាន់​របស់​ជនអន្តោប្រវេសន៍​ដែល​ផ្សងសំណាង​តាម​សមុទ្រ។ គឺ​វិបត្តិ​លំហូរ​ជនអន្តោប្រវេសន៍​ក្នុង​ទឹកដី​អឺរ៉ុប​ដែល​បាន​ធ្វើ​ឲ្យ « វិធានឌុយប្លាំង » ចោទ​ជា​បញ្ហា ព្រោះ​ចង់ ឬ​មិន​ចង់ ក្រុម​ប្រទេស​ដែល​ជា​ច្រក​ចូល​សំខាន់​របស់​ជនអន្តោប្រវេសន៍​ជា​អ្នក​ទទួល​បន្ទុក​ធ្ងន់​ជាង​គេ។ អ៊ីតាលី ក្រិក ឬ​មួយ​ម៉ាល់​ដែល​មាន​អារម្មណ៍​ត្រូវ​បាន​អ្នក​ផ្សេង​បោះបង់​ចោល​បាន​បន្ត​ទាមទារ​ឲ្យ​មាន​សាមគ្គីភាព​បន្ថែម​ពី​ប្រទេស​សមាជិក​ផ្សេង​ទៀត។

អ្វី​ជា​ការ​កត់សម្គាល់ ក្រុម​ជនអន្តោប្រវេសន៍​ដែល​ចូល​អឺរ៉ុប​តាម​ច្រក​អ៊ីតាលី​ឬ​ក្រិក​មិន​ច្បាស់​ថា​ពួក​គេ​ចង់​សុំសិទ្ធិជ្រកកោណ​នៅ​អ៊ីតាលី ឬ​ក្រិក​ទេ។ ក្រិក ឬ​អ៊ីតាលី​គ្រាន់​ជា​ទឹកដី​ឆ្លង​កាត់​របស់​ពួក​គេ​ដើម្បី​បន្ត​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ពិសេស​បារាំង និង​អាល្លឺម៉ង់។ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​ក្រោយ​វិបត្តិ​អន្តោប្រវេសន៍​នៅ​អឺរ៉ុប​ឆ្នាំ ២០១៥ ចំនួន​អ្នក​សុំសិទ្ធិជ្រកកោណ​នៅ​អឺរ៉ុប​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ លោក Didier Leschi ប្រមុខ​ការិយាល័យ​អន្តោប្រវេសន៍ និង​សមាហរណកម្ម​បារាំង​បាន​បញ្ជាក់​ថា ភាព​ចម្រូងចម្រាស​ចម្បង​របស់​អឺរ៉ុប​នៅ​ក្នុង​រឿង​អន្តោប្រវេសន៍ គឺ​អវត្តមាន​នៃ​ការ​ទទួល​ស្គាល់​លើ​ការ​សម្រេចចិត្ត​របស់​ប្រទេស​សមាជិក។ លោក Didier បាន​លើក​ជា​ឧទារហណ៍​ថា នៅ​ពេល​មាន​ជនអន្តោប្រវេសន៍​ម្នាក់​ត្រូវ​បាន​អាល្លឺម៉ង់​បដិសេធ​មិន​ផ្តល់​សិទ្ធិជ្រកកោណ​មក​ដល់​ទឹកដី​បារាំង រូប​ជនអន្តោប្រវេសន៍​ដដែល​នោះ​អាច​សុំសិទ្ធិជ្រកកោណ​ជា​ថ្មី បន្ទាប់​ពី​រូប​គេ​បាន​ស្នាក់​នៅ​លើ​ទឹកដី​អឺរ៉ុប​បាន ៦ខែ ឬ ១៨ខែ​ដោយ​ផ្អែក​តាម​ករណី​នីមួយៗ។

លោកស្រី​ឡេយែន​ចង់​ឲ្យ​អឺរ៉ុប​មាន​សាមគ្គី​ខ្លាំង

នៅ​ថ្ងៃទី២៣ កញ្ញា​ខាង​មុខ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​ឡេយែន​នឹង​បង្ហាញ​វិធានអន្តោប្រវេសន៍​ថ្មី​ដើម្បី​ជំនួស​ឲ្យ « វិធានឌុយប្លាំង »។ លោកស្រី​ឡេយែន​មិន​បាន​លំអិត​អ្វី​ច្រើន​ទេ តែ​គ្រាន់​បញ្ជាក់​ថា លោកស្រី​ចង់​ឲ្យ​វិធានអន្តោប្រវេសន៍​ថ្មី​សម្រាប់​សហភាព​អឺរ៉ុប​មាន​បំពាក់​ដោយ​យន្តការណ៍​សាមគ្គី​ខ្លាំង និង​មាន​ហេដ្ឋារចនាសម្ព័ន្ធរួម​ស្តីពី​នយោបាយ​នៃ​ការ​សុំសិទ្ធិជ្រកកោណ និង​នយោបាយ​នៃ​ការ​បញ្ជូន​ត្រឡប់​វិញ​របស់​ជនអន្តោប្រវេសន៍។ គួរ​រម្លឹក​បន្តិច​ថា​ក្នុង​ឆ្នាំ ២០១៦ ពោល​ក្រោយ​អឺរ៉ុប​ជួប​វិបត្តិ​លំហូរ​ជនអន្តោប្រវេសន៍ គណៈកម្មការ​អឺរ៉ុប​ធ្លាប់​បាន​គិតគូរ​លើ​គម្រោង​បែងចែង​ជនអន្តោប្រវេសន៍ និង​ចំនួន​កូតា​ជនអន្តោប្រវេសន៍​ចាំ​បាច់​សម្រាប់​ប្រទេស​សមាជិក​អឺរ៉ុប​នីមួយៗ។ គម្រោង​មួយ​នេះ​មាន​គោលដៅ​ជួយ​សម្រាល​ចំនួន​ជនអន្តោប្រវេសន៍​ពី​ក្រុម​ប្រទេស​ដែល​ជា​ច្រក​ចូល​សំខាន់​របស់​ជនអន្តោប្រវេសន៍។

តែ​គម្រោង​មួយ​នេះ​នៅ​ជា​គម្រោង ព្រោះ​មាន​ប្រទេស​អឺរ៉ុប​ខ្លះ ដូច​យ៉ាង​ប៉ូឡូញ ហុងគ្រី សាធារណរដ្ឋ​ឆែក ឬ​ស្លូវ៉ាគី​បដិសេធ​មិន​ទទួល​យក​ជនអន្តោប្រវេសន៍ ហើយ​សូម្បី​តែ​គំនិត​ទទួល​យក​ជនបរទេស​ក៏​ប្រទេស​ទាំង​នេះ​មិន​ចង់​ស្តាប់ និង​ចង់​ឮ​ដែរ។ ប្រមុខ​ការិយាល័យ​អន្តោប្រវេសន៍ និង​សមាហរណកម្ម​បារាំង​លោក Didier Leschi បាន​យល់​ឃើញ​ថា កំណែទម្រង់​លើ​ច្បាប់អន្តោប្រវេសន៍​របស់​សហភាព​អឺរ៉ុប​ជា​រឿង​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​កាលៈទេស​សព្វថ្ងៃ។ តាម​លោក Didier វិធានអន្តោប្រវេសន៍​ថ្មី​ត្រូវ​បិទផ្លូវ​មិន​ឲ្យ​ជនអន្តោប្រវេសន៍​ណា​ម្នាក់​អាច​សុំសិទ្ធិជ្រកកោណ​ជា​ថ្មី ក្រោយ​ពី​មាន​ប្រទេស​សមាជិក​អឺរ៉ុប​ណា​មួយ​បាន​បដិសេធ។ លោក Didier បាន​បន្ថែម​ថា វិធាន​ថ្មី​មិន​ត្រូវ​មាន​ពាក្យ « ចាំបាច់ » និង​ត្រូវ​ផាកពិន័យ​ទៅ​លើ​ប្រទេស​សមាជិក​ណា​ដែល​មិន​គោរព។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កំណែទម្រង់​លើ​ច្បាប់អន្តោប្រវេសន៍​ដែល​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​ឡេយែន​សន្យា​ធ្វើ​នេះ​អាច​នឹង​ចេញ​រួច ឬ​អត់​ទេ ព្រោះ​លោកស្រី​ធ្លាប់​បាន​ព្យាយាម​លើកទី១ ម្តង​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ