អានតួអត្ថបទ
បារាំង-កូវីដ១៩

បារាំង៖រដ្ឋាភិបាលបង្ហាញយុទ្ធសាស្រ្តទប់ស្កាត់កូវីដ១៩ ខណៈដែលករណីឆ្លងកំពុងបន្តកើនឡើង

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកអូលីវីយេ វេរ៉ង់
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកអូលីវីយេ វេរ៉ង់ AFP - GEOFFROY VAN DER HASSELT
១៦ នាទី

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​អូលីវីយេ វេរ៉ង់​បាន​ធ្វើ​សន្និសីទកាសែត​មួយ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ កញ្ញា។ នា​ឱកាស​នោះ លោក​វេរ៉ង់​បាន​ធ្វើ​បច្ចុប្បន្នភាព​ស្តីពី​ជំងឺ​កូវីដ១៩ និង​បង្ហាញ​ចេញ​នូវ​យុទ្ធសាស្រ្ត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩​សម្រាប់​ពេល​ខាង​មុខ។ អន្តរាគមន៍​របស់​រដ្ឋមន្រ្តី​សុខាភិបាល​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ ជាក់ស្តែង មាន​ជាង ១០ ០០០ករណី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ កញ្ញា។ គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី១៨ កញ្ញា​នេះ មាន​អ្នក​ជំងឺ​កូវីដ១៩​ចំនួន ៥ ៨២៥នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​មាន ៧៩៣នាក់​កំពុង​ស្ថិត​ក្នុង​ជំនួយ​ផ្លូវដង្ហើម។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ធូរស្រាល​បន្តិច​ក្នុង​រដូវ​ឈប់សម្រាក​មក បារាំង​បាន​ស្គាល់​កំណើន​ករណី​ឆ្លង​កូវីដ១៩ ប្រចាំ​ថ្ងៃ​គួរ​ឲ្យ​ព្រួយបារម្ភ និង​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ផ្តើម​ពង្រឹង​វិធានការ​ទប់ស្កាត់​ជា​ថ្មី។ តែ​សម្រាប់​យុទ្ធសាស្រ្ត​នៅ​ក្នុង​ដំណាក់កាល​ទី២ នេះ រដ្ឋាភិបាល​បាន​ចៀសវាង​មិន​ដើរ​តាម​យុទ្ធសាស្រ្ត​ពី​ដំបូង​ដោយ​ធ្វើ​ការ​បិទប្រទេស​ទាំង​ស្រុង​ក្នុង​ពេល​តែ​មួយ​ទេ។ លោក​វេរ៉ង់​បាន​ចែក​យុទ្ធសាស្រ្ត​ថ្មី​ជា ៤ផ្នែក ទី១ ចាត់​វិធានការ​ទៅ​លើ​តំបន់​នីមួយៗ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​របស់​កូវីដ១៩ នៅ​ក្នុង​តំបន់​នោះ ទី២ បន្ត​អនុវត្ត​វិធានការ​ការពារ ដូច​ជា​ពាក់ម៉ាស ឬ​រក្សា​គម្លាត​សុវត្ថិភាព ទី៣ ធ្វើ​តេស្តិ៍ ជូនព័ត៌មាន និង​ការពារ ហើយ​ទី៤ ការពារ​មនុស្សចាស់ និង​អ្នក​ងាយ​រងគ្រោះ។

តាម​លោក​វេរ៉ង់ តំបន់​ដែល​កំពុង​មាន​សន្ទុះ​ករណី​ឆ្លង​កូវីដ១៩ គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ពេល​នេះ គឺ​ទីក្រុង​លីយ៉ុង និង​ទីក្រុង​នីស​ដែល​អត្រា​ឆ្លង​បាន​កើន​លើស​ពី ៣ ទៅ ៤ដង ធៀប​នឹង​អត្រាអាសន្ន​ដែល​កំណត់​ត្រឹម ៥០ករណី​សម្រាប់​ពលរដ្ឋ ១០០ ០០០នាក់។ វិធានការ​សម្រាប់​ក្រុង​លីយ៉ុង និង​នីស​អាច​ធ្វើ​ដូច​គ្នា​នឹង​វិធានការ​ដែល​បាន​អនុវត្ត​សម្រាប់​ខេត្ត​ប័កដូ និង​ម៉ារសី​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ដែល​ហាម​មិន​ឲ្យ​ជួបជុំ​គ្នា​លើស​ពី ១០នាក់​នៅ​តាម​សួនឧទ្យាន ឬ​នៅ​មាត់សមុទ្រ កាត់​បន្ថយ​ចំនួន​អ្នក​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​ត្រឹម ១ ០០០នាក់ ឬ​មួយ​ក៏​លុប​ចោល​ព្រឹត្តិការណ៍​ធំៗ​ទាំង​ស្រុង​តែ​ម្តង។

ដោយឡែក​ចាប់​ពី​ពេល​នេះ​ត​ទៅ បុគ្គលិក​ធ្វើ​ការ​នៅ​កន្លែង​មើល​ក្មេង​ដែល​តម្រូវ​ឲ្យ​​ពាក់ម៉ាស​តែ​នៅ​មុខ​វត្តមាន​ឱពុក ម្តាយ​ក្មេង​នឹង​ត្រូវ​ពាក់ម៉ាស​ជាប់​ជា​ប្រចាំ​ក្នុង​ពេល​មើល​ក្មេង។ ទាក់ទង​នឹង​ការ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ វិញ លោក​វេរ៉ង់​មិន​បាន​ប្រកាស​ពី​វិធានការ​ដើម្បី​កាត់បន្ថយ​រយៈពេល​រង់ចាំ​ធ្វើ​តេស្តិ៍ ឬ​រយៈពេល​រង់ចាំ​លទ្ធផល​តេស្តិ៍​ទេ តែ​បាន​ទទួល​ស្គាល់​ពី​ការ​លំបាក​ក្នុង​ការ​រៀបចំ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ធ្លាប់​បាន​កំណត់​ពី​ប្រភេទ​មនុស្ស​ដែល​មាន​អាទិភាព​ធ្វើ​តេស្តិ៍ គឺ​អ្នក​មាន​វេជ្ជបញ្ជា អ្នក​មាន​រោគសញ្ញា ឬ​មួយ​ក៏​បុគ្គលិក​បម្រើការ​នៅ​តាម​មន្ទីរពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ