អានតួអត្ថបទ
ចោរព័ត៌មានវិទ្យា

កាសែត​អេស្ប៉ាញ៖ ចោរព័ត៌មានវិទ្យា​ចិន​លួចទិន្នន័យ​វ៉ាក់សាំង​ប្រឆាំង​កូវីដ នៅអេស្ប៉ាញ

វ៉ាក់សាំងប្រឆាំង​កូវីដ ​​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac Biotechនៅក្នុង​ពិព័រណ៌​អន្តរជាតិ​នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី​៤កញ្ញា ២០២០
វ៉ាក់សាំងប្រឆាំង​កូវីដ ​​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac Biotechនៅក្នុង​ពិព័រណ៌​អន្តរជាតិ​នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី​៤កញ្ញា ២០២០ REUTERS - TINGSHU WANG
ដោយ៖ ឈាង បុប្ផា
១៥ នាទី

ក្រុមចោរព័ត៌មានវិទ្យាចិន​បាន​ចូលលួច​ព័ត៌មាន​ជាច្រើន​ពី​មន្ទីរពិសោធន៍​អេស្ប៉ាញ ដែលកំពុង​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ​១៩។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែត ដ៏ធំជាងគេ​របស់​អេស្ប៉ាញ ឈ្មោះ El Pais កាលពី​ថ្ងៃ​សុក្រ។ ដំណឹងនេះ​ធ្លាក់មក​ចំពេល​ដែល​ក្រុមហ៊ុន​ផលិតឱសថ​រាប់រយ នៅក្នុង​ពិភពលោក​កំពុងញាប់ដៃ ញាប់ជើង ដើម្បីស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ ដែល​បាន​សម្លាប់មនុស្ស​ជាង​៩សែននាក់ និង​ឆ្លងទៅ​មនុស្ស​ជាង ៣០លាននាក់ នៅក្នុង​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

នៅពេល​រដ្ឋ និង​ក្រុមហ៊ុន​ផលិត​ឱសថ ច្រើនរាប់រយ​កំពុង​ប្រជែងគ្នា ស្វែងរក​វ៉ាក់សាំង ប្រឆាំង ជំងឺកូវីដ ក្រុមចោរ​អ៊ីនធ័រនែត ដែល​គ្មាន​ការខ្មាស់អៀន និង​ក្រមសីលធម៌​ក្នុង​ខ្លួន បែរជា​សំងំ ចូល​លួច​យក​ទិន្នន័យ​ស្រាវជ្រាវ​វ៉ាក់សាំង ដោយ​ព្រងើយ។ តាម​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​របស់​អេស្ប៉ាញ ដែល​ដកស្រង់​សំដី​ដោយ​កាសែត​ធំជាង​គេ​នៅអេស្ប៉ាញ ក្រុមចោរព័ត៌មានវិទ្យា​បានបង្កើន​ការវាយប្រហារ​កាន់តែ​ច្រើន និង​ខ្លាំងក្លា ទៅលើ​មន្ទីរពិសោធន៍​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ មិនថា នៅ​ក្នុង​ទឹកដី​អេស្ប៉ាញ ឬ​នៅ​ប្រទេស​ដទៃ​ទៀត។

ក្រុមចោរអ៊ីនធ័រនែត បាន​បង្កើន​ការវាយប្រហារ​កាន់តែ​ខ្លាំង ចាប់តាំង​ពី​មានការបិទខ្ទប់​ប្រទេស ដោយ​សំដៅ​ជាពិសេស​ទីភ្នាក់ងារ​សុខភាព និង​ក្រុមហ៊ុន​ផលិតថ្នាំពេទ្យ ដែលគ្មាន​ប្រព័ន្ធ​ការពារ​ស្តុកទិន្នន័យ​រឹងមាំ។ នៅ​១០​ឆ្នាំ​ចុងក្រោយនេះ ការវាយប្រហារ​ព័ត៌មានវិទ្យា​ភាគច្រើន​ធ្វើឡើង​ដោយ​ក្រុមចោរ ដែល​មាន​ប្រភព​ពីរុស្ស៊ី និង​ចិន។ ពួកចោរ​អ៊ីនធ័រនែត​ទាំងនោះ អាច​ជាសមាជិក​របស់​អង្គការ​ឧក្រិដ្ឋកម្ម ​ក្រុមដែល​គាំទ្រ​ដោយរដ្ឋាភិបាល និង​អាច​ជា​សកលវិទ្យាល័យ ដែល​ចាំចូលលួច​យក​ទិន្នន័យ ដើម្បី​លក់​បន្ត ដោយ​ខុសច្បាប់ ទៅ​ភាគី​ទី​៣។ តាមមន្រ្តីអេស្ប៉ាញ ក្រុមចោរ ដែល​ចូល​លួច​ទិន្នន័យ​ស្រាវជ្រាវ​វ៉ាក់សាំង របស់​មន្ទីរពិសោធន៍​អេស្ប៉ាញ ជា​ក្រុមចោរអ៊ីនធ័រនែត​ចិន។

កាសែត​អេស្ប៉ាញ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា ឬ​ប្រភេទព័ត៌មាន ទិន្នន័យ​ដែល​ចោរព័ត៌មានចិន បានចូលលួច​ពី​មន្ទីរពិសោធន៍​អេស្ប៉ាញ​នោះទេ។

កាលពី​ពាក់កណ្តាល​ខែ​កក្កដា​កន្លងទៅ មជ្ឈមណ្ឌល​សន្តិសុខ​ព័ត៌មានវិទ្យា​របស់​អង់គ្លេស National Cyber Security Centre (NCSC បាន​បង្ហាញ​ថា ស្ថាប័ន និងមន្ទីរពិសោធន៍ ដែលកំពុងធ្វើការ លើ​ការស្រាវជ្រាវផលិតថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅអង់គ្លេស អាមេរិក និង​នៅ​កាណាដា បានរងនូវការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យា ដូចជា ក្រុម APT29 Ducs និង Cozy Bear ដែល​ជាក្រុម​ ធ្វើសកម្មភាព ក្នុង​ក្របខណ្ឌបញ្ជា​របស់​ភ្នាក់ងារ​ចារកិច្ចរុស្ស៊ី។ តុលាការ​របស់​រដ្ឋវ៉ាស៊ីនតោន​វិញ ធ្លាប់​បាន​ចោទប្រកាន់​ជនជាតិ​ចិន​២រូប ពី​បទ​លួច​ទិន្នន័យ​របស់​កុំព្យូទ័រ រាប់រយ នៅក្នុង​ពិភពលោក សម្រាប់ បម្រើ​ប្រយោជន៍​រដ្ឋចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ