អានតួអត្ថបទ
កូវីដ១៩-ថ្នាំបង្ការ

Oxfam ប្រទេស​អ្នក​មានបញ្ជា​ទិញ​អនាគត​ថ្នាំ​វ៉ាក់សាំងអស់​ជាង​ពាក់កណ្តាល​ហើយ

ប្រទេស​អ្នកមាន​បញ្ជាទិញ​អនាគត​ថ្នាំ​វ៉ាក់សាំង​កូវីដ​អស់​ជាង​ពាក់កណ្តាល
ប្រទេស​អ្នកមាន​បញ្ជាទិញ​អនាគត​ថ្នាំ​វ៉ាក់សាំង​កូវីដ​អស់​ជាង​ពាក់កណ្តាល Reuters
ដោយ៖ អៀង សុខម៉ិញ
១៧ នាទី

អង្គការ​ក្រៅ​រដ្ឋាភិបាល Oxfam បាន​គូស​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ទៅលើ​ពិភពលោក​ចំនួន​ពាក់កណ្តាល នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ១៩។ មូលហេតុ​មក​ពី​​ក្រុម​ប្រទេស​អ្នក​មាន​ៗ បាន​នាំ​គ្នា​បញ្ជា​ទិញ រួច​ជា​ស្រេច​ទៅហើយ​ (កម្មង់​ទុក) ​អនាគត​ថ្នាំវ៉ាក់សាំង អស់​ពាក់កណ្តាល​ទៅហើយ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ១៦​កញ្ញា២០២០។

ផ្សាយពាណិជ្ជកម្ម

អនាគត​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ចំនួន​​ពាក់​កណ្តាល (៥០%) ​ត្រូវ​បាន​ក្រុមប្រទេស​អ្នក​មាន ​ដែលតំណាង​ឱ្យ​តែ១៣%​នៃ​ប្រជាជនពិភពលោក​សរុប បញ្ជា​ទិញ​រួច​ជាស្រេច​ទៅ​ហើយ ​ពី​មន្ទីរ​ពិសោធន៍ទាំងឡាយ​ដែល​កំពុង​សាកល្បង​ថ្នាំ​​ដំណាក់កាល​ចុងក្រោយ។ ក្រុមប្រទេស​អ្នកមានធ្វើ​ដូច្នេះទើបប្រាកដ​ថា​នឹង​មាន​ថ្នាំ​បង្ការ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ប៉ុន្តែប្រជាពលរដ្ឋ​លើ​ភព​ផែនដី​ពាក់កណ្តាល​ផ្សេង​ទៀត នឹង​ជួបការ​លំបាក​ មិនអាច​រក​ថ្នាំ​បង្ការ​កូវីដ​១៩​បានទេ នៅ​ដំណាក់កាលដំបូង។ នេះ​​បើ​តាម​របាយការណ៍​របស់​អង្គការ​Oxfam ព្រោះ​មូលនិធិ​អន្តរជាតិ​ប្រឈម​នឹង​កូវីដ១៩ ហៅ​កាត់​ថា Covax ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ខ្វះ​ថវិកា ហើយ​អាមេរិក​ធ្វើ​ពហិការ​មិន​ចូល​រួមចំណែក​ទេ។

តាំង​ពី​ខែ​ឧសភា​មក សហរដ្ឋ​អាមេរិក បន្ទាប់មក​អង់គ្លេស សហភាពអឺរ៉ុប ជប៉ុន និងបណ្តា​ប្រទេស​អ្នក​មាន​មួយ​ចំនួនទៀត បាន​ចុះកិច្ចសន្យា​​​ ធានា​ថា​នឹង​ទិញ​ និងយក​​​​ថ្នាំបង្ការ​ភ្លាម​នៅពេល​លទ្ធផល​សាកល្បង​គួរ​ឱ្យ​ជឿជាក់។ អាមេរិក​ចង់​ទៅ​ដឹកយក​ថ្នាំមកទុក​​ឱ្យ​នៅ​​ខែ​តុលា​នេះ​តែ​ម្តង ដើម្បី​អាចចាក់​ជូន​​ប្រជាពលរដ្ឋ​ក្នុង​រយៈ​២៤ម៉ោង​ក្រោយ​សេចក្តី​សម្រេច​ឱ្យ​របស់​អាជ្ញាធរ​សុខាភិបាល។

ក្រុមហ៊ុន AstraZeneca ​ ដៃគូ​របស់សាកលវិទ្យាល័យ​Oxfordបានទទួលកិច្ចសន្យាទិញ​ជា​សាធារណៈ ​ច្រើន​ជាង​គេ។ តែក្រុមហ៊ុន​ Sanofi, Pfizer, Johnson & Johnson, ក្រុមហ៊ុនអាមេរិក Moderna, មន្ទីរពិសោធន៍​ចិន Sinovac និង​វិទ្យាស្ថាន​រុស្ស៊ី Gamaleïa ក៏មាន​កិច្ចសន្យា​បញ្ជា​ទិញ​ជាមុន​ដល់​ទៅ​រាប់​សិប​រយលាន​​ដូស ខ្លះ​ក្នុង​ទម្រង់​ជា​ដៃគូ​ផលិត​ក្នុង​តំបន់​ផង។

បើ​តាម Oxfam ​ការ​កម្មង់​ទុក ដែល​បានចុះ​​កិច្ចសន្យាជាមួយ​​មន្ទីរពិសោធន៍ដែល​កំពុង​សាកល្បងថ្នាំ​ដំណាក់កាល​ក្រោយ​ មាន​ទំហំ​ដល់​ទៅ ៥១០០​លាន​ដូស ក្នុងនោះ​​​៥១%​​ ជា​កម្មង់​របស់​ប្រទេស​អ្នក​មាន (អាមេរិក​មានពលរដ្ឋ​៣៣០លាននាក់បញ្ជា​ទិញ​ ៨០០លាន​ដូស អឺរ៉ុបមាន​ពលរដ្ឋ​៤៥០លាន​នាក់ បញ្ជា​ទិញ ១៥០០​លាន​ដូស)។ ការ​បញ្ជា​ទិញ​ជា​មុន​របស់​អូស្ត្រាលី ហុងកុង ស្វីស អ៊ីស្រាអែល មិន​ត្រូវ​បាន​រាប់​បញ្ជូល​ទេ ព្រោះ​ថ្នាំ​បង្ការនោះ​មិនទាន់​ចូល​ដំណាក់កាល​សាកល្បង​ចុងក្រោយ​នៅ​ឡើយ។ នៅសល់​ប៉ុន្មាន ជា​ការ​បញ្ជា​ទិញ​របស់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​យ៉ាង​ ឥណ្ឌា បង់ក្លាដែស ប្រេស៊ីល ចិន ឥណ្ឌូណេស៊ី និង​ម៉ិចស៊ិក។ នេះ​បើ​តាម​របាយការណ៍​របស់ Oxfam ដដែល។

អ្នក​ជំនាញ​សុខភាព​សាធារណៈ​បាន​សំណូមពរ​ អំពីរបៀប​ចែក​ចាយ​ថ្នាំ​បង្ការ​ នៅ​លើ​ពិភពលោក ជា​ច្រើន​បែប។ អង្គការ​សុខភាពពិភពលោក ចង់​ឱ្យ​គ្រប់ប្រទេស​នៅលើ​ពិភពលោក អាច​មាន​ថ្នាំ​បង្ការ​ចាក់​ជូនពលរដ្ឋឱ្យ​បាន​​២០%។ ក្រុម​ខ្លះ​ថា​ត្រូវ​ផ្តល់​អាទិភាព​ដល់​ប្រទេស​ដែល​ស្លាប់​ដោយ​កូវី១៩​ខ្លាំង​គេ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ប្រកាស​ថា​ត្រូវ​ចាក់​ឱ្យ​ពលរដ្ឋ​អាមេរិក​គ្រប់​រូប មិន​មែន​តែ​សម្រាប់​​អ្នកងាយ​រង​គ្រោះ និង​មនុស្ស​ចាស់​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ